បណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ បានចុះល្បាតរយ:ពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ ហើយបានប្រទះឃើញបទល្មើសព្រៃឈើមួយចំនួនដែលកើតមានឡើងក្នុងស្រុកសែនជ័យ ខេត្តព្រះវិហារ។
បណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ បានប្រទះឃើញបទល្មើសជាច្រើនដូចជា៖ រណាយន្តចំនួន ២គ្រឿង, គោយន្តចំនួន ៣គ្រឿង, ជនសង្ស័យចំនួន ៦ នាក់, ឈើក្តារអារជ្រៀករួចចំនួន២១១សន្លឹក និងឈើសសរចំនួន៤ដើម សរុបស្មើ នឹង៦,៤ម៉ែត្រគូប(ម3), គល់ឈើកាត់រួចចំនួន ២១គល់ ប្រភេទឈើ ឈើទាល កកោះ ផ្ដៀក ដូងចែម, ទីតាំងកាប់ចម្ការចំនួន ៥ កន្លែង, ទីតាំងចាប់សត្វសំពោចចំនួន ១ កន្លែង ដែលស្ថិតក្នុងភូមិសាស្ត្រដូចជា អូរពោធិ៍រោង ស្រែក្រពើ ដូនតី ល្បើក ចង្ហារ និងតាងួន។
ដោយឡែក នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាញសហគមន៍ ព្រៃឡង់ បានឃាត់រថយន្តកំពុងលើកឈើដាក់ នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ វេលាម៉ោង 8:00 យប់ ជាឈើបន្ទះ ២៥សមx២សមx៤ម ចំនួនសរុប ២៨៣សន្លឹកស្មើនឹង ៥,៦ម៉ែត្រគូប។ ម្ចាស់ឈើ និងម្ចាស់រថយន្តដឹកឈើ មានឈ្មោះ យ៉ាន ថា រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ រថយន្តអត់មានស្លាកលេខ។
សូមបញ្ជាក់ថា ឈ្មោះខាងលើ បាននាំគ្នីគ្នាទាញឈើទម្លាក់ពីរថយន្ត បន្ទាប់មកបើករថយន្តគេចខ្លួនបាត់ ហើយបណ្ដាញសហគមន៍មិនហ៊ានឈរមុខរារាំងរថយន្តទេដោយព្រួយបារម្ភពីសុវត្ថិភាព។
ក្នុងហេតុការណ៍ភ្លាមៗ សកម្មជនព្រៃឈើ លោក ម៉ា ចិត្រា បានទំនាក់ទំនងទៅមន្ត្រីបរិស្ថាន ឈ្មោះ យ៉ាន សុផាន់ណា ដើម្បីសុំកិច្ចអន្តរាគមន៍ ប៉ុន្តែលោកបាននិយាយថា នៅស្នាក់ការរបស់លោក មិនមានកម្លាំងក្នុងការចុះអន្តរាគមន៍ទេ ចំណែករូបលោកក៏បានសុំច្បាប់ពីរបីថ្ងៃហើយដែរ។
បន្ទាប់ពីបណ្ដាញសហគមន៍យើងចាកចេញពីកន្លែងកើតហេតុ លោក យ៉ាន់ សុផាន់ណា បានទាក់ទងទៅលោក ម៉ា ចិត្រា ម្ដងទៀត ដើម្បីសាកសួរអំពីទីកន្លែងឈើដែលជនល្មើសនោះបានទម្លាក់ចុះ៕









