ពលរដ្ឋខ្មែរមួយចំនួននៅតែផ្សងគ្រោះថ្នាក់លួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃក្នុងរយៈពេលជិត៣ខែមកនេះ ទោះបីកម្ពុជា និងថៃនៅមានភាពតានតឹង ដោយសារសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរក៏ដោយ ហើយអាជ្ញាធរថៃបានចាប់ខ្លួនបានរាប់រយនាក់ នេះមិនទាន់គិតពីអ្នកដែលចាប់ខ្លួនមិនបានផងទេ។ យោងតាមមន្ត្រីអង្គការ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ដោយសារតែបំណុល ការពិបាករកការងារធ្វើនៅក្នុងស្រុក និងការងារក្នុងស្រុកទទួលបានប្រាក់ឈ្នួលទាបជាដើម។ល។ ត្រូវបានអ្នកនៅក្នុងវិស័យនេះលើកឡើងថា គឺជាដើមហេតុដែលនៅតែធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនបានផ្សងគ្រោះថ្នាក់ឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
បើតាម ព័ត៌មាន ពលករខ្មែរ ឆ្លងដែន បច្ចុប្បន្ននៅតែមានពលករខ្មែររាប់រយនាក់ទាំងស្រីទាំងប្រុសរួមទាំងកូនក្មេងផង នៅតែបន្តលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបានជាញឹកញាប់។ ក្នុងនោះកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា អាជ្ញាធរថៃខេត្តស្រះកែវ ចាប់បានពលករខ្មែរចំនួន៤នាក់ប្រុស២នាក់។ កាលពីថ្ងៃទី២៣ ខែកញ្ញាអាជ្ញាធរថៃចុះចាប់ពលករខ្មែរធ្វើការសំណង់ខុសច្បាប់ នៅខេត្តឈុនបុរីចំនួន២៣នាក់ និង កាលពីថ្ងៃទី២២កញ្ញាអាជ្ញាធរថៃនៅខេត្តស្រះកែវចាប់បានពលករខ្មែរចំនួន១៥នាក់ប្រុស៨នាក់។
បន្ថែមពីនេះកាលពីថ្ងៃទី១៧ ខែកញ្ញា អាជ្ញាធរថៃខេត្តស្រះកែវចាប់បានពលករខ្មែរចំនួន១២នាក់ប្រុស៦នាក់ស្រី៥នាក់ និងក្មេងតូច១នាក់។ កាលពីថ្ងៃទី១៣ ខែកញ្ញា អាជ្ញាធរថៃនៅខេត្តច័ន្ទបុរី ចាប់បានពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៩៦នាក់។ ថ្ងៃទី១១ ខែកញ្ញា អាជ្ញាធរថៃខេត្តស្រះកែវចាប់បានពលករខ្មែរចំនួន៩នាក់ និងកាលពីថ្ងៃទី៨កញ្ញាអាជ្ញាធរថៃខេត្តស្រះកែវចាប់បានពលករខ្មែរចំនួន៥០នាក់ ប្រុស៣៣នាក់ជាដើម។ ពលករខ្មែរទាំងនេះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេបានបង់ប្រាក់ឱ្យមេខ្យល់ក្នុងម្នាក់ចាប់ពី៦ពាន់ទៅ៧ពាន់បាត។
ជាមួយគ្នានេះហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួន១៣ នាក់ប្រុស៨នាក់ ត្រូវបានសមត្ថកិច្ចថៃខេត្តស្រះកែវចាប់ខ្លួនក្រោយពីត្រូវមេខ្យល់នាំឆ្លងដែនខុសច្បាប់ ។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ បានប្រាប់ សារព័ត៌មានខេមបូចា កាលពីថ្ងៃទី២៣ ខែកញ្ញាថា បើទោះបីជាជម្លោះព្រំដែនកម្ពុជា ថៃនៅតែស្ថិតនៅក្នុងភាពតានតឹងក្តី ក៏លោកសង្កេតឃើញមានពលរដ្ឋខ្មែរជាច្រើនដែលបានវិលត្រឡប់ទៅដល់កម្ពុជាវិញ មិនទាន់ទាំងបានប៉ុន្មានផង ក៏លួចឆ្លងដែនចូលមករកការងារធ្វើនៅក្នុងប្រទេសថៃវិញ។
លោកបន្តថា បើគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា អាជ្ញាធរថៃបានចាប់ពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់បានជាង ២៦០នាក់ ខណៈកាលពីអំឡុងខែកក្កដានិងសីហាចាប់បានប្រមាណ៧០០នាក់បើបូកសរុបទៅអាចដល់ជិត ១ ០០០នាក់។ នេះរាប់តែអ្នកដែលអាជ្ញាធរថៃចាប់ខ្លួនបានប៉ុណ្ណោះចុះអ្នកចាប់មិនបាន។
លោកបានថ្លែងថា៖ «ដោយសារនៅក្នុងប្រទេសថៃមានឱកាសការងារច្រើនជាងនៅកម្ពុជា មានប្រាក់ឈ្នួលខ្ពស់ជាង ម្យ៉ាងទៀតពលរដ្ឋខ្មែរទាំងនោះធ្លាប់រស់នៅក្នុងប្រទេសថៃច្រើនឆ្នាំឡើងស៊ាំ ហើយពលរដ្ឋដែលបានវិលត្រឡប់ទៅដល់ប្រទេសកម្ពុជាគឺមិនអាចស្វែងរកការងារធ្វើបានទើបពួកគេត្រឡប់មកថៃវិញ»។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានពីថៃនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវការណែនាំយ៉ាងតឹងរ៉ឹងបំផុតបន្ថែមទៀតដល់សមត្ថកិច្ចពាក់ព័ន្ធជាពិសេសនគរបាលនៅតាមច្រកព្រំដែនឱ្យរិតបន្តឹងឱ្យបានខ្លាំង ចំពោះការឆ្លងដែនបើទោះបីជាការឆ្លងដែននោះមានលក្ខណៈស្របតាមច្បាប់ក៏ដោយ។
ប៉ុន្តែ ទោះយ៉ាងណាលោក ទូច សុខៈ បានបញ្ជាក់ថា សមត្ថកិច្ចជួបការលំបាកក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដោយសារព្រំដែនកម្ពុជា និងថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ ឯកងកម្លាំងនគរបាលមានចំនួនតិចហើយភូមិសាស្ត្រនៅតាមព្រំដែនជាតំបន់ព្រៃភ្នំជ្រលងដងអូរ។
លោកបន្តថា បច្ចុប្បន្ននៅក្នុងប្រទេសថៃកំពុងតែខ្វះកម្លាំងពលកម្មហេតុដូច្នេះហើយថៅកែជនជាតិថៃបានទាក់ទងហៅប្រជាពលរដ្ឋខ្មែរឱ្យចូលទៅធ្វើការនៅប្រទេសគេ ប៉ុន្តែនៅពេលដែលពលរដ្ឋខ្មែរចូលទៅដល់ទឹកដីគេ គឺគេចាប់ ហើយផ្សព្វផ្សាយថា ខ្មែរយើងអត់ការងារធ្វើលួចឆ្លងកាត់ព្រំដែនខុសច្បាប់ទៅរកការងារធ្វើ ដើម្បីជាព្រួញបាញ់មករដ្ឋាភិបាលកម្ពុជាដើម្បីយកចំណេញនយោបាយ។
បន្ថែមពីនេះលោកថា៖ «យើងមានតែអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងយកស្មារតីស្នេហាជាតិជាធំ នៅពេលនេះយើងប្រមូលផ្តុំកម្លាំងរួមតែមួយនៅក្នុងប្រទេស ដើម្បីឱ្យកម្លាំងពលកម្មនៅក្នុងប្រទេសកាន់តែមានច្រើនបំពេញបាននូវច្រវាក់ផលិតកម្មបម្រើឱ្យរោងចក្រសហគ្រាសក្រុមហ៊ុនផ្សេងៗអាចបង្កើនផលិតកម្មធ្វើឱ្យសេដ្ឋកិច្ចយើងខ្លាំង ហើយកុំឱ្យសេដ្ឋកិច្ចនៃប្រទេសជិតខាងដែលជាសត្រូវនឹងយើងនោះ គឺគេប្រើប្រាស់កម្លាំងពលកម្មយើងដើម្បីពង្រឹងសេដ្ឋកិច្ចគេ ហើយធ្វើការវាយប្រហារលើកម្ពុជាយើងវិញ»។

ប៉ុន្តែយ៉ាងណាក្តីក្រសួងការងារកំពុងតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការងារដល់ពលករចំណាកស្រុកជាង៩០ម៉ឺននាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយអះអាងថា បច្ចុប្បន្នកម្ពុជានៅមានការងារជាង៨ម៉ឺនកន្លែងទៀត។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរលួចឆ្លងដែនទៅថៃដោយខុសច្បាប់ដែលអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ការជួញដូរនិងគ្រោះថ្នាក់ផ្សេងៗ។
លោក គន់ គូរ អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាលដែលពេលនេះនៅតែកំពុងបន្តធ្វើការនៅក្នុងចម្ការទុរេននៅប្រទេសថៃដោយទទួលបានប្រាក់ខែយ៉ាងតិច៣៥០ដុល្លារក្នុង១ខែ ហើយការហូបចុក និងស្នាក់នៅគឺជាបន្ទុករបស់ថៅកែ បាននិយាយថា លោកចង់វិលត្រឡប់មកស្រុកខ្មែរវិញណាស់ ប៉ុន្តែស្តាប់និងតាមដានព័ត៌មាន មានរឿងច្រើនណាស់នៅស្រុកខ្មែរដែលពិបាកសម្រេចចិត្ត ពីព្រោះលោកមានកាតព្វកិច្ចត្រូវចិញ្ចឹមកូនចិញ្ចឹមគ្រួសារ ដូច្នេះមានតែអត់ទ្រាំរស់នៅស្រុកថៃបណ្តើរគិតបណ្តើរសិន។ លោកបន្តថា មានអ្នកស្គាល់គ្នាមួយចំនួនបានវិលត្រឡប់ទៅដល់កម្ពុជាជាង២ខែហើយប៉ុន្តែអ្នកខ្លះមិនទាន់រកការងារបានធ្វើនៅឡើយទេ។
អតីតពលករទើបវិលត្រឡប់មកពីថៃបន្ទាប់ពីទៅធ្វើការនៅទីនោះជាង១០ឆ្នាំ គឺលោក ផន ផាណា រស់នៅស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅពេលនេះលោកទទួលបានការងារសំណង់ធ្វើនៅក្រុងប៉ោយប៉ែត។ លោក ផាណា ដែលចេះនិយាយនិងសរសេរភាសាថៃ កាលពីនៅធ្វើសំណង់នៅថៃលោកជាអ្នកម៉ៅការរៀបឥដ្ឋ បូក និងបិទការ៉ូ ដែលអាចរកប្រាក់ចំណូលប្រចាំខែបានពី៥ទៅ៦ម៉ឺនបាត គឺស្មើនឹង ១ ៤០០ ឬ ១ ៥០០ដុល្លារក្នុងមួយខែ។
ជាមួយគ្នានេះលោក ចន្ធូ រ៉ាវិណ ពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃបានឱ្យដឹងថា នៅពេលនេះលោកទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំង ខេត្តកោះកុង តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ។ លោកបានអំពាវនាវទៅដល់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបានការងារធ្វើសូមទាក់ទងរកការងារតាម NEA លេខទូរសព្ទ១២៩៧។
បើតាមលោក លឹង សុផុន ក្នុងចំណោមពលករខ្មែរជិត១លាននាក់ដែលវិលត្រឡប់ពីថៃទៅដល់កម្ពុជាវិញ អ្នកដែលទទួលបានការងារធ្វើអាចបានប្រមាណពី១៥ទៅ២០ភាគរយ។ ហេតុដូច្នេះហើយទើបពួកគាត់វិលត្រឡប់មករកការងារនៅក្នុងប្រទេសថៃវិញ ខណៈពលករភាគច្រើនជាប់កាតព្វកិច្ចត្រូវបង់សងបំណុល និងបញ្ហាជីវភាពគ្រួសារ។ បច្ចុប្បន្នប្រាក់ឈ្នូលអប្បរមារបស់កម្មករនៅក្នុងវិស័យកាត់ដេរនៅកម្ពុជាទទួលបាន២០៨ដុល្លារខណៈនៅក្នុងប្រទេសថៃទទួលបាន២៦០ដុល្លារ។
យ៉ាងណាក្តីហ្វេសប៊ុកឈ្មោះ អ្នកប្រមាញ់ ខាងលិច បានបង្ហោះសារប្រាប់ឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នដោយអះអាងថា សៀមប្រើល្បិចថោកទាបឱ្យថៅកែសៀម លួងលោមឱ្យពលករខ្មែរវិលត្រឡប់ទៅធ្វើការនៅសៀមវិញ ជាថ្នូរនឹងការឱ្យប្រាក់ខែខ្ពស់ជាងមុន តែពេលពលករទាំងនោះលួចឆ្លងដែនទៅវិញត្រូវបានយោធាសៀមចាប់ និងត្រូវខាតលុយអស់ប្រមាណ ៦ ០០០បាតក្នុងម្នាក់ឱ្យទៅឈ្មួញកណ្ដាលសៀម ហើយត្រូវអាជ្ញាធរសៀមផ្សាយថា ជាពលករខ្មែរឆ្លងដែនខុសច្បាប់។
ទាក់ទងនឹងបញ្ហាទីផ្សារការងារនៅកម្ពុជាលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ សារព័ត៌មានខេមបូចា កាលពីថ្ងៃទី២៤ ខែកញ្ញាថា ក្រសួងការងារមានយន្តការជួយប្រជាពលរដ្ឋឱ្យមានឱកាសការងារគ្រប់គ្រាន់ ខណៈកម្ពុជានៅសល់ការងារប្រមាណជាង៨ម៉ឺននាក់ទៀត។ ពលករដែលទើបត្រឡប់មកពីថៃ សូមទាក់ទងមកលេខ១២៩៧ ដើម្បីទទួលបានឱកាសការងារ។
លោកបានបន្តថា៖ «សូមបងប្អូនជ្រើសរើសឱកាសការងារក្នុងស្រុកសិនដោយសារការងារក្នុងប្រទេសយើងសម្បូរបែប និងទទួលបាននូវការថែទាំសុខភាព ទទួលបានប្រាក់សោធននិវត្តន៍នៅពេលដែលបងប្អូនចាស់ ប៉ុន្តែបើបងប្អូនទៅធ្វើការនៅប្រទេសថៃបងប្អូនមិនទទួលបាននោះទេ។ សូមបងប្អូនកុំទៅធ្វើការក្រៅស្រុកដោយមិនមានឯកសារជាក់លាក់ច្បាស់លាស់»។
បើតាមលោក មេសា គិតរហូតមកដល់ពេលនេះមានអតីតពលករខ្មែរមិនតិចជាង២២ម៉ឺននាក់ទេដែលទទួលបានឱកាសការងារតាមរយៈយន្តការនៃការផ្សព្វផ្សាយរបស់ក្រសួងការងារ វិស័យឯកជន និងសហជីព។ ទន្ទឹមនឹងនេះក៏នៅមានឱកាសការងារជាច្រើនផ្សេងទៀតដែលពួកគាត់ទទួលបាននៅក្នុងវិស័យសំណង់ដែលមានចន្លោះពី៥ម៉ឺនទៅ៦ម៉ឺននាក់ និងនៅតាមសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស។

កាលពីថ្ងៃទី២៣ ខែកញ្ញា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសផ្អាកការងារបណ្តោះអាសន្នចំពោះវីរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរងនៃវីរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។
សេចក្តីប្រកាសនេះមិនបានបញ្ជាក់ថាតើលោក ពៅ រិទ្ធី មានកំហុសអ្វីនោះទេ។ នៅត្រង់ប្រការ២នៃសេចក្តីប្រកាសនេះបញ្ជាក់ថា លោក ពៅ រិទ្ធី ត្រូវមកបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតដល់មានការសម្រេចជាថ្មី។ បើតាមហ្វេសប៊ុកមួយចំនួនរួមទាំងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធផងដែរ បានដាក់ការសង្ស័យថា ការផ្អាកការងារលោក ពៅ រិទ្ធី អាចជាប់ពាក់ព័ន្ធនឹងពលករខ្មែរលួចឆ្លងដែនទៅថៃខុសច្បាប់។
យ៉ាងណាក្តីលោក ទូច សុខៈ បានបញ្ជាក់ទាក់ទងនឹងករណីដែលក្រសួងមហាផ្ទៃសម្រេចផ្អាកការងារលោក ពៅ វុទ្ធី នេះថា គឺពាក់ព័ន្ធទៅនឹងការនាំទំនិញខុសច្បាប់ពីថៃចូលមកកម្ពុជាដែលក្បត់ពីមនសិការស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដែលចង់ឱ្យកម្ពុជាឈប់បម្រើសេដ្ឋកិច្ចថៃតទៅទៀត ដើម្បីទុកឱកាសនេះពង្រឹងផលិតផលក្នុងស្រុក។
លោកបន្ថែមថា៖ «បើយើងមិនធ្វើបែបនេះទេ គឺយើងនៅតែឱនក្បាល ឬក៏នៅតែក្រោមគេរហូត គេនៅតែប្រមាថមើលងាយរំលោភបំពានឈ្លានពានដីធ្លីរបស់យើង។ អ៊ីចឹងហើយបានសម្តេចតេជោលោកបញ្ជាក់ហើយថា ថៃបិទព្រំដែនបិទចុះបិទ១០០ឆ្នាំទៀតក៏កម្ពុជាមិនងាប់ដែរ ទំនិញថៃមិនចូលមកកម្ពុជា កម្ពុជាមិនប្រើទំនិញថៃក៏មិនខ្វះទំនិញប្រើប្រាស់ដែរ ក្នុងរយៈពេលដែលយើងជួបប្រទះជាង៣ខែមកនេះ យើងអត់ងាប់ទៅណាទេ យើងមិនចាំបាច់ត្រូវប្រើទំនិញរបស់បច្ចាមិត្តទេ»។
សារព័ត៌ខេមបូចា មិនអាចទាក់ទងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំធ្វើការបញ្ជាក់លើបញ្ហាពលរដ្ឋខ្មែរលួចឆ្លងដែនវិលត្រឡប់ទៅថៃវិញនេះបានទេនៅថ្ងៃទី២៤ ខែកញ្ញានេះ។ ប៉ុន្តែបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅតែមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃជារៀងរាល់ថ្ងៃនៅឡើយ។ ជាមួយគ្នានេះនគរបាលក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរដែលប៉ុនប៉ងលួចឆ្លងព្រំដែនចូលទៅថៃវិញតាមរយៈមេខ្យល់ដោយខុសច្បាប់ផងដែរ ដូចកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា នគរបាលស្រុកម៉ាឡៃបានឃាត់ខ្លួនពលរដ្ឋខ្មែរ២៨នាក់ដែលកំពុងបម្រុងលួចឆ្លងដែននៅចំណុចភូមិក្បាលទំនប់ ឃុំអូរសំព័រ។
ដើម្បីឱ្យពលរដ្ឋខ្មែរអាចរស់នៅ និងធ្វើការនៅក្នុងប្រទេសដោយមិនធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង លោក សុផុន បានផ្តល់ជាមតិថា រដ្ឋាភិបាលម្ពុជាគួររៀបចំឱ្យមានស្តង់ដារការងារល្អ ធ្វើឱ្យកម្មករទទួលបានប្រាក់ឈ្នួលសមរម្យ អាចរស់នៅបានក្នុងកម្រិតជីវភាពសមរម្យ។ បន្ថែមពីនេះ ក្រសួងការងារគួររៀបចំឱ្យមានឱកាសការងារថ្មីនៅក្នុងស្រុកឱ្យបានកាន់តែច្រើនដោយសហការ ឬក៏បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជនឱ្យបង្កើតរោងចក្រសហគ្រាសឱ្យបានច្រើន និងពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានកាន់តែច្រើន។ ក្រៅពីនេះក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាត្រូវរកទីផ្សារលក់កសិផលសម្រាប់កសិករឱ្យបានក្នុងតម្លៃសមរម្យផងដែរ។
ប្រសិនបើធ្វើដូច្នេះបាន លោក សុផុន ជឿថា ពលរដ្ឋខ្មែរប្រាកដណាស់នឹងមិនផ្សងគ្រោះថ្នាក់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃឃ្លាតចាកឆ្ងាយពីប្រពន្ធ ប្តី កូន ឪពុកម្តាយក្រុមគ្រួសារទៀតនោះទេ ហើយនៅពេលនោះជីវភាពពលរដ្ឋក៏បានប្រសើរឡើង សេដ្ឋកិច្ចជាតិក៏រីកចម្រើនផងដែរ៕










