ស្ថាប័នពាក់ព័ន្ធបានលើកឡើងថា ភាពអត់ការងារធ្វើរបស់ពលករចំណាកស្រុកដែលត្រឡប់មកពីថៃ ទំនងជាកត្តាដែលធ្វើឱ្យឥណទានមិនដំណើរការ ឬឥណទានសងយឺតលើសពី៩០ថ្ងៃ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើងបន្តិចបន្តួច។
តាមរយៈរបាយការណ៍របស់ ក្រុមហ៊ុន Credit Bureau (Cambodia) Co., Ltd (CBC) ចេញផ្សាយនាដើមខែវិច្ឆិកានេះ បង្ហាញថា គុណភាពនៃឥណទានបុគ្គល ដែលវាស់វែងដោយសមាមាត្រនៃឥណទានសងយឺតលើសពី 90 ថ្ងៃ (90+DPD) បានកើនឡើងបន្តិច ដែលឆ្លុះបញ្ចាំងពីការលំបាកក្នុងការសងបំណុលរបស់ប្រជាពលរដ្ឋ។
ប្រភពដដែលបញ្ជាក់ថា ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៩០ថ្ងៃ បានកើនឡើង ៦,៥ភាគរយ ជារួមទូទាំងតំបន់។ ការកើនឡើងច្រើនបំផុតគឺនៅតំបន់ខ្ពង់រាបដែលមានប្រមាណ ២៤ ភាគរយ តំបន់ឆ្នេរសមុទ្រ ៩ភាគរយ តំបន់ទន្លេសាប និងតំបន់ទំនាប ៦ភាគរយ ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនCBC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គុណភាពឥណទាននៅត្រីមាសទី៣ ឆ្នាំ២០២៥ បានធ្លាក់ចុះដល់ ៥,៦៩% ខណៈដែលត្រីមាសទី២ គឺមានត្រឹម ៥,៤១% ប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់ គឺ ៧១,០១ភាគរយ ខណៈដែលចំនួនអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាប គឺ២៨,៩៩ភាគរយ។
ក្នុងចំណោមអតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាង ៦០ភាគរយ មានគណនីកម្ចីតែមួយ។ បន្ទាប់មក ២៦,៧៦ភាគរយ មានគណនីពីរ ៨,៧៥ភាគរយ មានគណនីបី ហើយនៅសល់ ៣,៥៩ភាគរយ មានគណនីច្រើនជាងបី។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ បរិមាណឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុបទូទាំងប្រទេសបានកើនឡើង ៥,៧៦ភាគរយ ដែលច្រើនជាងកំណើនត្រីមាសទី២ ដែលមាន ៤,៧៥ភាគរយ។ការណ៌នេះបានធ្វើឱ្យចំនួនគណនីកម្ចីសរុបឡើងដល់ ២,៣២ លានគណនី។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា ការកើនឡើងនៃចំនួនឥណទានសងយឺតលើសពី ៩០ថ្ងៃ គឺដោយសារតែកត្តាគួបផ្សំមួយចំនួន រួមទាំងជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចពិភពលោក និងជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។
លោកបានពន្យល់ថា ជម្លោះព្រំដែនបានជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នករស់នៅតាមព្រំដែន ដោយធ្វើឱ្យអាជីវកម្មពួកគេត្រូវបានរំខានឬបាត់បង់ទាំងស្រុង ការថយចុះប្រាក់ចំណូលគ្រួសារ និងសមត្ថភាពចំណាយមានកម្រិត។
លោកមានប្រសាសន៍ថា៖ «កត្តាទាំងនេះហើយគឺជាមូលហេតុរួមគ្នា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋយើងជួបប្រទះនូវការធ្លាក់ចុះនៃប្រាក់ចំណូល។ ចំណែកឯអ្នកដែលរស់នៅតាមតំបន់ព្រំដែនវិញ គឺអាចនិយាយបានថា ពួកគាត់ស្ទើរតែបាត់បង់ប្រាក់ចំណូលទាំងស្រុងទៅហើយ»។
លោកបានកត់សម្គាល់ថា ផលប៉ះពាល់មិនត្រឹមតែទៅលើអ្នកដែលរស់នៅតាមបណ្ដោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើប្រជាជនដែលអាជីវកម្មរបស់ពួកគេពឹងផ្អែកលើសកម្មភាពពាណិជ្ជកម្មឆ្លងដែនផងដែរ ដូចជាអ្នកនាំចូលទំនិញពីប្រទេសថៃ ឬអ្នកលក់ទំនិញនៅក្នុងទីផ្សារថៃ។
លោកឱ្យដឹងដែរថា កត្តាមួយទៀតគឺការវិលត្រឡប់របស់ពលករចំណាកស្រុកមកពីប្រទេសថៃ ដែលមិនទាន់រកការងារធ្វើបាននៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមិនទាន់មានទិន្នន័យច្បាស់លាស់ដែលបង្ហាញពីការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ហានេះ និងការកើនឡើងនៃការខកខានសងបំណុលនោះទេ។
លោកបានរំលឹកថា កាលដែលកម្មករធ្វើការនៅប្រទេសថៃ ពួកគេអាចផ្ញើប្រាក់ទៅផ្គត់ផ្គង់គ្រួសាររបស់ពួកគេ រួមទាំងអាជីវកម្មរបស់ឪពុកម្តាយ និងស្រែចម្ការផងដែរ។
អ្នកស្រី លៀម សានឿត អាយុ ៤០ ឆ្នាំ ជាពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃដោយសារតែជម្លោះព្រំដែនកាលពីខែកក្កដា បាននិយាយថា អ្នកស្រីបានពន្យារពេលសងបំណុលចាប់តាំងពីខែកញ្ញាមក ដោយសារអ្នកស្រីនៅមិនទាន់ទទួលបានការងារធ្វើ ហើយវាមិនទាន់ដល់ពេលច្រូតស្រូវនៅឡើយទេ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសុំគេពន្យារ(បង់សងបំណុល)ព្រោះមកពីរកលុយបង់សងគេមិនទាន់។ [..] ជួនកាលអង្គការ ក៏មកដល់ផ្ទះហើយក៏សួរខ្ញុំដែរថាបង់ឱ្យគាត់ពេលណា ខ្ញុំក៏ថាចាំមើលពេលខ្ញុំបានចូលធ្វើការសិន។ ឥឡូវជិតដល់ថ្ងៃបង់ឱ្យគេទៀតហើយ ប៉ុន្តែស្រូវអីក៏មិនទាន់ច្រូតបានផង។ ខ្ញុំមិនដឹងថាបានអីបង់ឱ្យគេទេ»។
អ្នកស្រី សានឿត បានរំលឹកថា គាត់បានសម្រេចចិត្តស្វែងរកការងារធ្វើនៅប្រទេសថៃ ដើម្បីមានប្រាក់ចំណូលដើម្បីសងបំណុលសរុបចំនួន ១០លានរៀល (ប្រហែល ២ ៥០០ដុល្លារ) ដែលគាត់បានខ្ចីក្នុងឆ្នាំ២០២៤ ពីធនាគារចំនួនពីរ។ អ្នកស្រីបញ្ជាក់ថា ការប្រាក់តែមួយមុខគឺ ៥០០ ០០០រៀល (ប្រហែល ១២៥ដុល្លារ) ក្នុងមួយខែ។
អ្នកស្រីឱ្យដឹងដែរថា ពេលគាត់ទើបតែត្រឡប់មកពីប្រទេសថៃវិញដំបូង គាត់បានទៅធ្វើការនៅការដ្ឋានសំណង់មួយកន្លែងរយៈពេលមួយខែនៅទីក្រុងភ្នំពេញ ប៉ុន្តែក្រោយមកគាត់ក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យជាមួយស្វាមីវិញ ដោយសារតែមេការសំណង់បើកប្រាក់ឈ្នួលឱ្យគាត់តែពាក់កណ្ដាលនៃប្រាក់ខែដែលគាត់នឹងត្រូវទទួលបានចំនួនជាង២លានរៀល។ អ្នកស្រីបន្តថា ប្រាក់ត្រូវបានចំណាយលើការធ្វើដំណើរ ហើយនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះទុកសម្រាប់បង់សងការប្រាក់។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកធ្លាប់បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាមានការងារ ៣៤០ ០០០កន្លែង ត្រូវបានរកឃើញសម្រាប់កម្មករដែលបានវិលត្រឡប់មកពីប្រទេសថៃ រួមទាំងមុខតំណែងក្រៅផ្លូវការផងដែរ។
យោងតាមក្រសួងការងារ ពលករចំណាកស្រុកប្រមាណជាង ៩០០ ០០០ នាក់ត្រូវបានប៉ាន់ប្រមាណថា បានវិលត្រឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីជម្លោះព្រំដែន ខណៈដែលភាពមិនប្រាកដប្រជានៅតែបន្តកើតមាននៅក្នុងសេដ្ឋកិច្ចមួយដែលកម្មករជាង ៨៨% ធ្វើការក្នុងការងារក្រៅផ្លូវការ។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការ CENTRAL ជឿជាក់ថា អត្រាខ្ពស់នៃភាពអត់ការងារធ្វើក្នុងចំណោមពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ គឺជា «កត្តាចម្បង» ដែលរួមចំណែកដល់ការកើនឡើងនៃឥណទានសងយឺតលើសពី៩0ថ្ងៃ។
លោកបានប្រៀបធៀបករណីនេះទៅនឹងការរកឃើញនៅឆ្នាំ២០២៤ ដែលកម្មករជាង ៥០ភាគរយបានជំពាក់បំណុលរួចហើយ ប៉ុន្តែអាចសងបំណុលទាំងនោះវិញបានពីព្រោះពួកគេមានការងារធ្វើ។
យ៉ាងណាមិញនៅឆ្នាំនេះ ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ កម្មករចំណាកស្រុកប្រហែល ៩០០ ០០០ នាក់បានត្រឡប់មកវិញ ដោយមានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះដែលបានការងារធ្វើ។
លោកបានមានប្រសាសន៍ថា៖ «ការកើនឡើងនៃចំនួនអ្នកដែលសងយឺតហ្នឹង ឬក៏មិនអាចសងទាន់ពេលដែលខាងCBCរកឃើញ ខ្ញុំគិតថាអាចបណ្ដាលមកពីពលករដែលត្រឡប់មកវិញ ហើយគាត់អត់ទាន់មានការងារធ្វើគ្រប់គ្រាន់»។
លោកបានស្នើឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយព្យួរបំណុលដែលបានប្រកាសពីពេលកន្លងទៅ។
បើតាមលោក តុលា ឱ្យដឹងថា គោលនយោបាយនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ទោះបីជារដ្ឋាភិបាលបានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ដោយ លោកថាកម្មករបានរាយការណ៍ថាពួកគេមិនបានទទួលការអនុគ្រោះនេះទេ។ លោកបន្ថែមថា កង្វះសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុបានបណ្តាលឱ្យមានសម្ពាធលើពួកគេ។
ទាក់ទងនឹងការបង្កើតការងារ លោកបានផ្ដល់យោបល់ថា វិស័យកសិកម្មនឹងលើកទឹកចិត្តពួកគេទាំងនោះឱ្យងាកមកផ្តោតលើការធ្វើស្រែចម្ការជាជាងការធ្វើចំណាកស្រុកដើម្បីការងារ។
លោកបន្ថែមថា រដ្ឋាភិបាលអាចកែទម្រង់ ឬពិចារណាផ្តល់សម្បទានដីសង្គមកិច្ច ដូចជាដីស្រែ និងដីកសិកម្មសម្រាប់ការដាំដុះ និងដើរតួជាអ្នកសម្របសម្រួលដល់ការលក់ផលិតផលកសិកម្មទៅឱ្យក្រុមហ៊ុននាំចេញ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unemployed Returning Migrants Likely Behind Higher 90-Day Late Loan Repayment Rate in Third Quarter











