ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ចិនបានអនុម័តកញ្ចប់ថវិកាចំនួន២០០លានដុល្លារអាមេរិកដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាដែលមានតម្លៃសាងសង់សរុប១,២ពាន់លានដុល្លារ។ ការផ្ដល់ប្រាក់កម្ចីនេះបានបញ្ចប់នូវភាពមិនច្បាស់លាស់ពីជំហររបស់រដ្ឋាភិបាលចិនក្នុងការជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះ។
អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC លោក ស៊ុន ចាន់ថុល បានឲ្យដឹងពីកម្ចីនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន ពេលដែលលោកបានគូសបញ្ជាក់ពីការគាំទ្ររបស់ចិនលើគម្រោងព្រែកជីកហ្វូណនតេជោ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនជាបន្តបន្ទាប់កាលពីខែមិថុនា និងកក្កដា កន្លងមកនេះ។
លោកបានលើកឡើងថា៖ «យើងបានទទួលការអនុម័តកម្ចីពីប្រទេសចិនចំនួន២០០លានដុល្លារ ដើម្បីកសាងសន្ទះផ្លូវនាវាចរណ៍ និងប្រព័ន្ធរំដោះទឹកក្នុងព្រែកជីកមួយនេះ។ លក្ខខណ្ឌគឺល្អ អត្រាការប្រាក់ត្រឹម១,២៥ភាគរយសម្រាប់កម្ចីរយៈពេល២០ឆ្នាំ»។
បន្ថែមពីនេះ ចិនក៏នឹងផ្ដល់ជាហិរញ្ញប្បទានចំនួន២០០លានដុល្លារផ្សេងទៀតដើម្បីសាងសង់ស្ពានឆ្លងកាត់ព្រែកជីកចំនួនប្រាំមួយ ទៅប្រាំពីរស្ពាន ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ចិនក៏នឹងផ្ដល់កម្ចី១ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុនសាងសង់ដើម្បីទូទាត់ការចំណាយលើការសាងសង់នេះ។
ការប្រកាសនេះគឺជាសញ្ញាដំបូងដែលរដ្ឋាភិបាលចិនបានបង្ហាញពីការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងមួយនេះ ចាប់តាំងពីបានបើកការដ្ឋានសាងសង់តាំងពីខែសីហា ឆ្នាំ២០២៤មក។ ដូចគ្នាដែរ ការណ៍នេះក៏បានកើតឡើងក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំទាក់ទងនឹងព្រែកជីកមួយនេះ នៅពេលដែលលោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ បើទោះបីជាជាពេលនោះក្នុងកិច្ចព្រមព្រៀងមិនបានបញ្ជាក់ច្បាស់ពីទំហំទឹកប្រាក់ដែលចិននឹងជួយក៏ដោយ។
រដ្ឋាភិបាលកម្ពុជាក៏បានកែសម្រួលលើអ្វីដែលធ្លាប់និយាយទាក់ទងនឹងតួនាទីរបស់ចិនលើគម្រោងនេះដែរ ដោយចុងក្រោយនេះរដ្ឋាភិបាលបញ្ជាក់ថាចិននឹងជួយចេញថ្លៃសាងសង់ចំនួន៤៩ភាគរយ ខណៈដែលលើកមុនបាននិយាយថាចិននឹងគាំទ្រការចំណាយទាំងស្រុងលើថ្លៃកសាងព្រែកជីកនេះ។
ចិននៅតែជាប្រទេសសំខាន់មួយក្នុងការបោះទុនវិនិយោគលើគម្រោងធំៗនៅកម្ពុជា ជាពិសេសលើគម្រោងហេដ្ឋរចនាសម្ព័ន្ធ។ នៅឆមាសទី១ ឆ្នាំ២០២៦ អ្នកវិនិយោគចិនបានឈរនៅលំដាប់ធំបំផុតទី២ នៅពីក្រោយអ្នកវិនិយោគក្នុងស្រុក ដែលបានទទួលចំណែកវិនិយោគលើគម្រោងធំៗសរុបចំនួន២៧៦ ដែលបានអនុម័តដោយ CDC និងមានទំហំទឹកប្រាក់សរុប៤,៧ពាន់លានដុល្លារ។
នៅត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះកម្ពុជាមានបំណុលសាធារណៈសរុប១៣,៣០ពាន់លានដុល្លារ ក្នុងនោះមាន៤ពាន់លានដុល្លារជាបំណុលរបស់ចិន។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថាព្រែកជីកហ្វូណនតេជោនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយលោកបានហៅព្រែកជីកនេះថា «ជាការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក» របស់កម្ពុជា។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងលោក ហ៊ាង សុធាយុទ្ធ អ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានខេមបូចានោះទេ។

លោក សេង វ៉ាន់លី អ្នកវិភាគភូមិសាស្រ្តនយោបាយអាស៊ីប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មានខេមបូចាថា ការទើបប្រកាសពីទំហំកម្ចីនេះ អាចមកពីភាគទាំងពីរត្រូវការពេលសិក្សាលម្អិតបច្ចេកទេស ការគណនាតម្លៃសាងសង់ និងការចរចាគ្នារវាងមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងមន្ត្រីហិរញ្ញវត្ថុចិនជាមុន។
លោកបន្ថែមថា វាក៏បានបង្ហាញពីការផ្លាស់ប្ដូរការចំណាយលើគម្រោង ដែលរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវច្រើនជាងនៅក្នុងគម្រោងមួយនេះ និងក៏ជាយុទ្ធសាស្រ្តមួយក្នុងការការពារអធិបតេយ្យភាពជាតិ និងការកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូននាពេលអនាគតផងដែរ។
លោកបន្តទៀតថា កម្ចីនេះក៏បានផ្ដល់ការអនុគ្រោះដល់កម្ពុជា ដោយមានអត្រាការប្រាក់ទាប និងមានរយៈពេលសងត្រឡប់វែងដែលអាចឲ្យរដ្ឋាភិបាលមានភាពបត់បែនខ្ពស់។ គម្រោងព្រែកជីកនេះមានទម្រង់ជារដ្ឋសហការជាមួយវិស័យឯកជន ដែលអ្នកវិនិយោគមកពីវិស័យឯកជនទទួលខុសត្រូវលើហានិភ័យវិនិយោគ និងលើអាជីវកម្ម ខណៈកម្ចីនឹងជួយដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
លោកឲ្យដឹងទៀតថា៖ «តាមរយៈអត្រាការប្រាក់ និងចំនួនកម្ចី២០០លានដុល្លារ កម្ពុជានឹងមិនមានកង្វល់ខ្លាំងអំពីអន្ទាក់បំណុលនោះទេ ដោយថាចំនួននេះមានទំហំតូចបើធៀបទៅនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងបំណុលសាធារណៈជារួម ដែលកន្លងមកកម្ពុជាបានចាត់ចែងបានយ៉ាងល្អ»។
ទោះយ៉ាងណា លោកបានជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើផលប៉ះពាល់សង្គមមុននឹងចាប់ផ្ដើមសាងសង់ និងត្រូវបង្កើតឲ្យមានយន្តការដោះស្រាយបណ្ដឹង និងសម្របសម្រួល ដើម្បីធានាឲ្យបាននូវដំណោះស្រាយយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលបាត់បង់ដី និងបញ្ហាសំណងដែលអាចធ្វើឲ្យប៉ះពាល់ដល់សហគមន៍។
ការសិក្សាថ្មីមួយរបស់អង្គការ NGO Forum ស្ដីពីកម្ពុជា បានរកឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ២ ៣០៥គ្រួសារ ឬប្រហែលជា ១១ ៥២៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋ៤០០គ្រួសាររងផលប៉ះពាល់ទាំងស្រុងពីគម្រោងមួយនេះ។ ដូចគ្នាដែរ ប្រជាពលរដ្ឋនៅមូលដ្ឋានមិនបានទទួលព័ត៌មានពីរដ្ឋាភិបាលនោះទេ ជាពិសេសព័ត៌មានលម្អិតអំពីសំណងដែលត្រូវទទួលបាន៕









