សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋរាប់លានដុល្លារ

ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី២ ខែឧសភា បានសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ គឺ​អ្នកស្រី រ៉េត សុធីដា បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋជាង៣០០លានដុល្លារ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១ ខែឧសភា នៅរាជធានីភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែល ខេមបូចា​ ទទួលបាន បញ្ជាក់​ថា មន្រ្ដីនគរបាលយុត្ដិធម៌​បាននាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា មកបង្ហាញ​ខ្លួនចំពោះ​មុខ​ចៅក្រមស៊ើបសួរ។ ក្រោយពីបានសួរចម្លើយជនត្រូវចោទរួចមក និងបានពិនិត្យភស្ដុតាង​ក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរ​បាន​​សម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្ដោះអាសន្ន និងបានបញ្ជូន​ទៅពន្ធនាគារ​ខេត្ដសៀមរាប ដើម្បីបន្ដការស៊ើបសួរតាមនីតិវិធីច្បាប់។

ក្នុងលិខិតដដែលបន្ថែមថា ជនត្រូវចោទបានឆ្លើយមុខចៅក្រមស៊ើបសួរថា ខ្លួនបានណែនាំ​មិត្ដភក្ដិឱ្យដាក់ប្រាក់ចូលក្រុមហ៊ុនដោយខ្លួនទទួលបានផលប្រយោជន៍មួយចំនួន។ ជនត្រូវ​ចោទបានឆ្លើយបញ្ជាក់ច្បាស់ថា«ខ្លួនមិនបានទទួលរងនូវការខាតបង់អ្វីមួយនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នោះទេ ដោយសារខ្លួនមិនបានដាក់ប្រាក់នៅក្រុមហ៊ុន»

ឯកសារដដែលបន្ដថា តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា និងជនត្រូវចោទ​ឈ្មោះ រ៉េត សុធីដា ឃើញថា ជនត្រូវចោទឈ្មោះ រ៉េត​ សុធីដា ពិតជាមានជាប់ពាក់ព័ន្ធនឹង​បទល្មើស​ខាងលើ ហើយជនត្រូវចោទឈ្មោះ រ៉េត សុធីដា «មិនមែនជាជនរងគ្រោះឡើយ»

បើតាមការបញ្ជាក់ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបថ្លែងប្រាប់ ខេមបូចា នៅព្រឹកថ្ងៃទី២ ខែឧសភា ថា លិខិតខាងលើគឺបានបញ្ជាក់បទល្មើស​របស់​ជនត្រូវ​ចោទ​ទាំងអស់រួចហើយ ខណៈលោកសុំមិនបញ្ជាក់បន្ថែមនោះទេ។ យ៉ាងណា លោកបន្តថា តុលាការនឹងបន្ដនីតិវិធីតាមផ្លូវច្បាប់ដើម្បីស្វែងរកភាពយុត្ដិធម៌សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

លោកថ្លែងថា៖ «សុំពិនិត្យសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងទៅ។ អង្គហេតុវានៅក្នុង​ហ្នឹង​ហើយ…»

នៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ តុលាការខេត្ដសៀមរាប បានសម្រេច​បង្កកគណនីធនាគារ​ចំនួន១៨៣ និងទ្រព្យសម្បត្ដិមួយចំនួនរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​ ដោយ​​បានសម្រេចឃុំខ្លួន​ជនជាប់ចោទ៥នាក់ និងបានចេញដីកាបង្គាប់​ឱ្យនាំខ្លួន​ជនត្រូវ​ចោទ​២នាក់ និងបានចេញដីកា​បង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទ២៤នាក់ ដោយកំណត់​ឱ្យចូលខ្លួន​គិតចាប់ពីថ្ងៃ១៨ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

មុននឹងតុលាការសម្រេចឃុំខ្លួនអ្នកស្រី រ៉េត សុធីតា ដែលតាំងខ្លួនជាតំណាងពលរដ្ឋ​ចាញ់​បោក​​ក្រុមហ៊ុន​ បានដាក់ពាក្យ​បណ្ដឹងទៅតុលាការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា ពលរដ្ឋ​សរុបជិត ៨ ០០០នាក់​ដែលបានចាញ់​បោក​ដោយ​ក្នុងនោះមានពលករកូរ៉េជិត២០០០នាក់​កំពុងរងគ្រោះ។

លោក ណូ រដ្ឋា ជាសាក្សីម្នាក់ក្នុងហេតុការណ៍នៃការឃាត់ខ្លួនអ្នកស្រី​ រ៉េត សុធីដា គូស​បញ្ជាក់​ថា អាជ្ញាធរស្លៀកស៊ីវិលមាន២នាក់ បាននាំគ្នាសម្រុកចូលចាប់អ្នកស្រី សុធីដា នៅ​ភោជនីយដ្ឋាន​​ទន្លេបាសាក់២ ដោយនាំយកទុកក្នុងបន្ទប់នៅក្នុងហាង ក្រោយមក​មាន​សមត្ថកិច្ច​​ជាច្រើននាក់មក និងបានហាមឃាត់មិនឱ្យថតសកម្មភាព។ លោកសម្ដែងការ​សោកស្ដាយ​ថា ការចាប់ខ្លួនអ្នកស្រី សុធីដា គឺជារឿងអយុត្ដិធម៌ទាំងមិនបានប្រព្រឹត្ដ។

លោកបញ្ជាក់ថា៖ «មុនដំបូង២នាក់ស្លៀកស៊ីវិលបន្ទាប់មកមិនដឹងមកពីណាទៀត។ គេហាម​មិន​ឱ្យខ្ញុំថត ខ្ញុំសួរចាប់ពីបទអី គេមិនឆ្លើយ។ គេឆ្លើយថាយកទៅខេត្ដសៀមរាប។ ខ្ញុំភ័យ​ណាស់​បង…គេប្រុងចាប់ពួកខ្ញុំទៀត។ គឺត្រូវតែដោះលែងព្រោះគាត់ជនរងគ្រោះ»

សាក្សីម្នាក់ទៀតត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យចូលក្នុងបន្ទប់បណ្ដោះអាសន្ននៅភោជនីយ​ដ្ឋាន​ទន្លេបាសាក់២​ អ្នកស្រី ទូច ចន្រ្ទា បាននិយាយទាំងភ័យថា អ្នកស្រីត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យចូលជួបអ្នកស្រី សុធីដា ខណៈអ្នកផ្សេងត្រូវបានហាមឃាត់។ អ្នកស្រីបន្តថា ក្នុង​ដីកា​ចាប់ខ្លួនបានបញ្ជាក់ថា ចាប់ខ្លួនដោយសារអ្នកស្រី សុធីដា គេចវេះ​ ខណៈអ្នកស្រីថា កន្លង​មិនបានទទួលដីកាកោះហៅដូចការចោទទេ។

អ្នកស្រីបន្ថែមថា៖‍ «គាត់[អាជ្ញាធរ]មកចោទថាគាត់[អ្នកស្រី សុធីដា]ឆបោក ថាគាត់គេចខ្លួន​ទៀត។ ទិដ្ឋភាពហ្នឹងដូចវាអយុត្ដិធម៌ពេកបង»

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហោះសារនៅលើផេក​ផ្លូវការ​របស់ខ្លួននៅថ្ងៃទី១ ខែឧសភា ដោយបញ្ជាក់ថា សាលាដំបូងខេត្ដសៀមរាប​ចេញសេចក្ដីប្រកាសព័ត៌មាន​ស្ដីពីការនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី។

ខេមបូចាមិនអាចសុំការបំភ្លឺពីលោក ប៉ែន បូណា អ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានទេ មុននឹងការចេញផ្សាយនេះ​ ប៉ុន្ដែអ្នកនាំពាក្យរូបនេះធ្លាប់ឆ្លើយតប​នឹង ខេមបូចា ថា សម្រាប់​រដ្ឋាភិបាលគ្មានវិធានទេ ព្រោះជារឿងរបស់តុលាការ​ដូច្នេះអង្គភាព​រដ្ឋាភិបាល​​​មិនពាក់ព័ន្ធនោះទេ ដោយលោករុញឱ្យខេមបូចាសួរទៅ​ប្រព័ន្ធតុលាការ​ជំនួសវិញ​។

បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការ លីកាដូ ប្រចាំខេត្ដសៀមរាប និង​បាត់ដំបង បានថ្លែងថា ការចាប់ខ្លួនវាមិនបានឆ្លុះបញ្ចាំង​ពីដំណោះស្រាយ​សម្រាប់ជនរងគ្រោះ​ទេ ប៉ុន្ដែនឹងបង្កឱ្យមានរលកតវ៉ានៃជនរងគ្រោះងើបឡើង។

លោកថ្លែងថា៖ «មុននឹងសម្រេចតុលាការគួរតែស្រាវជ្រាវភស្ដុតាងឱ្យបានច្បាស់លាស់ ព្រោះ​កន្លងមកអ្នកស្រី រ៉េត សុធីដា ជាតំណាងជនរងគ្រោះទាមទារនៅ​មុខសាលា​ដំបូងខេត្ដ​ដើម្បី​ស្វែង​រកដំណោះស្រាយលើករណីហ្នឹង»

កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤ ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបាន​ធ្វើការ​តវ៉ា​​ទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាបដោយពួកគាត់អះអាងថា ក្រុមហ៊ុន​បានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុន​បែរជាចង់ដោះដូរជាដីជូនពួកគាត់​។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ​ មានប្រសាសន៍ថា ការប្រើ​ប្រព័ន្ធ​ដើម្បីដាក់បន្ទុកបន្ថែមមិនមែនជាវិធានល្អទេដោយសំអាងថា ការបង្កកគណនី និងបង្ក​ទ្រព្យ​យកទៅលក់យកលុយមកដោះស្រាយឱ្យជនរងគ្រោះទើបជាវិធានល្អ។

លោកបន្ដថា៖«រឿងត្រូវធ្វើគឺពិនិត្យមើលទៅលើបញ្ហាទ្រព្យសម្បត្ដិក្នុងការឡៃឡុងសងជនរងគ្រោះជាជាងដាក់បន្ទុកបន្ថែមតាមប្រព័ន្ធតុលាការទៀត។ អាជ្ញាធរផ្ដល់យុត្ដិធម៌កុំបន្ថែមបន្ទុក​អយុត្ដិធម៌ធ្វើឱ្យគាត់ជាប់ពន្ធនាគារ»

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត​ បានចេញសេចក្ដីបំភ្លឺស្ដីពីការផ្សព្វផ្សាយព័ត៌មាន​តាមបណ្ដាញផ្សព្វផ្សាយ​សង្គមនានា​ដែល​បាន​​លើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ​តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យមានការភាន់ច្រឡំ។

ក្នុងសេចក្ដីបំភ្លឺ​ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២២៤ អ្នកស្រី ឡេង ចាន់ណា បានចេញបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត​ ទេ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា ​បានចេញលិខិត​សារភាព​កំហុស និង​បាន​សុំអភ័យទោសចំពោះការលើកឡើងថា​ លោកនាយករដ្ឋមន្រ្ដី​ជា​អ្នកបង្កើត​សមាគម​ពលករ និងអតីតពលករធ្វើការនៅប្រទេសកូរ៉េដើម្បីសប្បុរសធម៌ផងដែរ៕

1,049 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម