ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយន់ (ប្រមាណ ២.៨ លានដុល្លារ) ដល់កម្ពុជា ខណៈបញ្ជាក់ជាថ្មីនូវការសន្យាផ្តល់ឱ្យភាគីកម្ពុជានូវ «ការគាំទ្រដ៏រឹងមាំ» សម្រាប់ការពារអធិបតេយ្យភាពនិងការកសាងក៏ដូចជាពង្រឹងសមត្ថភាពអភិវឌ្ឍន៍«ដោយម្ចាស់ការខ្លួនឯង» ។ ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគព្រមានអំពីការកើនឡើងនៃទំហំហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំងដែលគ្របដណ្តប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេស ក៏ដូចជាបញ្ហាបំណុល តម្លាភាព និងឯករាជ្យភាពរយៈពេលវែងផងដែរ។
ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតី លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលមានរយៈពេល ៣ ថ្ងៃ នៅទីក្រុងធានជីន ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។
អ្នកវិភាគនយោបាយបាននិយាយថា តួនាទីរបស់ចិនក្នុងការអភិវឌ្ឍន៍របស់កម្ពុជា គឺអាចមើលឃើញច្បាស់បំផុតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដែលផ្ទុយពីជំនួយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ជំនួយលោកខាងលិចជាទូទៅផ្តោតលើវិស័យសុខាភិបាល អប់រំ សង្គមស៊ីវិល និងកំណែទម្រង់ស្ថាប័ន។
លោក ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែសីហាថា៖ «ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន»។
លោក ស៊ី បានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងរបស់ចិនជាមួយកម្ពុជាក្នុងអំឡុងកិច្ចពិភាក្សា ដោយភាគីទាំងពីរបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។ លោកក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោកចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃចន្ទបាននិយាយថា ចិននឹងបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានទឹកប្រាក់ ១.៧ ពាន់លានដុល្លារ ដែលបានចាប់ផ្តើមសាងសង់នៅខែសីហាឆ្នាំមុន និងសហការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ជំនួយមនុស្សធម៌នេះនឹងគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនៅខែកក្កដា។ នេះបើយោងតាមការថ្លែងរបស់លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្ទាប់ពីត្រឡប់ពីប្រទេសចិនវិញ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ីន(Wang Wenbin ) បានបង្ហោះលើទំព័រហ្វេសប៊ុកថា ក្នុងអំឡុងជំនួបរបស់មេដឹកនាំទាំងពីរ ចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព«ការពារឯករាជ្យភាព និងសម្រេចបាននូវការអភិវឌ្ឍ និងការរីកចម្រើនជាថ្មី»។
សាស្រ្តាចារ្យ អៀ សុផល នៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) បានមានប្រសាសន៍ថា សាររបស់រដ្ឋាភិបាលចិនមានសារៈសំខាន់ផ្នែកនយោបាយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុង«គ្រាដ៏សំខាន់» នេះ ព្រោះសារនោះបង្ហាញពីការគាំទ្រកម្រិតខ្ពស់។ លោកបានបន្ថែមថា ការគាំទ្រនេះត្រូវបានលើកឡើងក្នុងន័យជួយកម្ពុជារក្សាស្ថិរភាព និងពង្រឹងឯករាជ្យភាព ដែលជួយគណបក្សកាន់អំណាចក្នុងការបង្ហាញអំពីតួនាទីជាអ្នកថែរក្សាប្រទេស ទោះបីជាកម្ពុជាកាន់តែពឹងផ្អែកលើចិនតាមក្រសែផ្នែកអន្តរជាតិក៏ដោយ។
អ្នកវិភាគនយោបាយជនជាតិខ្មែរ-អាមេរិកនេះបានលើកឡើងថា៖ «ការពិតគឺស្មុគស្មាញជាងនេះ។ ហិរញ្ញវត្ថុ និងការគាំទ្រផ្នែកការទូតរបស់ចិនមានសារៈសំខាន់ ប៉ុន្តែការពឹងផ្អែកខ្លាំងលើដៃគូតែមួយបានបង្រួមលំហគោលនយោបាយរបស់កម្ពុជា»។
លោក សុផល បានប្រាប់សារព័ត៌មានខេមបូចាថា ឯករាជ្យភាពពិតប្រាកដកើតចេញពីការធ្វើពិពិធកម្មទំនាក់ទំនង និងកំណែទម្រង់ផ្ទៃក្នុង ដោយចង្អុលបង្ហាញថា ការពឹងផ្អែកលើខ្លួនឯងចាប់ផ្តើមដោយការវិនិយោគលើប្រជាជន ការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ច ការកាត់បន្ថយអំពើពុករលួយ ការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលទ្ធកម្ម និងការជំរុញការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មដែលមានតម្លៃខ្ពស់។
នៅក្រោមផែនការកាត់បន្ថយថវិការបស់លោក ត្រាំ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានរំសាយ និងបញ្ចូលទៅក្នុងក្រសួងការបរទេស ដែលបណ្តាលឱ្យជំនួយជាច្រើនត្រូវបានលុបចោល រួមទាំងថវិការប្រមាណ ២៦០ លានដុល្លារសម្រាប់កម្ពុជាផងដែរ។ ការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងការជួយសង្គ្រោះជនរងគ្រោះដែលជាប់ក្នុងបណ្តាញឧស្សាហកម្មបោកប្រាស់នៅកម្ពុជា ដែលបានជួញដូរមនុស្សប្រមាណ ១៥ម៉ឺននាក់។
លោកបានមានប្រសាសន៍ថា ខណៈដែលសហរដ្ឋអាមេរិកបានលុបចោលការផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិនៅកម្ពុជាដែលទាក់ទងទៅនឹងអភិបាលកិច្ច និងសិទ្ធិស៊ីវិល បែរជាកម្ចីបែបអនុគ្រោះ និងគម្រោងពាណិជ្ជកម្មរបស់ចិនកើនឡើងជំនួសវិញ។
លោក សុផល បានបន្តថា៖ «ថវិកាពីចិនអាចជួយបំពេញចំនួនថវិកាដែលបាត់បង់ពីលោកខាងលិច ក្នុងចំនួនណាមួយ តែវាមិនមានសមត្ថភាពជំនួសឱ្យមូលធនសិទ្ធិមនុស្ស និងគ្រឹះស្ថាប័នដែលជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍យូរអង្វែងបានឡើយ»។
អតីតនាយិកា USAID លោកស្រី Samantha Power ជិះតុកតុកឆ្លងកាត់ការិយាល័យមួយដែលមានស្លាកសញ្ញា USAID នៅខេត្តសៀមរាប ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជាក្នុងខែតុលា ឆ្នាំ២០២៤។ (រូបថត៖ USAID Cambodia)
គិតត្រឹមឆ្នាំ២០២៤ បំណុលដែលកម្ពុជាជំពាក់បរទេសមានប្រមាណ ៤ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះ ចិនគឺជាម្ចាស់បំណុលធំជាងគេ ដោយកាន់កាប់មួយភាគបីនៃបំណុលសាធារណៈសរុប។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមីនាថា ចំនួនកម្ចីនេះស្មើនឹងមួយភាគដប់នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
អ្នកអត្ថាធិប្បាយនយោបាយ លោក រ៉ូ វណ្ណៈ បានលើកឡើងថា ចិនជាវិនិយោគិនផ្ទាល់បរទេសដ៏ធំបំផុតសម្រាប់កម្ពុជា ដែលជួយដឹកនាំសម្របសម្រួលរវាងចិន និងដៃគូផ្សេងទៀត។ ទោះបីជាវានាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងក៏ដោយ ក៏មានហានិភ័យនៃ «ការពឹងផ្អែកហួសហេតុ» ដែលអាចកើតមានបំណុល ការរំពឹងទុកផ្នែកនយោបាយ និងទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពកាន់តែលេចច្បាស់ឡើង។
លោកបានបន្តថា៖ «ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា»។ លោក វណ្ណៈ បានបន្ថែមថា៖ «ជាការពិតណាស់ ការគាំទ្ររបស់ចិនបានកើនឡើងជំនួសឱ្យការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកមកកម្ពុជាថ្មីៗនេះ ទោះបីជាមិនមែនជាការជំនួសដោយផ្ទាល់ក៏ដោយ»។
លោកបានកត់សម្គាល់ថា ការគាំទ្ររបស់ចិនបានបំពេញចន្លោះប្រហោងដែលបន្សល់ទុក ដោយការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ទោះបីជាមិនមែនជាការជំនួសដោយផ្ទាល់ក៏ដោយ។
លោក សុផល បាននិយាយថា បន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកការផ្តល់មូលនិធិសម្រាប់សកម្មភាពបោសសម្អាតមីន និងសុខុមាលភាពកុមារនៅដើមឆ្នាំ២០២៥ ទីក្រុងប៉េកាំងបានចូលមកផ្តល់ជំនួយឥតសំណងសម្រាប់ការបោសសម្អាតមីន រួមទាំងឧបករណ៍ និងការបណ្តុះបណ្តាល និងកម្មវិធីស្តីពីការអក្ខរកម្ម និងអាហារូបត្ថម្ភរបស់កុមារ។ លោកបន្តថា ទោះបីជាជំនួយទាំងនេះមិនមានទំហំធំដូចការវិនិយោគរបស់ USAID ពីមុនក៏ដោយ ក៏ចិនបង្ហាញជំនួយទាំងនោះជា«ភស្តុតាង» បញ្ជាក់ថាទីក្រុងប៉េកាំងអាចបំពេញចន្លោះខ្វះខាតជំនួយដែលបន្សល់ដោយសហរដ្ឋអាមេរិកបាន។

កាលពីខែមីនាកន្លងទៅ ចិនបានសហការជាមួយអង្គការ UNICEF និងកម្ពុជាដើម្បីជួយកុមារងាយរងគ្រោះនៅតំបន់ដាច់ស្រយាល និងខ្វះខាត ដោយផ្តោតលើទារក កុមារពិការ កុមារដែលខ្វះអាហារូបត្ថម្ភ និងជនជាតិភាគតិច។
ទន្ទឹមនឹងនេះ ចិននៅតែបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ និងគំនិតផ្តួចផ្តើមថាមពលស្អាតជាដើម។ លោក វណ្ណៈ បានបន្តថា៖ «ចិនបានដោះស្រាយបញ្ហាខ្វះខាតថវិកាភ្លាមៗប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងគម្រោងដែលអាចមើលឃើញ និងមិនមានលក្ខណៈនយោបាយ [ទោះបីជា] កម្ពុនៅតែបន្តជួបប្រទះកង្វះខាតការគាំទ្រសម្រាប់លទ្ធិប្រជាធិបតេយ្យ និងកិច្ចខិតខំប្រឹងប្រែងលើសិទ្ធិមនុស្ស»។
លោកបានបង្ហាញថា ប្រភពមូលនិធិសំខាន់ៗគឺសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ផ្លូវថ្នល់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ផ្លូវរថភ្លើង វារីអគ្គិសនី ផ្លូវល្បឿនលឿន និងឧទ្យានឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេស (SEZs) ក៏ដូចជាប្រាក់កម្ចី«ដែលអនុគ្រោះ»ដល់កម្ពុជាផងដែរ។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់)បានលើកឡើងថា ជំនួយរបស់ចិនមិនអាចជំនួសមូលនិធិរបស់សហរដ្ឋអាមេរិកបានទេ ដែលអាមេរិកមិនត្រឹមតែគាំទ្ររដ្ឋប៉ុណ្ណោះទេ ថែមទាំងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។
លោកបានបន្តថា៖ «ខ្ញុំមិនអាចចាត់ទុកថាជំនួយរបស់ចិនថាជាការជំនួសជំនួយរបស់សហរដ្ឋអាមេរិកបានទេ ពីព្រោះការគាំទ្ររបស់សហរដ្ឋអាមេរិកបានទៅដល់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិលផងដែរ» ដោយកត់សម្គាល់ថាជំនួយរបស់ចិនភាគច្រើនត្រូវបានទៅគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក បានមានប្រសាសន៍ថា ជំនួយរបស់ចិនបានផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋ ហើយវាមិនបានពង្រីកការគាំទ្រដល់សិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យទេ។ លោកបន្ថែមថា៖ «ប្រទេសចិនមិនមែនជាប្រទេសប្រជាធិបតេយ្យដូចកម្ពុជាទេ ហើយយើងក៏មិនដែលឃើញប្រទេសនេះផ្តល់ជំនួយដើម្បីពង្រឹងស្ថាប័នប្រជាធិបតេយ្យនោះដែរ»។
លោក សុខា បានបន្តថា ជំនួយបរទេសគឺមានសារៈសំខាន់ ប៉ុន្តែបានព្រមានថា កម្ពុជាត្រូវថ្លឹងថ្លែងលក្ខខណ្ឌដែលភ្ជាប់ជាមួយនឹងការផ្តល់មូលនិធិបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ខ្លួន។ លោកបន្ថែមថា៖ «កម្ពុជាគួរតែពង្រីកកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ»។
អ្នកវិភាគបានកត់សម្គាល់ថា ប្រទេសចិនរក្សាតុល្យភាពភាពជាដៃគូជិតស្និទ្ធជាមួយកម្ពុជា និងផលប្រយោជន៍ទូលំទូលាយសម្រាប់ស្ថិរភាពក្នុងតំបន់ ដោយគាំទ្រទីក្រុងភ្នំពេញផ្នែកការទូត ខណៈពេលដែល«ជំរុញដោយស្ងៀមស្ងាត់»ឱ្យមានការអត់ធ្មត់ និងការចរចា។ វិធីសាស្រ្តនេះជួយរក្សាលំនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដោយមិនចាំបាច់ឱ្យទីក្រុងប៉េកាំង«ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះផ្ទៃក្នុងអាស៊ាន» នោះទេ។
លោក វណ្ណេៈ បានបន្តថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធ [របស់ចិន] ជាមួយកម្ពុជា ផ្តល់ឱ្យទីក្រុងភ្នំពេញនូវការគាំទ្រផ្នែកការទូត និងសន្តិសុខផ្លូវអារម្មណ៍ដែលអាចជះឥទ្ធិពលលើវិធីសាស្រ្តរបស់ខ្លួនចំពោះប្រទេសថៃ»។
ទន្ទឹមនឹងនេះ ផលប្រយោជន៍ធំធេងរបស់ចិនក្នុងការរក្សាស្ថិរភាពតំបន់ជាពិសេសការការពារពាណិជ្ជកម្ម និងគម្រោងខ្សែក្រវ៉ាត់និងផ្លូវ ធ្វើឱ្យចិនសម្ងំគាំទ្រការអត់ធ្មត់ និងការចរចា ជាជាងការធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ។ លោក បានបន្ថែមថា វត្តមានរបស់ចិនដើរតួជាកត្តាជួយរក្សាស្ថិរភាព ដែលជួយកាត់បន្ថយជម្លោះដ៏យូរអង្វែង។
ចិនបានផ្តល់ជំនួយមនុស្សធម៌ដើម្បីសម្រាលបន្ទុករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយសារភាពតានតឹងនៅតាមព្រំដែន ខណៈដែលជប៉ុនបានផ្តល់ជំនួយ ១.៨ លានដុល្លារ និងសហភាពអឺរ៉ុបបានផ្តល់ជំនួន ៧០០ ០០០ អឺរ៉ូ (ប្រមាណ ៨១៦ ០00 ដុល្លារ) ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ និងការគាំទ្រផ្លូវចិត្ត។ ទោះបីជាមិនមានជំនួយផ្ទាល់ពីរដ្ឋាភិបាលក៏ដោយ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិតាមរយៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង UNICEF។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានខេមបូចាទេ។
នៅក្នុងសារអ៊ីមែលឆ្លើយតបមកសារព័ត៌មានខេមបូចា អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលមានទំនាក់ទំនងទ្វេភាគីជាមួយគ្នាជាង៧៥ឆ្នាំមកហើយ ដើម្បីជំរុញចក្ខុវិស័យរួមសម្រាប់«តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព វិបុលភាព សន្តិសុខ និងភាពធន់» ដោយផ្តោតលើកិច្ចសហការយោធា និងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយសម្រាប់វិស័យសុខាភិបាល និងការលុបបំបាត់ជំងឺឆ្លង ដូចជាជំងឺគ្រុនចាញ់ ព្រមទាំងសកម្មភាពបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយហៅខ្លួនឯងថាជា «ម្ចាស់ជំនួយបោសសម្អាតមីនដ៏ធំបំផុត» នៅកម្ពុជា ជាមួយនឹងទឹកប្រាក់ជាង ២២០ លានដុល្លារតាំងពីឆ្នាំ១៩៩៣។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបន្តថា៖ «នៅឆ្នាំនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ ១២ លានដុល្លារ ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់គ្រួសារខ្មែរ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបើកដីថ្មីដែលបានបោសសម្អាតមីនរួចរាល់សម្រាប់សកម្មភាពកសិកម្ម និងទេសចរណ៍»។
អាមេរិកក៏ចង់ឃើញបទឈប់បាញ់នៅតែបន្ត និងប្រែក្លាយជាសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែង ដោយកត់សម្គាល់ថា ប្រធានាធិបតី ត្រាំ និងរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ (Marco Rubio )រំពឹងថា កម្ពុជា និងថៃ នឹងគោរពការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបញ្ចប់ជម្លោះនេះ។
ស្ថានទូតអាមេរិក បានបញ្ជាក់បន្ថែមថា៖«យើងបន្តគាំទ្ររដ្ឋាភិបាលម៉ាឡេស៊ីដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីធានាឱ្យមានការគោរពលក្ខខណ្ឌបទឈប់បាញ់ និងដាក់ចេញយន្តការត្រួតពិនិត្យដែលដឹកនាំដោយអាស៊ាននៅតាមបណ្តោយព្រំដែនទាំងសងខាង»។
ស្ថានទូតចិននៅរាជធានីភ្នំពេញមិនបានឆ្លើយតបទៅនឹងសំណួររបស់ខេមបូចាទេ៕
ប្រែមស្រួលពីអត្ថបទភាសាអង់គ្លេស៖ China Pours in $2.8M Aid for Border Affected Families, Reiterates Support for Cambodia to be Self-reliant










