សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ចិនគាំទ្រកម្ពុជាលើវិស័យយោធា ដើម្បីចូលរួមលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងលោក តុង ជុន រដ្ឋមន្រ្តីការពារជាតិចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ (រូបភាពពីហ្វេសប៊ុក លោ ទៀ សីហា)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងលោក តុង ជុន រដ្ឋមន្រ្តីការពារជាតិចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ (រូបភាពពីហ្វេសប៊ុក លោ ទៀ សីហា)

កិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ភាគីចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស ។ យោងតាមរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា បានលើកឡើង។

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦  លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ទៀសីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងលោក តុង ជុន រដ្ឋមន្រ្តីការពារជាតិចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។

កិច្ចសន្ទនានេះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នា ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ  កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

លោកទៀសីហា បានលើកឡើងក្នុងហ្វេសប៊ុកផេករបស់លោកថា លោកជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោក ទៀ សីហា បានថ្លែងថា៖ «កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ»។

លោក ទៀ សីហា បានបន្ថែមថា៖ «ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២២ ខែមេសា បាន​ឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់ និងសកលលោក។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា «២+២» ទៅជា «៣+៣» ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ»។

សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្តជំរុញឱ្យមានលទ្ធផលជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី និង លោក វ៉ាង យី រួមជាមួយ លោក តុង ជុន បានពិភាក្សាអំពីការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម ជាដើម។

លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក វ៉ាង យី លោក តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់រវាងកម្ពុជា-ថៃ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម