សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​ផ្ទុកមេរោគ​អេដស៍​ឃុំ​រកា​ត្រូវរងការរើសអើង និងប្រឈមមុខគ្មានការងារធ្វើ

អ្នកស្រី ប៉ូ សាលឿន ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ (រូបភាព៖ គង់ ស្រីរ័ត្ន)
អ្នកស្រី ប៉ូ សាលឿន ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ (រូបភាព៖ គង់ ស្រីរ័ត្ន)

រកា គឺជាឈ្មោះភូមិមួយ ស្ថិតនៅក្នុងឃុំរកា នៃស្រុកសង្កែ ខេត្តបាត់ដំបង។ ភូមិនេះ ក្រៅពី​ហ៊ុំព័ន្ធ​ទៅ​ដោយ​ដំ​ណាំ​​ហូប​ផ្លៃ ដែលលម្អដោយពណ៌បៃតងខៀវខ្ចី ស្ទើរគ្រប់រដូវកាលហើយ ក៏មាន​អូរធម្មជាតិ​ហូរកាត់​ខ្វែងខ្វា​ត់​ដោ​យ​អ​ន្លើ​រ ដែលស្ទើរតែបង្កើតភូមិនេះ ឱ្យក្លាយជាកូនកោះមួយ នៅលើទីវាលទំនាបយ៉ាង​ដូច្នោះដែរ។ នៅ​ពេល​ដែ​ល​​ខ្យល់ជំនោរបក់មកម្តងៗ ​មាន​អារម្មណ៍​ថា ត្រជាក់ និងរំភើប​​រីករាយ។ ប៉ុន្តែ ជាអកុស​លប្រវត្តិ​នៃ​​ភូ​មិ​នេះ មិនមែន​គួរឱ្យរំភើប ដូចទិដ្ឋភាព​ដែល​បានឃើញនោះឡើយ។ តាមពិតទៅ ទីនេះ​ហើ​យ​ដែល​​គេ​ស្គា​ល់គ្រប់គ្នាថាជាភូមិ​ដែល​មានអ្នកឆ្លង និងផ្ទុកមេរោគអេដស៍ ស្ទើរគ្រប់ខ្នងផ្ទះ ដោយមិនដឹ​ង​ខ្លួ​ន​​។

ក្រោយឆ្លងប្រភេទ វីរុសនេះ អ្នកភូមិរកាមិនត្រឹមតែត្រូវរស់នៅដោយប្រឈមមុខ ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំងត្រូវរងការរើសអើង ទាំងនៅក្នុងសហគមន៍ និងតំបន់ក្រៅៗទៀត​ផង។​ អស់រយៈពេល​ជា​ច្រើ​ន​ឆ្នាំ និងត្រូវរស់នៅជាមួយនឹងជំងឺអេដស៍នេះ កញ្ញា កុសល ផល្លី បានប្រឹង​ជម្នះភាពអៀនខ្មាស់របស់ខ្លួន ហើ​យ​​ត្រូវបង្ខំចិត្តចាកចេញទៅសហគមន៍ខាងក្រៅ ដើម្បី​ស្វែង​រក​ការងារធ្វើ ព្រោះតែជីវភាពខ្វះមុខខ្វះក្រោយ នៅ​​ក្នុ​ង​​គ្រួសារ។

អង្គុយ​បត់​ជើង​លើ​កន្ទេល​ក្រោម​ផ្ទះ​ ក្បែរ​ម្ដាយ​ចាស់​ជរា​ ផល្លី​ ​​ រៀប​រាប់​​ក្នុងទឹកមុខស្រងូតស្រងាត់ ហើយ​ពោ​ល​ថា រូបនាង​ធ្លាប់​ព្យាយាម​រក​ការងារ​ធ្វើ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ រហូត​ទទួល​ដូច​បំណង​​។ ​​តែ​សំណាង​មិន​​ល្អ ការងារដែលនាងរកបានទាំង៣ទីតាំងនោះ ពុំ​បានផ្តល់ឱកាស​ឱ្យ​នាង​ធ្វើ​បានយូរ និងរក​ចំ​ណូ​​ល​បា​ន​ឡើយ។ ​ពី​មួ​​យ​​ទៅ​​មួយ នាងត្រូវថៅកែបញ្ឈប់ជាបន្តបន្ទាប់ ក្រោយ​ដឹង​ថា​ខ្លួនកំពុងរស់​នៅជាមួ​យ​នឹ​ងជំ​ងឺ​អេ​​ដ​​ស៍។ ​

ជា​អ្នកលក់អង្ករ ឱ្យហាងមួយកន្លែង​នៅក្នុងរាជធានីភ្នំពេញ ដែលជាការងា​រលើកដំបូងរ​ប​ស់​ ផ​ល្លី ក៏ត្រូវជួបការខកចិត្ត។ នាងធ្វើបានតែមួយថ្ងៃ ក៏ត្រូវថៅកែហាងអង្ករបញ្ឈប់ពីការងារ​ភ្លា​ម​ៗ និ​ង​ដាក់​ឱ្យ​រូ​ប​នាងនៅឆ្ងាយពីអ្នករស់នៅជុំវិញខ្លួននៅ​ពេ​លដឹងថា ផល្លី រស់នៅជាមួយនឹងជំងឺដែល​រងការរើស​អើ​ង​នេះ​​​។

ប្រភពបន្ត​ថា៖​ «បាយ​គេ​​អត់​ចង់​ឱ្យ​យើង​ហូប​ជា​មួយ​ទេ​ គេ​ឱ្យ​យើង​ទៅ​ផ្សេង​ គ្រាន់​តែ​ដឹងថ្ងៃ​ត្រង់​ហ្នឹង​គេ​ឱ្យ​យើង​ទៅ​អង្គុយ​កន្លែង​ផ្សេង​ ល្ងាច​ឡើង​ដាំ​បាយ​ហើយ​ អី​ហើយ​ដួស​បាយ​ឱ្យ​យើង​តែ​មួយ​ចាន​​ [ហូប] នៅ​មុខ​តូបគេ»។

ដោយជីវភាពបង្ខំ និងត្រូវរស់នៅដោយខ្វះមុខក្រោយផង ផល្លី ត្រូវស្វែងរកការងារធ្វើថ្មី​ទៀត។ ការងារ​ទី២​របស់​នា​ងលើកនេះ ហាក់បានយូរជាងមុនបន្តិច ដោយចាយពេលរហូតបាន១ឆ្នាំ មុន​នឹង​ត្រូវថៅកែ​បញ្ឈ​ប់​​ជាថ្មីទៀត។ ជា​កម្មការិនី​រោង​ចក្រស្បែកជើងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ​ដែរ ផល្លី រៀបរាប់ថា លើកនេះ​ក៏​មិ​ន​​ខុសពីលើកមុនប៉ុន្មានឡើយ ក្រោយពេលដឹងថារូបនាងរស់នៅ​ជាមួយនឹងជំងឺអេដស៍ ភាគីរោងចក្រ​ក៏ចា​ប់​រកលេសបញ្ឈប់នាង​ពីការងារសាជាថ្មី​ទៀត។ នាង​និយាយថា​ ក្រោយ​ដឹង​ថា​ខ្លួនកំពុងរស់នៅជាមួយ និង​មេ​​រោគ​អេដស៍​ហើយ មនុស្សនៅជុំវិញខ្លួន​រួម​ទាំងក្រុមការងារក៏ចាប់ផ្តើមបង្ហាញការរើសអើងភ្លាមដែរចំ​ពោះ​​​​​​នាង នៅ​ពេ​​​ល​នោះ​​​។ ក្នុង​ទឹក​មុខ​ស្រពោន និងសំដីហាក់ទច់នឹងអ្វីម្យ៉ាង ដែលមិនចង់ឱ្យនាងនិយា​យចេ​ញ​​មក ​ផ​ល្លី​ ក៏រៀបរាប់​ដោយ​ក្តីអស់សង្ឃឹមថា​ការរើសអើ​ង​​​ពី​​​សង្គម​នេះ​ បានធ្វើឱ្យរូបគេ​មាន​ការ​ពិបាក​ចិត្ត​ បា​ក់​​ទឹក​ចិត្ត​ និង​អស់​កម្លាំង​ចិត្ត​ មិន​ហ៊ាន​ទៅ​រក​ការងារ​ធ្វើ​បន្ត​ទៀត​ទេ​ ព្រោះ​មុន​នឹង​ក្រោយ​កញ្ញា​នឹង​ត្រូវ​គេ​ប​ញ្ឈ​ប់​​ពី​ការងារ​​ដដែល​។

ប្រភពបន្ត​ថា​ «និយាយ​ទៅ​វា​ពិបាក​ក្នុង​ការ​ទៅ​ធ្វើ​ការ​ ពេល​ខ្លះ​ខ្លួន​ឯង​គិត​ថា​ចង់​ទៅ​រក​ការងា​រផ្សេង​ធ្វើ​ដែ​ តែ​គិត​ថា​បើ​ទៅ​ទៀត​គង់​តែ​ថ្ងៃ​ណា​មួយ​គេ​ដឹង​ទៀត​ យើង​អត់​បាន​ធ្វើ​ការ​ ពេល​ខ្លះ​តូច​ចិត្ដ​នឹង​ខ្លួន​ឯង​ ខំ​ប្រឹង​រក​ប៉ិន​ហ្នឹង​ហើយ​ នៅ​តែគេ​ដឹង​ឮ ​ហើយ​គេ​ដេញ​យើង​ចេញ​»។

កំពុងអង្គុយ​ក្នុង​អង្រឹង​ក្រោម​ផ្ទះ​ ក្បែរ​រទេះរុញ​​ ស្របពេលដែល​ព្រះទិន្នករចេះតែបង្អោនរ​ស្មីចុះទាប​ទៅ​បន្តិ​ច​ម្ត​ងៗ អ្នក​ស្រី​ លឹ​ម​ លឿន ដែល​ត្រូវ​ជា​ម្ដាយ​របស់​ កញ្ញា ​ផល្លី ឱ្យដឹងថាអ្នក​ស្រី​បានធ្លាក់​ខ្លួន​​ពិការ​រយៈ​ពេល​២​​​ឆ្នាំ​មក​ហើ​​យ។ ហើយការដែល​អ្នក​ស្រី​ធ្លាក់​ខ្លួន​ពិការ​ទាំង​ស្រុង​នេះ​ ដោយ​សារ​​អ្នក​ស្រី​ក្រឡាប់​រទេះ​ ហើយគួប​ផ្សំ​នឹងអ្នកស្រី​កំ​ពុង​រស់​នៅ​​ជា​​មួយនឹង​ជំងឺ​អេដស៍ថែមទៀត​ផងក៏​អម្រែក​​នៃគ្រួសារទាំងមូលត្រូវធ្លាក់​ទៅ​​​​លើកូនស្រីតែម្តង ជាអ្នករាប់រង និង​ទទួលរែក​ពុនតែ​ម្នាក់​ឯង​។

ស្ថិតក្នុងវ័យ​​ជរា​ និង​ពិការ​ជើង​ផង​នោះ​ អ្នកស្រី លឹម លឿន ដឹងទៀតថានៅ​ក្នុង​គ្រួសារ​របស់​អ្នក​ស្រី​មា​​នអ្ន​កដែលកំពុងរស់នៅជាមួយនឹងជំងឺអេដស៍នេះ​ចំនួន​ ២នាក់ ​គឺ​អ្នក​ស្រី​ និង​កូន​ស្រី​របស់​អ្នក​ស្រីនេះ​ហើយ​។

កំពុងរៀបរាបពីខ្សែជីវិតដែលអ្នកស្រី អះអាងថា គ្មានអ្នកណាផ្សេងដែលអាចជួយរក​ចំណូល​បាន​ក្រៅ​ពីកូ​ន​​ស្រី​ម្នាក់នេះ ទឹកភ្នែកក៏ចាប់ផ្តើមហូរកាត់ផែនផ្ទាល់ទាំងសង្ខាង របស់អ្នកស្រី ហើយ​ពោល​ថា ក្នុងនា​មជា​ម្តា​យ ដែលជើងរបស់អ្នកស្រីមិនអាចធ្វើចលនាបាន និងត្រូវរស់នៅ​ដោយពឹងផ្អែក​ទាំងស្រុងលើ​រទេះរុញ​ពេញ​មួ​យ​ជីវិតនេះ ​ក្រោយដឹងថាកូនស្រីរបស់ខ្លួន ត្រូវគេរើសអើស​នៅខាង​ក្រៅដូច្នេះ អ្នកស្រីបង្ហាញនូវ​អារម្មណ៍​អាណិត​អាសូរ​ដល់​កូន​អ្នក​ស្រី​ជា​ពន់ពេក​ ដែលមិន​គួរ​ជួប​រឿងអកុសល​បែប​នេះ​ទាំង​វ័យ​ក្មេង​ ហើយ​មិន​បា​ន​​​​​សាងកំហុស​អ្វី​សោះ​តែ​​ត្រូវមក​ទទួលរងថ្មបាកដោយ​ការ​រើស​អើង​ពី​សង្គម​បែប​នេះ​ទៅ​វិញ​។

អ្នក​ស្រី​និយាយ​ថា​ «ខ្ញុំ​អាណិត​កូន​មួយ​នឹង​ណាស់​ អាណិត​កូន​ ព្រោះ​ថា​គ្នា​មិន​ដឹង​អី​សោះ​ ដូច​ថា​យើង​បាន​សប្បាយ​ លេង​សើច​អី​យើង​អត់​តូច​ចិត្ដ​ទេ​»។

អ្នកស្រី លឹម លឿន ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ខេត្ដបាត់ដំបង (រូបភាព៖ គង់ ស្រីរ័ត្ន)

រកា គឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង៦ របស់ឃុំរកា ស្ថិតនៅ​ក្នុងភូមិសាស្រ្តស្រុកសង្កែ នៃ​ទឹកដី​​​ខេត្ត​​បាត់​ដំប​ង​។ នៅពេលណា គេនិយាយដល់ភូមិរកានេះ ប្រា​ក​​ដណាស់ នរណាៗ​ក៏ដឹង​ដែរ​ថា អ្នកស្រុក​ដែ​លរ​ស់នៅ​ក្នុង​​សហគមន៍មួយ​​នេះ ពួកគេភាគច្រើនណាស់កំពុង​រស់នៅជាមួ​យ​នឹ​ង​ជំងឺអេដស៍។ ប៉ុន្តែ ក្នុង​ចំ​​ណោ​ម​ភូ​មិទាំ​ង៦នេះ គឺ​មា​ន​​តែភូមិរកាមួយទេ ដែលមានអ្នក​ឆ្លង​មេរោគអេដស៍ តាមរយៈការចាក់ម្ជុល​ព្យា​បា​​​​លជំងឺ​​រួម​គ្នា​​តែមួ​យ​​​នេះ​​ច្រើនជាងគេ។ របាយការណ៍ពី​មន្រ្តី​​ពេ​ទ្យបង្អែករកា បង្ហាញថា អ្នកភូមិ​រកាជិ​ត២​០​០​​​​នា​ក់ហើយ ដែលកំពុ​ង​​តែ​​​រស់​នៅ​​ជា​មួ​យនឹងមេ​រោគអេដស៍នេះ​។ ហើ​យ​បើ​​ធៀ​​បនឹង៥ភូមិផ្សេងទៀត នៃឃុំ​រ​កា​​​នេះ គឺភូមិរកា​នេះ​​ហើ​យ​ ដែ​ល​ជួ​ប​រឿងអកុសលធ្ងន់ធ្ងរជាងគេ កាលពីជាង១០ឆ្នាំមុនមកនោះ។

កំពុង​អង្គុយ​លើ​កៅអីជ័រ​ ក្បែរអង្រឹង នៅ​ក្រោម​ផ្ទះ​ ​អ្នក​​ស្រី ​​ឆុញ​ ភើយ ម្នាក់ទៀតដែលអះអាងថា អ្នកស្រី​​ក៏​មាន​វា​​​ស​នា​​មិន​ខុសពីអ្នកផ្សេងទៀតដែរនោះ លើកឡើងថា ក្នុងចំណោមសមាជិក​គ្រួសារ​ទាំង៨​នាក់​រប​ស់​អ្ន​ក​ស្រី គឺមាន២នាក់ហើយដែលកំពុងរស់នៅជាមួយនឹងជំងឺអេដស៍ មកទល់នឹង​សព្វថ្ងៃនេះ។ និយាបណ្តើរ និងប្រឹងបង្ហាញស្នាមញញឹមលាយឡំនឹងទឹកភ្នែករលីងរលោង​ដក់ជាប់​រង្វង់ភ្នែក​ទាំងសង្ខាងបណ្តើរ អ្នក​ស្រី​ ភើយ បញ្ជាក់ថា រូបគេពិត​ជាបារម្ភ​ពី​អនាគត​ និង​សុវត្ថិភាព​កូនស្រ្តី នៅពេលដែលសង្គមខាងក្រៅ នៅ​​តែ​បន្តរើសអើងអ្នករស់នៅជាមួយនឹងមេរោគអេដស៍​បែបនេះ​។ មកដល់ត្រង់នេះ អ្នកស្រី ភើយ ប្រឹងញ​ញឹម​ទាំ​​ងទឹកមុខស្រពោន ក្នុងចិត្តហាក់បង្កប់ពីក្តីឈឺចាប់ រួចនិយាយថា អ្វីដែលធ្វើឱ្យ​ខ្លួនអ្នកស្រីបារម្ភ​បំផុត​នោះ​ គឺ​ខ្លា​​ចកូនស្រីរបស់ខ្លួនគិតខ្លី ដោយឈប់​ប្រើប្រាស់ថ្នាំពន្យារជីវិតនេះតទៅទៀត។

អ្នកស្រីបន្ត​ថា​ «ប្រសិន​បើ​យើង​ទៅ​ គេ​ធ្វើ​តេស្ដ​បើ​អត់​ឃើញ​យើង​អាច​ធ្វើ​ យើង​អាច​ចូល​ធ្វើ​ក្នុង​ការងារ​គេ​បា​ន​​ ប៉ុន្តែ​ប្រសិន​ជា​ឃើញ​ក៏​កូន​អត់​បាន​ធ្វើ​ដែរ​ ប៉ុន្តែ​ចិត្ដ​របស់​ខ្ញុំ ​ខ្ញុំ​អត់​ចង់​ឱ្យ​កូន​ខ្ញុំ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទេ ​ដោយ​សារ​ខ្ញុំ​​ខ្លាច​គាត់​នៅ​ក្មេង​គាត់​ខ្លាច​គាត់​បោះ​បង់​ថ្នាំ​ចោល​ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​អត់​មាន​អ្នក​ជួយ​ផ្ដល់​ប្រឹក្សា​ ជួយ​ថាដាស់​តឿន​អី​ឱ្យ​លេប​ថ្នាំ​លេប​អីចឹង​ណា​ហាស​»។

ក្នុងនាមជាអ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍ និង​ជា​តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុង​សហគមន៍​ ​អ្នក​​ស្រី ​​ឆុញ​ ភើយ ឱ្យដឹងថា ​បច្ចុប្បន្ន​អ្នក​​ដែលកំពុងរស់នៅជាមួយនឹងជំងឺអេដស៍​មាន​វ័យ​ចំណាស់​ដូច​ពួ​ក​គាត់​មិន​ដឹ​ង​​​រក​ស៊ី​​អ្វី​ទេ។​ ចំណែក​ក្មេងៗ​វិញ​ពេល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​តែង​ទទួល​រងនូវ​​ការ​រើសអើង​ពី​មនុស្ស​​​​​​​ជុំវិញ​ខ្លួនជាដរាប​​។

អ្នកស្រី ឆុយ ភើយ ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥ (រូបភាព៖ គង់ ស្រីរ័ត្ន)

ជុំវិញសាវតា នៃការឆ្លងមេរោគអេដស៍នេះ អ្នកភូមិបានប្រាប់តៗគ្នាថា គឺផ្តើមចេញពីពេទ្យឯកជន​ម្នាក់ ដែ​ល​ប្រ​កបការងារជាពេទ្យនៅក្នុងភូមិ។ ដោយគ្មានជម្រើស ហើយកាលពីជាង១០ឆ្នាំមុន​នៅ​ក្នុង​​សហគមន៍​រកា​នេះ​ ខ្ស​ត់​​ពេទ្យផង ណាមួយផ្លូវចេញចូលទៅទីរួមខេត្តក៏ជួបការលំបាកថែមទៀត អ្នកភូមិក៏ពឹងពាក់​ពេទ្យឈ្មោះ ញ៉ែម ជ្រិន ​ដែលមើលទៅចេះដឹងជាងគេ​​​ឱ្យ​​ជួ​​​យចា​ក់​ថ្នាំ​ និង​ព្យាបាល​តពីមួយ​ទៅមួយ​។ ប៉ុន្តែជាអកុលល​ គ្រប់គ្នាពិតជាមិននឹក​ស្មានដល់ថា ពួកគេត្រូវទទួលយកកម្ម​ដាក់​​ខ្លួន​បែបនេះសោះឡើយ។ក្រៅពីនេះ ពេទ្យ ញ៉ែម ជ្រិន ក៏អាចឱ្យអ្នកជំងឺជំពាក់ថ្លៃព្យាបាលបាន​យូរថ្ងៃថែមទៀត ហេតុនេះគឺជាក្តីសង្ឃឹមតែមួយគត់ ស​ម្រា​​ប់​ស​​​ហគ​មន៍រកានេះ កាលពី​ជាង១០ឆ្នាំ​មុន​។ ពេលខ្លះ បើគ្រួសារណាដែលមានជីវភាពខ្វះ​មុខខ្វះ​ក្រោ​យ​​ខ្លាំង​ ថ្លៃព្យាបាល ពេទ្យតម្រូវ​ឱ្យ​បង់​សេវាត្រឹមពាក់កណ្តាលក៏មាន។ នេះគឺជាហេតុផល ដែលនាំឱ្យអ្នកភូមិ ត្រូវឆ្លងជំងឺអេដស៍នេះច្រើន ចូលទៅក្នុងសហគមន៍។

ផ្ទុះលោក ញ៉ែម ជ្រិន ដែលនៅមិនឆ្ងាយប៉ុន្មានពីសាលាឃុំរកា សព្វថ្ងៃនេះ ត្រូវបោះបង់ចោល គ្មាន​មនុ​ស្ស​រស់​នៅ។ ស្ថានភាពផ្ទះ បានប្រែប្រួលពីឈររឹងម៉ាំ ទៅជាសភាពទ្រុឌទ្រោម ហើយ​ផ្នែក​ខ្លះ​ត្រូវ​ពុកដោយអន្លើ និង​ហ៊ុំព័ន្ធទៅដោយ​ព្រៃឈើ​ស៊ុ​ប​ទ្រុ​បពីមុខ និងពីចំហៀងផ្ទះ។ អ្នកភូមិ​និយាយ​ថា ក្នុងពេលពេទ្យ ញ៉ែម ជ្រិ​ន ដើរព្យាបាលនៅឡើយ គឺតែងតែពោលពាក្យដោយប្រយោល ប្រាប់​អ្នកជំងឺ​ថាបន្តិចទៀត សហគមន៍​រកា​នេះ នឹងមានអ្នកឆ្លងមេរោគអេដស៍ពេញភូមិហើយ។

ប៉ុន្តែ​ពលរដ្ឋ​និយាយដូចៗគ្នាថា ហាក់មិនចាប់​អារម្ម​ណ៍​នឹ​ង​សំដីរបស់លោកគ្រូពេទ្យម្នាក់នេះទេ។ ហើយ​ថែមទាំងយល់​ឃើញថា ពេទ្យចេះតែនិយា​យលេងជាមួ​យ​នឹ​ង​​អ្នកជំ​ងឺ​​ប៉ុណ្ណោះ​ ដែលមិនអាចនឹង​ក្លាយ​ទៅជាការពិតនោះឡើយ។

អតីត​តំណាង​សហគមន៍ ​ដែលរស់នៅជាមួយនឹង​មេរោគអេដស៍អស់រយៈពេលជាង១០ឆ្នាំមកហើយ ​នៅ​ភូមិ​រកា​ អ្នក​ស្រី​ ប៉ូ ​សាលឿន​ ​រៀបរាប់​ថារូបនាងពិតជាមាន​ការ​ព្រួយ​បារម្ភ​ជា​ពន់ពេកចំពោះ​ជោគ​វាសនា​កូន​របស់ខ្លួន​ទៅថ្ងៃអនាគត។ ណាមួយ ខ្លា​ច​​កូន​គិត​មិន​បាន​វែង​ឆ្ងាយ​ បាក់​ទឹក​ចិត្ត​ បោះ​បង់​​ខ្លួន​ឯង​ បញ្ឈប់​ការ​ព្យាបាល​ ឈប់​ប្រើប្រាស់​ថ្នាំ​នេះ​បន្ត​ទៀត​ ដោយសារ​តែ​ផល​រំខាន​របស់​ថ្នាំ​ និង​កត្តា​ផ្លូវ​ចិត្ត​របស់​កូន​ថែម​ទៀ​ត​​។ និយាយដល់ត្រង់នេះ ហាក់មានអ្វីម្យ៉ាងដែលធ្វើឱ្យ​ទឹកភ្នែក​របស់ សាលឿន ចាប់ផ្តើមរមៀលធ្លាក់​ចុះតាម​ផែ​ន​ថ្ពាល់​ទាំង​គូររ​បស់​នា​ង​មិនឈប់។និយាយបណ្តើរ យូរៗគេសង្កេតឃើញ នាងយកដៃជូតទឹកភ្នែក ដែ​ល​​​ចេះតែបន្តហូរចុះបណ្តើរ រួចនិយាយថា ក្នុង​គ្រួសារ​របស់អ្នកស្រី មានសមាជិក៣នាក់ហើយ ដែលរស់នៅ​ជា​មួយនឹងជំងឺអេដស៍។ តែម្តាយក្មេក បានលាចាកលោកទៅតែប៉ុន្មានឆ្នាំបន្ទាប់ ក្រោយ​ឆ្លងជំងឺ​នេះ​។​ ស​ព្វ​​ថ្ងៃ នៅស​ល់​​​តែ​អ្នកស្រី និងកូនស្រីទេ ដែលត្រូវរស់នៅជាមួយនឹងជំងឺអេដស៍។ កូនអ្នកស្រី បានឆ្លង​ជំ​ងឺ​​នេះ តាំង​ពី​នាងមានអាយុ២ឆ្នាំមកម៉្លេះ ក្រោយទទួលសេវាព្យាបាលពីគ្រូពេទ្យ ញ៉ែម ជ្រិន។

បើតាមអ្នកស្រី ប៉ូ សាលឿន អ្វីដែលធ្វើឱ្យរូបនាងខ្វាយខ្វល់បំផុតនោះ គឺបារម្ភខ្លាច​អនាគត​កូន​របស់​អ្នក​ស្រី​នៅ​ពេល​នាង​ធំ​ដឹង​ក្ដី​អាច​ប្រឈម​ការ​អត់​ការងារ​ធ្វើ​ គ្មា​ន​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ មាន​ជីវភាព​លំបាក​ បើ​សិន​ការ​រើសអើង​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​អ្នករស់នៅជាមួយនឹងជំងឺ​មេរោគអេដស៍​។ ភាពភ័យខ្លាចនេះ គឺ​ហាក់​បានដក់ជាប់នៅនឹងអារម្មណ៍របស់អ្នកស្រីជានិច្ច មិនថាពេលដើរ ដេក ឈរ អង្គុយនោះទេ បើ​ទោះ​បី​កូ​ន​​​អ្នក​ស្រី​មា​ន​​ចំណេះ​ដឹង​ និង​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​យ៉ាង​ណា​ក៏​ដោយ​។

ប្រភពបន្ត​ថា ​«ខ្ញុំ​នៅ​តែ​គិត​ច្រើន​ ខ្លាច​កូន​គិត​ខ្លី​ដោយសារ​គ្នា​ស្រី​ហើយ​អា​បញ្ហា​ប្រើប្រាស់​ថ្នាំ​វា​នៅ​ ជួល​កាល​កូន​ខ្ញុំ​អាច​ឈប់​លេប​ថ្នាំ​ខ្ញុំ​អត់​ដឹង​ ខ្ញុំ​ភ្លេច​តាម​ដាន​កូន​ ឈប់​លេប​មែន​ មេរោគ​អាច​ឡើង​ដល់​ជិត​១ម៉ឺន​ ខ្ញុំ​អត់​ដឹង​ថា​កូន​ឈប់​លេប​ដោយ​សារ​កូន​លេប​វា​ចេះ​តែ​ក្អួត​។ បារម្ភ​ខ្លាច​ដល់​ពេល​តិច​ទៀត​ទៅ​វា​នៅ​មាន​តែ​កា​រ​រើសអើង​ អ្នក​ផ្ទុក​មេរោគ​ហ្នឹង​ ជួន​កាល​យើង​រក​​ការងារ​ធ្វើ​ពិបាក​ដែរ​ ដូច​ឥឡូវ​ធ្លាប់​មាន​អ្នក​ខ្លះ​សូម្បី​តែ​យើង​ទៅ​បម្រើ​ការ​នៅ​តាម​ផ្ទះ​អញ្ចឹង​ គេ​ដឹង​ថា​យើ​ង​​មាន​មេរោគ​ ក៏​គេ​អត់​ទទួល​ដែរ​»។

ហាក់ផ្ទុយពីការបារម្ភរបស់អ្នកភូមិនេះនេះបន្តិច លោក ​អ៊ូច​ វុទ្ធី​ ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា​ លើ​ក​​ឡើង​ថា​ អ្នកកំពុង​រស់​នៅ​ជាមួយនឹង​មេរោគអេដស៍​ពួក​គេសព្វថ្ងៃនេះ សង្កេតឃើញថា​ការ​រើស​អើង​ហាក់​កាត់​បន្ថយ​បាន​ច្រើ​​នជាងមុន​ ព្រោះ​តាម​ស្ថិតិ​ពិភព​លោក​ បច្ចុប្បន្ន​បាន​ចាត់​ទុក​ជងឺ​នេះ​ជា​ជងឺ​ទូទៅ​ធម្មតា​ទៅ​​​ហើយ​។ ការ​យក​ចិត្ដ​ទុក​ដាក់​ និង​លើក​ទឹក​ចិត្ដ​ពួកគាត់​ក្នុង​ការ​រស់​នៅ​គឺ​ជា​ការ​ចាំបាច់​ដូច​ជា​ ការ​ទទួល​បា​ន​របប​អាហារ​គ្រប់គ្រាន់​ ហូប​ស្អាត​ ផឹក​ស្អាត​ រស់​នៅ​ស្អាត​  ដើម្បី​ឱ្យ​ពួក​គាត់​មាន​សុខ​ភាព​ល្អ​ និង​កម្លាំង​មាំ​មួន​។

លោក​បន្ត​ថា​៖ «ពិភព​លោក​គេ​អត់​ឱ្យ​មាន​ការ​រើសអើង​ទេ​ គេ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ហើយ​និង​លើក​ទឹ​ក​​ចិត្ដ​គាត់​ក្នុង​ការ​រស់​នៅ ​ទី​១​ គឺ​របប​អាហារ​គឺ​ជួយ​គាត់​ជាប់​ជា​និច្ច​ ទី​២ ​ការ​រស់​នៅ​ស្អាត​ ផឹក​ស្អាត ​ហូប​ស្អាត​​នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ជីវិត​យូរ​អង្វែង​ ទី​៣​ គាត់​ត្រូវ​ស្ដាប់​ការ​ផ្ដល់​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ជងឺឆ្លង​ដូច​ខ្ញុំ​លើក​ឡើង​ខាង​ដើម​អំបាញ់​មិញ​ចឹង​ ទី​៤ ​គាត់​ត្រូវ​តែ​ចេះ​ថែរក្សា​ខ្លួន​កុំ​ដើរ​លេង​ហួស​កម្លាំង​ កុំ​ធ្វើ​ការ​ហួស​កម្លាំង​អត់​ងងុយ​ត្រូវ​ឱ្យ​មាន​ដំណេក​ឱ្យ​បាន​គ្រប់គ្រាន់​កន្លែង​នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ជងឺអេដស៍​មិន​អាច​ធ្វើ​បាប​ ហើយ​មិន​អាច​ឱ្យ​គាត់​ចុះ​ទ្រុឌទ្រោម​បាន​ឡើយ​»។

មន្ទីរពេទ្យបង្អែក រកា ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ គង់ ស្រីរ័ត្ន)

ដោយឡែក របាយការណ៍របស់មន្ទីរពេទ្យបង្អែក រកា ខេត្តបាត់ដំបង បង្ហាញថា មក​ដល់​ចុង​ខែ​មេសា​ ឆ្នាំ​២០២៥នេះ​ អ្នក​ឃុំ​រកា​ដែលកំពុងរស់នៅជាមួយនឹង​មេរោគអេដស៍​ និង​អ្នក​ឆ្លង​ថ្មី​មក​ពី​សហគមន៍​ខាង​ក្រៅ​​​ទាំង៦ភូមិ សរុប​មាន​ ២៧​០​​​នាក់​។ តួលេខនេះ បើគិតពីការឆ្លងដែ​លរកឃើញអំឡុងពេ​ល​ផ្ទុះជាលើ​កដំបូ​ង កា​លពីឆ្នាំ២០១៤ គឺមានចំ​នួន​ជាង២៨៨​ នាក់។ ក្នុងចំណោមនោះ គឺមាន​បុរស​ចំនួន​១១០នាក់ និងស្រ្តី​ចំនួ​ន ​១៧៨នាក់។ ជុំវិញករណីនេះ លោក ញ៉ែម ជ្រិន គឺជាគ្រូពេទ្យតែម្នាក់​គត់ ដែលគេរកឃើញថាជាភ្នាក់ងារ​ដែ​ល​​ចម្ល​ង​មេរោ​គ​​អេដស៍នេះចូលសហគមន៍ ត្រូវ​បាន​សាលាដំបូងខេត្តបាត់ដំបងផ្តន្ទាទោស​ឱ្យ​ជាប់គុក ២៥​ឆ្នាំ ក្នុង២០១៥ ហើយឆ្នាំ២០១៧ ត្រូវបានសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងខេត្ត និងនៅឆ្នាំ​២០១៩ តុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។

ចំណែក មេ​ឃុំរ​កា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ អ្នក​ស្រី​ ស៊ឹម​ ពៅ​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ឃុំ​រកា​ ដែល​មា​ន​​ផ្ទុក​មេរោគអេដស៍​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​ដោយសារ​ប្រជាពល​រដ្ឋ​​ដែល​រស់នៅជាមួយនឹង​មេរោគអេដស៍​ទាំង​​នោះ​តម្រូវ​ឱ្យ​មាន​ការ​តាម​ដាន​ពិនិត្យ​សុខភាព​ និង​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ​ មិន​អាច​ខក​ខាន​បាន​ឡើយ។

អ្នក​ស្រី​បន្តថា៖​ «មូល​ហេតុ​ដែល​គាត់​មិន​ធ្វើ​ការ​នៅ​ក្រៅ​ ទី​មួយ​ គាត់​ខ្វះ​ថវិកា​ធ្វើ​ផាសស្ព័រ​ (Visa) ​ទី​ពីរ​គាត់​ប្រើប្រា​ស់​ថ្នាំ​ទៀង​ទាត់​រាល់​ខែ​ កាល​ណា​គាត់​ទៅ​ចំណាក​ស្រុក​ទៅ​ប្រទេស​ក្រៅ ​គាត់​អាច​ជួប​បញ្ហា​ដែរ​ទីមួយ​ប្រ​ឈ​ម​​គាត់​បើក​ថ្នាំ​ហួស​កំណត់​ មិន​អាច​តាម​កាល​កំណត់​របស់​គាត់​ទេ​ ឧទាហរណ៍​ថា​បើក​កន្លះ​ខែ​ ពិបាក​ទៅ​មក​ទៅ​មក ​»។

យ៉ាងនេះក្តី មន្ត្រី​បញ្ចូល​ទិន្នន័យ​ ប្រចាំ​មន្ទីរ​ពេទ្យ​បង្អែក​រកា​ ខេត្ត​បាត់ដំបង​ កញ្ញា​ សុប​ ម៉ាស់​ទីណា ​បង្ហាញ​ថា​ ករណី​ឆ្លង​ពី​សហគមន៍​ដែល​បាន​ផ្ទុក​មេរោគអេដស៍​នៅ​ឃុំ​រកា​ មិន​មាន​ការ​កើន​ឡើង​ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ​ ពី​ម្ដាយ​ទៅ​កូន​ ឬ​ពី​ប្ដី​ប្រពន្ធ​ ដោយ​សារ​ពួក​គាត់​បាន​ប្រើប្រាស់​សេវា​ ART​ និង​ធ្វើ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ ហើយ​ប្រើប្រាស់​ថ្នាំ​បាន​ទៀងទាត់​។ ដោយឡែក ​អត្រា​អ្នក​​រស់នៅជាមួយនឹង​​ជំងឺអេដស៍​ តាមរយៈការធ្វើ​ចំណាក​ស្រុក​ និង​មិន​សូវ​បាន​មក​ទទួល​សេវា​ ART​ បាន​ដិត​ដល់​ មាន​ប្រហែល​ ១៥%​ទេ ក្នុងចំណោម​អ្នក​ឆ្ល​ង​​​​សរុបនៅក្នុងសហគមន៍​។

កញ្ញា​បន្តថា៖ ​«បច្ចុប្បន្ន​នឹង​គឺ​សូម្បី​តែ​ប្ដី​ប្រពន្ធ​ រស់​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​ក៏​អត់​ឆ្លង​ដែរ​ កូន​ក៏​អត់​​ឆ្លង​ដែរ​ »​។

បើតាម កញ្ញា​ សុប​ ម៉ាស់ទីណា​​ សេវា​ ART​ (Antiretroviral Therapy) នេះគឺ ​ជា​ការ​ព្យាបាល​ដោយ​ឱសថ​ប្រ​ឆាំ​ង​មេរោគអេដស៍​ ដែល​សេវា​នេះ​ជួយ​កាត់​បន្ថយ​មេរោគ​ HIV​ ក្នុង​ឈាម​ឱ្យ​ទាប​ជាង​មុន​ប្រសិន​បើ​មាន​ការ​ប្រើប្រាស់​ថ្នាំ​បាន​ទៀងទាត់​ និង​ធ្វើ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ វា​អាច​ជួយ​មិន​ឱ្យ​ឆ្លង​ដល់​អ្នក​ផ្សេង​បាន​ និង​​ជួយ​ពន្យារ​អាយុ​ជីវិត​របស់​អ្នក​ដែល​មាន​ផ្ទុក​មេរោគអេដស៍​។

រីឯ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​ និង​កាម​រោគ​ លោក​វេជ្ជបណ្ឌិត​ អ៊ុក​ វិជ្ជា​ ប្រាប់​ថា​ ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​មេរោគអេដស៍​ត្រូវ​តម​មិន​រួម​​ភេទ​ ស្មោះ​ស្មគ្រ័​ដៃ​គូ​មួយ​ទល់​នឹង​មួយ​ ការ​ប្រើប្រា​ស់​​ស្រោម​អនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ជាប់​ជា​និច្ច​ កុំ​ប្រើប្រាស់​សឺរ៉ាំង​​ម្ជុល​​រួម​គ្នា​​ សម្ភារៈ​មុត​ស្រួច​រួម​គ្នា​ ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឹព​ (PrEP) ដែលជាថ្នាំ​​បង្ការ​ព្យាបាល​អេដស៍​ក្រោយ​ការ​ប្រព្រឹត្ដ​ប្រឈម​មុខ​នឹង​មេរោគអេដស៍​ឱ្យ​បា​​ន​​មុ​ន​​​រយៈពេល​ ៧២​ម៉ោង​។ លោក​បន្ត​ថា​ អ្នក​​រស់នៅជាមួយនឹង​មេរោគ​អេដស៍​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេ​ល​វេ​លា​​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ​ដែល​នាំ​ឱ្យ​ងាយ​ឆ្លង​រោគ​ឱកាស​និយម​មួយ​ចំនួន​ដូច​ជា​ រាគ​រូស​ រលាក​សួ​ត​ របេង​ និងមហា​រីក​ជា​ដើម​។

លោក​បន្ដ​​ថា៖​ «ក្នុង​ករណី​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​បាន​ឆាប់​រហ័ស​ទេ​​ អ្នក​ផ្ទុក​មេរោគអេដស៍​អាច​ប​ង្ក​​ផល​ប៉ះ​ពាល់​សុខ​ភាព​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ ​និង​ផ្តល់​ឱកាស​ឱ្យ​ជំងឺ​ឆ្លង​ជា​ច្រើន​កើត​ឡើង​នៅ​ពេល​ប្រ​ព័​ន្ធ​​​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយសារ​មេរោគអេដស៍​បំផ្លាញ​ នោះ​អ្នក​​ផ្ទុក​មេរោគអេដស៍​ និង​ងាយ​ឆ្លង​រោគ​ឱកាស​និ​យ​ម​ផ្សេងៗ​ មាន​ដូច​ជា រោគ​សើ​ស្បែក​ ជំងឺ​រាគ​រូស​​ ជំងឺ​រលាក​សួត​ របេង​ មហា​រីក​ និង​ផ្សិត​ក្នុង​ខួរ​ក្បាល​ ។​ល​។ »។

លោក​វេជ្ជបណ្ឌិត​ អ៊ុក​ វិជ្ជា​ បញ្ជាក់ថា គិត​ត្រឹម​ត្រី​មាស​ទី១​ ឆ្នាំ​២០២៥​នេះ មាន​អ្នក​រស់​នៅ​ជាមួយ​មេរោគអេដស៍​មាន​ចំនួន​ ៧០ ៦​៥​៤​នាក់​ ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រ​ឆាំង​នឹង​មេរោគអេដស៍​នៅ​ទូទាំង​ប្រទេស​។ ទន្ទឹងនឹង​នេះ កម្ពុជា​ក៏មាន​ការ​ថយ​ចុះ​អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ពី​ ៤៧ ០០០​​ករណី​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ឆ្នាំ​ ២០​០​​៣​ មក​នៅ​ត្រឹម​ ១ ០០០​ ករណី​ក្នុង​ឆ្នាំ​​២០២៤​។​

ក្រៅពីនេះ មេរោគអេដស៍​អាច​ឆ្លង​បាន​តាម​រយៈ​សារធាតុ​រាវ​សរីរាង្គ​មួយ​ចំនួន​ រួម​មាន​ឈាម​ ទឹកកាម​ សារធាតុ​រាវ​ពី​ក្នុង​គូថ​ ទ្វារ​មាស​ និង​ទឹក​ដោះ​ម្តាយ​។ មេរោគអេដស៍​ជា​ទូទៅ​ឆ្លង​តាម​ការ​រួម​ភេទ​ (តាម​ទ្វារ​មាស​ ឬ​តាម​គូថ​) តាម​រយៈ​ពី​ម្តាយ​ទៅ​ទារក​ និង​ការ​ប្រើ​ម្ជុល​សឺរ៉ាំង​រួម​គ្នា​។

ត្រឡប់មករក កញ្ញា ​​កុសល​​ ផល្លី​​ ឯណេះវិញ កញ្ញា​ចង់​ឃើញ​ភាគី​ពាក់ព័ន្ធ​ជួយ​អ្នក​ផ្ទុក​ជំងឺអេដស៍​ក្នុង​ឃុំ​​រកា​ ដូច​ជា​ការ​បើក​​បង្រៀ​ន​​ជំនាញ​​វិជ្ជាជីវៈ​ផ្សេង​ៗ​ និង​ការ​ផ្ដល់​ដើម​ទុនខ្នាតតូច និងធម្យម ដើម្បីបើក​ផ្លូវ​អា​​​​ចជួយឱ្យពួកគេ ប្រកបអាជីវកម្មបានទៅតាមជំនាញ។ បើធ្វើដូចនេះ វានឹងអាច​បញ្ចៀស​បាន​ពីការ​រើ​​​ស​អើ​ង​ និង​បញ្ឈ​ប់​ការ​មាក់​ងាយ​​​ចំពោះ​អ្នក​រស់នៅជាមួយ​ជំងឺ​អេដស៍ នៅក្នុងឃុំរកាបាន​៕

អត្ថបទនេះ ផលិតក្រោមគម្រោងរយៈពេលខ្លី ដែលអនុវត្តដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមការគាំទ្ររបស់Diakonia។ គម្រោងនេះ ផ្តល់ការគាំទ្រដល់សិក្ខាកាមផ្នែកសារព័ត៌មាន ចុះអនុវត្តយកព័ត៌មាន និងផលិតអត្ថបទសារព័ត៌មាន ក្រោមការណែនាំរបស់គ្រូបង្គោលរបស់CCIM។

ព័ត៌មានថ្មី

អត្ថបទពេញនិយម