ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារត្រូវបានគំរាមកំហែងដកហូតយកដីធ្លីដោយអាជ្ញាធរនិងក្រុមហ៊ុនរ៉ែមាសចិន ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភពីជីវភាពកាន់តែលំបាកខ្លាំង ដោយសារពួកគាត់បានពឹងផ្អែកលើដីនោះដើម្បីប្រកបរបរទាញយករ៉ែជាលក្ខណៈគ្រួសារនេះតាំងពីយូរណាស់មកហើយ។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះកើតឡើងក្រោយពីមានក្រុមសន្តិសុខរបស់ក្រុមហ៊ុនរ៉ែមាសចិនឈ្មោះ ឌែលខម ខេមបូឌា (Delcom Cambodia) បានមកគំរាមពួកគាត់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថា មិនអនុញាតឱ្យពលរដ្ឋប្រកបរបរទាញយករ៉ែនៅលើដីរបស់ខ្លួនបន្តទៀតទេ ដោយសារអាជ្ញាធរបានលក់ដីទាំងនោះឱ្យក្រុមហ៊ុនចិនរួចហើយ។
ពលរដ្ឋនៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី យឹម ផាត បានប្រាប់ ខេមបូចា ថា ក្រុមសន្តិសុខក្រុមហ៊ុនចិន ដែលសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះមកហាមឃាត់ពលរដ្ឋមិនឱ្យធ្វើអាជីវកម្មបូមទឹកអណ្តូងទាញយករ៉ែមាសក្នុងដីរបស់ខ្លួននោះទេ។ លោកស្រី អះអាងថា ដោយសារតែអភិបាលខេត្តបានលក់ឱ្យទៅក្រុមហ៊ុនផ្ដាច់មុខហើយ ទាំងមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន។
អ្នកស្រី យឹម ផាត ដែលមានដីទំហំ២៦ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ថែមទាំងមានប្លង់ដីត្រឹមត្រូវដែរនោះ បានលើកឡើងថា ការចុះហាមឃាត់ និងចង់រឹបអូសយកដីពីពលរដ្ឋបែបនេះ វាជារឿងអយុត្តិធម៌បំផុត ហើយលោកស្រីបារម្ភពីជីវភាពកាន់តែខ្លាំងព្រោះមិនដឹងថាទៅពឹងអ្វីទៀតនោះទេ។ លោកស្រីបន្តទាំងសម្ដីខ្លាំងៗថា អាជ្ញាធរអាងតែមានអំណាចធ្វើបាបប្រជារាស្រ្តស្លូតត្រង់តាមតែអំពើចិត្ត។
អ្នកស្រីឱ្យដឹងថា៖ «វាគ្មានយុត្តិធម៌អីប៉ុនសរសៃសក់ទេ បើអាជ្ញាធរមកធ្វើតែក្បួននេះ ធ្វើចឹងប្រជាពលរដ្ឋស្លាប់អស់ហើយ គ្មានច្បាប់គ្មានទម្លាប់ទេ ហើយមិនបាច់ខ្ញុំបកស្រាយទេ នរណាមានលុយអ្នកនោះឈ្នះ អ្នកណាក្ររហែមរហាម ស៊ីខ្យង ស៊ីដំឡូង អ្នកនោះចាញ់គេ។ ទោះបីប្តឹងយ៉ាងណាក៏នៅតែចាញ់គេ ហើយទោះបីយើងមានប្លង់រឹង[ប្លង់ដី]យ៉ាងណាក៏នៅតែខុស»។
អ្នកស្រី ផាត បានបន្តថា មានពលរដ្ឋជាង៧៦គ្រួសារដែលមានទំហំដីជាង៥០ហិកតាកំពុងជួបបញ្ហាគំរាមរឹបអូសយកដីដោយក្រុមហ៊ុនរ៉ែមាសរបស់ជនជាតិចិន ខណៈដែលពលរដ្ឋភាគច្រើនពឹងផ្អែកលើដីស្រែចំការដើម្បីធ្វើអាជីវកម្មរករ៉ែមាសជាលក្ខណៈគ្រួសារគ្រាន់អាចមានថវិកាខ្លះទុកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
លោកស្រីបន្តថា ប្រសិនបើអាជ្ញាធរនៅតែបន្តធ្វើបែបនេះដាក់ពលរដ្ឋខ្លួនឯងដើម្បីចង់ការពារផលប្រយោជន៍ឱ្យក្រុមហ៊ុនចិននោះ ពលរដ្ឋនឹងជួបការលំបាកកាន់តែខ្លាំងជាងមុន។
អ្នកស្រីបានប្រាប់ទៀតថា៖ «គេ[អាជ្ញាធរនិងក្រុមហ៊ុនចិន]យកដីស្រែខ្ញុំអស់ អត់ឱ្យខ្ញុំធ្វើស្រែទេ គេដាក់យាមរាល់ថ្ងៃ(កម្លាំងសន្តិសុខក្រុមហ៊ុនចិន) ហើយគេថាបើមិនយក[លុយ]ក្នុង១ហិកតា១ពាន់ដុល្លារទេ គេដាក់ចូលជាសម្បត្តិរដ្ឋហើយ គេថាដីរដ្ឋនេះចៅហ្វាយស្រុកដកដាក់ឱ្យក្រុមហ៊ុនអស់ហើយ»។អ្នកស្រីបន្តថា៖ «ខ្ញុំនិងពលរដ្ឋដទៃមិនអាចទទួលយកលុយទេ ព្រោះដីយើងខ្ញុំទុកធ្វើស្រែចំការខ្លួនឯងក្នុងមួយឆ្នាំៗគ្រាន់បានផ្គត់ផ្គង់ជីវភាពគ្រួសារ»។
អ្នកស្រីស្នើឱ្យរដ្ឋាភិបាលមេត្តាជួយរកដំណោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋផង ព្រោះពលរដ្ឋគ្មានអ្វីក្រៅតែពីលើកម្រាមសំពះអង្វរឱ្យជួយដោះស្រាយដល់ពួកគាត់ដែលកំពុងជួបទុក្ខលំបាកដោយសារតែក្រុមហ៊ុនរំលោភយកដីទាំងអយុត្តិធម៌។
អ្នកស្រីបានបន្ថែមថា៖ «សូមឱ្យអាជ្ញាធរខាងក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយចុះជួយមើលកូនចៅផង ជាពិសេសសម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ជួយមើលកូនចៅផង គេយកដីអស់ហើយ ធ្វើស្រែអត់បានទេ គេអត់ឱ្យចូលដីស្រែយើងសោះ ពលរដ្ឋរងទុក្ខណាស់ជួយដោះស្រាយផង»។
ពលរដ្ឋម្នាក់ទៀត លោក ស៊ឹម នាថ បានរៀបរាប់ថា លោកធ្វើអាជីវកម្មរករ៉ែមាសលក្ខណៈគ្រួសារនេះយូរមកហើយ គ្រាន់បានប្រាក់កម្រៃខ្លះយកមកផ្គត់ផ្គង់គ្រួសារ។ លោកបន្តថា កាលពីមិនទាន់មានក្រុមហ៊ុនចិនមកវិនិយោគ។ ពលរដ្ឋភាគច្រើនអាចរកចំណូលបានខ្ពស់ចាប់ពី៥០ម៉ឺនរៀលទៅ១លានរៀលក្នុងមួយខែ ប៉ុន្តែក្រោយពីមានការហាមឃាត់ពីអាជ្ញាធរ ការរំលោភយកដីពីក្រុមហ៊ុនជាបន្តបន្ទាប់នេះ មួយថ្ងៃរកបានត្រឹមតែ៤ម៉ឺនរៀលទៅ៥ម៉ឺនរៀលប៉ុណ្ណោះ។
លោក នាថ បានបន្តថា អាជ្ញាធរបានគប់គិតជាមួយក្រុមហ៊ុនចិនរំលោភយកដីពលរដ្ឋ ខណៈដែលអាជ្ញាធរខ្លះថាបើចង់ធ្វើលើដីទៀត តម្រូវឱ្យបង់លុយខ្លះដល់ក្រុមហ៊ុន។
លោក នាថ បញ្ជាក់ទៀត ថា៖ «អាជ្ញាធរមកប្រាប់ថាអត់ឱ្យធ្វើកន្លែងនេះទេ ចៅហ្វាយស្រុកឱ្យក្រុមហ៊ុនចិនហើយ គេមកសួរ[ខ្ញុំ]ថារបស់បងឯងមែន! បងឯង[លោក ស៊ឹម នាថ]ធ្វើនេះតែឯងឬជាមួយក្រុមហ៊ុនវៀតណាម បងឯងធ្វើអត់បានទេ ព្រោះកន្លែងនេះជាប់អាជ្ញាបណ្ណរបស់ចិន ចឹងបងឯងធ្វើអត់បានទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ និងអភិបាលខេត្តរង អ្នកស្រី ចឹក ហេង មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបានទេ បើទោះបីជាព្យាយាមហៅតាមទូរសព្ទជាច្រើនដងក៏ដោយ។ ចំណែកអភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ ក៏មិនអាចទាក់ទងបានដូចគ្នា ដោយលោកថា រវល់ប្រជុំ។
លោក សុវណ្ណ ថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំមិនអាចនិយាយបានទេ ខ្ញុំកំពុងប្រជុំមិនទាន់ចប់»។
ដោយឡែក ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ អ្នកស្រី ហែម សុគុណពិសី បានបដិសេធមិនឆ្លើយ ដោយលើកឡើងថា ខ្ញុំមិនដឹងទេជុំវិញរឿងនេះ ក៏ចុចពិតទូរសព្ទ។
អ្នកស្រីប្រាប់ថា៖«ខ្ញុំមិនដឹងទេ! ខ្ញុំកំពុងរវល់ ស្ដាប់មិនសូវបាន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ មេឃុំរមទម ស្រុករវៀងខេត្ត ព្រះវិហារលោក សោរ មុត បានឱ្យដឹងថា បញ្ហាដែលលើកឡើងខាងលើនោះពិតជាមានជម្លោះមែន រវាងពលរដ្ឋនិងអាជ្ញាធរ។ ប៉ុន្តែលោកបានអះអាងថា លោកមិនមានសមត្ថភាពដោះស្រាយទេ ព្រោះបញ្ហានោះជាប់ពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ស្រុកជាអ្នកដោះស្រាយ។ លោកបន្តថាបញ្ហានេះភាគច្រើនអភិបាលស្រុកសហការជាមួយជំទប់ទី១នៃឃុំរមទមប្រគល់ដីទាំងនោះឱ្យក្រុមហ៊ុនចិន។
លោកមានប្រសាសន៍ថា៖«ការងារអ្វីៗសម្រេចលើចៅហ្វាយស្រុក[អភិបាលស្រុក] ស្អីៗគាត់ធ្វើតែគាត់ ខ្ញុំហៅតែមេឃុំទេ(មានឈ្មោះតែមេឃុំទេ) គេសហការជាមួយតែជំទប់ទី១ ហើយការងារអ្វីជាមួយក្រុមហ៊ុនខ្ញុំអត់ដឹងទេ គេទៅស្ងាត់ៗតែគេទេ ខ្ញុំមិនហ៊ានដោះទេបញ្ហានេះ រឿងបញ្ហាដីហ្នឹងផង ចៅហ្វាយស្រុកគេប្រគល់ឱ្យក្រុមហ៊ុនហ្នឹង ខ្ញុំអត់ដឹងដែរ ខ្ញុំមិនហ៊ានទេអំណាចគេធំជាងយើង ហើយគេមិនដែលមកពិភាក្សាជាមួយនឹងយើងផង ហើយខ្ញុំអស់សមត្ថភាពជាមេឃុំហើយ»។
មេភូមិរំដេង ស្រុករវៀង លោក អ៊ុក ង៉ា មានប្រសាសន៍ថាលោកធ្លាប់យករឿងនេះទៅថ្នាក់លើម្តងហើយថាដីទាំងនោះគឺជាដីពលរដ្ឋមានប្លង់ត្រឹមត្រូវ ដោយទទូចកុំឱ្យអាជ្ញាធរ និងក្រុមហ៊ុនប៉ះពាល់របស់គាត់។ ប៉ុន្តែក្រោយមក អាជ្ញាធរបានប្រគល់ដីឱ្យទៅពលរដ្ឋវិញហើយ។ ដោយឡែក កាលពីថ្មីៗនេះ ក៏កើតមានរឿងជម្លោះនេះឡើងម្ដងទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់ទៅថ្នាក់លើហើយ រឿងថាទៅហាមឃាត់ថ្ងៃមុននោះគាត់យល់ច្រឡំទេ(សន្តិសុខក្រុមហ៊ុន) ស្មានតែប៉ះពាល់ដល់ដីរដ្ឋ ហើយគេឱ្យលោកយាយផាត[ពលរដ្ឋមានជម្លោះដីធ្លី]ហ្នឹងធ្វើវិញទៅ បែបលក្ខណៈជាគ្រួសារទៅដីក្រោយផ្ទះហ្នឹង។ ហើយរឿងលក់ដូរនោះ ខ្ញុំមិនដឹងទេ»។
ដោយឡែក មេការក្រុមហ៊ុនរ៉ែមាសចិន ឌែលខម ខេមបូឌា លោក ស សេរីវិចិត្រ បានប្រាប់ សារព័ត៌មានខេមបូចាយ៉ាងខ្លីថា ដីទាំងនោះជាដីព្រៃរបស់រដ្ឋដែលបានសម្បទានឱ្យក្រុមហ៊ុន តាំងពីយូរមកហើយ។ លោកបន្តថា ខាងក្រុមហ៊ុនមិនបានទៅរំលោភដីពលរដ្ឋដូចការចោទប្រកាន់ និងលើកឡើងរបស់ពលរដ្ឋនោះឡើយ។
លោកមានប្រសាសន៍ថា៖ «មានក្រុមហ៊ុនណាទៅហ៊ានរំលោភបំពានរបស់គាត់(របស់ពលរដ្ឋ) គេសុទ្ធតែមានប្លង់ពីខាងភូមិ ឃុំ ត្រឹមត្រូវ បងកុំជឿតែខាងពលរដ្ឋចោទប្រកាន់តែម្ខាង បងចុះមកមើល បើកន្លែងណារបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនដូចអត់ដែលបានទៅរំលោភបំពានរបស់ពួកគាត់ទេ»។
ជុំវិញរឿងនេះអ្នកសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ លើកឡើងថា ទង្វើនេះគឺជាការរំលោភសិទ្ធិដីធ្លីរបស់ពលរដ្ឋធ្ងន់ធ្ងរ។ លោកបន្តថា ករណីរំលោភសិទ្ធិដីធ្លីនេះមានកើតឡើងជាច្រើនមកជាហូរហែនៅក្នុងខេត្តព្រះវិហារ ប៉ុន្តែមិនទាន់ ដំណោះស្រាយណាមួយពីអាជ្ញាធរនោះឡើយ។ លោកបន្ថែមថា ផ្ទុយទៅវិញអាជ្ញាធរបែរជាការពារផលប្រយោជន៍ឱ្យក្រុមហ៊ុនជាងផលប្រយោជន៍ពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ចំណែកអាជ្ញាធរស្រុកវិញគាត់មិនបានធ្វើការដោះស្រាយជូនពលរដ្ឋដែលកំពុងមានបញ្ហាទេ ហើយបែរជាគាត់នឹងចេះតែរំលោភ ហើយក្នុងនាមអាជ្ញាធរជាអាជ្ញាកណ្តាលដែលជាអ្នកសម្របសម្រួលជួយពលរដ្ឋ ប៉ុន្តែនេះយើងឃើញថាអត់ដោះស្រាយទេ អាជ្ញាធរស្រុកហាក់បីដូចជាភាគីក្រុមហ៊ុនដាច់ដោយឡែកមួយ គាត់តាំងខ្លួនជាភាគីក្រុមហ៊ុនការពារគេ វាខុសពីអាជ្ញាធរប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗទៀត»។ លោកបន្តថា៖ «អាជ្ញាធរប្រទេសគេ គេដោះពិតប្រាកដ ប៉ុន្តែបើសិនជាអាជ្ញាធរគាត់ក្នុងនាមតំណាងឱ្យក្រុមហ៊ុនដែរ ឬក៏អាជ្ញាធរភាគីក្រុមហ៊ុនដែរ កុំថាឡើយដោះស្រាយមួយឆ្នាំ សូម្បីដប់ឆ្នាំក៏ដោះស្រាយអត់ចេញដែរ»។
លោក ឡោ ចាន់ ឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធគួរតែដោះស្រាយបញ្ហាទាំងនេះឱ្យមានតម្លាភាពត្រឹមត្រូវ ព្រោះបញ្ហានេះវាអាចជៈឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងបំផ្លាញដល់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ លោកបន្តថា អភិបាលខេត្តក៏ជាអ្នកពាក់ព័ន្ធគួរតែមានគណៈកម្មការវាយតម្លៃឱ្យត្រឹមត្រូវជុំវិញការវិនិយោគឱ្យក្រុមហ៊ុនបរទេសថាតើវាអាចរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋឬក៏អត់។
អ្នកឃ្លាំមើលបញ្ហាដីធ្លីរូបនេះបានបន្ថែមថា តំបន់ភ្នំលុងមានផ្ទៃដី ១ ២៦២ហិកតា ដែលសំបូរដោយរ៉ែមាសក្រោមដី ត្រូវបានក្រុមហ៊ុនឯកជនធំៗ ខ្លះជាក្រុមហ៊ុនចិន និងខ្លះជាក្រុមហ៊ុនវៀតណាម រួមមានក្រុមហ៊ុនរ៉ែមាស ឌែលខម ខេមបូឌា (Delcom Cambodia) ក្រុមហ៊ុន ស៊ិន សាន (Xinshan) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) បានពុះចែកគ្នាធ្វើអាជីវកម្មដោយមានក្រុមហ៊ុនខ្លះធ្វើអាជីវកម្មដោយមិនបានសិក្សាពីផលប៉ះពាល់ និងមានក្រុមហ៊ុនខ្លះបានផុតអាជ្ញាបណ្ណ។
ពលរដ្ឋបានឱ្យដឹងថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនរ៉ែមាសទាំងនោះបានពង្រឹងផ្ទៃដីធ្វើអាជីវកម្មរ៉ែមាសជាថ្មី ដោយហ៊ុមព័ន្ធដី និងបោះបង្គោលព្រំដី ធ្វើឱ្យប៉ះពាលផ្ទៃដីរបស់ពលរដ្ឋរាប់រយគ្រួសារ។ ពលរដ្ឋបន្តថា ការបន្តពង្រីកដីនេះ ដោយមានការសម្របសម្រួលពីអភិបាលស្រុករវៀង ខណៈដែលបញ្ហាដីធ្លីនេះប្រជាពលរដ្ឋបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានជួយដោះស្រាយតាំងពីឆ្នាំ២០២១ ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេ។
បើយោងតាមរបាយការណ៍ស្តីពី «ទំនោរបច្ចុប្បន្ននៃផលប៉ះពាល់លើសង្គមនិងបរិស្ថានពីអាជីវកម្មរ៉ែនៅកម្ពុជា» ដែលធ្វើការសិក្សាដោយអង្គការបណ្តាញផលប៉ះពាល់សង្គមនិងបរិស្ថាន បានចេញផ្សាយកាលពីឆ្នាំ២០១១បានឱ្យដឹងថា ការធ្វើអាជីវកម្មយករ៉ែនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលរងនូវការប៉ះពាល់ផ្នែកសុខភាព ដូចជាធ្វើឲ្យមានជំងឺសើស្បែក រួមទាំងការប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ថែមទាំងធ្វើឲ្យខូចគុណភាពដីដែលមិនអាចបង្កបង្កើនផលផងដែរ។
របាយការណ៍ដដែលបង្ហាញថា បើយោងតាមការធ្វើការអង្កេតរយៈពេលជាង២ឆ្នាំ គិតចាប់ពីចុងឆ្នាំ២០០៩ នៅក្នុងខេត្តចំនួនបួន គឺខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ និង ស្ទឹងត្រែង ដែលសកម្មភាពធ្វើអាជីវកម្មរ៉ែកំពុងដំណើរការនៅទីនោះ៕