សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាជ្ញាធរទប់ស្កាត់​ស្រ្តី​ខ្មែរ​ជិត​២០០​នាក់ ​មិន​ឱ្យ​ធ្វើ​ដំណើ​​​រទៅក្រៅប្រទេស ​ដោយ​សង្ស័យថា​ត្រូវគេជួញ​ដូរ​

អ្នក​ដំណើរ​កំពុង​ដើរ​ក្នុង​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ​​ ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥​។​(ខេមបូចា/ព្រីង​ សំរាំង)​​
អ្នក​ដំណើរ​កំពុង​ដើរ​ក្នុង​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ​​ ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥​។​(ខេមបូចា/ព្រីង​ សំរាំង)​​

ស្រ្តី​ខ្មែរ​ជិត​២០០​នាក់​ត្រូវ​បាន​​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ក្នុង​ឆមាសទី១​ឆ្នាំ​២០២៦ ដោយ​អាជ្ញាធរ​បាន​សង្ស័យ​ថា​អ្នក​ទាំង​នោះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជួញ​ដូរ​មនុស្ស​។ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​​ក្នុង​សប្ដាហ៍​នេះ​។​

អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ លោក សុខ វាសនា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ ថាអាជ្ញាធរ​បាន​ទប់ស្កាត់​​មនុស្ស​ជិត​​៤០០​នាក់ មកពី​២២​ប្រទេស​​មិន​ឲ្យ​ចាកចេញពី​កម្ពុជា​ក្នុង​អំឡុង​ពេល​នោះ ដោយមាន​អ្នក​ខ្លះ​កំពុង​ជាប់បណ្ដឹង អ្នក​ខ្លះ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​របស់​សមត្ថកិច្ច ឬ​អ្នក​ខ្លះ​ត្រូវ​អាជ្ញាធរ​សង្ស័យ​ថាកំពុង​ប្រមូល​មនុស្ស​តាម​រយៈ​រូបភាព​បោកប្រាស់​។​

លោក​បានថ្លែងថា៖ ​«​ស្រ្តី​ [ខ្មែរ] ជិត​២០០​នាក់ជាប់​សង្ស័យ​ថា​​ត្រូវ​គេ​បោក​ប្រាស់​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​រកការងារ​ធ្វើ ឬរៀប​ការ»។​

លោក​បន្ត​ថា ​ស្រ្តី​ខ្មែរទាំង​នោះ​ត្រូវ​គេជឿថា​មានមេខ្យល់ល្បួង​​​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ជា​កន្លែង​ដែល​​អាជ្ញាធរ​កម្ពុជា-ចិន កន្លង​មក​បាន​សហការគ្នា​បញ្ចូន​ត្រឡប់​មក​វិញ​នូវ​ស្រ្តី​ដែល​​គេ​ដឹង​ថា​ជាជន​រងគ្រោះ​ដោយ​អំពើជួញ​ដូរ​។

សេចក្ដី​ប្រកាស​នេះ​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​បានទ​ទួល​ស្រ្តី​ខ្មែរ​ជិត​១០០​នាក់​ពី​ប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ​ទៅ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា​​ត្រូវគេ​ជួញ​ដូរ និង​មាន​មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ​បាន​ទទួល​យក​ឱកាស​ការងារ​នៅ​ប្រទេសចិន តែ​ចុងក្រោយ​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀប​ការ​ទៅវិញ​។​

អាជ្ញាធរ​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៦ នេះ​​អាជ្ញាធរ​អន្តោប្រវេស​ន៍​​ក៏បាន​បដិសេធ​មិន​ឲ្យ​ជន​បរទេស​​ជិត ​២ ០០០​នាក់​​មកពី​៧៦​ប្រទេស​ចូល​មក​កម្ពុជាដោយ​អ្នក​ទាំង​នោះ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​សុំ​ចូល​មក​កម្ពុជា និង​មាន​ខ្លះទៀត​​មាន​ឈ្មោះ​ក្នុង​បញ្ជី​តាម​ដាន​របស់​អាជ្ញាធរ​ផង​ដែរ​។​ 

ខណៈ​ដែល​មាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ដំណើរទៅ​រៀប​ការ​នៅ​ប្រទេស​ចិន អាជ្ញាធរ និង​អង្គការ​សិទ្ធិមនុស្ស​បាន​រក​ឃើញ​ថា​មាន​ស្រ្តី និង​ក្មេង​ស្រី​​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀប​ការ​នៅ​ប្រទេស​ចិនជា​ច្រើនទសវត្សវ៍​មក​ហើយ​ដែរ​។ ជន​រងគ្រោះ​ច្រើន​ត្រូវ​បាន​មេខ្យល់​ល្បួង​ថា​រក​ការងារ​ឲ្យ​ធ្វើ​នៅ​ប្រទេស​ចិន ឬ​ក៏​ការ​សន្យាថារកគូស្រករ​ល្អ​នៅទីនោះ​ មុន​ពេល​ដែល​ដឹង​ខ្លួន​ថា​ត្រូវគេកេង​ប្រវ័ញ្ច​ ដែល​បញ្ហា​ទាំងនេះ​ច្រើនកើន​ពី​គ្រួសារ​មានជីវភាព​ខ្វះខាត​របស់គ្រួសារ​ខ្មែរ​មួយ​ចំនួន និង​វិសមភាព​យេនឌ័រ​ដែល​កើត​មាន​នៅ​ប្រទេសចិន​ជា​យូរ​មក​ហើយ​។​

កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ភ្នាក់ងារ​រៀបចំ​អាពាហ៍​ពិពាហ៍​ឆ្លងដែន​នេះទេ ប៉ុន្តែអាជ្ញាធរ​បាន​លើកឡើងថា​​សកម្មភាព​បែបនេះ​នៅ​តែកើត​មានឡើង​តាម​បណ្ដាញ​ក្រៅ​ផ្លូវការ​។​

​តួលេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ​ចំនួន​ស្រ្តី​ខ្មែរ​ដែល​ត្រូវ​បញ្ចូន​ត្រឡប់​ពី​ប្រទេស​ចិន​​វិញ​ក្រោម​រូបភាព​ជា​ជនរងគ្រោះដោយ​អំពើជួញដូរ​មាន​ការឡើង​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ២០១៣ មាន​ស្រ្តី​ខ្មែរ​ត្រូវ​បញ្ចូន​ត្រឡប់​មក​វិញ​ចំនួន​២១នាក់​ នៅ​ឆ្នាំ​២០១៤ មាន​៥៨​នាក់ នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​៨៥​នាក់ និង​មាន​១១២​ករណី​ទៀត​​នៅ​ឆ្នាំ​២០១៩​។​

អ្នក​ស្រី ជូ ប៊ុន​អេង អនុប្រធានអចិន្ត្រៃយ៍​នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ពី​អ្នក​សារព័ត៌មាន​នោះទេ​។

លោក អំ សំអាត នាយក​គ្រប់​គ្រង​កិច្ចការទូទៅ​របស់​អង្គការ​ លីកាដូ បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ប៉ុន្តែ​លោក​ថា​អាជ្ញាធរ​គួរ​ស៊ើប​អង្កេរ​រក​មេខ្យល់​ដែល​​ល្បួង​ស្រ្តី​ទាំង​នោះ​ដើម្បី​ឲ្យ​ធ្លាក់​ក្នុង​អាពាហ៍ពិពាហ៍​បោក​ប្រាស់​ទាំង​នោះ​។​

រដ្ឋា​ភិបាល​ក៏​បាន​រង​នូវការ​រិះគន់​ចំពោះ​វិធានការ​របស់​ខ្លួន​ទាក់ទង​នឹង​អំពើជួញ​ដូរ​មនុស្ស​នេះ​លើ​ផ្នែក​ផ្សេង​ៗ​ផង​ដែរ​។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​​ដាក់ជា​សំនួរ​ថា​តើ​កម្ពុជា​បាន​គាំពារ​​​​មនុស្ស​ដែល​​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប​ទី​តាំង​ឆបោក​អនឡាញ​នោះ​កម្រិត​ណា ដោយ​បាន​លើកឡើងថា​ជនដែលសង្ស័យ​ថា​​ត្រូវគេជួញ​ដូរ​កម្លាំង​ពល​កម្ម​តែ​ងតែ​ត្រូវ​បាន​ឃុំ​ខ្លួន ឬ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​ជាប់​ឈ្មោះថាជាជនល្មើស ជាជាង​ការ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​លាស់ និង​បាន​ការការពារ​។​

មុន​ពេល​ដែល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ក្នុងការ​​បង្រ្កាប​​លើ​ឧស្សាហកម្មឆបោក​តាម​អនឡាញ​ដែល​មាន​ទំហំទឹកប្រាក់​រាប់​ពាន់លាន​ដុល្លារ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្សប្រហែល១សែន​នាក់​មក​ពីរាប់សិបប្រទេស​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទាំង​នោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Stops Nearly 200 Women Over Suspected Bride Trafficking 

ព័ត៌មានថ្មី

អត្ថបទពេញនិយម