រ៉ាដាងគឺជាភ្នំជំនឿមួយ ដែលស្ថិតនៅក្នុងដីសហគមន៍ជនជាតិដើមភាគតិចពូនង ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អ្នកភូមិតែងតែប្រារព្ធពិធីនៅលើភ្នំនេះ ដោយរៀបតង្វាយសែនព្រេនអ្នកតា ជាសកម្មភាពដែលមានជាយូរមកហើយ។
ទោះជាយ៉ាងនេះក្តី ដីភ្នំរ៉ាដាង ដែលមានផ្ទៃដី៤,៧៦ហិកតា ឥឡូវនេះក្លាយជាផ្នែកមួយនៃជម្លោះដីធ្លីអស់រយៈពេល៤ឆ្នាំមកហើយ បន្ទាប់ពីតាមចោទថា អ្នកភូមិមួយចំនួនបានលក់ដីភ្នំនេះទៅឱ្យអ្នកមកពីខាងក្រៅពីរនាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា ភិន សុភារក្ស និង សេង យៀន។
អ្នកស្រី រឿន ហែង អាយុ៣៩ឆ្នាំ តំណាងឲ្យជនជាតិដើមភាគតិចពូនង៨៥គ្រួសារនៅភូមិពូលូង កំពុងតស៊ូ ដើម្បីទាមទារយកភ្នំរ៉ាដាងមកវិញ។
អ្នកស្រីបានប្រាប់ខេមបូចាថា ការលក់ដីនេះបានកើតឡើង បន្ទាប់ពីតាមចោទថាអ្នកភូមិនិងអាជ្ញាធរមូលដ្ឋានមួយចំនួនបានក្លែងបន្លំបណ្ណកម្មសិទ្ធិដី និងលក់ដីទៅឱ្យបុគ្គលមួយចំនួន។
អ្នកស្រីបានបន្ថែមថា ឈ្មោះ ក្រើក ទ្រី និង ញ្រើម ខ្វែត ស្ថិតក្នុងចំណោមអ្នកភូមិប្រាំពីរគ្រួសារ ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការលក់ដីភ្នំនេះ។
អ្នកស្រីបន្តថា៖ «ពីរនាក់ហ្នឹង ជាអ្នកតំណាងឱ្យមានការលក់ដី ហើយក៏ជាចាស់ទុំនៅក្នុងភូមិផងដែរ។ ពួកគាត់ពីរនាក់នោះទ ដែលបានសង់ខ្ទមអ្នកតា និងដឹកនាំក្មេងជំនាន់ក្រោយសែនព្រេនផងដែរ។ មិនដឹងថាមូលហេតុអ្វីបានជាពួកគាត់[លក់វា]?»។
អ្នកស្រី រឿន ហែង បាននិយាយថា អ្នកលក់ដីបានអះអាងថា ភ្នំនោះគឺជាដីធ្វើស្រែចម្ការ ទាំងដែលភ្នំនោះមានខ្ទមអ្នកតា។
អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្តែយើងមិនដឹងមិនដឹងថា ហេតុអីបានជាពួកគាត់ហ៊ានសញ្ញេ
ដើម្បីលក់របស់ដែលមានតម្លៃដែលជាកន្លែងជំនឿ និងសែនព្រេនរបស់ខ្លួនឯងអ៊ីចឹង»។
ផលប៉ះពាល់មកលើភ្នំ និងប្រភពទឹក
បើតាមលោក ខ្វាន់ តៃ តំណាងសហគមន៍ម្នាក់ទៀតបានឲ្យដឹងថា ទីតាំងដីដែលមានជម្លោះនោះ មិនត្រឹមតែជាកន្លែងជំនឿប៉ុណ្ណោះទេ វាក៏ជាប្រភពទឹកផងដែរ ដែលអ្នកស្រុកនិយមហៅថា អូរច្បា។ ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីភាគច្រើនបានដឹងថា ប្រភពទឹកអូរច្បា គឺហូរមកពីភ្នំរ៉ាដាង។
លោក ខ្វាន់ តៃ បាននិយាយថា ភ្នំរ៉ាដាង និងតំបន់អូរច្បាមានសារៈសំខាន់ណាស់សម្រាប់អ្នកភូមិ ដូច្នេះការកាន់កាប់ភ្នំណាមួយនឹងប៉ះពាល់ដល់ប្រភពទឹករបស់ពួកគាត់។
អ្នកស្រី រឿន ហែង ចែករំលែកថា៖ «អ្នកភូមិពូលូងភាគច្រើនពឹងផ្អែកលើប្រភពទឹកពីភ្នំរ៉ាដាង ប្រសិនបើមានទឹកមិនគ្រប់គ្រាន់”»។
ការបាត់បង់ភ្នំគឺដូចជាការបាត់បង់ជំនឿ ទំនុកចិត្ត និងអត្តសញ្ញាណជនជាតិដើមភាគតិចដែរ។ នៅពេលសហគមន៍ជនជាតិដើមភាគតិចបាត់បង់អត្តសញ្ញាណ នោះវាគឺជាការបាត់បង់មរតកជាតិរបស់ខ្មែរដើម។ អ្នកស្រីបានបន្ថែមថា ក្មេងជំនាន់ក្រោយប្រហែលជាមិនដឹងថា អត្តសញ្ញាណរបស់ពួកគេជាអ្វីនោះទេ។
ដំណើរការដ៏ស្មុគស្មាញ
បន្ទាប់ពីឈ្មោះ ក្រើក ទ្រី និង ញ្រើម ខ្វេត បានលក់ដីអស់ហើយ ពួកគាត់បានសុំតំណាងរបស់ពួកគាត់ផ្តល់ប្រាក់ខ្លះដល់អ្នកភូមិ។ នៅឆ្នាំ២០១៩ អ្នកភូមិជាង១៤០គ្រួសារក្នុងចំណោម២៦៦គ្រួសារបានទទួលយកប្រាក់នេះ។
អ្នកស្រី រឿន ហែង បានបន្ថែមថា៖ «អ្នកតំណាងអ្នកទាំងពីរបានសុំឲ្យប្រជាពលរដ្ឋផ្តិតមេដៃមុននឹងផ្តល់ប្រាក់ចំនួន៨០ម៉ឺនរៀល [ប្រហែល២០០ដុល្លារ] ក្នុងមួយគ្រួសារ»។
ជាអកុសល អ្នកភូមិមិនបានដឹងថា ដីភ្នំត្រូវបានគេលក់នោះទេ។ អ្នកស្រីហែង និយាយថា៖ «អ្នកភូមិខ្លះថែមទាំងសួរមេភូមិថា តើលុយនេះបានមកពីណា ប៉ុន្តែគាត់ប្រាប់អ្នកភូមិថា គាត់អត់ដឹងទេ»។
មួយខែក្រោយមក នៅពេលអ្នកភូមិដឹងថា ភ្នំរ៉ាដាងត្រូវបានគេលក់ ពួកគាត់ក៏សម្រេចចិត្តប្រគល់ប្រាក់នោះឲ្យវិញ។
ទោះជាយ៉ាងណា អ្នកភូមិមួយចំនួនត្រូវបានគេព្រមានថា ពួកគាត់នឹងត្រូវសងប្រាក់ទ្វេដង ហើយមិនមែនត្រឹមតែ២០០ដុល្លារដែលពួកគាត់ទទួលបានសម្រាប់ថ្លៃដីនោះទេ។ អ្នកស្រីហែងបានបន្តថា៖ «ដូច្នេះ សហគមន៍សម្រេចមិនប្រគល់ប្រាក់វិញទេ ព្រោះពួកគាត់មិនមានប្រាក់គ្រប់គ្រាន់»។
អ្នកភូមិ២១នាក់ផ្សេងទៀតបានប្រគល់ប្រាក់ទៅឱ្យឈ្មោះ សេង សុភាព ជាតំណាងម្នាក់របស់អ្នកលក់ ដែលអះអាងថា គាត់ស្គាល់មនុស្សមានអំណាចជាច្រើន ប៉ុន្តែសហគមន៍មិនបានដឹងថា អ្នកស្រី សុភាព គឺជាអ្នកបោកប្រាស់នោះទេ។
អ្នកស្រីបាននិយាយថា៖ «អ្នកខ្លះសម្រេចចិត្តមិនប្រគល់លុយវិញទេ បន្ទាប់ពីពួកគាត់ត្រូវបានគំរាមសងប្រាក់មួយគុណនឹងពីរ ខណៈអ្នកខ្លះទៀតបានសងលុយវិញ ប៉ុន្តែនៅតែចាញ់បោក [ សុភាព]»។
លោក ខ្វាន់ តៃ អាយុ៥៣ឆ្នាំ ដែលត្រូវឡើងសវនាការជាមួយអ្នកស្រី រឿន ហែង នៅសាលាដំបូងខេត្តដែរនោះ បាននិយាយថា ប្រពន្ធរបស់លោកក៏បានទទួលប្រាក់ដែរ ប៉ុន្តែគាត់បានប្រគល់ប្រាក់នោះទៅឲ្យអ្នកស្រី សុភាព វិញ បន្ទាប់ពីដឹងថា ប្រាក់នោះបានមកពីការលក់ភ្នំ។
ទោះជាយ៉ាងនេះក្តី លោក ក្រើក ទ្រី តំណាងលក់ដីបានប្រាប់ខេមបូចាថា សហគមន៍បានយល់ព្រមលក់ដីភ្នំដែលមានផ្ទៃដី៣,៧ហិកតាកាលពីពីបីឆ្នាំមុន។ ប្រាក់កម្រៃបានពីការលក់ត្រូវបានបែងចែកស្មើៗគ្នាក្នុងចំណោមអ្នកភូមិ១៤១គ្រួសារ។
លោក ក្រើក ទ្រី និយាយថា៖ «មិនមានលក្ខខណ្ឌតម្រូវច្រើនសម្រាប់នីតិវិធីលក់នោះទេ គ្រាន់តែមានលិខិតព្រមព្រៀងដែលមានស្នាមមេដៃពីមេឃុំ និងមេភូមិ»។
មូលហេតុនៅពីក្រោយការលក់នេះ គឺដោយសារប្រជាពលរដ្ឋមិនសប្បាយចិត្តនឹងអ្នកខាងក្រៅដែលចូលទន្ទ្រានកាន់កាប់ដីភ្នំ ដូច្នេះក៏យល់ព្រមចុះកិច្ចសន្យាលក់ជាជាងបណ្តោយឲ្យគេចូលកាន់កាប់ដោយមិនបានផលប្រយោជន៍អ្វីដល់សហគមន៍សោះ។
លោកនិយាយថា វាមានទាំងមេឃុំ ឬមេភូមិដែលធ្វើឯកសារ បន្ទាប់ពីមានការព្រមព្រៀងគ្នា។
លោក ទ្រី បាននិយាយថា មានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានចូលរួមការតវ៉ា ដោយចោទថា “មនុស្សម្នាក់” ញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ អ្នកតវ៉ាខ្លះបានទទួលយកប្រាក់អស់ហើយ។
លោក ទ្រី បាននិយាយថា៖ «ជាធម្មតា នៅពេលដែលមនុស្សមានចិត្តច្រណែន ពួកគេច្រើនតែរកហេតុផលដើម្បីតវ៉ា។ និយាយឲ្យចំទៅ ដីភ្នំក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេលក់ជាទូទៅដោយមានការទូរទាត់ប្រាក់រួចរាល់ហើយ»។
លោកបានបន្ថែមថា៖ «ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋបារម្ភថា ភ្នំនេះនឹងត្រូវអ្នកខាងក្រៅចូលកាន់កាប់ដោយមិនបានទទួលផលប្រយោជន៍អ្វី។ ពលរដ្ឋចង់លក់វា ហើយបែងចែកអត្ថប្រយោជន៍ស្មើៗគ្នាប៉ុណ្ណោះ»។
លោក យិជ វិជយិនី ជាមេធាវីរបស់អ្នកទិញឈ្មោះ ភិន សុភារក្ស និង សេង យៀន បានបដិសេធធ្វើអត្ថាធិប្បាយទេ នៅពេលទាក់ទងតាមទូរសព្ទ។
លោក ភី ង៉ូក មេឃុំរមនាបាននិយាយថា វិវាទនេះកំពុងដំណើរការជំនុំជម្រះនៅតុលាការខេត្ត បន្ទាប់ពីមិនអាចដោះស្រាយបាននៅថ្នាក់ឃុំនៅឡើយទេ។
លោក ភី ង៉ុក បាននិយាយថា៖ «ថ្នាក់ឃុំមិនអាចដោះស្រាយការជាប់គាំង [រវាងសហគមន៍និងអ្នកទិញ] ទេ។ ប្រជាពលរដ្ឋតវ៉ាទាមទារយកភ្នំនេះវិញ ដែលជាកន្លែងពិសិដ្ឋរបស់ពួកគាត់ ប៉ុន្តែតាមពិត វាបានលក់អស់ហើយ ហើយអ្នកទិញមិនព្រមប្រគល់ឲ្យវិញទេ»។
ទាក់ទងនឹងការលក់នេះ ឃុំបានធ្វើការជាមួយសហគមន៍ និងអ្នកទិញ ដោយពួកគាត់កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋជាង១០០គ្រួសារតាមចោទថា បានផ្តិតមេដៃលើកិច្ចព្រមព្រៀងលក់ដីភ្នំ។ ទោះជាយ៉ាងណា នៅពេលដឹងថា ពួកគាត់ត្រូវបានគេបោកប្រាស់ សហគមន៍មិនសប្បាយចិត្ត ហើយបានរៀបចំការតវ៉ាដើម្បីរក្សាភ្នំជាកន្លែងពិសិដ្ឋរបស់ពួកគាត់។
លោក ភី ង៉ុក បាននិយាយថា៖ «ពួកគាត់ [សហគមន៍] បានបែងចែកប្រាក់រួចហើយក្នុងចំណោម១៧០គ្រួសារនៅក្នុងសហគមន៍។ ខ្ញុំបានឃើញពួកគាត់ទទួលបាន២០០ដុល្លារសម្រាប់គ្រួសារនីមួយៗ»។ នៅពេលអាជ្ញាធរសួរថា តើពួកគាត់យល់ព្រមលក់ឬអត់ តំណាងពីរនាក់បានឆ្លើយថា “បាទ” ។ អំឡុងពេលលក់ដូរនេះ អាជ្ញាធរជាច្រើនរួមទាំងមន្ត្រីឃុំ និងមន្ត្រីមន្ទីររៀបចំដែនដីបានចូលរួមពិនិត្យមើលទីតាំងដែរ។
លោក តៃ ក្រោយមកបានបញ្ជាក់ថា ស្នាមមេដៃទាំងនោះមិនបានប្រមូលពីអ្នកភូមិ ដើម្បីលក់ភ្នំនៅឆ្នាំ២០១៩នោះទេ ផ្ទុយទៅវិញគឺជាការទទួលស្គាល់ប្រាក់៨០ម៉ឺនរៀលក្នុងមួយគ្រួសារ។
បារម្ភខ្លាចបាត់បង់ម្តងទៀត
ការឈូសឆាយដីក្នុងដំណាក់កាលដំបូងត្រូវបានធ្វើនៅឆ្នាំ២០២០ លើផ្ទៃដីជាង៣ហិកតា។
អ្នកស្រី រឿន ហែង បាននិយាយថា៖ «នៅសល់ព្រៃតែមួយផ្នែកតូចប៉ុណ្ណោះ។ វានៅមានដោយសារយើងតវ៉ា» ដោយបានបន្ថែមថា សហគមន៍ក៏បានតវ៉ាប្រឆាំងនឹងការឈូសឆាយដីនៅពេលនោះដែរ ប៉ុន្តែភាគីម្ខាងទៀតមិនបានបញ្ឈប់ព្រោះពួកគេចង់បានប្លង់រឹង។ «គេថែមទាំងគំរាមចាប់ខ្លួនអ្នកភូមិទៀត ប្រសិនបើពួកគាត់តវ៉ា»។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងសហគមន៍បានទទួលការហៅទូរសព្ទ ដោយព្រមានពួកគាត់មិនឱ្យតវ៉ាតទៅទៀត ព្រោះដីភ្នំនឹងត្រូវឈូសឆាយទាំងស្រុងក្នុងរយៈពេល “ពីរទៅបីថ្ងៃទៀត”។
អ្នកស្រីនិយាយថា អ្នកភូមិណាដែលទៅកន្លែងនោះនឹងត្រូវចាប់ខ្លួន ព្រោះអាជ្ញាធរនឹងនៅទីនោះ។
អ្នកស្រីយល់ថា ភាគីអ្នកទិញ ហាក់ដូចជាមានអំណាចជាងសហគមន៍ ដោយសារពួកគេមានការគាំទ្រពីអាជ្ញាធរ ដែលធ្វើឲ្យអ្នកភូមិបាត់បង់ជំនឿលើសហគមន៍។ សហគមន៍បានដឹងថា អាជ្ញាធរមិននៅទីនោះ ដើម្បីជួយពួកគេទេ ប៉ុន្តែពួកគាត់ភ័យខ្លាច និងមិនហ៊ានតវ៉ាទេបន្ទាប់ពីនោះមក។
អ្នកស្រីនិយាយថា៖ «ការហៅទូរសព្ទមកគំរាមកំហែង និងការប្រាប់ថាមានអាជ្ញាធរចាប់ខ្លួន ជាទង្វើធ្វើឱ្យសហគមន៍មានការបាក់ស្បាត ភ័យខ្លាច បាក់ទឹកចិត្ត និងចុះចាញ់ទាំងអយុត្តិធម៌ជាខ្លាំង។ ជនជាតិដើមភាគតិច ជាជនដែលងាយរងគ្រោះដោយសារតែយើងអត់មានចំណេះដឹងច្រើនប៉ុន្មានទេ។ ដូច្នេះនៅពេលដែលមានការគំរាមកំហែង យើងមានការភ័យខ្លាច»។
គ្រឿងចក្រមួយគ្រឿងត្រូវបានគេនាំចូលទៅកាន់ដីមានជម្លោះកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈមានការព្យាយាមឈូសឆាយដីនៅតំបន់នោះជាលើកទី២។
អ្នកភូមិតវ៉ាម្ដងទៀតចំពេលមានវត្តមាននគរបាលខេត្ត និងមេធាវី ដែលបង្ហាញមុខនៅទីនោះជាមួយភាគីអ្នកទិញ។ អាជ្ញាធរបានប្រាប់អ្នកភូមិថា ភ្នំនេះមានប័ណ្ណកម្មសិទ្ធិនិងមានម្ចាស់។
អ្នកស្រី រឿន ហែង បាននិយាយថា៖ «[ប៉ុន្តែ] ដីនេះជាដីជំនឿ។ វាមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ទេ។ ប្រសិនបើពួកគេមានបណ្ណកម្មសិទ្ធិដី តើពួកគេបានមកដោយរបៀបណា?»។
អ្នកស្រីបន្ថែមថា មានជម្លោះតូចតាចរវាងសហគមន៍ និងភាគីអ្នកទិញនៅពេលនោះ បន្ទាប់មកមានការសម្របសម្រួលមួយ។ ខណៈតំណាងអ្នកទិញប្រាប់សហគមន៍ថានឹងបើកកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហា សហគមន៍ក៏ប្រាប់ភាគីម្ខាងទៀតឱ្យឈប់ឈូសឆាយដីទៀតផងដែរ។
ជាលទ្ធផល ភាគីអ្នកទិញបានដកគ្រឿងចក្រឈូសឆាយចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោះស្រាយជម្លោះអូសបន្លាយដ៏យូរ
រហូតមកដល់ពេលនេះ សហគមន៍បានដាក់ពាក្យប្តឹងមន្ត្រីមូលដ្ឋានក្នុងភូមិទៅសាលាខេត្ត និងក្រសួងមួយចំនួនរួមមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
អ្នកស្រី រឿន ហែង បន្តថា អាជ្ញាធរជាតិជំរុញឲ្យអាជ្ញាធរខេត្តជួយដោះស្រាយ។ នៅឆ្នាំ២០២២ អាជ្ញាធរខេត្តបានដោះស្រាយបញ្ហានេះ ដោយបែងចែកដីស្មើៗគ្នាជាពីរចំណែកសម្រាប់អ្នកទិញ និងសហគមន៍។ សមាជិកសហគមន៍មិនពេញចិត្តនឹងដំណោះស្រាយនេះទេ។
អ្នកស្រី រឿន ហែង បាននិយាយថា៖ «តើយើងអាចទទួលយកការបែងចែកនេះយ៉ាងម៉េចកើត ព្រោះភ្នំទាំងមូលគឺជាកន្លែងពិសិដ្ឋ។ វាមិនត្រឹមត្រូវទេ ក្នុងការអភិវឌ្ឍន៍ទីកន្លែងអារក្សអ្នកតា ទៅជារម្មណីយដ្ឋាននោះ»។
សម្រួលយ៉ាងម៉េច បើភ្នំទាំងមូលជាភ្នំជំនឿ។ វាពិតជាមិនត្រូវដែលយកកន្លែងជំនឿទៅជាកន្លែងរីសត។ កន្លែងជំនឿបែរជាក្លាយជាកន្លែងរីសត អត់កើតទេ។
អ្នកស្រី រឿន ហែង បាននិយាយថា៖ «ភ្នំរ៉ាដាងមានន័យថា មានជំនឿទៅលើភ្នំទាំងមូល។ ដូចផ្ទះយើងអ៊ីចឹង ផ្ទះត្រូវមានដំបូលបង្អួច ជញ្ជាំង ជណ្ដើរ ហើយប្រសិនបើផ្ទះអត់មានដំបូលតើគេហៅថាផ្ទះដោយរបៀបណា?»។
អ្នកស្រីបង្ហាញអារម្មណ៍សោកស្តាយថា ការស្វែងរកអន្តរាគមន៍របស់សហគមន៍ពីអាជ្ញាធរពាក់ព័ន្ធបានអូសបន្លាយពេលយូរ។
អ្នកស្រីនិយាយថា៖ «វាអូសបន្លាយពេលអស់បួនឆ្នាំហើយ។ យើងមិនដឹងថា តើជម្លោះនេះត្រូវការពេលប៉ុន្មានទៀត ដើម្បីដោះស្រាយនោះទេ?» ដោយកត់សម្គាល់ថា ស្ថានភាពនៅតែដដែល ហើយអ្នកដែលមានបំណងចង់កាន់កាប់ដីនោះ អាចនឹងឈូសឆាយម្ដងទៀត ខណៈដើមឈើដុះឡើងវិញ។
ទោះបីជាឯកសារទាំងនេះត្រូវបានរៀបចំដោយអាជ្ញាធរក៏ដោយ នៅពេលណាដែលមានបញ្ហា អាជ្ញាធរស្តីបន្ទោសសហគមន៍ហាក់ដូចជាពួកគាត់ជាអ្នកបង្កើតកំហុសចឹង។
តើមានការគប់គិតគ្នាមែនឬ?
លោក ប៊ី វ៉ាន់នី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី បានប្រាប់ខេមបូចាថា ភ្នំនេះជារបស់រដ្ឋ ដូច្នេះប្រសិនបើអាជ្ញាធរចង់ដោះស្រាយបញ្ហានេះ គឺអាចធ្វើបាន ព្រោះគ្មានអ្នកណាអាចលក់ទ្រព្យសម្បត្តិរដ្ឋបានទេ។ លើសពីនេះ រដ្ឋាភិបាលគួរតែគិតគូរដល់ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច។
មាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា រាល់ការរំលោភលើទ្រព្យសម្បត្តិសាធារណៈត្រូវពិន័យជាប្រាក់ពីប្រាំលានរៀលទៅហាសិបលានរៀលឬអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅប្រាំឆ្នាំ ឬប្រឈមនឹងទណ្ឌកម្មទាំងពីរ។
ជនប្រព្រឹត្តក៏ត្រូវចាកចេញពីដី ហើយមិនមានសិទ្ធិទទួលបានសំណងសម្រាប់ការងារ ឬការកែលម្អដែលបានធ្វើនៅលើដីនោះទេ។
លោក វ៉ាន់នី បន្ថែមថា អាជ្ញាធរគួរតែពន្យល់ពីច្បាប់ដល់សហគមន៍ និងអ្នកទិញ ជាជាងធ្វើសកម្មភាពដោយផ្អែកលើព័ត៌មានរបស់ភាគីតែម្ខាង។
លោក វ៉ាន់នី បានមានប្រសាសន៍ថា៖ «នីតិវិធីទិញធម្មតាត្រូវឡើងដល់ថ្នាក់ខេត្ត ប៉ុន្តែខ្ញុំមិនដឹងថា អាជ្ញាធរបានធ្វើអ្វីទេ។ ក្នុងករណីនេះ ប្រសិនបើតុលាការសម្រេចឲ្យអ្នកទិញឈ្នះ តើតុលាការនឹងផ្អែកលើមូលដ្ឋានលើអ្វីខ្លះ ព្រោះភ្នំជាកម្មសិទ្ធិរបស់រដ្ឋ?»។
ដោយបញ្ជាក់ជាថ្មីថា គ្មានច្បាប់លក់ដីរដ្ឋនោះ លោក វ៉ាន់នី មានប្រសាសន៍ថា សូម្បីលោក ស ខេង (អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) ក៏ធ្លាប់អះអាងថា លោកអត់មានសិទ្ធិកាន់កាប់ដីរដ្ឋដែរ ព្រោះរំលោភច្បាប់។ មានតែរដ្ឋាភិបាលទេ ដែលមានសិទ្ធិផ្តល់ដីរដ្ឋជាដីសម្បទានសេដ្ឋកិច្ច។
លោក វ៉ាន់នី ចោទសួរថា៖ «អាជ្ញាធរត្រូវសង្កេតមើលករណីនេះ។ ប្រសិនបើពួកគេ [អាជ្ញាធរ]គប់គិតគ្នាលក់ដីរដ្ឋ តើពួកគេបានអនុវត្តទៅតាមច្បាប់ដែរឬទេ?»។
ព្យាយាមស្វែងរកដំណោះស្រាយ
លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់ខេមបូចាថា ពលរដ្ឋមួយចំនួននៅក្នុងសហគមន៍បានលក់ភ្នំនេះ ”«ឱ្យអ្នកមកពីក្រៅដោយស្របច្បាប់»។ បញ្ហាបច្ចុប្បន្ននេះ គឺដោយសារពលរដ្ឋមួយក្រុមផ្សេងទៀតក្នុងសហគមន៍មិនសប្បាយចិត្ត ដែលមានន័យថា ក្រុមមួយបានលក់ដី ហើយមួយក្រុមទៀតចង់បានដីនោះវិញ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានដឹងគ្រប់ជ្រុងជ្រោយអំពីករណីនេះទេ ប៉ុន្តែកន្លងមក ក្រសួងមហាផ្ទៃបានចាត់មន្ត្រីខេត្តឲ្យចុះទៅពិនិត្យមើល។ ក្រុមការងារមួយត្រូវបានបញ្ជូនទៅសង្កេតការណ៍ម្តង ឬពីរដង ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ»។
ជាធម្មតា ពេលមានការលក់ដី នីតិវិធីនៃការផ្ទេរបណ្ណកម្មសិទ្ធិដីធ្លីត្រូវឆ្លងកាត់អាជ្ញាធរថ្នាក់ភូមិ ឬឃុំ។ ជារឿយៗមានទំនាក់ទំនងរវាងអាជ្ញាធរនៅថ្នាក់ក្រោម និងអ្នកទិញ ប៉ុន្តែអាជ្ញាធរខេត្តមិនដឹងថា ឃុំធ្វើអ្វី ដើម្បីស្របតាមនីតិវិធីបទដ្ឋាននោះទេ។
លោក វណ្ណៈ មានប្រសាសន៍ថា៖ «វាហាក់ដូចជាប្រជាពលរដ្ឋទាមទារថា ភ្នំនោះគឺជារបស់ពួកគាត់សម្រាប់ធ្វើពិធីបុណ្យផ្សេងៗ។ ទោះយ៉ាងណា ក៏គួរតែមានការហាមឃាត់ការលក់ដីភ្នំ»។
នៅពេលនេះ រដ្ឋបាលខេត្តទទួលបានព័ត៌មាន និងឯកសារផ្ទុយគ្នា ហើយកំពុងដំណើរការបញ្ជូនបន្តទៅកាន់អាជ្ញាធរថ្នាក់លើ។
លោកបានបន្តថា៖ «ដូចដែលខ្ញុំបាននិយាយហើយ យើងកំពុងព្យាយាមស្វែងរកដំណោះស្រាយ។ វាពិបាក ព្រោះមានអ្នកចង់បានដីមកវិញ និងអ្នកដែលព្រមព្រៀងលក់ ហើយយើងកំពុងព្យាយាមរកភស្តុតាងទាក់ទងនឹងជម្លោះនេះ»។
ខណៈលោកសង្កត់ធ្ងន់ថា ច្បាប់ហាមមិនឲ្យលក់ដីរដ្ឋនោះ លោកសង្ស័យថា ប្រហែលជាមានបុគ្គលម្នាក់ ដែលតាមចោទថា ក្លែងខ្លួនធ្វើជាតំណាង ដោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យយល់ព្រមលក់។ លោកមានប្រសាសន៍ថា៖ «កន្លងមក យើងទទួលស្គាល់ថា មានការឃុបឃិតឬរំលោភច្បាប់ខ្លះ ដើម្បីកាន់កាប់ដីនេះ»។
វាជាកន្លែងនៃជំនឿ
ភ្នំរ៉ាដាងជាភ្នំមួយដែលជនជាតិដើមភាគតិចពូនងបានប្រតិបត្តិជំនឿតាំងពីយូលង់ណាស់មកហើយ ហើយការជឿរបស់ពួកគាត់នេះវាបានចូលរួមចំណែកដល់ការអភិរក្សជីវចម្រុះ និងការពារដីសាធារណៈរបស់រដ្ឋផងដែរ នេះបើតាមលោកស្រី ជឿន ស្រីមុំ ប្រធានសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា។
ការលក់ និងទិញតំបន់សក្ការៈបូជា ដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច គឺជាការមិនគោរពដល់ជំនឿ ទំនៀមទម្លាប់ និងវប្បធម៌របស់ពួកគាត់។ អ្នកដែលពាក់ព័ន្ធក្នុងដំណើរការនេះ គឺកំពុងរួមចំណែកដល់ការលុបបំបាត់ជនជាតិដើមភាគតិច។
លោកស្រី ស្រីមុំ មានប្រសាសន៍ថា៖ «អ្នកដែលទិញដីនៅក្នុងតំបន់ជនជាតិដើមភាគតិចត្រូវសិក្សាអំពីប្រវត្តិដីឱ្យបានច្បាស់លាស់មុននឹងទិញ កុំឱ្យបង្កនូវភាពឈឺចាប់ដល់ជនជាតិដើមភាគតិច»។
នៅលើគណនីហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី យុន ម៉ាណេ នាយិកាប្រតិបត្តិ នៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានបញ្ជាក់ថា ក្នុងនាមលោកស្រីជាជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរី លោកស្រីអំពាវនាវសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត ដើម្បីបញ្ឈប់ការកំណត់ព្រំដី និងការប៉ុនប៉ងកាន់កាប់ឡើងវិញ។
លោកស្រី យុន ម៉ាណេ ក៏បានស្នើឱ្យប្រជាជនកម្ពុជា រួមទាំងជនជាតិដើមភាគតិច (IP) រួមគ្នាការពារទីកន្លែងជំនឿ និងសក្ការៈបូជា ដែលជាទ្រព្យសម្បត្តិសមូហភាពជនជាតិដើម សម្បត្តិរដ្ឋ និងជាមរតកជាតិខ្មែរយើងឲ្យខានតែបានផង ជាពិសេសការពារ និងគោរពឲ្យបានដូចវត្ត វិហារចាម និងវិហារយេស៊ូ។
លោកស្រីបានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជា [អ្នកទិញ ]មកប៉ះពាល់តំបន់ជនជាតិដើមយើងខ្ញុំដែលបានថែរក្សាការពារ និងគោរពតាំងពីដូនតាដ៏យូរលង់ណាស់មកហើយ? ហេតុអ្វីទីតាំងជំនឿផ្សេងៗរបស់សាសនាផ្សេងៗគេអាចរក្សាការពារ?ហេតុអ្វីបានជាពួកគេមិនហ៊ានមើលងាយ ឬលក់ [កន្លែងសាសនា] ផ្សេងទៀតដូច [ពួកគេលក់] កន្លែងជនជាតិដើមភាគតិច?»។
លោកស្រីមានប្រសាសន៍ថា ជនជាតិដើមភាគតិចមានកន្លែងជំនឿដូចសាសនាដទៃទៀតដែរ។ ដោយលោកស្រីបានបន្ថែមថា៖ «ដូច្នេះ យើងត្រូវតែធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ [ការបាត់បង់ភ្នំរ៉ាដាង]។ ក៏មានច្បាប់ ដែលរក្សាវប្បធម៌ ប្រពៃណី និងសិទ្ធិរបស់ជនជាតិដើមភាគតិចផងដែរ។ ដូច្នេះយើងត្រូវរួមគ្នាការពារឲ្យខានតែបាន ប្រទេសយើងក៏មានច្បាប់ដែលគោរពវប្បធម៌ ប្រពៃណីនិងសិទ្ធិជនជាតិដើម» ។
ត្រឡប់មកនិយាយអំពីភ្នំរ៉ាដាងវិញ អ្នកស្រី រឿន ហែង បាននិយាយថា ដំណោះស្រាយដែលសមស្របបំផុត គឺត្រូវប្រគល់ដីមកសហគមន៍ និងរដ្ឋវិញ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា មិនមែនសម្រាប់តែជនជាតិដើមភាគតិចនោះទេ។ អាជ្ញាធរមូលដ្ឋានក៏គួរបញ្ឈប់ការគំរាមកំហែងប្រជាពលរដ្ឋ ហើយត្រូវគោរពច្បាប់។
អ្នកស្រីបាននិយាយថា៖ «ពួកគាត់ [អាជ្ញាធរមូលដ្ឋាន និងអ្នកទិញ] កុំអាងមានអំណាច មានលុយ ហើយចង់បំផ្លាញសូម្បីតែដីជំនឿ»។
អ្នកស្រី រឿន ហែង បាននិយាយថា ប្រសិនបើអ្នកស្រីអាចជួបជាមួយអ្នកទិញដោយផ្ទាល់នៅថ្ងៃណាមួយ អ្នកស្រីនឹងពន្យល់ពួកគាត់ពីមូលហេតុដែលសហគមន៍របស់អ្នកស្រីទាមទារឱ្យយកភ្នំរ៉ាដាងត្រឡប់មកវិញ។
អ្នកស្រីបានបន្ថែមថា៖ «យើងនឹងប្រាប់ពួកគាត់ថា ភ្នំនេះគឺជាកន្លែងជំនឿ ហើយវាមានសារសំខាន់ណាស់សម្រាប់កូនចៅរបស់យើង» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Return Our Sacred Mountain’ – Punong Natives in Mondulkiri Continue Four-Year Fight For Land Sold Illegally