សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលករខ្មែរជាង៣០០នាក់ រកឃើញផ្ទុកជំងឺរបេង ក្រោយត្រឡប់ពីប្រទេសថៃក្នុងបរិបទកូវីដ-១៩

មន្ត្រីសុខាភិបាលសម្ភាសន៍ពលកករខ្មែរដែលត្រឡប់មកពីថៃដើម្បីស្វែងរកជំងឺរបេង កាលពីខែសីហា ឆ្នាំ២០២១។ រូបភាពផ្តលឲ្យ
មន្ត្រីសុខាភិបាលសម្ភាសន៍ពលកករខ្មែរដែលត្រឡប់មកពីថៃដើម្បីស្វែងរកជំងឺរបេង កាលពីខែសីហា ឆ្នាំ២០២១។ រូបភាពផ្តលឲ្យ

ចាប់​តាំងពីខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បាន​ត្រួតពិនិត្យ​លើ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​ ១៥ ០៣៤​នាក់ ដើម្បីរក​មើល​ជំងឺ​របេង​។​ អង្គការ​អន្ត​ជាតិ​នេះ ថា​មាន​តែពល​ករ​ចំនួន​ ១ ៥១៩​​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​របេង និង​ថា​ក្នុង​នោះ​មាន​ពល​ករ​សរុប ៣៤២​នាក់ មាន​ស្រី​ ១៦៦​នាក់ មាន​វិជ្ជមាន​ជំងឺ​របេង និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព។​

អ្នក​ស្រី ឌុំ ច័ន្ទធីតា មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការអន្តរជាតិទេសន្តរប្រវេសន៍​ប្រចាំ​ប្រទេស​កម្ពុជា​ ប្រាប់​ខេមបូចាថា ក្នុង​ចំណោម​ពល​ករ​ដែល​បាន​ត្រួត​ពិនិត្យ​ទាំងអស់​ មាន​២ ២៧១​នាក់​មាន​រោគ​សង្ស័យ​ថាមាន​ជំងឺ​របេង ក្នុងនោះ​​ដែរ​ពល​ករ​ចំនួន​២ ០២៧​នាក់​បាន​ថត​សួត និង​ចំនួន​ ១ ៥១៩នាក់​ផ្សេង​ទៀត​បាន​ធ្វើ​តេស្ត Gene Xpert ​​ រក​ជំងឺ​របេង។

អ្នក​ស្រី ឲ្យ​ដឹង​ទៀត​ថា ជំងឺ​របេង​ជា​ជំងឺ​គ្រោះ​ថ្នាក់​មួយ​ក្នុង​ចំណោម​ជំងឺ​គ្រោះ​ថ្នាក់​ទាំង​១០ ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ អ្នកស្រី​បន្ថែម​ថា៖ «​បើ​សិន​ជា​អ្នក​ជំងឺ[របេង] មិន​ទៅ​រក​ការព្យាបាល​នៅ​មន្ទីរ​ពេទ្យ ពួកគាត់​[អាច​នឹង]ប្រឈម​នឹង​ការស្លាប់»។​

អ្នក​ស្រីឲ្យ​ដឹង​ដែរថា ជំងឺ​របេង​សម្ងំ​មាន​អត្រាឆ្លង​ទាប ប៉ុន្តែ​បើ​សិន​ជា​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ក្អក និង​ឈឺទ្រូង ហើយ​មិន​ស្វែង​រក​ការព្យាបាល​ អត្រា​ឆ្លង​អាច​នឹង​ខ្ពស់ ពិសេស​សម្រាប់​អ្នក​រស់​នៅ​ក្នុង​គ្រួសារ​តែ​មួយ។ ដូច​គ្នា​នេះ​ដែរ អ្នកស្រី បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ផ្សេង​ទៀត​កុំ​ខ្លាច​នឹង​ជំងឺ​មួយ​នេះ ព្រោះ​ថា​អាច​ព្យាបាល​ជា​សះ​ស្បើយ​​។​

អ្នក​ស្រី​បន្ត​​ថា អ្នក​ជំងឺ​របេង​តែង​ត្អូញ​ត្អែរ​អំពី​រយៈពេល​ព្យាបាល​យូរ ដែល​មាន​រហូត​ដល់​ប្រាំមួយ​ខែ ហើយ​ថែម​ទាំង​មាន​ផល​រំខាន​របស់​ថ្នាំ​ទៀត​ផង​។ អ្នក​ស្រី​ឲ្យ​ដឹង​ថា៖ «​អ្នក​ជំងឺ​ខ្លះ​បាន​បោះបង់​ការប្រើ​ប្រាស់​ថ្នាំ​ព្យាបាល ដោយសារតែ​ពេល​ពួកគាត់​ប្រើ​ដំបូងៗ មិន​មាន​អ្នក​លើក​ទឹក​ចិត្ត​»។​

កម្មវិធី​ត្រួត​ពិនិត្យ​រក​ជំងឺ​របេង​លើ​ពលករ​ចំណាក​ស្រុក​របស់​អង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ បាន​ធ្វើឡើង​តាំង​ពី​មុន​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០១២ នៅពេល​ដែល​ក្រុម​ការងារ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ពល​ករ​ខ្មែរ​ភាគច្រើន​ដែល​ធ្វើ​ការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ជួប​ការ​លំបាក និង​​មិន​មាន​ស្ថិរភាព​ក្នុង​ការ​រស់នៅ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​សុខាភិបាល​។ យ៉ាងណា គម្រោង​នេះ​ក៏​បាន​ផ្អាក​ដំណើរ​ការ​វិញ​ដែរ ដោយ​សារ​តែមិនមាន​ជំនួយ​ជា​ថវិកា​បន្តទៀត រហូត​ដល់​ចុង​ឆ្នាំ​២០២០ ខណៈ​វិបត្តិ​កូវីដ១៩ បាន​ស្រាក​ស្រាន្ត​ប​ន្តិច គម្រោង​នេះ​ក៏​ចាប់​ដំណើរការ​ជាថ្មី ដោយ​មាន​ជំនួយ​ថវិកា​ថ្មី​មក​ដល់​។​

អង្គការ​ន្តរជាតិ​មួយ​នេះ ក៏បានអំពាវ​នាវ​ឲ្យ​អង្គការ​ជាដៃគូពង្រីក​គម្រោង​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀតតាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ថៃដែរ​ ប៉ុន្តែថា​ថវិកា​មាន​កម្រិត​។​ អ្នក​ស្រីបញ្ជាក់ថា៖ «សម្រាប់​គម្រោង​ជំងឺ​របេង​ដែល​គាំ​ទ្រ​ដល់​ពលករ​ចំណាក​ស្រុក​ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ នេះ យើង​នៅតែ​ធ្វើ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដដែល ពីព្រោះ​យើង​មិន​អាច​ពង្រីក​ទៅ​កាន់​ខេត្ត​ផ្សេង​បានទេ»។​

Inside 1: មន្ត្រីអង្គការIOMសម្ភាសន៍ពលករចំណាកស្រុកខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

អ្នក​ស្រី សាវ៉េត វ័យ​ ៣៨​ឆ្នាំ ជា​ពល​ករ​ចំណាក​ស្រុក​ម្នាក់​រស់​នៅ​ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​តេស្ត​វិជ្ជមាន​ជំងឺ​របេង​ជិត​បី​ខែ​មក​ហើយ បន្ទាប់​ពី​អ្នកស្រី និង​ស្វាមី បាន​ត្រឡប់​មកពី​ប្រទេស​ថៃវិញ កាលពីចុង​ឆ្នាំ​២០២០​។​

អ្នក​ស្រីបន្ត​ថា៖ «​មូលហេតុ​ដែល​ខ្ញុំ​ឲ្យ​មន្ត្រី​សុខាភិបាល​តេស្ត​រក​ជំងឺ​របេង​ ក៏​ព្រោះ​តែ​ខ្ញុំ​តែ​ងតែ​ឈឺ​ដើមទ្រូង និង​បែក​ញើស​ខ្នង ហើយ​ខ្ញុំ​ពេល​ខ្លះមាន​ក្អក​ទៀត​ផង។ ខ្ញុំ​បាន​ទិញ​ថ្នាំ​លេប​ដែរ ប៉ុន្តែ​មិន​ជា​សោះ»។​

អ្នក​ស្រីបញ្ជាក់ថា ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃរយៈពេលពីរ​ឆ្នាំ អ្នកស្រី​ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ទ្រូង និង​បាន​ទិញ​ថ្នាំ​ប្រើ​ដោយ​ខ្លួន​ឯង ដែល​អា​ច​ជួយ​បំបាត់​អាការៈ​បាន​មួយ​រយៈ​ខ្លី រួច​ក៏​ចាប់ផ្តើម​ឡើង​វិញ។ អ្នកស្រី​ថា ខ្លួន​ជួប​ផល​រំខាន​មួយ​ចំនួន​ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ​របេង​នេះ តែថា​អ្នកស្រី​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ ដោយ​ថា​ខ្លួន​ពិត​ជា​ចង់​ជាសះស្បើយ​ជា​ខ្លាំង​។​

ក្នុង​រយៈពេល​នោះ​ដែរ អ្នក​ស្រី​បាន​រស់​នៅ​ដាច់ដោយឡែកពីគ្រួសារ មិន​ថា​ទាំង​ការ​ហូប​ចុក និង​គេង​នោះ​ទេ ព្រោះ​ថា​អ្នកស្រី​បារម្ភ​ថា​អាច​ឆ្លង​ជំងឺ​នេះ​ទៅ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​។ ស្វាមី និង​កូន​បី​នាក់​របស់​អ្នកស្រី មិនទាន់​បាន​ធ្វើ​តេស្ត​រក​ជំងឺ​របេង​នៅ​ឡើង​ទេ ហើយ​ក៏​មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​ការពារ​ជំងឺ​របេង​ដែរ​។​​

អ្នក​ស្រី​បន្ត​ថា៖ «​ខ្ញុំ​សំណូម​ពរ​ដល់​រាជរដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជួយ​ផ្ដល់​ជា​ថវិកា​ខ្លះៗ​ដល់​អ្នក​ជំងឺ​របេង ពីព្រោះ​ថា​ពួកយើង​មិន​អាច​ធ្វើ​ការ​ធ្ងន់​បាន​ទេ»។ ការណ៍​នេះ​មាន​ន័យ​ថា អ្នក​ជំងឺ​របេង​មិន​អាច​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង​ដូច​អ្នក​ធម្មតា​បានទេ ដោយសារតែ​អ្នក​ទាំង​នោះ​មាន​កម្លាំង​ខ្សោយ​ ដូច្នេះ​ពួកគាត់​មិន​អាច​រក​ប្រាក់​បាន​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​បានទេ​។​

លោក ផល វិមាន មន្ត្រី​អង្គការ​​អន្តរជាតិទេសន្តរប្រវេសន៍ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ប្រសាសន៍​ថា គម្រោង​នេះ​សម្រាប់​ពល​ករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​​នានា​ក្នុង​ខេត្ត​មន្ទាយ​មានជ័យ​ ហើយថា អ្នក​ដែល​តេស្ត​វិជ្ជមាន​ជំងឺ​របេង​ច្រើនជា​កម្មករ​សំណង់​។​

លោក ពន្យល់​ថា៖ «​ពេលខ្លះ​ ពួកគាត់​ធ្វើ​ការ​ថែម​ម៉ោង ហើយ​ហូប​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​របេង។ មួយ​វិញ​ទៀត ពួកគាត់​បានស្រូប​ធូលី​នៅ​ការដ្ឋាន​សំណង់​ផង​ដែរ»។​

ពី​ដំបូង​ឡើង ​លោក​ថា អង្គការបាន​សហការជាមួយ​មន្ត្រី​សុខាភិបាល​ខេត្ត​ធ្វើ​តេស្ត​ពល​ករ​នៅ​ច្រកអន្តរជាតិ​អូរបីជាន់ និង​ច្រក​ប៉ោយប៉ែត ប៉ុន្តែ​ថាគម្រោង​នេះ​បាន​ប្រែ​ប្រួល​ពេល​ពល​ករ​ត្រូវ​តេស្ត​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​។ លោកបន្ថែម​ថា៖ «យើង​បាន​ប្ដូរ​យុទ្ធសាស្រ្ត​ចុះ​ទៅ​ពិនិត្យ​ពលករ​ទាំង​នោះ​នៅ​តាមសហគមន៍​ពួកគាត់វិញ បន្ទាប់​ពី​ចប់​ចត្តាឡីស័ក»។​

លោក​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ពល​ករ​នៅ​ខេត្ត​ផ្សេង​មាន​វិជ្ជមាន​ជំងឺ​របេង មន្ត្រី​សុខាភិបាល​នឹង​ចេញលិខិត​បញ្ជាក់​​ឲ្យ​ពួក​គាត់​ទៅ​ទទួល​ការព្យាបាល​នៅ​ឯស្រុក​កំណើត​។ ភាគ​ច្រើ​ន​នៃ​ពលករ​ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​អន្តរជាតិ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ មិន​ត្រឹម​តែ​អ្នក​ខេត្ត​នេះ​ទេ តែ​ក៏​មាន​អ្នក​ខេត្ត​សៀមរាប កំពង់ធំ និង​បាត់​ដំបង​ផង​ដែរ​។​

លោក​បន្ថែម​ថា៖ «​វិធានការ​ការពារ​ជំងឺ​របេង គឺ​ប្រហាក់​ប្រហែលគ្នា​នឹង​វិធានការ​ការពារ​វីរុស​កូវីដ១៩ ដែរ ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​សម្អាត​ដៃជាមួយ​អាល់​កុល»។​

Inside 2: មន្ត្រីសុខាភិបាលអប់រំគ្រួសារពលករដែលធ្វើចំណាកស្រុកអំពីជំងឺរបេង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីខែមិថុនា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

លោក ស៊ឹង សុខភាព អនុប្រធាន​ប្រតិបត្តិ​ក្រុង​ប៉ោយ​ប៉ែត នៃមន្ទីរសុខាភិបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រ​សាសន៍​ថា ពលករ​ភាគ​ច្រើន​ដែល​រក​ឃើញ​មាន​កើត​ជំងឺ​របេង ជា​កម្មករ​សំណង់ ហើយ​ក៏​ជា​ក្រុម​ងាយ​ប្រឈម​ជាង​គេ​ដែរ​។ លោក​បន្តថា៖ «យ៉ាងណា យើង​បាន​រកឃើញ ​[ត្រឹមតែ​] មួយ​ចំនួន​តូចនៃ​ពល​ករ​ចំណាក​ស្រុក ដែល​មាន​ជំងឺ​របេង»។​

ជា​ទូទៅ លោកថា មន្ត្រី​សុខាភិបាល​បាន​រកឃើញ​អ្នក​ជំងឺ​របេង​ថ្មី​ចំនួន​ពី​ ៥០០ ទៅ​៦០០​នាក់​ក្នុង​មួយ​ឆ្នាំក្នុង​ក្រុង​ប៉ោយ​ប៉ែត​ មុន​ពេល​មាន​វិបត្តិ​កូវីដ១៩ ប៉ុន្តែ​ថា​ចំនួននេះ ក៏​បាន​ជាសះ​ស្បើយ​វិញ​​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ។​

លោក បញ្ជាក់ថា៖ «​ម្យ៉ាង​វិញ​ទៀត យើង​បាន​រក​ឃើញអ្នក​ជំងឺ​របេង​ថ្មី​ជាង​ ៣០០​នាក់​ក្នុង​ឆ្នាំ​២០២១»។ លោក​បន្ថែម​ថា ចំនួន​នេះ​បាន​ថយ​ចុះ ដោយសារតែ​មានការ​រាល​ដាល​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​សកម្មភាព​មួយ​ចំនួន​ ដូចជា​សកម្មភាព​សំណង់ បាន​ផ្អាក​។ មិន​ថា​ក្នុង​ករណី​ណា លោក​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ស្វែង​រក​ការ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង បើ​សិន​ជា​សង្ស័យ​ថាមានជំងឺរបេង ដោយថា​ការ​ពិនិត្យ​រកជំងឺ​របេង​បាន​ចាប់​ផ្ដើម​វិញ​ហើយ។​

លោក រឿន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រសាសន៍​ថា មន្ទីរ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ ដើម្បី​ពិនិត្យ​តាម​ដាន​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ និង​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ច្រើនពី​ជំងឺ​របេង​។​

លោកលើកឡើង​ថា៖ «​ជំងឺ​របេង​ច្រើនតែ​ត្រូវគេ​មើល​រំលង ប៉ុន្តែ​វា​ជាជំងឺ​ឆ្លង។ បើ​សិន​ជា​យើង​មិន​ខិត​ខំ​រក​អ្នក​មាន​ជំងឺ​របេង​សកម្ម​ ឲ្យ​មក​ទទួល​ការព្យាបាល​ទេ វា​នឹង​ឆ្លង​រាល​ដាន​កាន់តែ​ច្រើន»។ លោកបន្ថែមទៀតថា់៖ «ដូច​នេះយើង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ច្រើន​ទៀត​លើ​ជំងឺ​នេះ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ជំងឺ​បាន​ទទួល​ការព្យាបាល​ទាន់​ពេល​វេលា កាត់​បន្ថយ​ការ​ឆ្លង​ថ្មី​»។​

លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មាន​ប្រសាសន៍​ថា គម្រោង​ត្រួត​ពិនិត្យ​ជំងឹ​របេង​​លើ​ពលករ​ចំណាក​ស្រុក​របស់​អង្គការ​អន្តរជាតិទេសន្តរ​ប្រវេសន៍ បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​កម្មវិធី​ជាតិ ដែល​មាន​គោល​បំណង​ប្រហាក់​ប្រហែល​គ្នាដើម្បី​ប៉ាន់ស្មាន​ចំនួន​អ្នក​ជំងឺ​របេង​ក្នុង​ចំណោម​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​។​

លោកឲ្យ​ដឹងថា​ ក្នុង​វិបត្តិ​កូវីដ១៩ នេះ សកម្មភាព​ផ្សេងៗ​​ក្នុង​គម្រោង​របស់​មជ្ឈមណ្ឌល បាន​រង​ផល​ប៉ះពាល់ ពេល​ដែល​រដ្ឋាភិបាល​មាន​វិធានការ​បិទខ្ទប់តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​។​ លោក​បន្ថែម​ថា៖ «យើង​មិន​អាច​ទៅ​ដល់​គោល​ដៅ​ដែល​បាន​កំណត់ រួម​ទាំង​វគ្គបណ្ដុះ​បណ្ដាល និង​សិក្ខាសាលា ពីព្រោះ​តែ​ការ​រាលដាល​ជំងឺ​កូវីដ១៩»។​

ប៉ុន្តែលោកមាន​សុទិដ្ឋិនិយម​ថា ក្នុង​ឆ្នាំ​២០៣០ នឹង​មិន​មា​ន​បញ្ហា​ជំងឺ​របេង​ទៀត​ទេ ហើយ​វា​នឹង​មិន​មាន​អត្រាខ្ពស់ ឬ​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋកម្ពុជា​ប្រឈម​នឹង​ការ​ស្លាប់ខ្ពស់​ដែរ​។ យ៉ាងណា លោក​ក៏​ឱ្យដឹង​ដែរ​ថា វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​កម្មវិធី និង​បាន​ស្នើ​ឲ្យ​ភាគីពាក់ព័ន្ធទាំងអស់​រួម​គ្នា​ដើម្បី​ឲ្យ​សម្រេច​គោល​ដៅ​រួម​នេះ​។​

លោក​បន្ថែម​ទៀត​ថា៖ «​ឥឡូវ​នេះ​យើង​ស្ថិត​ក្នុង​បរិបទថ្មី[កូវីដ១៩] ដូច​នេះ​យើង​ត្រូវ​បង្ការ​ការ​ឆ្លង​ជំងឺ​របេង​តាម​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល។ យើង​ត្រូវពាក់​ម៉ាស រក្សាអនាម័យ និង​រក្សា​គម្លាត ដូច​ដែល​យើង​ការពារ​កូវីដ១៩ ដែរ ពីព្រោះ​ថា​ជំងឺ​របេង​ក៏​ឆ្លង​តាម​រយៈការ​ក្អក កណ្ដាស់ ដូច​កូវីដ១៩ ដែរ»។​

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការខាណា (KHANA) មាន​ប្រសាសន៍ដែរ​ថា បើ​តាម​របាយការណ៍​​របស់​មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ករណី​ឆ្លង​រោគរបេង​នៅ​កម្ពុជា​មាន​ការ​ប៉ាន់​ប្រមាណ​ថា ករណី​ឆ្លង​កើត​មាន​២៧៤ ក្នុង​ចំណោម​មនុស្ស​ ១០០ ០០០​នាក់​​។​

លោកឲ្យ​ដឹង​ទៀត​ថា ការ​ត្រួត​​ពិនិត្យ​របស់​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​លើ​ជំងឺ​របេង​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ទេ​ក្នុង​វិបត្តិកូវីដ១៩ នេះ។ ផ្អែក​តាមការ​ស្រាយ​ស្រាវ​របស់​អ្នក​ទាំង​នោះ លោក​ថា​មាន​ការ​ប៉ាន់​ប្រមាណ​ថា​អ្នក​ជំងឺ​របេង​មាន​ប្រហែល ៣៥ ០០០​ករណី តែថា​រក​ឃើញ​អ្នក​វិជ្ជមាន​ប្រហែល​ ៣០ ០០០​ករណី ក្នុង​ឆ្នាំ​២០២០ ខណៈ​ឆ្នាំ​ទៅ​លោក​ថា មានការ​រក​ឃើញ​អ្នក​កើត​ជំងឺ​របេងតែ​ជាង​ ២០ ០០០ករណី​។​

លោក​បញ្ជាក់​ថា៖ «​ដើម្បី​លុប​បំបាត់​ការ​ឆ្លងជំងឺ​របេង​នៅ​ឆ្នាំ២០៣០ យើង​ត្រូវ​ធ្វើ​ការ​ទ្វេ​ដង​ដើម្បី​ស្រាវជ្រាវ និង​ស្វែង​រក​ករណីជំងឺ​របេង»។ លោកបន្តថា៖ «​យ៉ាង​ហោច​ណាស់​យើង​ត្រូវ​ការ​រក​ករណី​អ្នក​ឆ្លង​របេង​ចន្លោះពី​ ៣៥ ០០០ ទៅ​ ៤០ ០០០​ករណី»។​

លោកមាន​ប្រសាសន៍ទៀតថា កម្មវិធី​ថ្នាក់​ជាតិ សហការ​ជាមួយ​អង្គការ​អន្តរជាតិទេសន្តរ​ប្រវេសន៍​ត្រួត​ពិនិត្យ​ពល​ករ​ខ្មែរ​ត្រឡប់ពី​ប្រទេស​ថៃ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​អង្គការ​ផ្សេង​ទៀត​មិនបានធ្វើលើកម្មវិធីនេះទេ​។​

លោក​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ធ្វើ​តេស្ដ​ពលករ​ចំណាក​ស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ហើយ​លោក​​ថា អង្គការ​ KHANA ក៏​ពិនិត្យ​លើ​ពលករដែលពួកគេបានត្រឡប់​មក​រស់នៅ​ក្នុងស្រុកភូមិរបស់ពួកគេវិញផងដែរ ​ប៉ុន្តែមិនបានធ្វើនៅ​តាម​ច្រក​ព្រំដែន​នោះ​ទេ។

លោក បន្ថែម​ថា៖ «​យើង​អាច​លុប​បំបាត់​ការ​ឆ្លង​ជំងឺ​របេង​បាន  ប៉ុន្តែ​ទាល់តែ​​គ្រប់ភាគី​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា រួម​ទាំង​អាជ្ញាធរ និង​អ្នក​ជំងឺ​របេង​ផង​ដែរ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Over 300 Cambodian migrant workers returned from Thailand during pandemic positive for tuberculosis

158 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម