សហរដ្ឋអាមេរិក និងកម្ពុជាបានចុះហត្ថលេខាលើគម្រោងក្នុងវិស័យសុខាភិបាលក្នុងទំហំទឹកប្រាក់ជាង៣៦លានដុល្លារស្ថិតនៅក្រោមកម្មវិធី America First Global Health Strategy ដែលការចុះហត្ថលេខានេះ គឺជាកិច្ចព្រមព្រៀងដំបូងគេមួយនៅអាស៊ី និងជាការចុះហត្ថលេខាផ្ដល់ជំនួយជាថ្មីបន្ទាប់ពីសហរដ្ឋអាមេរិកខ្លួនឯងបានកាត់ជំនួយលើវិស័យនេះកាលពីឆ្នាំមុន។
ក្រសួងការបរទេសអាមេរិកបានលើកឡើងថា កាលពីខែមុនកម្ពុជា-អាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រយៈពេលប្រាំឆ្នាំ ដែលការណ៍នេះនឹងជួយជំរុញដល់«គោលដៅសុខភាពភាពសកល» ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង។ ចំណែកកម្ពុជាវិញថាខ្លួននឹងបន្តបន្ថែមការចំណាយរបស់ខ្លួនលើកម្មវិធីថែទាំសុខភាពនេះឱ្យដល់ជាង៥,៣លានដុល្លារ និងពង្រីកការធ្វើរោគវិនិច្ឆ័យ និងចាក់វ៉ាក់សាំង ខណៈទីក្រុងវ៉ាស៊ីនតោននឹងបន្តជួយជាថវិកាជាង៣០លានដុល្លារ។
កិច្ចព្រមព្រៀងនេះកើតមានឡើងក្រោយរដ្ឋបាលលោកត្រាំបានធ្វើការផ្លាស់ប្ដូរគោលនយោបាយការបរទេសយ៉ាងគំហុក តាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលដឹកនាំដោយមហាសេដ្ឋី លោក Elon Musk និងបានកាត់ជំនួយ៨៣ភាគរយពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិកហៅកាត់ថា USAID។ ការកាត់ជំនួយនាពេលនោះបានប៉ះពាល់គម្រោងនៅកម្ពុជាចំនួន៣០ ដែលគិតជាទឹកប្រាក់ប្រហែល២៦០លានដុល្លារនៅក្នុងវិស័យសុខាភិបាល អប់រំ និងសង្គមស៊ីវិល។
ការដកជំនួយរបស់អាមេរិកនៅពេលនេះបានធ្វើឲ្យបុគ្គលិកធ្វើការផ្នែកសុខភាពរបស់អង្គការមួយចំនួននៅតាមមូលដ្ឋានជួបប្រទះនូវការលំបាកក្នុងការស្វែងរកអ្នកផ្ទុកជំងឺរបេង ដោយសារតែធនធានមានតិច ព្រមជាមួយគ្នានោះដែរ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបង្ខំចិត្តបិទទ្វារ ឬបង្រួមវិសាលភាពប្រតិបត្តិការរបស់ខ្លួន។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាសញ្ញា «នៃការខិតខំជាថ្មី» រវាងប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមផ្នែកសុខភាពសកល។
លោកស្រីភារធារី Bridgette Walker និងលោក ឈៀង យ៉ាណារ៉ា អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
ក្នុងសេចក្ដីថ្លែងការណ៍របស់អាមេរិកបញ្ជាក់ថា៖ «តាមរយៈកម្មវិធី America First Global Health Strategy របស់រដ្ឋបាលលោកដូណាល់ ត្រាំ អនុស្សរណៈយោគយល់គ្នានេះនឹងធានាថា កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរាប់ទសវត្សរវាងកម្ពុជា-អាមេរិកនឹងមានស្ថិរភាព និងជួយរដ្ឋាភិបាលកម្ពុជាបង្កើនភាពជាម្ចាស់ការលើគម្រោងទាំងនេះ»។
នៅទូទាំងពិភពលោក រដ្ឋបាលលោកត្រាំ បានបញ្ជាក់ថាខ្លួនបានចុះហត្ថលេខាលើកម្មវិធី America First Global Health Strategy គិតជាទឹកប្រាក់ជាង២០,៥ពាន់លានដុល្លារតាំងពីឆ្នាំមុនមក ក្នុងនោះថវិកា១២,៧ពាន់លានដុល្លារជារបស់រដ្ឋាភិបាលអាមេរិក និង៧,៨ពាន់លានដុល្លារបានពីប្រទេសជាដៃគូ។
អ្នកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) ដែលជាស្ថាប័នធ្វើការលើផ្នែកសុខភាពមួយដែរនោះ មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះជា «សញ្ញាវិជ្ជមាន»មួយ ខណៈដែលកម្ពុជាកំពុងធ្វើការដើម្បីសម្រេចគោលដៅបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០។
អ្នកស្រីបន្តថា៖ «ការគាំទ្រពីខាងក្រៅនឹងជួយពន្លឿនដំណើរឆ្ពោះទៅរកការសម្រេចគោលដៅ…មិនថាថវិកាមូលនិធិមកពីប្រភពណាទេ មិនថាអាមេរិក ឬប្រភពផ្សេងទៀត យើងអាចមានទំនុកចិត្តថាអាចសម្រេចគោលដៅបាន»។
ប៉ុន្តែអ្នកស្រី ក៏នៅមិនទាន់ច្បាស់ថាតើកម្មវិធីនេះនឹងដាក់ឲ្យអនុវត្តដោយរបៀបម៉េចនៅឡើយ ជាពិសេសអង្គការដែលធ្វើការផ្នែកសុខភាពនាពេលកន្លងមកកំពុងជួបការលំបាកក្រោយការកាត់ជំនួយកាលពីឆ្នាំមុន។
អ្នកស្រីបន្ថែមថាខណៈដែលរដ្ឋាភិបាលជាតួអង្គសំខាន់ក្នុងការផ្ដល់សេវាសាធារណៈ អង្គការសង្គមស៊ីវិលជាច្រើនទៀតក៏ជាតួអង្គសំខាន់ក្នុងការជួយពង្រឹងសុខភាពសាធារណៈដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US, Cambodia Sign $36 Million Health Deal After Aid Cuts








