អង្គការសិទ្ធិមនុស្ស លីកាដូ បានធ្វើយុទ្ធនាការមួយក្នុងការផ្គត់ផ្គង់ផលិតផលអនាម័យដល់ស្រ្តីដែលជាប់ឃុំក្នុងពន្ធនាគារដោយបានបញ្ជាក់អំពីកង្វះខាតនៃតម្រូវការជាមូលដ្ឋាន និងការគាំទ្រសម្រាប់អ្នកជាប់ឃុំជាស្រ្តីនៅក្នុងពន្ធនាគារដែលមានភាពចង្អៀត។
ការជំរុញការបរិច្ចាគនេះចាប់ផ្ដើមជាមួយនឹងយុទ្ធនាការជាសកលប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងគម្រោង«កុមារតាមម្តាយក្នុងពន្ធនាគារ»របស់អង្គការលីកាដូ កំពុងធ្វើការងារលើកកម្ពស់សិទិ្ធស្រ្តី និងក្នេងស្រីជាអនីតិជន នៅក្នុងពន្ធនាគារ និងខិតខំព្យាយាមផ្តល់ឱ្យអ្នកទាំងនោះនូវផលិតផលអនាម័យដោយឥតគិតថ្លៃ និងលទ្ធភាពក្នុងការប្រើប្រាស់សំឡីអនាម័យឱ្យបានជាប់លាប់។
ខណៈពេលដែលយុទ្ធនាការនៅមូលដ្ឋានត្រូវបានស្វាគមន៍ដោយមន្ត្រីពន្ធនាគារ និងអ្នកពាក់ព័ន្ធផ្សេងទៀត មន្ត្រីពន្ធនាគារបានអះអាងថា លក្ខខណ្ឌមិនធ្ងន់ធ្ងរដូចដែលលីកាដូបានលើកឡើងនោះទេ។ ទោះបីជាយ៉ាងនេះក្តី ក្តីបារម្ភនៅតែមានចំពោះស្ថានភាពធ្ងន់ធ្ងរនៅក្នុងកន្លែងឃុំឃាំងក្នុងប្រទេស ដែលជារឿយៗអនីតិជនត្រូវបានស្នាក់នៅជាមួយមនុស្សពេញវ័យ ដោយសារកង្វះមជ្ឈមណ្ឌលឃុំឃាំងអនីតិជនឲ្យបានគ្រប់គ្រាន់។
បើតាមនាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាន មានប្រសាសន៍ថា៖ «ដោយសារតែស្ថានភាពចង្អៀតនៅក្នុងពន្ធនាគារ សំឡីអនាម័យពិបាកនឹងផ្គត់ផ្គង់សម្រាប់អ្នកជាប់ពន្ធនាគារ។ លោកបញ្ជាក់ថា សុខភាពវដ្ដរដូវរបស់ស្រ្តី គឺជាសិទ្ធិមនុស្ស។
លោក សំអាត បានលើកឡើងទៀតថា អង្គការ លីកាដូ បានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងពន្ធនាគារចំនួន១៩ក្នុងចំណោមពន្ធនាគារចំនួន២៦នៅកម្ពុជាដែលជាកន្លែងស្នាក់នៅរបស់អ្នកជាប់ពន្ធនាគារជាស្ត្រី ដើម្បីផ្តល់ផលិតផលអនាម័យដល់ពួកគេដោយមិនគិតថ្លៃ ដោយក្នុងនោះមានស្ត្រីចំនួន ២ ៧៤០នាក់ ក្នុងនោះមានក្មេងស្រីជំទង់ចំនួន១១៧នាក់។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលត្រូវបានជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់បន្ទាប់ពីដឹកនាំកម្មករធ្វើកូដកម្ម ថ្លែងប្រាប់ CamboJA News ថា កង្វះផលិតផលសំឡីអនាម័យនៅពេលដែលស្រ្តីមក រដូវគ្រាន់តែជាផ្នែកមួយនៃបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនប៉ុណ្ណោះ។
កញ្ញា ស៊ីថរ ពន្យល់ថា ស្ត្រីក្នុងពន្ធនាគារត្រូវតែទិញសំឡីអនាម័យប្រើប្រាស់ដោយខ្លួនឯង ព្រោះពួកគេមិនត្រូវបានផ្តល់ឲ្យឡើយ។ សម្រាប់ការចំណាយលើថ្លៃទិញសំឡីអនាម័យគឺមានតម្លៃខ្ពស់ជាងខាងក្រៅ ដែលធ្វើឲ្យមនុស្សជាច្រើនមានការលំបាកក្នុងការទិញសំឡីអនាម័យពេលមករដូវ។
កញ្ញា ស៊ីថរ បន្ថែមថា ជាលទ្ធផល អ្នកជាប់ពន្ធនាគារតែងតែពឹងផ្អែកលើការបរិច្ចាគដើម្បីបំពេញតម្រូវការរបស់ពួកគេជារៀងរាល់ខែ។ ហើយចំពោះអ្នកដែលហ៊ាននិយាយអំពីចំណុចខ្វះខាតនៃកន្លែងស្នាក់នៅច្រើនតែប្រឈមមុខនឹងមន្ត្រីពន្ធនាគារ។
កញ្ញា ស៊ីថរ មេដឹកនាំសហជីពដែលត្រូវបានដោះលែងពីពន្ធនាគារកាលពីចុងខែកញ្ញា បានលើកឡើងអំពីបញ្ហាប្រឈមជាប្រព័ន្ធមួយចំនួននៅក្នុងពន្ធនាគារកម្ពុជា ដែលបង្កគ្រោះថ្នាក់ដល់ស្ត្រីជាពិសេស។ ទាំងនេះរួមមាន ភាពចង្អៀតណែន កង្វះអាហារ និងទឹកប្រើប្រាស់ ការត្រួតពិនិត្យសុខភាពមិនគ្រប់គ្រាន់ និងកង្វះថវិកាពីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នក្នុងការត្រួតពិនិត្យពន្ធនាគារ ដើម្បីធានាបាននូវសុវត្ថិភាព និងលក្ខខណ្ឌមនុស្សធម៌។
កញ្ញា ស៊ីថរ បានលើកឡើងទៀតថា នាងបានដាក់សំណើទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយលក្ខខណ្ឌទាំងនេះ ប៉ុន្តែការឆ្លើយតប និងដំណោះស្រាយនៅមានកម្រិត។
ខណៈពេលដែលការជំរុញការបរិច្ចាគរបស់អង្គការលីកាដូ ត្រូវបានស្វាគមន៍ដោយមន្ត្រីនៅអគ្គនាយកដ្ឋានពន្ធនាគារ អ្នកនាំពាក្យរបស់នាយកដ្ឋានបានបដិសេធចំពោះការលើកឡើងថាមានស្ថានភាពដ៏លំបាកនៅក្នុងពន្ធនាគារ និងអ្នកជាប់ពន្ធនាគាដែលជាស្រ្តី។
លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លើកឡើងដោយសំដៅទៅលើការទាមទាររបស់ក្រុមសិទ្ធិមនុស្សផ្សេងៗ និងអតីតអ្នកជាប់ពន្ធនាគារថា៖ «យើងមិនអាចយកករណីមួយនឹងមកសន្និដ្ឋានជារួមបាននោះទេ»។
លោក សុណាឌីន បានទទួលស្គាល់ថា ពន្ធនាគារខ្លះមានភាពចង្អៀតពិតមែន ប៉ុន្តែលោកបានលើកឡើងថា វាមិនប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់អ្នកជាប់ពន្ធនាគានោះទេ។
លោក សូណាឌី មានប្រសាសន៍ថា៖ «ស្ថានភាពចង្អៀតណែននេះ គឺកើតឡើងពីលទ្ធផលដែលការអនុវត្តច្បាប់នៅក្នុងសង្គមពាក់ពន្ធ័ទៅនឹងការបង្ក្រាប បទល្មើសផ្សេងៗ»។ លោកបានបដិសេធចំពោះការលើកឡើងថា ពន្ធនាគារភាគច្រើនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហើយបានបញ្ជាក់ថាមណ្ឌលឃុំខ្លួនខ្លះនៅតំបន់ដាច់ស្រយាល ដូច្នេះនៅមានកម្រិតទឹកស្អាតប្រើប្រាស់ដោយការជីកអណ្ដូងទឹកមកប្រើ។
អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានថ្លែងថា ក្រសួងតែងតែផ្ដោតលើការលើកកម្ពស់កិច្ចការយេនឌ័រ ទន្ទឹមនឹងនោះ គឺមានការខ្វះខាតថវិកាសម្រាប់ជួយស្ត្រីក្នុងពន្ធនាគារឲ្យបានពេញលេញ។
យ៉ាងណាក៏ដោយ ក្រសួងបានសហការជាមួយអគ្គនាយកពន្ធនាគារ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញទន់។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនៃជំនាញទន់នេះ គឺដូចជាផ្ដល់ម៉ាស៊ីនដេរ ដើម្បីជួយស្ត្រីឱ្យទទួលបានជំនាញវិជ្ជាជីវៈរយៈពេលខ្លី រួមទាំងកាត់ដេរ និងកាត់ក្រចកជាដើម។
អ្នកស្រី ស៊ីណែត មានប្រសាសន៍ថា៖ «ការផ្តល់ជំនាញទន់វាជាជំនាញមួយដែលល្អ។ នៅពេលពួកគាត់ចេញពីពន្ធនាគារ ពួកគាត់អាចប្រើប្រាស់ជំនាញទាំងនេះដើម្បីធ្វើការបាន»។
អ្នកស្រី ម៉ៅ ម៉ាប់ នាយកប្រតិបត្តិនៃអង្គការ Klahaan ដែលជាអង្គការក្នុងស្រុកតស៊ូមតិលើបញ្ហាស្ត្រី ក៏បានកត់សម្គាល់ផងដែរថា សុខភាពពេលមករដូវគឺជាសិទ្ធិរបស់មនុស្ស។ អ្នកស្រីបានបន្តថា ទោះបីជានៅក្នុងពន្ធនាគារក៏ដោយ ស្ត្រីសមនឹងទទួលបានការគាំទ្រផ្នែកសុខភាពដែលសមរម្យមួយ។
អ្នកស្រីថ្លែងថា៖ «ពួកគេអាចនឹងបាត់បង់សិទ្ធិមួយចំនួន ប៉ុន្តែសុខភាពស្ត្រីគួរតែត្រូវបានធានា និងផ្តល់ឱ្យបានគ្រប់គ្រាន់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Prisons Struggle to Meet Women’s Basic Health Needs, Campaign Highlights