អ្នកស្រី សុវណ្ណា និងស្វាមីឈ្មោះ វុធ បានព្យាយាមស្វែងរកការងារធ្វើនៅពេលពួកគាត់ត្រឡប់មកដល់កម្ពុជាពីប្រទេសថៃ ប៉ុន្តែឥឡូវនេះ ពួកគាត់ជំពាក់បំណុលគេច្រើនជាងពេល ដែលពួកគាត់ចាកចេញពីប្រទេសកម្ពុជាទៅទៀត។
អ្នកស្រី សុវណ្ណា បានប្រកបមុខរបរជាអាជីវករលក់ម្ហូបអាហារមួយរយៈពេលខ្លីនៅក្រុងប៉ោយប៉ែតជាប់ព្រំដែន ខណៈប្តីរបស់អ្នកស្រីនៅផ្ទះ ដើម្បីស្វែងរកការងារថ្មីធ្វើ។ ដំបូងឡើយ លោក វុធ រកបានការងារសំណង់ធ្វើ ប៉ុន្តែថៅកែមិនដែលបើកប្រាក់ខែឱ្យពេញទេ ដូច្នេះលោកក៏ឈប់ធ្វើ។
អ្នកស្រី សុវណ្ណា បានប្រាប់ HaRDstories ថា បំណុលរបស់គ្រួសារអ្នកស្រី កំពុងកើនឡើង។
អ្នកស្រី សុវណ្ណា ដែលសុំប្រើនាមក្លែងដូចប្ដីរបស់អ្នកស្រីដែរ បាននិយាយថា៖ «ខ្ញុំត្រូវខ្ចីប្រាក់ពីអ្នកផ្សេង ដើម្បីសងប្រាក់កម្ចី»។
ពលករចំណាកស្រុកកម្ពុជាតែងតែប្រឈមនឹងបញ្ហាដូចជាការមិនបើកប្រាក់ឈ្នួល ការដកហូតឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ ការគំរាមនិរទេស ឬចាប់ខ្លួន និងកង្វះការការពារតាមផ្លូវតុលាការ។ ភាគច្រើនពាក់ព័ន្ធនឹងអ្វី ដែលគេហៅថា “ការងារ 3D” ជាការងារកខ្វក់ គ្រោះថ្នាក់ និងពិបាក។ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា ដោយសារពួកគេបានត្រឡប់មកពីប្រទេសថៃវិញក្នុងចំនួនច្រើន អំឡុងប៉ុន្មានខែនៃជម្លោះព្រំដែន ពួកគេប្រឹងប្រែងរកការងារ ដែលឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។
ជាលទ្ធផល ពលករខ្មែរ នៅតែបន្តឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ដោយប្រឈមនឹងការចាប់ខ្លួន ការគំរាមកំហែង និងការកេងប្រវ័ញ្ចពីមេខ្យល់ និងនិយោជក។
តើអ្វីជាមូលហេតុនៅពីក្រោយរឿងនេះ? កត្តាជំរុញចម្បងនៃការវិលត្រឡប់ទៅថៃវិញ គឺបណ្តាលមកពីបញ្ហាចម្រុះដូចជាឱកាសការងារក្នុងស្រុកមានកម្រិត និងវិបត្តិមីក្រូហិរញ្ញវត្ថុកំពុងបន្ត ដែលជំរុញឱ្យគ្រួសារពលករធ្វើចំណាកស្រុកម្តងហើយម្តងទៀត និងពិបាកគេចចេញ។
អន្ទាក់មីក្រូហិរញ្ញវត្ថុ
កង្វះការងារជំរុញឱ្យពលករចេញទៅរកការងារធ្វើនៅបរទេស ប៉ុន្តែដោយសារតែបំណុល ទើបធ្វើឱ្យពួកគេសម្រេចចិត្តធ្វើចំណាកស្រុកកាន់តែឆាប់រហ័ស។ នៅក្នុងឆ្នាំ២០២០ កម្ពុជាមានទំហំកម្ចីមីក្រូហិរញ្ញវត្ថុជាមធ្យមខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដែលមានទឹកប្រាក់ ៤.២៨០ ដុល្លារ។ តួលេខនេះ គឺខ្ពស់ជាង៩៥ ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នេះបើយោងតាមការសិក្សានៅឆ្នាំនោះ។ ទំហំប្រាក់កម្ចីជាមធ្យមនៅតែខ្ពស់រហូតមកដល់ពេលនេះ។ ក្រុមអ្នកស្រាវជ្រាវដដែលបានរកឃើញថា ប្រាក់កម្ចីខ្នាតតូចចំនួន ២,៨ លានដុល្លារត្រូវបានខ្ចីដោយប្រជាពលរដ្ឋ ៣,៦លានគ្រួសារនៅទូទាំងប្រទេស ដោយគ្រួសារខ្លះជំពាក់ប្រាក់កម្ចីច្រើនកន្លែង។
ដំបូងឡើយ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ បានរៀបចំកម្ចីខ្នាតតូច ដើម្បីផ្តល់ឱកាសដល់អ្នកដែលមានចំណូលទាប អាចទិញសម្ភារ និងទំនិញនានាដែលអាចជួយដល់មុខរបរពួកគេ ហើយត្រូវសងប្រាក់វិញ នៅពេលណាដែលពួកគេរកចំណូលបានច្រើន។
ប៉ុន្តែនៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងឧស្សាហកម្មនេះ ពួកគេបានធ្វើទីផ្សារប្រាក់កម្ចីយ៉ាងសកម្ម ដំឡើងអត្រាការប្រាក់លើសពី ១០០ ភាគរយ ហើយបានរឹបអូសយកប្លង់ផ្ទះ និងប្លង់ដីស្រែចម្ការ ធ្វើជាវត្ថុបញ្ចាំនៅពេលដែលកូនបំណុលហាក់ដូចជាមិនមានលទ្ធភាពក្នុងការសងប្រាក់មកវិញ។ ជារឿយៗ ប្លង់ផ្ទះនិងប្លង់ដីស្រែ គឺជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់គ្រួសារពលរដ្ឋ។
ជារឿយៗ ពលករចំណាកស្រុកលើកឡើងថា បំណុលគឺជាហេតុផល ដែលពួកគេធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
ជាក់ស្តែងករណីរបស់លោក វុធ និងអ្នកស្រី សុវណ្ណា ដែលបានបោះបង់ចោលការងារសំណង់ ដែលបានធ្វើរាប់ឆ្នាំមកហើយនៅភាគខាងជើងទីក្រុងបាងកក បន្ទាប់ពីមិត្តរួមការងារជាជនជាតិថៃបានវាយប្រហារមកលើលោក វុធ កាលពីខែកក្កដា។ នៅពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ អ្នកទាំងពីរពិបាករកប្រាក់ដើម្បីទ្រទ្រង់ជីវភាព ដោយត្រូវសងប្រាក់កម្ចីចំនួន ២០០ដុល្លាររៀងរាល់ខែ និងជម្រើសការងារមានកំណត់។

ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាចាប់ផ្តើមពី ២១០ដុល្លារក្នុងមួយខែ បូករួមនឹងអត្ថប្រយោជន៍បន្ថែមផ្សេងៗ ប៉ុន្តែប្រាក់ឈ្នួលនេះ អនុវត្តតែក្នុងឧស្សាហកម្មកាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ និងមិនអនុវត្តនៅក្នុងវិស័យការងារ «ក្រៅផ្លូវការ» ដូចជាសំណង់ ឬមុខរបរលក់ម្ហូបអាហាររបស់អ្នកស្រី សុវណ្ណា ឡើយ។
ពលរដ្ឋខ្មែរនិយាយថា ពួកគេយកប្រាក់កម្ចីសម្រាប់សាងសង់ផ្ទះ ធ្វើកសិកម្ម ពង្រីកមុខរបរ ព្យាបាលជំងឺ និងមធ្យោបាយធ្វើដំណើរ។ យោងទៅតាមការស្ទង់មតិក្នុងចំណោមកម្មករជាសមាជិកសហជីពកាលឆ្នាំ២០២៣បានឱ្យដឹងថា សូម្បីតែកម្មករកាត់ដេរនៅក្នុងក្រុមហ៊ុននាំចេញ ក៏មិនអាចសងប្រាក់កម្ចីរបស់ពួកគេបានដែរ ពីព្រោះប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ គឺទាបជាងប្រាក់ឈ្នួលចាំបាច់ ដែលជាប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់រ៉ាប់រងតម្រូវការជាមូលដ្ឋានដូចជាអាហារ ការស្នាក់នៅ ការធ្វើដំណើរ និងការថែទាំសុខភាព។
វិបត្តិបំណុលនេះជំរុញឱ្យពលរដ្ឋជាច្រើនចំណាកស្រុកទៅរកការងារធ្វើនៅបរទេស។ យោងតាមរបាយការណ៍កាលពីឆ្នាំ២០២៤ ពលករចំណាកស្រុកកម្ពុជាប្រមាណ ១,៣ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថា កំពុងធ្វើការងារនៅក្រៅប្រទេស ដោយភាគច្រើនប្រមូលផ្តុំនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និងជប៉ុន។
ក្រសួងការងារកម្ពុជាបានអះអាងនៅពេលនោះថា ពលករចំណាកស្រុកបានផ្ញើប្រាក់មកផ្ទះយ៉ាងហោចណាស់ ២,៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល ៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤។
ត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ពលករចំណាកស្រុកខ្មែរជាង ៩០០ ០០០នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដោយសារព្រួយបារម្ភថា ពួកគេអាចជាប់គាំងនៅទីនោះ ឬអាចត្រូវបានគេធ្វើបាប ចំពេលមានជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នៅពេលដែលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានស្ទង់មតិពលករ ដែលវិលត្រឡប់មកវិញ សង់ត្រាល់បានរកឃើញថា ៧១ភាគរយកំពុងជាប់បំណុល ហើយក្នុងចំណោមនោះ ៨៥ភាគរយបាននិយាយថា ពួកគេគ្មានលទ្ធភាពសងបំណុល។
ឧស្សាហកម្មហិរញ្ញវត្ថុពីរក្រុម គឺសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ពួកគេនឹងអនុញ្ញាតឱ្យពលករទាំងនោះ រៀបចំឥណទានឡើងវិញ ប្រសិនបើពលករបង្ហាញឯកសារ ហើយធនាគារចាត់ទុកថាជា «តម្រូវការជាក់ស្តែង»។
អ្នកស្រី សុវណ្ណា និយាយថា ប៉ុន្តែទោះបីជាមានការរៀបចំឥណទានឡើងវិញក៏ដោយ ក៏មិនបានធ្វើឱ្យស្ថានភាពប្រសើរជាងមុនដែរ។
អ្នកស្រីបាននិយាយថា៖ «[ធនាគារ] បានយល់ព្រមពន្យារពេលសង នៅពេលដែលខ្ញុំស្នើសុំ ប៉ុន្តែខ្ញុំនឹងត្រូវបង់ច្រើនរហូតដល់ពីរដងនៅប៉ុន្មានខែបន្ទាប់»។
អ្នកស្រី សុវណ្ណា បានពន្យល់ថា ជម្រើសនៃការរៀបចំឥណទានឡើងវិញរបស់ពួកគាត់ គឺសុំផ្អាកការសងរយៈពេលមួយខែ បន្ទាប់ពីពួកគាត់បានត្រឡប់មកវិញក្នុងខែសីហា ប៉ុន្តែត្រូវបង់ទ្វេរដងក្នុងខែទីពីរ ហើយបន្ទាប់មកបន្តកាលវិភាគសងវិញដូចធម្មតា។
ហេតុអ្វីបានជាអ្នកវិលត្រឡប់មកវិញ រកការងារធ្វើមិនបាន
អ្នកស្រី អ៊ាង សាណន បានសម្រេចចិត្តទៅប្រទេសថៃក្នុងឆ្នាំ២០១៩ ដើម្បីជួយរកប្រាក់សងបំណុល ១០ ០០០ ដុល្លារ ដែលអ្នកស្រី និងស្វាមី វិន ឡោះ បានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អ្នកស្រីបានប្រាប់ Channel News Asia ថា៖ «យើងបានទៅប្រទេសថៃ ព្រោះវាពិបាករកលុយនៅទីនេះ»។ ប្តីប្រពន្ធទាំងពីរនាក់អាចរកបានការងារជាកម្មករសំណង់នៅជាយក្រុងភ្នំពេញ បន្ទាប់ពីបានគេចចេញពីទីក្រុងបាងកកកាលពីចុងខែកក្កដា។ ទោះយ៉ាងណាក៏ដោយ មិនមែនពលករដែលបានវិលត្រឡប់មកវិញទាំងអស់ សុទ្ធតែអាចរកការងារស័ក្តិសមនឹងជំនាញរបស់ពួកគេនោះទេ។
ពលករចំណាកស្រុកកម្ពុជាភាគច្រើនមកពីតំបន់ជនបទដែលមានជីវភាពក្រីក្រ និងឱកាសមានកម្រិត។ ពួកគេអាចមានផ្ទះ ដើម្បីត្រឡប់ទៅស្នាក់នៅវិញបាន ប៉ុន្តែពួកគេជាច្រើនមិនអាចស្វែងរកការងារនៅទីនោះ ឬក៏ធ្វើស្រែចម្ការបានទេ ប្រសិនបើពួកគេគ្មានដីធ្លី។

ដើម្បីឆ្លើយតបទៅនឹងការវិលត្រឡប់មកវិញដ៏គំហុករបស់ពលករ ក្រសួងការងារកម្ពុជា បានរៀបចំតារាងឱកាសការងារសម្រាប់កម្មករ ដើម្បីដាក់ពាក្យ ដោយបង្ហោះជាប្រចាំនៅលើបណ្តាញសង្គម និងចែករំលែកជាមួយអាជ្ញាធរមូលដ្ឋាន។
ប៉ុន្តែអង្គការសង់ត្រាល់បានរកឃើញថា ការងារនោះ តិចជាងចំនួនពលករដែលត្រឡប់មកវិញឆ្ងាយណាស់ ហើយមុខតំណែង ដែលមាននោះ ច្រើនតែមិនស័ក្តិសមនឹងតម្រូវការរបស់ពលករ។
នេះជារឿងពិតសម្រាប់លោក វុធ និងអ្នកស្រី សុវណ្ណា។ ពួកគាត់បានវិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានដីធ្លី មានន័យថា ពួកគាត់មិនអាចធ្វើស្រែ ដើម្បីចិញ្ចឹមខ្លួនឯង ឬលក់កសិផលបានទេ ដែលបញ្ហានេះ ទាមទារឱ្យមានការវិនិយោគបន្ថែមទៀត ដើម្បីចាប់ផ្តើម។ ដោយគ្មានដីធ្លី ការងារនៅប្រទេសថៃបានផ្តល់ឱ្យពួកគាត់នូវមធ្យោបាយដើម្បីរស់៖ ការងារ ដែលជួយឱ្យពួកគាត់អាចផ្ញើប្រាក់ទៅឪពុកម្តាយ និងកូនរបស់ពួកគាត់រហូតមកត្រឹមឆ្នាំ២០២៥។
ដូច្នេះ ដោយសារតែការងារមិនត្រូវជំនាញ លោក វុធ និងអ្នកស្រី សុវណ្ណា ដែលបានធ្វើការងារសំណង់អស់រយៈពេលមួយទស្សវត្សរ៍មកហើយនោះ ពិបាកជ្រៀតចូលក្នុងវិស័យកាត់ដេរ ជាការងារចម្បងនិងនៅមានសម្រាប់ពលករដែលត្រឡប់មកវិញ ព្រោះវាទាមទារជំនាញដេរច្បាស់លាស់។
អង្គការការងារអន្តរជាតិរបស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីឆ្នាំមុនថា ខណៈពេលដែលប្រទេសកម្ពុជាផ្តល់ឱកាសការងារច្រើន កម្មករភាគច្រើនចេញមកពីវិស័យការងារក្រៅប្រព័ន្ធដូចជាសំណង់ ឬការលក់ដូរម្ហូបអាហារ ហើយត្រួវមានការបណ្តុះបណ្តាលសំខាន់ៗ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដែលមានទាំងនេះ។
ពួកគេប្រឈមមុខនឹងភាពមិនស៊ីគ្នាខាងភូមិសាស្ត្រ។ ការងារមិនសូវសម្បូរនៅតាមខេត្តជាប់ព្រំដែនដាច់ស្រយាលភាគច្រើន ទីដែលពលករចំណាកស្រុកភាគច្រើនមានប្រភពនៅទីនោះ។ ជារឿយៗ ពលករ ដែលត្រឡប់មកស្រុកកំណើតវិញ មិនទទួលបានប្រាក់បៀវត្សរ៍ចុងក្រោយរបស់ពួកគេនៅប្រទេសថៃទេ ដោយសារការចាកចេញទាំងប្រញាប់ប្រញាល់ ហើយត្រូវបង់ថ្លៃធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ ធ្វើឱ្យពិបាកក្នុងការដើររកការងារធ្វើនៅខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។
គម្លាតនៃការយល់ដឹងអំពីហិរញ្ញវត្ថុ
ពលករចំណាកស្រុកជាច្រើននាក់ដែលវិលត្រឡប់មកវិញមិនបានដឹងពីនីតិវិធីផ្តល់ជំនួយណាមួយដែលផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារនោះទេ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
យោងតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ កម្ពុជាមានកម្រិតអក្ខរកម្មហិរញ្ញវត្ថុ ១៨ភាគរយ ជាប់ចំណាត់ថ្នាក់ទី១៣៥ ក្នុងចំណោម ១៤៤ប្រទេស។ កង្វះចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុធ្វើឱ្យកូនបំណុលជាពិសេសក្រុមដែលងាយរងគ្រោះ ប្រឈមនឹងការសម្រេចចិត្តប្រកបដោយគ្រោះថ្នាក់ ដែលជារឿយៗបណ្តាលឱ្យមានការប្រើប្រាស់ប្រាក់កម្ចីមិនត្រឹមត្រូវ។
របាយការណ៍នេះបានបន្ថែមថា កង្វះការអប់រំផ្នែកហិរញ្ញវត្ថុធ្វើឱ្យអ្នកខ្ចីប្រាក់ជាច្រើនងាយរងគ្រោះដោយសារការផ្តល់ប្រាក់កម្ចីបោកប្រាស់ម្តងហើយម្តងទៀត នៅពេលពួកគេយកប្រាក់កម្ចីថ្មី ដើម្បីបង់ការប្រាក់លើប្រាក់កម្ចីចាស់។
ជាងពាក់កណ្តាលនៃគ្រួសារចំណាកស្រុកត្រូវបានចាត់ថ្នាក់ថា ជាជនក្រីក្រ និងមានកម្រិតការសិក្សាផ្លូវការទាប នេះបើតាមការប៉ាន់ប្រមាណអំពីភាពក្រីក្រដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ។
លោក វុធ និងអ្នកស្រី សុវណ្ណា បាននិយាយថា ពួកគាត់បានខ្ចីប្រាក់ ដើម្បីសង់ផ្ទះ ខណៈពេលកំពុងធ្វើការងារ ដោយមិនរំពឹងថា នឹងប្រឈមនឹងហានិភ័យ ណាមួយទេ ប្រសិនបើពួកគាត់បាត់បង់ការងារ។
ការឆ្លើយតបរបស់រដ្ឋាភិបាលមានកម្រិត
ខណៈពេលពលករមួយចំនួនបានរកការងារថ្មីបានតាមរយៈការចុះឈ្មោះរកការងារធ្វើជាមួយក្រសួងការងារ ពលករជាច្រើនមិនបានដាក់ពាក្យ ដោយសារតែឆ្ងាយពីខេត្តកំណើតរបស់ពួកគេ និងការយល់ថា ពួកគេខ្វះជំនាញចាំបាច់។
តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) រដ្ឋាភិបាលបានបង្ហាញការងារដែលមានក្នុងវិស័យផលិតកម្ម និងសេវាកម្ម ប៉ុន្តែជារឿយៗ ការងារទាំងនោះ មិនមែនស្ថិតនៅក្នុងខេត្តកំណើតរបស់ពលករចំណាកស្រុកដែលបានត្រឡប់មកវិញនោះទេ។
មានតែ ៣១ភាគរយប៉ុណ្ណោះ នៃពលករចំណាកស្រុកដែលវិលត្រឡប់មកវិញទាំងអស់ ដែលត្រូវបានស្ទង់មតិដោយអង្គការសង់ត្រាល់បាននិយាយថា ពួកគេបានទទួលជំនួយ ដែលភាគច្រើនបានមកពីរដ្ឋាភិបាលកម្ពុជា។ ប្រទេសកម្ពុជាមានកម្មវិធីសុខុមាលភាពសង្គមទូទៅសម្រាប់គ្រួសារពលរដ្ឋដែលមានចំណូលទាប ប៉ុន្តែអ្នករិះគន់លើកឡើងថា ប្រព័ន្ធនេះមិនគ្រប់គ្រាន់ មានលក្ខណៈនយោបាយ ឬការចែកចាយមិនត្រឹមត្រូវ។ បញ្ហាបែងចែកមិនត្រឹមត្រូវនេះ ក៏ត្រូវបានលើកឡើងផងដែរកាលពីឆ្នាំមុនដោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

រឿងរ៉ាវរបស់លោក វុធ និងអ្នកស្រី សុវណ្ណា ឆ្លុះបញ្ចាំងបញ្ហារបស់ពលរដ្ឋរាប់សែននាក់ដែលបានធ្វើចំណាកស្រុក ត្រឡប់មកវិញ ធ្លាក់ក្នុងបំណុល ហើយត្រៀមធ្វើចំណាកស្រុកម្ដងទៀត។ អ្នកស្រី សុវណ្ណា បាននិយាយថា ប្តីរបស់អ្នកស្រីធ្វើការនៅការដ្ឋានសំណង់មួយក្បែរស្រុកកំណើតបានរយៈពេលពីរខែ ប៉ុន្តែគេមិនបើកប្រាក់ខែឱ្យ ដូច្នេះពួកគាត់មានគម្រោងធ្វើចំណាកស្រុកម្ដងទៀត។
វិទ្យាស្ថានស្រាវជ្រាវ CDRI បានគូសបញ្ជាក់ពីស្ថានភាពអនាគតមួយចំនួនដែលអាចកើតមានសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការវិលត្រឡប់របស់ពលករដ៏ច្រើន ។ អ្នកវិលត្រឡប់មកវិញអាចបន្ថែមបន្ទុកលើសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសប្រសិនបើពួកគេត្រូវការសេវាសង្គមបន្ថែមទៀត ឬបន្ថែមទៅលើអត្រាអ្នកគ្មានលទ្ធភាពសងបំណុល ដែលមានកម្រិតខ្ពស់រួចទៅហើយនៅកម្ពុជា។
ប៉ុន្តែពួកគេក៏តំណាងឱ្យកម្លាំងការងារថ្មីយ៉ាងច្រើន ដែលអាចជំរុញវិស័យផលិតកម្ម ប្រសិនបើទទួលបានការអនុគ្រោះបំណុលបណ្តោះអាសន្ន និងសេវាកម្មអភិវឌ្ឍជំនាញ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរពិនិត្យមើលគោលនយោបាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជម្រើសមួយគឺ ផ្តល់កញ្ចប់គាំទ្រហិរញ្ញវត្ថុដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនឹងអនុញ្ញាតឱ្យពលករ ដែលជំពាក់បំណុលច្រើន អាចផ្អាកការសងប្រាក់វិញរយៈពេលពី ៣ ទៅ ៤ ខែ រហូតដល់ពួកគេស្វែងរកការងារបានធ្វើជាប់លាប់។
លោក ថារ៉ូ បន្ថែមថា ដើម្បីធានាបាននូវសន្តិសុខរយៈពេលវែងសម្រាប់អ្នកដែលវិលត្រឡប់មកវិញ រដ្ឋាភិបាលត្រូវតែវិនិយោគលើការបណ្តុះបណ្តាលពលករ និងបង្កើតឱកាសការងារឱ្យបានកាន់តែច្រើន។ សូម្បីតែការផ្តល់វិញ្ញាបនបត្រដល់កម្មករជំនាញ ក៏នឹងផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការស្វែងរកការងារធ្វើផងដែរ។ លោកបន្តថា បើគ្មានវិធានការបែបនេះទេ ពលករជាច្រើនទំនងជានឹងត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញនាពេលអនាគត៕
អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES ៖ Cambodian Workers Fled a Border Conflict, Now Debt Is Pushing Them Back









