ខ្លឹមសារសង្ខេប៖
- បន្ទាប់ពីអង្គការ USAID ត្រូវបានរំសាយ កម្មវិធីប្រឆាំងជំងឺរបេងនៅកម្ពុជាកំពុងចុះខ្សោយ អាចនាំឲ្យមនុស្សរាប់លាននាក់ប្រឈមនឹងជំងឺនេះ ហើយអាចនាំឲ្យគោលដៅបញ្ចប់របេងរបស់កម្ពុជានៅឆ្នាំ២០៣០ មិនទទួលជោគជ័យ។
- សកម្មភាពស្វែងរកករណីថ្មីនៃអ្នកផ្ទុកមេរោគរបេងពាក់កណ្ដាលប្រទេសត្រូវបានបញ្ឈប់ ក្រោយពីគម្រោងជំនួយរបស់អង្គការUSAID ត្រូវបានលុបចោលកាលពីខែមករា និង៨៣%នៃកិច្ចសន្យាទាំងអស់របស់ USAID ក៏ត្រូវបានលុបចោលដែលកាលពីខែមីនា ដែលការណ៍នេះនាំឲ្យប្រជាពលរដ្ឋប្រហែល១សែននាក់មិនបានទទួលការពិនិត្យ និងរាប់ពាន់នាក់ផ្សេងទៀតដែលរបេងស៊ាំថ្នាំក៏មិនទាន់បានរកឃើញ។
- ម្ចាស់ជំនួយផ្សេងទៀតនៅមិនទាន់បង្ហាញចេតនាជួយនៅឡើយ នាំឲ្យការងារនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
លោក ទឹម ស្រ៊ឺ អាចងើបដើរបានឡើងវិញ បន្ទាប់ពីជាសះស្បើយពីជំងឺរបេង។ កសិករវ័យកណ្ដាលរូបនេះរស់នៅខេត្តកំពង់ចាម។ លោកថាពេលនេះ លោកអាចធ្វើការងារផ្ទះប្រចាំថ្ងៃបានវិញហើយ ដែលកន្លងមកលោកបានដេកឈឺនៅលើគ្រែអស់ពេលជាច្រើនឆ្នាំដោយសារតែមិនបានព្យាបាលជំងឺរបេង។
លោកបានបង្ហាញការដឹងគុណចំពោះគម្រោងដែលគាំទ្រមូលនិធិដោយសហរដ្ឋអាមេរិក ដែលបានជួយលោកបានពិនិត្យ និងព្យាបាលជំងឺរបេងកាលពីឆ្នាំមុន។ បើសិនជាគ្មានការគាំទ្រនេះទេ លោកថាលោកប្រហែលជាមិនបានទទួលការពិនិត្យសុខភាពនោះទេ។
លោកឱ្យដឹងថា៖ «ពួកគេបានផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះ ហើយបានជំរុញខ្ញុំឲ្យទទួលថ្នាំព្យាបាល»។ លោកបន្តថា គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតរបស់កម្មវិធីរបេងដែលបានការគាំទ្រថវិការាប់សិបលានដុល្លារពីអង្គការ USAID។
លោកបានបញ្ជាក់ថា៖ «អង្គការបានជួយជីវិតខ្ញុំ និងមនុស្សជាច្រើនទៀត» ដោយសំដៅដល់បុគ្គលិកអនុវត្តគម្រោង។
ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ បុគ្គលិកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យដែលពីមុនបានចុះអប់រំ និងធ្វើតេស្តលើប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ចាមក៏លែងឃើញមានទៀតហើយ។ ករណីនេះក៏កើតមានដូចគ្នានៅខេត្តដាច់ស្រយាលចំនួនប្រាំបួនផ្សេងទៀត។
ការដកជំនួយនេះ កើតមានឡើងក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយការសម្រេចនេះបានធ្វើឡើងកាលពីដើមឆ្នាំ និងបានកាត់ជំនួយរបស់ USAID ចំនួន៨៣% នៅទូទាំងពិភពលោក ក្នុងនោះនៅកម្ពុជាមាន៣០គម្រោង។ ការកាត់ជំនួយរបស់ USAID ចំនួន២៦០លានដុល្លារបានធ្វើឲ្យប៉ះពាល់លើកម្មវិធីសុខភាព អប់រំ សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឲ្យបុគ្គលិកជួរមុខជួបការលំបាកក្នុងការគ្រប់គ្រងជំងឺរបេង និងធ្វើឲ្យសម្រេចបានគោលដៅបញ្ចប់ជំងឺនេះនៅប្រាំឆ្នាំខាងមុខ។ សម្រាប់ម្ចាស់ជំនួយថ្មី គិតមកដល់ពេលនេះនៅមិនទាន់បង្ហាញចេតនាក្នុងការផ្ដល់ជំនួយបំពេញចន្លោះប្រហោងនេះនៅឡើយ។


ចន្លោះរយៈពេលបង្កកជំនួយរបស់អាមេរិកក្នុងខែមករា និងការកាត់ជំនួយទាំងស្រុងនៅខែមីនា ជាងពាក់កណ្ដាលនៃសកម្មភាពចុះស្វែងរកករណីអ្នកផ្ទុកមេរោគរបេងថ្មីត្រូវបានបញ្ឈប់ ដែលការណ៍នេះបានទុកឲ្យមនុស្សប្រហែល១សែននាក់មិនបានទទួលការពិនិត្យ។ នេះបើតាមរបាយការណ៍អង្គការ Stop TB Partnership។ ដូចគ្នាដែរអ្នកជំងឺស៊ាំថ្នាំប្រហែល៣០០នាក់ និងអ្នកជំងឺអាចព្យាបាលដោយថ្នាំ១ម៉ឺននាក់ផ្សេងទៀតនៅមិនទាន់អាចរកឃើញ។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន លោក ហួត ចាន់យុដា បានឲ្យដឹងថា៖ «បើធៀបទៅនឹងរយៈពេលប្រាំពីរខែដូចគ្នាទៅនឹងឆ្នាំមុន ការស្វែងរកករណីអ្នកផ្ទុកជំងឺរបេងបានធ្លាក់ចុះប្រហែល១៦% ព្រោះតែខ្វះខាតថិវិកាជំនួយ»។ មជ្ឈមណ្ឌលបានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលលើកម្មវិធីរបេងធំៗចំនួនបីដែលកន្លងមកបានការគាំទ្រថវិកាដោយ USAID។
លោកបន្ថែមថា គិតមកដល់ពេលនេះប្រជាពលរដ្ឋប្រហែល ១៦ ៥០០ នាក់ នៅទូទាំងប្រទេសបានទទួលការពិនិត្យរកមេរោគរបេង ក្នុងនោះមាន ៧ ៥០០ នាក់ មានវិជ្ជមានមេរោគរបេង។
ការកសាងសមត្ថភាពបុគ្គលិកក្នុងការប្រយុទ្ធនឹងជំងឺឆ្លងដ៏គ្រោះថ្នាក់មួយនេះបានធ្វើឡើងរាប់ទសវត្សរ៍មកហើយដោយពឹងយ៉ាងខ្លាំងលើជំនួយបរទេស ក្នុងនោះជំនួយពីសហរដ្ឋអាមេរិកជាជំនួយចម្បង។
ការពឹងពាក់ខ្លាំងលើជំនួយបរទេសសម្រាប់កម្មវិធីសុខភាព និងកម្មវិធីអប់រំសំខាន់ៗ គឺជាប្រព័ន្ធមិនច្បាស់លាស់មួយក្នុងប្រទេសកម្ពុជាដែលការណ៍នេះបានរងការរិះគន់ជាខ្លាំងចំពោះការពឹងពាក់លើបរទេសបែបនេះ និងធ្វើឲ្យចុះខ្សោយការអភិវឌ្ឍសមត្ថភាពក្នុងស្រុក ខណៈដែលសេវាសំខាន់ៗនឹងងាយរងគ្រោះពេលម្ចាស់ជំនួយផ្លាស់ប្តូរទិសដៅ។
ថ្វីបើបែបនេះក្ដី កម្ពុជាក៏មានភាពរីកចម្រើនទៅមុខ ពិសេសលើការព្យាបាល។ បើតាមក្រសួងសុខាភិបាលក្នុងឆ្នាំ២០២៣ រកឃើញអ្នកវិជ្ជមានមេរោគរបេងចំនួន ៣២ ៣០០ ករណី បើធៀបទៅឆ្នាំ២០២២ រកឃើញ ៣២ ៨០០ ករណី ហើយក្នុងចំណោមនោះអត្រាទទួលបានការព្យាបាលជោគជ័យមានរហូតដល់៩៦ភាគរយ។ ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីរបស់អង្គការសុខភាពពិភពលោក (WHO) នៃបណ្តាប្រទេសដែលមានជំងឺរបេងធ្ងន់ធ្ងរចំនួន៣០ក្នុងឆ្នាំ២០២១ តែកម្ពុជាក៏នៅតែស្ថិតក្នុងបញ្ជីតាមដាននៅឡើយ ហើយនៅក្នុងតំបន់អាស៊ាន កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជិតកំពូលតារាងសម្រាប់ប្រទេសមានករណីផ្ទុកមេរោគខ្ពស់។
អនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ កម្ពុជាមានទិសដៅបញ្ចប់ជំងឺរបេងនៅត្រឹមឆ្នាំ២០៣០។
លោក ហួត ចាន់យុដា បានលើកឡើងថា ការដកជំនួយនេះអាចបណ្ដាលឲ្យអ្នកជំងឺរបេងប្រហែល១ម៉ឺននាក់មិនបានទទួលការគាំទ្រនៅឆ្នាំនេះ។
ការដកជំនួយនេះធ្វើឲ្យប៉ះពាល់ដល់គ្រប់យ៉ាងរាប់តាំងពីម៉ាស៊ីន X-ray ជំនួយដោយប្រព័ន្ធ AI សម្រាប់ការពិនិត្យអ្នកជំងឺ មន្ត្រីចុះមូលដ្ឋាន និងប្រតិបត្តិការគាំទ្រកម្មវិធីព្យាបាល។ បើមិនមានថវិកាសម្រាប់បំពេញបន្ថែមលើចន្លោះខ្វះខាតទាំងនេះទេ លោកថាកម្ពុជាអាចប្រឈមនឹងហានិភ័យថយចុះវឌ្ឍនភាពប្រចាំឆ្នាំពី១០ភាគរយទៅ២០ភាគរយ ជាអ្វីដែលកម្ពុជាត្រូវធ្វើដើម្បីសម្រេចឲ្យបានការលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០។
ការសិក្សារួមមួយរវាងអង្គការ USAID និងអង្គការ Stop TB Partnership អំពីការឆ្លើយតបរបស់កម្ពុជាលើជំងឺរបេងកាលពីខែកុម្ភៈ បានរកឃើញថា វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអង្គការសហប្រជាជាតិគឺនៅមានកម្រិត។ ចំនួនករណីឆ្លងថ្មីមានការធ្លាក់ត្រឹមតែ៨,៥ភាគរយ ចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២៣ ដែលនៅឃ្លាតគ្នាឆ្ងាយពីគោលដៅឲ្យមានការថយចុះចំនួន៥០ភាគរយ ខណៈដែលអត្រាមរណៈឡើងដល់១៤ភាគរយ ដែលនេះបង្ហាញពីភាពត្រូវការជាបន្ទាន់នូវវិធានការទប់ស្កាត់ដ៏ខ្លាំងក្លាមួយ។

កង្វះជំនួយធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងជំងឺរបេង ខណៈម្ចាស់ជំនួយថ្មីនៅមិនទាន់ច្បាស់លាស់
គម្រោងគំនិតផ្តួចផ្តើមនៃចលនាសហគមន៍ដើម្បីបញ្ចប់ជំងឺរបេង ២ (COMMIT 2) គឺជាគម្រោងសំខាន់មួយរបស់ USAID ក្នុងការជួយកម្ពុជាប្រយុទ្ធនឹងជំងឺរបេង ដែលធ្វើឲ្យអត្រាឆ្លងថ្មីមានត្រឹម៣៣៥ លើ ១០០ ០០០ នៅកម្ពុជាក្នុងឆ្នាំ២០២៣។
ប្រាំខែមុនពេល USAID រំសាយ អតីតប្រធានទីភ្នាក់ងារអន្តរជាតិរបស់អាមេរិកមួយនេះ គឺលោកស្រី Samantha Power បានប្រកាសពីការផ្ដល់ជំនួយជំហានដំបូង៤លានដុល្លារ ដែលក្នុងគម្រោងនេះមានកញ្ចប់ថវិកា១៥លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីពង្រីកសេវាពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការពារជំងឺរបេងនៅតំបន់ជនបទ។
នាយកប្រតិបត្តិអង្គការខាណា (KHANA) លោក ជួប សុខចំរើន មានប្រសាសន៍ថា គម្រោងនេះគឺបានរៀបចំឡើងដើម្បីបានចុះអប់រំប្រជាជនងាយរងគ្រោះជាង៤លាននាក់។ អង្គការខាណា ជាអង្គការមិនមែនរដ្ឋាភិបាលមួយធ្វើការផ្ដោតលើជំងឺអេដស៍ និងក៏បានសហការដៃគូជាមួយUSAID ជាយូរឆ្នាំមកហើយធ្វើការលើកម្មវិធីរបេង។
លោក ចំរើន ឲ្យដឹងថា នៅពេលនេះដោយសារតែខ្វះការគាំទ្រផ្នែកបច្ចេកទេស និងថវិកា មន្ត្រីគម្រោង២០០នាក់ និងបុគ្គលិកស្ម័គ្រចិត្តសហគមន៍ចំនួន ៥ ០០០ នាក់ ដែលធ្វើការនៅ២៧ការិយាល័យនៅតាមខេត្តដើម្បីសម្របសម្រួលជំនួយបច្ចេកទេស និងថវិកាសម្រាប់សេវាជំងឺរបេងនៅខេត្តចំនួនប្រាំបួនត្រូវបានបញ្ចប់កិច្ចសន្យាការងារ។

តាមការប៉ាន់ស្មានអ្នកសង្ស័យថា មានរោគរបេង ២៥ ០០០ នាក់ មិនបានទទួលការធ្វើរោគវិនិច្ឆ័យនៅខែមីនា និងប្រជាពលរដ្ឋ ៨ ០០០ នាក់ ផ្សេងទៀតមិនទទួលការអប់រំពីការយល់ដឹងនៃជំងឺមួយនេះ។ នេះបើតាមអង្គការ Stop TB Partnership។ កម្មវិធីទាំងនេះពិតជាមានសារសំខាន់ក្នុងការស្វែងរកអ្នកផ្ទុកមេរោគរបេងថ្មី និងការកសាងសមត្ថភាពយល់ដឹងរបស់សហគមន៍។
ទិន្នន័យថ្មីៗពីរោគរបេងគិតមកដល់ខែសីហា នេះនៅមានកម្រិត ប៉ុន្តែបើតាមទំនោនៃការរកឃើញកន្លងមកគេអាចប៉ាន់ស្មានថាមនុស្សរាប់សែននាក់ដែលកំពុងប្រឈមនឹងជំងឺនេះខ្លាំងគឺមិនបានទទួលការពិនិត្យនោះទេ ជាមួយគ្នានេះដែរមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតអាចកំពុងបានឆ្លងជំងឺនេះដោយមិនមានសេចក្ដីរាយការណ៍ផងដែរ។
លោក ចំរើន បានថ្លែងទៀតថា អង្គការខាណា នៅមិនទាន់ទទួលបានជំនួយពេញលេញពីប្រភពផ្សេងដើម្បីបំពេញចន្លោះខ្វះខាតពេល USAID ដកចេញនោះទេ។ បច្ចុប្បន្នខាណាបានទទួលជំនួយពីរដ្ឋាភិបាលបារាំងដែលរំពឹងថានឹងជួយរកអ្នកផ្ទុកមេរោគរបេងបានប្រហែល ១ ០០០ នាក់ ក្នុងមួយឆ្នាំ និងសម្រាប់រយៈពេលបួនឆ្នាំ។
អង្គការ Stop TB Partnership បានចូលខ្លួនមកផ្ដល់ជំនួយ និងបើកឡើងវិញជាបណ្ដោះអាសន្ននៅការិយាល័យទាំង២៧ ឱ្យដំណើរការឡើងវិញ ប៉ុន្តែការគាំទ្រនេះនៅមានកម្រិត ហើយថវិកាជំនួយអាចធ្វើទៅបានត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។
បញ្ហាពិបាកក្នុងការស្វែងរកម្ចាស់ជំនួយថ្មីៗបានកើតមានលើអង្គការសង្គមស៊ីវិល និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលពីមុនធ្លាប់បានទទួលជំនួយពី USAID។ អង្គការមួយចំនួនបានបង្វែរទៅរកជំនួយតូចៗ ឬជំនួយបណ្ដោះអាសន្នពីប្រទេសលោកខាងលិច។ ចិនជាប្រទេសមួយបានជួយលើគម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធដែរ ហើយរដ្ឋាភិបាលកម្ពុជាវិញបានចេញសេចក្ដីថ្លែងការណ៍តិចតួចអំពីការផ្ដោតសំខាន់លើជំងឺរបេង ដោយមិនបានបង្ហាញពីផែនការក្នុងការផ្ដល់មូលនិធិរដ្ឋដើម្បីពង្រីកសេវានេះនៅឡើយ។ ការណ៍នេះបានបន្សល់មន្ទិលថាតើមានប្រទេសណាមួយនឹងជួយបំពេញចន្លោះខ្វះខាតនេះ និងទាញយកឥទ្ធិពលពេលអំណាចទន់ (soft power) របស់អាមេរិកកំពុងបាត់បង់។
គិតតាំងពីអាមេរិកប្រកាសកាត់ជំនួយ ចិនបានប្រកាសផ្ដល់ជំនួយសម្រាប់កម្មវិធីមួយចំនួនដែលពីមុនធ្លាប់បានអាមេរិកគាំទ្រ ក្នុងនោះរួមមានគម្រោងអប់រំកុមារតូច និងគម្រោងបោសសម្អាតមីន។ ពីរសប្ដាហ៍បន្ទាប់ពីអាមេរិកប្រកាសផ្អាកជំនួយលើគម្រោងបោសសម្អាតមីន តែក្រោយមកប្រធានាធិបតីអាមេរិកបានសម្រេចផ្ដល់ឡើងវិញ ប្រទេសចិនឯណោះបានប្រកាសសន្យាផ្ដល់ជំនួយ១៤លានដុល្លារលើវិស័យដោះមីនមួយនេះ។
ទោះយ៉ាងណា គិតមកដល់ពេលនេះ ទីក្រុងប៉េកាំងនៅមិនទាន់ផ្ដល់ជំនួយជាពិសេសលើគម្រោងរបេងនៅឡើយ ដោយគ្រាន់តែបន្តផ្ដល់ជំនួយជាទូទៅលើហេដ្ឋរចនាសម្ព័ន្ធសុខាភិបាល។
ការខកខានផ្ដល់សេវារបេង នឹងធ្វើឲ្យមានការឆ្លងរាលដាលកាន់តែច្រើន
អ្នកជំនាញព្រមានថា បើសិនជាមិនបន្តមានការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការអប់រំទេ នោះជំងឺនឹងឆ្លងរាលដាលកាន់តែលឿន ចំនួនអ្នកស៊ាំថ្នាំ និងអ្នកលាប់ជំងឺក៏កើនឡើង។
លោក ហួត ចាន់ យុដា ឲ្យដឹងដែរថា៖ «បើសិនជាមិនមានកិច្ចអន្តរាគមន៍ខ្លាំងក្លាទាន់ពេលនោះហានិភ័យនៃការរីករាលដាលជំងឺនេះនឹងកើនឡើង ហើយចំនួនអ្នកស្លាប់ក៏ទៅតាមហ្នឹង»។

ការសិក្សារបស់អង្គការសុខភាពពិភពលោកបង្ហាញថា ពេលមិនមានសេវាពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការអប់រំនៅតាមសហគមន៍ ចំនួនអ្នកមានមេរោគរបេងជាច្រើននឹងមិនត្រូវបានរកឃើញ ជាហេតុនាំឲ្យមានការឆ្លងជំងឺនេះនៅតាមសហគមន៍ ហើយបើអ្នកជំងឺខកខាន ឬបោះបង់ការព្យាបាល នោះនឹងប្រឈមហានិភ័យនៃការស៊ាំថ្នាំជាច្រើនទម្រង់ផងដែរ។
ក្នុងឆ្នាំ២០២៣ ករណីអ្នកជំងឺរបេងស៊ាំថ្នាំបានរកឃើញមាននៅកម្ពុជា ដែលកាលនោះរកឃើញ១២២ករណីស៊ាំនឹងថ្នាំប្រភេទ rifampicin ដែលជាថ្នាំផ្សះសំខាន់ប្រើសម្រាប់ព្យាបាលជំងឺរបេង។
យុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីជំងឺរបេងនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅតំបន់ដាច់ស្រយាល គឺជារឿងសំខាន់ ដើម្បីជួយប្រជាពលរដ្ឋប្រឈមនឹងជំងឺរបេងបានយល់ដឹង ហើយអ្នកមានជំងឺរបេងដូចជាលោក ទឹម ស្រ៊ឺ ងាកទៅរកសេវាព្យាបាល។
ការងារនេះមួយភាគធំអនុវត្តដោយគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព(PHB) គាំទ្រថវិកាដោយ USAID។ គម្រោងបានអនុវត្តតាំងពីឆ្នាំ២០១៨ និងរំពឹងថានឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងក្ដីរំពឹងថានឹងបានទទួលកិច្ចសន្យាផ្ដល់ជំនួយបន្ថែមទៀតសម្រាប់អនុវត្តបន្ត។ គម្រោងនេះបានធ្វើជាប្រចាំនូវយុទ្ធនាការស្វែងរកការគាំទ្រមតិ និងគាំទ្រដល់អ្នកជំងឺឲ្យទទួលបានការព្យាបាល។
នាយកកម្មវិធីលោកស្រី ជី សុជាតិ បានឲ្យដឹងថា គម្រោង PHB និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានរៀបចំផែនការពង្រីកវិសាលភាពគ្របដណ្ដប់ទៅកាន់ខេត្តភាគឦសាន មុនមានការកាត់ផ្ដាច់ជំនួយ។
លោក មិន ទត អ្នកស្ម័គ្រចិត្តសហគមន៍របស់គម្រោង PHB ក្នុងខេត្តកំពង់ចាម លែងបានទទួលថវិកាឧបត្ថម្ភសម្រាប់ថ្លៃធ្វើដំណើរទៅអប់រំប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទៀតហើយ។ ពេលនេះលោកបានផ្សាយសារអប់រំនៅក្នុងភូមិរបស់ខ្លួនតែប៉ុណ្ណោះ។
លោកឲ្យដឹងទៀតថា៖ «ប្រជាពលរដ្ឋជាច្រើនសួរខ្ញុំថាហេតុអ្វីលែងផ្សាយពីជំងឺរបេង?»។ លោកថាអ្នកដែលលោកបានជួបតែងសួរសំណួរនេះ។ លោកបន្តថា៖ «ពួកគាត់ស្ទើរតែភ្លេចពីជំងឺរបេងទៅហើយ»។

(រាយការណ៍បន្ថែមដោយ ឡូន សៅដា និងឡុង សំនៀង)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tuberculosis Fight Falters as Outreach Programs Collapse, Search for New Aid Continues










