សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បំណុលធ្វើឱ្យ​ពលករខ្មែរមួយ​ចំនួន​នៅ​តែលាក់ខ្លួន​ធ្វើការក្នុងប្រទេសថៃ ទោះ​​មានការភ័យ​ខ្លាច​​ក្តី

ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)
ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

ដោយ​សារ​តែ​នៅ​ជំពាក់​ប្រាក់​ថៅកែថៃ​ សុផាណា ត្រូវបង្ខំចិត្ត​នៅ​បន្តធ្វើការ​ក្នុង​ចម្ការ​​​ទុរេននៅ​ខេត្ត​Chanthaburi​ ជាបន្ត​ទៀត​ មិន​ទាន់​អាច​វិល​ត្រឡប់​មក​ស្រុកកំណើត​នៅ​​ខេត្ត​​សៀម​រាប​បានទេ បើ​ទោះ​បីជាមាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពីការ​រើសអើង​ជាតិ​សាសន៍​ពីសំណាក់​ជនជាតិថៃជ្រុលនិយមមួយចំនួន ចាប់​តាំងពី​ជម្លោះប្រដាប់អាវុធរវាង​កម្ពុជា និងថៃ ​​បានផ្ទុះឡើងយ៉ាងណាក្តី​។​​

ក្រសួង​ការងារបាន​ឱ្យ​ដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា មាន​ពលរដ្ឋ​ខ្មែរ​៩២ម៉ឺន​នាក់​បាន​ត្រឡប់​​មក​ពីប្រទេស​ថៃ ហើយក្រសួង​​បាន​ជួយ​សម្របសម្រួល​ឱ្យ​ពលកររាប់​ម៉ឺន​នាក់​​ទទួល​បាន​ការ​ងារ​ធ្វើ​ក្នុងស្រុក។ ​យ៉ាងណាក្តី ​សង្គមស៊ីវិល ​​និង​អ្នក​ជំនាញ​មួយ​ចំនួនបាន​សម្តែងកា​រ​ព្រួយ​បារម្ភ ​​ខណៈ​​គណនា​រកឃើញថា មាន​ពលករខ្មែរក្នុង​ចំនួន​ដ៏ច្រើនលើសលប់​អាច​ប្រឈម​នឹងភាពគ្មាន​ការ​ងារធ្វើ។

លោក ​ចាន់ សុផាណា មាន​ស្រុកកំណើត​នៅស្រុកសូទ្រ​និគម​ ខេត្ត​សៀម​រាប​​ ​ដែល​បាន​ទៅ​ធ្វើការ​នៅចម្ការ​ទុរេន​ក្នុង​ខេត្ត​Chanthaburi​ ​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ជា​មួយ​បង​ថ្លៃ​​ម្នាក់​ និង​​អ្នក​ជិត​ខាង​ក្នុង​ភូមិ​២នាក់​ផ្សេង​ទៀត​ សរុបទាំង​អស់​៤​នាក់​។ ចាប់​តាំង​ពី​​​សង្គ្រាម​​​កម្ពុជា​ ថៃ​បាន​ផ្ទុះឡើងយ៉ាង​ក្តៅ​គគុក​ កាលពី​​​​ថ្ងៃ​ទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០២៥មក​ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​​។

បុរសវ័យ៣៣​ឆ្នាំ​​រូបនេះ​និយាយ​​ថា ដោយ​សារ​តែភ័យ​ខ្លាំង​ពេក​​ ហើយ​ឪពុកម្តាយ​បាន​ហៅ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​អ្នក​ជិតខាង​លោក​ទាំង​២នាក់​បាន​វិល​ត្រឡប់​ទៅ​​ស្រុក​វិញ ​កាល​ពីថ្ងៃទី​២៦ ខែកក្កដា។

លោក​បានបញ្ជាក់ថា៖ «មានបងប្អូនខ្ញុំ​ និង​​អ្នក​ស្គាល់ខ្ញុំមួយ​ចំនួន​​បាន​ឆាត​ដៀល​ខ្ញុំ​ថា ថៃ​វាបាន​បាញ់​​គ្រាប់​ផ្លោង​ប្រើយន្តហោះ​ទម្លាក់គ្រាប់​ស្រោចមក​លើដីខ្មែរ​សម្លាប់ខ្មែរ ប្រមាថ​មើល​ងាយ​ខ្មែរ​ប៉ុណ្ណឹងហើយ ​ហ្ហែងនៅ​មិន​ព្រម​មក​ស្រុកវិញ​ទៀត ហ្ហែងនៅ​ធ្វើការ​បម្រើវា​ប្រយ័ត្ន​វាសម្លាប់!»។

លោក សុផាណា ​ក៏ចង់​វិល​ត្រឡប់​មក​ជួប​ប្រពន្ធ​និង​កូន​ទាំង២នាក់​របស់​លោក​ដែរ ប៉ុន្តែ​លោក​មិន​​អាច​ទៅ​បានទេ ​ដោយ​សារ​លោក​នៅ​ជំពាក់​ប្រាក់​ថៅកែជន​ជាតិ​ថៃ​។

លោក​បានឱ្យដឹងថា​៖ «ខ្ញុំ​បាន​ខ្ចី​លុយ​ថៅកែខ្ញុំផ្ញើទៅ​ឱ្យ​ប្រពន្ធ​ខ្ញុំ​សង់​ផ្ទះ ​ដូច្នេះខ្ញុំ​នៅ​ធ្វើការ​ដោះ​បំណុល​ថៅកែ ម្យ៉ាង​ទៀត​ថៅកែខ្ញុំល្អណាស់​រាប់​អានគ្នា​ដូចបងប្អូន។ ខ្ញុំ​ធ្វើការ​បាន​ប្រាក់​ខែ​ជាង៣​០០​ដុល្លារ​ក្នុង​១​ខែ​​ តែបាយ​ហូបស្រាប់​១ថ្ងៃ​៣​ពេល ​ផ្ទះ​ស្នាក់​នៅ​ស្រាប់​ អត់អស់ប្រាក់​ទេ​ ប្រាក់​ខែថៅ​កែ​កាត់​ពាក់កណ្តាល​សងថ្លៃជំពាក់ដោយ​មិនគិតការប្រាក់​អ្វីទេ ហើយ​ប្រាក់​ខែ​ពាក់កណ្តាល​ទៀត​ខ្ញុំ​ផ្ញើទៅ​ឱ្យប្រពន្ធ​ចិញ្ចឹម​កូន​ឱ្យ​រៀនសូត្រ​»។

លោក សុផាណា បានឱ្យដឹងថា ​លោក​បាន​ខ្ចីប្រាក់ថៅកែជនជាតិថៃ​​៨ពាន់ដុល្លារ កាលពីជាង៣​ឆ្នាំមុន​ហើយ​ក្នុង១​ខែថៅកែ​បាន​កាត់ប្រាក់ខែ​របស់លោក​២០០​ដុល្លារ​ ហើយ​ប្រាក់ដែល​នៅសល់​លោក​បានផ្ញើទៅ​ឱ្យប្រពន្ធ​របស់លោក​ដើម្បី​ចិញ្ចឹម​កូន និងឱ្យកូនរៀនសូត្រ។ លោកបន្តថា បើរាប់​ទៅ​នៅ​សល់​ជាង​១ឆ្នាំទៀតទេ​ លោកអាច​​សង​ថៅកែលោក​រួច​ហើយ។

បុរស​​ដែល​​និយាយ​រដឺន​តាម​បែបអ្នកសៀម​រាប​​រូបនេះ​បាន​ឱ្យ​ដឹង​ទៀត​ថា លោក​ធ្វើការ​តែ​នៅ​ក្នុង​ចម្ការ ​និង​ស្នាក់​នៅ​ផ្ទះ​នៅក្នុង​​ចម្ការ​មិន​ដែល​ចេញទៅ​ណា​ទេ ហើយ​ថៅកែក៏ធានា​សុវត្ថិ​ភាពលោក​ និង​ពលករខ្មែរ​ដទៃទៀត​ដែរ។ ម្យ៉ាងទៀត​បើ​លោក​វិល​ត្រឡប់​ទៅ​ស្រុកវិញ​ក៏​មិន​អាច​រកការងារ​អ្វីបាន​ធ្វើភ្លាមៗ​ដែរ ពីព្រោះ​អ្នក​ជិតខាងលោក​ដែល​ត្រឡប់​ទៅ​ស្រុក​វិញ​​២​នាក់​​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​អាច​រកការងារ​បាន​ធ្វើនៅឡើយ​ទេ។

លោកបាន​បន្ថែម​ថា នៅ​ពេល​ខាងមុខ​ បន្ទាប់​ពី​សងប្រាក់ថៅកែរួច លោកក៏មាន​គម្រោង​វិល​ត្រឡប់​មក​រស់នៅ​ជុំប្រពន្ធកូននៅ​ស្រុក​កំណើតវិញដែរ​ ដែល​តាម​គម្រោង​លោក​នឹងធ្វើ​កសិកម្ម​​ដាំដុះដំណាំផ្សេងៗ ​ពីព្រោះ​លោក​បាន​រៀនសូត្រនិង​មានការ​យល់ដឹងច្រើន​ក្នុងការ​ដាំដំណាំឱ្យទទួលបានផល​ល្អ​ ក្នុង​រយៈ​ពេល​ដែល​លោក​ធ្វើ​ជាកម្មករ​នៅចម្ការ​ទុរេននៅ​ខេត្ត​Chanthaburi​​ជាង៥ឆ្នាំកន្លងមកនេះ។

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

ពលករម្នាក់​ទៀត ​គឺ​​លោក គន់ គូរ អាយុ៣៧ឆ្នាំ ស្រុក​កំណើតនៅឃុំកោះកែវ​ ស្រុកល្វាឯម ខេត្ត​កណ្តាល ​ក៏បាន​ប្រាប់ អ្នកសារព័ត៌មានខេមបូចា ​ថា​ លោក​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជាមួយ​បងប្អូន និង​សាច់ញាតិសឹងមួយគ្រួសារជាង១០ឆ្នាំមក​ហើយ គឺ​ចាប់​តាំង​ពីឆ្នាំ២០១០មកម្ល៉េះ។ ចំពោះប្រាក់ខែ​វិញ​លោក​បាន​ទទួល​ជាង​៣៥០ដុល្លារ​ដោយ​ខែ​ខ្លះ​​បាន​​ច្រើន ខែខ្លះក៏បានតិច​ទៅ​តាមរដូវកាលនៃដំណាំ ហើយនិង​ទទួលបានអាហារ​៣​ពេល​ក្នុង​មួយ​ថ្ងៃពីម្ចាស់ចម្ការ។

ការងារ​​ប្រចាំ​ថ្ងៃ​របស់​លោក ​គន់ គូរ និង​កម្មករខ្មែរផ្សេងទៀតនៅ​ចម្ការ​ទុរេន​​ គឺត្រូវ​ធ្វើ​ទៅ​តាមការរៀបចំ​របស់​មេការ ដូច​ជា​បេះផ្លែឈើ ដាំដំណាំ និង​មើលថែ​ជាដើម​ទៅ​តាមការ​ជាក់ស្តែង។ លោក ​គូរ ​បាន​បដិសេធ​ប្រាប់ឈ្មោះ​ស្រុក ​និង​ខេត្ត​ ដែល​លោក​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​លោក​ថា មាន​ចម្ងាយប្រហែលពី​៦០ទៅ៧០គីឡូមែត្រពីព្រំ​ដែនខេត្ត​ពោធិ៍សាត់។

លោកនិយាយថា៖ «បានជាខ្ញុំ​ពុំធ្វើការងារនៅស្រុកខ្មែរ​ពីព្រោះតែរកការងារ​បាន​​អត់ទៀង​ទាត់ និងចំណាយច្រើនអត់សល់។ ដោយសាររៀនបានតិចតួច ម្តាយឪពុកក្រ​ខ្សត់ លំបាក ហើយពិបាកទំនុកបំរុង ក៏តាមគេតាមឯង ដែលធ្លាប់ទៅធ្វើចម្ការ​នៅស្រុក​ថៃ»។

បុរសអ្នកស្រុកល្វាឯម ដែល​​កំពុង​រស់នៅ​ជុំប្រពន្ធ និង​កូននៅប្រទេស​ថៃ​រូប​នេះ​និយាយ​ថា ដោយ​សារ​តែ​នៅ​ថៃ​មានការ​ងារ​ធ្វើ​ទទួលបាន​ប្រាក់កម្រៃសម​រម្យ ​និង​ទទួល​បាន​អាហារ​ហូប​ចុក​មានសុវត្ថិភាព កូនបានសិក្សារៀនសូត្រ ទើប​លោក​ក៏ចេះ​តែបន្តរស់​នៅ​​ក្នុង​ប្រទេស​​ថៃរហូតមកដល់ពេលបច្ចុប្បន្ន។

លោកលើកឡើង​ថា​៖ «បានជា​មាន​ជម្លោះខ្មែរ-ថៃ ហើយខ្ញុំ​មិនត្រឡប់មកស្រុកខ្មែរវិញ​ដោយសារធ្វើការ​ងារ​នៅចម្ការ​កសិដ្ឋាន​របស់គេនេះ មិនមាន​បញ្ហា​នោះទេ ព្រោះធ្វើនៅតែក្នុងចម្ការគេតែម្តង លើកលែង​តែ​យើង​ដើរចេញ​ក្រៅឆ្វេ​ចឆ្វាច ទៅកន្លែងទីប្រជុំជនទេ។ តាមដឹងនិងសួរសុខទុក្ខ​អ្នកស្គាល់​ផ្សេងៗមកគឺមាន​សុវត្ថិភាព តែ​ឃើញមានក្នុង facebook ឃើញមានថៃ​វ៉ៃធ្វើបាប​ច្រើន​​តែ​កន្លែង​ទីប្រជុំជន។ អាណិត​ និង​សង្វេគខ្មែរជាពលករដូចគ្នាមិនដឹងកូនចៅអ្នកណា»។

លោក ​គន់ គូរ​​ និយា​យ​ទៀតថា​ លោក​ចង់​វិល​ត្រឡប់មកស្រុកខ្មែរវិញណាស់ ប៉ុន្តែ​ស្តាប់និង​តាម​ដាន​​ព័ត៌មាន មានរឿងច្រើនណាស់នៅស្រុកខ្មែរដែលពិបាកសម្រេចចិត្ត ពីព្រោះ​លោក​​​មានកាតព្វកិច្ច​ត្រូវចិញ្ចឹមកូនចិញ្ចឹមគ្រួសារ ដូច្នេះមានតែអត់ទ្រាំរស់នៅស្រុកថៃ​បណ្តើរ​គិត​បណ្តើរ​សិន​។

លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ បានលើកឡើងនៅថ្ងៃទី៤ ខែកញ្ញា ថា ចាប់តាំងពីមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃរហូតមកដល់ពេលនេះ ពលករខ្មែរនៅតែបន្តសម្រុកចេញទៅកម្ពុជា​វិញអាចប្រហែលជាង១លាននាក់។ ក៏ប៉ុន្តែក៏នៅមានពលករខ្មែរប្រមាណជាង២០ភាគរយទៀតនៅតែកំពុងបន្តធ្វើការនៅក្នុងប្រទេសថៃទាំងការភ័យខ្លាចផងដែរ។

បើតាមលោក សុផុន ពលករខ្មែរដែលនៅបន្តធ្វើការនៅថៃនេះពួកគាត់ក៏មានការភ័យខ្លាច ខ្លាំងដែរ និងកំពុងតែបន្តតាមដានស្ថានការណ៍ជម្លោះព្រំដែន ហើយប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយពួកគាត់ក៏នឹងត្រឡប់ទៅខ្មែរវិញដែរ។

លោកបានថ្លែងថា៖ «ភាគច្រើនបងប្អូនដែលនៅហ្នឹង បងប្អូនច្រើនដែលគាត់លើកឡើងថា ដោយសារគាត់ព្រួយបារម្ភពីការខ្វះខាតជីវភាព ហីមួយទៀតទាក់ទងថា បើសិនជាគាត់ទៅខ្មែរវិញគាត់មិនមានប្រាក់ចំណូលដើម្បីបង់ធនាគារ។ ភាគច្រើនពួកគាត់មានបំណុលត្រូវរកលុយបង់ធនាគារអ៊ីចឹង ហីបើគាត់ទៅវិញគាត់មិនសូវមានសង្ឃឹមថា មានការងារធ្វើហីមានប្រាក់ចំណូលដើម្បីបង់ធនាគារទេ។ នេះជាការលើកឡើងរបស់ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងបន្តធ្វើការនៅក្នុងស្រុកថៃ»។

មន្ត្រីនៃក្រសួ​ងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បានរៀប​ចំ«វេទិកាការងារ» ផ្តល់​ព័ត៌​មានទាក់ទងនឹង​ឱកាស​ការ​ងារ​ ​ជូន​ប្រជា​ពលរដ្ឋ និ​ង​ពលករ​ខ្មែរ​ដែលទើ​បវិល​ត្រឡប់​មក​ពីប្រទេ​សថៃ នៅខេត្តគោលដៅមួយចំនួន​ កាលពីដើមខែ​សី​ហា។ រូបភាពបានបង្ហោះលើហ្វេសប៊ុកផេករបស់ក្រសួងការងារ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

យ៉ាងណាក្តី​ សម្រាប់​អ្នក​ស្រី ផូ ធីតា អាយុ៣០​ឆ្នាំ ជាស្ត្រីមេម៉ាយ​មាន​កូន២នាក់​​រស់នៅ​ស្រុក​កណ្តាល​ស្ទឹ​ង ​ខេត្ត​កណ្តាល ​បាន​ឱ្យដឹងថា អ្នក​ស្រី​ទើប​តែវិល​ត្រឡប់​មក​ពីថៃ​បាន​ជិត​១ខែ ​​បន្ទាប់​ពីបាន​ធ្វើការ​ជាកម្មករ​នៅក្នុង​ចម្ការ​​ទុរេន​ និងធ្វើ​ជាកម្មករសំណង់​នៅ​ក្នុង​ប្រទេសថៃ​អស់​រយៈ​ពេល​ជិត​​១០​ឆ្នាំមក។

អ្នក​ស្រីបានបន្ត​ថា នៅពេល​​អ្នក​ស្រីបាន​មក​ដល់​ផ្ទះ​ជាងកន្លះខែ ​មន្ត្រី​ក្រសួង​ការងារ​ម្នាក់​​បាន​ទាក់​ទង​មក​អ្នក​ស្រី​ដោយ​ផ្តល់​លេខទូរសព្ទឱ្យ​ទាក់​ទង​ទៅរោងចក្រកាត់ដេរ​មួយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​គេកំពុង​ជ្រើសរើសកម្មករធ្វើការ។ ប៉ុន្តែ​អ្នក​ស្រីបាន​ប្រាប់​គាត់វិញ​ថា ឥឡូវ​អ្នក​ស្រី​រកការ​ងារ​បាន​ធ្វើហើយ ​គឺ​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ ​នៅ​ជិត​រង្វង់មូល​ទួលគោក ​ក្នុង​​ខណ្ឌទួល​គោក ​រាជធានីភ្នំពេញ​។

ស្រ្តីរូបនេះបានបញ្ជាក់ថា៖ «កាលនៅ​ថៃ​​ខ្ញុំ​រកប្រាក់បាន​ជាង៣០០​ដុល្លារក្នុង​១ខែ ប៉ុន្តែ​មក​ធ្វើ​ការ​​​នៅ​រោង​ចក្រនៅ​ខ្មែរ​នេះ​គេប្រាប់​ថា អាចបាន​ជាង​២០០​ដុល្លារ​អីទេ ពីព្រោះ​យើង​ទើប​ចូល​ធ្វើ​ការ​ដំបូង​ ប៉ុន្តែ​ខ្ញុំ​ចេះ​តែធ្វើការ​សិន​ទៅ​ដោយសារ​​ត្រូវការ​លុយ​បង់ធនាគារ​ពីព្រោះ​ខ្ញុំ​បាន​ខ្ចី​លុយ​​ធនាគារ​មក​ធ្វើផ្ទះ​​ ទាល់​តែជិត៣ឆ្នាំអីទៀត​បាន​សងរួច​»។

បើ​តាមអ្នក​ស្រី ​​ធីតា​ អ្នក​រួម​ការ​ងារ​​​២នាក់​ទៀត​ ដែល​ទើប​វិល​ត្រឡប់​មក​ពីថៃ​ជាមួយ​គ្នា​ ម្នាក់​បើក​លក់​បុកល្ហុង​ និង​ម្នាក់​ទៀតទិញ​រ៉ឺម៉ក​ដឹកបន្លែ​លក់ ​​ពីព្រោះ​ម្នាក់​ៗ​សុទ្ធ​តែត្រូវការ​លុយ​​បង់​សង​ធនាគារ ​ដូច្នេះ​ការ​ងារអ្វីក៏​ធ្វើមុខរបរអ្វីក៏រក​សិន​ដែរ​ឱ្យ​តែបាន​ប្រាក់។

ប៉ុន្តែ​លោក ​ព្រំ ម៉េត ពលករ​ទើប​វិលត្រឡប់​មក​ពី​ប្រទេសថៃដែរ​​​ រស់នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​និយាយ​កាលពីថ្ងៃទី​២០ ខែសីហា ​នៅក្នុង​វេទិកា​មួយ​ដែល​រៀប​ចំដោយ​អង្គការ​សង់ត្រាល់​ថា បច្ចុប្បន្ន​លោក​កំពុង​ជួប​ការលំបាក​​ខាង​ជីវភាព​យ៉ាងខ្លាំង​ដោយ​សារ​កូន​រៀនពីព្រោះ​កាលពី​លោក​ធ្វើសំណង់​នៅ​​ថៃ​លោក​តែង​តែផ្ញើ​ប្រាក់​មក​ផ្ទះ​ជារៀង​រាល់​ខែ ប៉ុន្តែ​នៅពេល​នេះ​លោក​​មិន​ទាន់​រកការ​ងារ​បាន​ធ្វើ​នៅឡើយ​ទេ។

លោក​លើកឡើង​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​មក​​ដល់​ខ្មែរ​វិញ​មានការ​លំបាក ពីព្រោះ​រក​ការងារ​អត់​ទាន់​បានធ្វើទេ​។ ខ្ញុំ​បាន​ស្វែង​រកការងារ​ធ្វើ​ដែរ​តែរក​មិន​ទាន់​បាន​។ ខ្ញុំ​មិន​រើសការងារ​ទេ ការ​ងារ​អីក៏ខ្ញុំធ្វើដែរ​ពីព្រោះ​កាលខ្ញុំ​​នៅថៃ​ការងារ​សំណង់​ក៏​ធ្វើ​ការ​ងារ​អីក៏ធ្វើដែរ»។

លោក​ ហេង សុភ័ក្តិ ​មេឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​​ទី​៣០ ខែ​សីហា​ថា នៅ​ក្នុង​ឃុំ​របស់​លោក​ពលករខ្លះ​ទើប​តែវិលត្រឡប់​មក​ពីថៃក្នុង​ពេល​ថ្មីៗ​នេះ​ទេ ដូច្នេះពួកគាត់​នៅ​មានការ​អល់​អែក​ក្នុង​ការ​ស្វែង​រកការ​ងារ​ធ្វើ​ មិន​ទាន់​ច្បាស់​លាស់​​ក្នុងការ​ស្វែងរកការងារ​ធ្វើ​ទេ ខណៈ​នៅ​មានការ​ភ័យខ្លាច​ដោយសារ​សង្គ្រាម​នៅ​ឡើយ​។

លោកបាន​បញ្ជាក់ថា៖ «អានេះមិន​មែនមកពីវិធានការរបស់​រដ្ឋាភិបាល​ ឬក៏ការជួយ​ពីអង្គការ​នោះទេ អាហ្នឹង​គឺជាស្ថានភាពផ្ទាល់​ពាក់ព័ន្ធ​ទៅ​នឹងបញ្ហា​កក្តាផ្លូវចិត្ត​របស់​គាត់ដែល​គាត់​ទទួល​រងនូវ​ការ​ភ័យ​ខ្លាច​នៅក្នុង​ដំណាក់កាលនៃសង្គ្រាម​ដែល​បាន​ប្រព្រឹត្តទៅ​ប៉ុន្មាន​ថ្ងៃកន្លងមក​នេះ។ ​អ៊ីចឹង​ទៅ​វាធ្វើឱ្យ​ពួកគាត់នៅភ័យខ្លាចមិន​ទាន់​ហ៊ាន​ចេញទៅ​រកការងារធ្វើ​ខាងណាទេ​»។

លោក​មេឃុំ​បន្ទាយ​ឆ្មារ​បានបន្ត​ថា នៅ​ក្នុង​ដំណាក់កាលនេះ​ទាំង​រាជរដ្ឋាភិបាល​​តាម​រយៈ​ក្រសួង​ការ​ងារ​ និង​អង្គការ​ដៃ​គូ​ ​​រួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋានបាន​និងកំពុងព្យា​យាម​ដើម្បី​ស្វះ​ស្វែងរកការ​ងារ​ និង​ជំនួយ​ឧបត្ថម្ភ​ជូន​ពលករ​ខណៈ​បទឈប់​បាញ់ដែលចាប់ផ្តើមតាំងពីថ្ងៃ២៨ ខែកក្កដា មកហាក់ដូច​នៅ​ផុយ​ស្រួយនៅឡើយ​។

នៅ​ពេល​ដែល​ពលករកម្ពុជា​បាន​វិលត្រឡប់​មក​ពីថៃយ៉ាងគំហុកក្នុង​ចំនួន​ដ៏ច្រើន​ អង្គ​ការ​​សង់ត្រាល់​បាន​និងកំពុ​ង​រៀបចំ​វេទិកា​ស្ដីពី​«សុវត្ថិភាព​ចំណាកស្រុក»និង​បាន​​​ផ្ដល់​ជំនួយ​គាំទ្រ​សង្គ្រោះ​បន្ទាន់ដល់អតីត​ពលករ​រាប់​ពាន់នាក់​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ដូច​ជាខេត្ត​កំពង់ធំ សៀម​រាប ​ព្រះ​វិហារ ឧត្តរមាន​ជ័យ និង​បាត់​ដំបងជាដើម​ ដោយ​ពលករ១​គ្រួសារ​ទទួលបាន​អង្ករ​ទន្ងន់៥០​គីឡូក្រាម ​មី១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ និង​កញ្ចប់​ថវិកា​១០ម៉ឺន​រៀល​។

លោក ​មឿន តុលា ​ប្រធានអង្គការសង់ត្រាល់​ បានថ្លែង​​ថា​ បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ គឺ​ពលករមក​ពីថៃ​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​ចំនួន​អ្នក​ទទួល​បាន​ការ​ងារ​គឺ​មិន​ច្រើនទេ។ នេះបើយោង​​តាម​ការ​លើកឡើង​របស់​ពលករនៅក្នុង​វេទិកា​ដែល​អង្គការសង់ត្រាល់​បាន​ផ្តល់ជំនួយ​ដល់ពលករ ដែល​កំពុង​បន្តធ្វើ​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​។ លោកបន្ត​ថា តាម​ការលើកឡើង​របស់​ពលករ​នៅក្នុង​ខេត្ត​មួយ​ចំនួន​​មាន​ពលករ​ប្រមាណ​តែ​​១០​ភាគ​រយនិង​ខេត្ត​ខ្លះ​មិន​ដល់​១០ភាគរយ​ទេដែល​អាចរកការងារ​បានធ្វើ។

លោក​បញ្ជាក់ថា៖ «ស្តាប់​ពលករដែល​គាត់រៀប​រាប់​ហ្នឹង​ គឺបំណុល​ដែល​គាត់ត្រូវបង់សងគេ​ដដែល​……អ៊ី​ចឹងអានេះ​ជា​ចំណុច​មួយ​ដែល​ធ្វើឱ្យ​គាត់​ពិបាក​ក្នុង​ចិត្ត​មិន​ដឹងថា តើគាត់ត្រូវទៅណាមកណី?»។

ទីភ្នាក់ងារជាតិមុខរបរ និងការ​ងារ (NEA) នៃក្រសួ​ងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បានរៀប​ចំ«វេទិកាការងារ» ផ្តល់​ព័ត៌​មានទាក់ទងនឹង​ឱកាស​ការ​ងារ​ ​ជូន​ប្រជា​ពលរដ្ឋ និ​ង​ពលករ​ខ្មែរ​ដែលទើ​បវិល​ត្រឡប់​មក​ពីប្រទេ​សថៃ នៅ​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាប កាលពីដើមខែ​សី​ហា។ រូបភាពបានបង្ហោះលើហ្វេសប៊ុកផេករបស់ក្រសួងការងារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

លោក ​ស៊ុន មេសា ​អ្នកនាំពាក្យក្រសួង​ការងារ ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ធ្វើអត្ថា​ធិប្បាយ​ថាតើក្រសួង​ការងារ​បាន​និងកំពុង​ធ្វើអ្វី​ខ្លះ​និងមាន​ផែន​ការ​​ធ្វើអ្វីខ្លះ ​ដើម្បី​ជួយ​អន្តរាគមន៍ ​ឬសម្របសម្រួល​ក្នុង​ការ​ផ្តល់ការ​ងារ​ដល់ពលករ​ដែល​ទើប​វិលត្រឡប់​មក​ពីថៃ​នោះទេ។

ប៉ុន្តែ​ក្រសួង​ការងារ​បាន​ដកស្រង់សម្តីរដ្ឋមន្ត្រី​លោក ​ហេង សួរ ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​សីហាថា រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ខ្មែរ​៩២ម៉ឺន​នាក់​បាន​វិល​ត្រឡប់​ពី​ប្រទេសថៃ​ចូល​មក​កម្ពុជាវិញក្នុងនោះ​មាន​ពលករប្រហែល​៧០​ម៉ឺននាក់ ក្រៅ​ពី​នេះ​​មាន​អាជីវករ​ដែល​គាត់​លក់ដូរនៅ​តាម​ព្រំដែន​មាន​កូន​ មានប្តី​ មាន​ប្រពន្ធនិងគ្រួសារ​របស់គាត់​ជាដើម។

លោករដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ថា៖ «ចំណែក​ពលករតែម្តង​ គឺប្រហែលជា​ខ្ទង់​៧០​ម៉ឺន​នាក់​ប៉ុន្តែ​៧០​ម៉ឺន​​នាក់​ក៏ច្រើនដែរ​។ មក​ដល់ម៉ោង​នេះ​ចាប់ពីខែ៧​មក​ដល់​ខែ៨នេះយើង​មាន​លទ្ធភាព​ផ្តល់​​ការ​ងារ​ឱ្យបាន​ប្រហែល​ជាខ្ទង់​១៥​ម៉ឺន​នាក់​ អ៊ីចឹង​យើងនៅ​សល់​ប្រហែល​ជា៥០ម៉ឺន​នាក់​ទៀត​ដែល​យើង​ត្រូវខិតខំធ្វើម៉េច​ទាញបងប្អូន​យើង​ឱ្យចូលទៅទីផ្សារការងារនេះ​ឱ្យបាន​លឿន​ដែរ​។ ហើយសម្រាប់បងប្អូនយើង​ប្រៀបធៀប១៥ម៉ឺនលើ៧០ម៉ឺន​បងប្អូនថានៅ​តិច​ប៉ុន្តែបើបង​ប្អូន​គិតថា ក្នុង​រយៈ​ពេល​២ខែ​បើសិនវិស័យ​ឯកជន​អាច​ផ្តល់ការងារ​បានប៉ុន​នេះ​ក៏វាជាអច្ឆរិយៈមួយដែរ»។

សម្រាប់​លោក ចាន់ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយ​ បានធ្វើការ​វិភាគ​ថា​ ប្រសិន​បើ​មាន​ការងារ​និង​ប្រាក់​ចំណូល២៥០ដុល្លារ​​​ មួយ​ខែ​ពលករ​១លាន​នាក់​ នឹង​បង្កើត​បាន​ប្រាក់​ចំណូល៣ពាន់​លាន​ដុល្លារ​ដែល​នឹងធ្វើ​​ឱ្យ​ផលិត​ផល​សរុប​ក្នុង​ស្រុក​រីកថែម​ប្រមាណ​៦ភាគ​រយ​ដែល​ជាចំនួន​ដ៏ច្រើន។ ពេល​នៅ​ថៃ​ ពួកគាត់​បរិភោគ​អង្ករ​ថៃ​ បន្លែ​ ត្រី​ សាច់​ និង​ភេសជ្ជៈ​របស់​ថៃ។ វត្តមាន​របស់​ពួកគាត់​នៅ​កម្ពុជា​ នឹង​ជួយ​បង្កើន​តម្រូវ​ការ​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​មាន​ទីផ្សារ​។ សហគ្រាស​ដែល​ខ្វះកម្លាំង​​ពល​ក​ម្ម​នឹង​បាន​ធូរ​ស្រាល​ ហើយ​គម្រោង​វិនិយោគ​ថ្មី​ៗ​ នឹង​មិន​ពិបាក​រក​កម្លាំង​ពលកម្ម​ទៀត​ទេ​​។

យ៉ាងណាក្តី​លោក ​ចាន់​ សុផល ​ព្រមាន​ថា ផ្ទុយ​ទៅវិញ​ប្រសិន​បើ​ខ្វះ​ការ​ងារ​ ហើយ​ពួកគាត់​មិន​អាច​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បាន​ នោះ​គឺជា​បន្ទុក​ធ្ងន់​ធ្ងរ​ដល់​វិស័យ​ធនាគារ​ដែល​កំពុង​​តែ​មាន​អត្រា​កម្ចី​មិន​ដំណើរការ​ខ្ពស់​រួច​ស្រាប់​ទៅ​ហើយ​​។ លើស​ពីនេះ​ភាព​ទំនេរ​អាច​បង្កើត​​ភាព​អវិជ្ជមាន​នៅ​ក្នុង​សង្គម​។

លោក​មាន​ប្រសាសន៍ថា​៖ «ខ្ញុំ​យល់ថា​ សម្ពាធ​ពេល​នេះ​ មិន​តូច​ជាង​ពេល​មាន​វិបត្តិ​កូវិត​១៩​ ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង​មួយ​ពាន់​លានដុល្លារដើម្បី​ដោះស្រាយ​ជា​បន្ទាន់​។ ដូច្នេះ​ រដ្ឋាភិបាល​គួរ​មាន​ការ​សិក្សា​ និង​ចេញ​អន្ត​រា​គមន៍​ជា​បន្ទាន់​ ជាជាង​ពន្យារ​ពេល​ ឬ​រង់ចាំ​ជម្លោះ​ជាមួយ​ថៃ​ចប់។ នេះ​គឺ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ពង្រីក​សេដ្ចកិច្ច​ ដែល​ជា​ខឿន​គ្រឹះ​សម្រាប់​ការពារ​ខ្លួន​ ទប់​ទល់​នឹង​ប្រទេស​ជិតខាង​ជាយូរ​អង្វែង​ ក្នុង​សម័យ​កាល​ដែល​ច្បាប់​អន្តរជាតិ​ចុះ​ខ្សោយ​»​។

ចំណែក​វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាCDRI​កាលពីថ្ងៃ​ទី​២៧ ខែសីហា បាន​ចេញផ្សាយរបាយការណ៍មួយស្តីអំពីទម្រង់ប្រជាសាស្ត្រ និងសេដ្ឋកិច្ច​របស់ពលករចំណាក​ស្រុកកម្ពុជា​ដែលវិលត្រឡប់ពីប្រទេសថៃ។ របាយការណ៍បានបង្ហាញ​ពីក្តី​កង្វល់​ដែលពលករ​ប្រមាណជាង៧០ម៉ឺននាក់ក្នុងចំណោមពលករជាង៩០ម៉ឺននាក់ ដែល​​​ត្រឡប់ចូលកម្ពុជា​វិញ​នោះអាចប្រឈមនឹងភាពគ្មានការងារធ្វើ។

លោក សុផាណា ដែលកំពុងលាក់ខ្លួនធ្វើការទាំងភ័យខ្លាចនៅប្រទេសថៃ សង្ឃឹមថា ជម្លោះ​ព្រំដែនកម្ពុជា-ថៃ​ អាចនឹងដោះស្រាយបាន​ក្នុងពេល​ខាង​មុខ ហើយ​នឹងធ្វើឱ្យ​ព្រំដែន​ប្រទេស​ទាំងពីរ​ មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពី​រ​ អាច​ចេញចូល​រកស៊ីជាមួយគ្នា​បាន​ដូចមុន​វិញ​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម