យ៉ាងហោចណាស់ ស្រូវប្រាំងចំនួន ៧៦ម៉ឺនហិកតា ត្រូវបានដាំដុះនៅក្នុងខេត្តមួយចំនួន។ ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះ មានការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ ដែលធ្វើឲ្យកសិករកំពុងព្រួយបារម្ភ ដោយសារពួកគាត់អាចនឹងជំពាក់បំណុលគេកាន់តែច្រើន។
ខណៈពេលដែលអាជ្ញាធរអះអាងថា ខ្លួនកំពុងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយដោះស្រាយបញ្ហានេះ កសិករជាង២០០នាក់នៅក្នុងខេត្តតាកែវបានតវ៉ាដោយបិទផ្លូវកាលពីថ្ងៃសុក្រ ក្នុងបំណងទាមទារឱ្យមានការបើកបង្ហូរទឹកពីអាងស្តុកទឹកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ពួកគាត់។
ក្នុងចំណោមកសិករដែលធ្វើស្រែប្រាំងទាំងនោះ អ្នកស្រី ឃឹម សុភ័ណ្ឌ មកពីខេត្តពោធិ៍សាត់ ស្រុកបាកានបាននិយាយថា ការខ្វះទឹកស្រោចស្រពបានធ្វើឲ្យស្រូវចំនួន២ហិកតា «ខូចខាតទាំងស្រុង» និង២ហិកតាទៀតជិតនឹងខូចហើយ បើទោះបីជានៅជិតប្រឡាយក៏ដោយ «អត់មានទឹកក្នុងប្រឡាយសម្រាប់បូមទេ»។
ទោះបីជាប្រទេសកម្ពុជាមានទន្លេ ស្ទឹង និងបឹងច្រើនក៏ដោយ ក៏កសិករនៅតែបន្តប្រឈមនឹងការខ្វះខាតទឹកសម្រាប់កសិកម្ម។ អ្នកស្រីនិយាយថា ប្រសិនបើរដ្ឋាភិបាលមិនមានប្រព័ន្ធធារាសាស្ត្រច្រើនគ្រប់គ្រាន់ទេ កសិករនឹងជួបការលំបាក។
ដើមទុនរបស់អ្នកស្រីសម្រាប់ធ្វើស្រែចំការរួមមានកម្ចីធនាគារ និងលុយចងការឯកជន ប៉ុន្តែដោយសារស្រូវរបស់អ្នកស្រីខូចខាតទាំងស្រុង អ្នកស្រីកំពុងប្រឈមនឹងបញ្ហាបំណុលធ្ងន់ធ្ងរ។
អ្នកស្រីថ្លែងថា៖ «ស្រែពីរហិកតានឹងត្រូវបំផ្លាញ ប្រសិនបើយើងមិនទទួលបានទឹកមួយដំណក់នោះ។ មួយហិកតាចំណាយអស់ជិតប្រាំលានរៀល។ កង្វះទឹក គឺជាបញ្ហាកើតឡើងដដែលៗចាប់តាំងពីខ្ញុំចាប់ផ្តើមធ្វើស្រែ»។
ស្រ្តីវ័យ៣៩ឆ្នាំរូបនេះនិយាយថា៖ «ដោយសារក្រសួងធនធានទឹក និងឧតុនិយមមិនបានរៀបចំប្រព័ន្ធទឹកបានល្អសម្រាប់យើង។ ខ្ញុំខាតបង់អស់២៥០០ដុល្លារ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ ក្រៅពីរង់ចាំទឹកក្បែរប្រឡាយនោះ»។
អ្នកស្រីបានបន្ទោសអាជ្ញាធរថា មិនបានជួយអន្តរាគមន៍ និងឆ្លើយតបនឹងតម្រូវការរបស់កសិករ ខណៈការខ្វះខាតទឹកកើតមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនទាន់មានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅឡើយ។ អ្នកស្រីថា អាជ្ញាធរមិនគួរបន្ទោសកសិករថា ដោយសារ «ការធ្វើស្រែហួសកម្រិត» នៅពេលដែលមានការខ្វះខាតទឹកនោះទេ ផ្ទុយទៅវិញ ពួកគាត់គួរតែស្វែងរកវិធីដោះស្រាយបញ្ហា និងបង្កើនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងហានិភ័យ។
អ្នកស្រី សុភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំមិនដឹងថា គាត់ [ក្រសួង] រៀបចំប្រព័ន្ធទឹកដោយរបៀបណាទេ ប៉ុន្តែរាល់ពេលដែលខ្ញុំចាប់ផ្ដើមធ្វើស្រែប្រាំង តែងតែមានការខ្វះខាតទឹក។ ប្រសិនបើអ្នកធ្វើច្រើន អ្នកខាតកាន់តែច្រើន។ បើអ្នកធ្វើតិច អ្នកខាតតិច»។
ការព្រួយបារម្ភរបស់អ្នកស្រី គឺការខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនៗ។ អ្នកស្រីបន្តថា ក្រសួងគួរតែចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋតាំងពីដំបូងមក «ដូច្នេះ បើយើងបន្តធ្វើស្រែ យើងជាអ្នកខុស»។
លោក ហឿន អាយុ៧០ឆ្នាំ ជាកសិករម្នាក់នៅខេត្តបាត់ដំបងបាននិយាយថា លោកមិនដឹងថា គួរបន្ទោសរដ្ឋាភិបាលឬអត់ទេ ខណៈគ្មានទឹក ឬភ្លៀងសម្រាប់ស្រោចស្រពស្រែ។ លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែកសាងប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់កសិករ។
លោកបាននិយាយថា៖ «ខ្ញុំខាតបង់ប្រហែល៤០ម៉ឺនរៀល បន្ទាប់ពីស្រែមួយហិកតារបស់ខ្ញុំត្រូវខូចខាត។ រដ្ឋាភិបាលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសាងសង់ប្រព័ន្ធទឹកបន្ថែម»។
ក្នុងកិច្ចប្រជុំពេញអង្គរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២ ខែកុម្ភៈ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធនានា ត្រៀមដោះស្រាយការខ្វះខាតទឹក។លោកក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រផងដែរ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ប្រាប់ខេមបូចាថា អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាកង្វះទឹកសម្រាប់កសិករធ្វើស្រែប្រាំង។
លោកបានមានប្រសាសន៍ថា បើទោះជាមានការប្រកាសរបស់អាជ្ញាធរអំពីការខ្វះខាតទឹកក៏ដោយ ក៏ប្រជាពលរដ្ឋ «នៅតែប្រញាប់ប្រញាល់ធ្វើស្រែបានច្រើនជាងការគ្រោងទុក»។
លោក រីដា បានមានប្រសាសន៍ថា៖ «អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តរបស់យើងបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយយើងផ្គត់ផ្គង់ទឹកដោយផ្អែកលើអាងស្តុកទឹក។ បច្ចុប្បន្ននេះ ទឹកកំពុងបូមចូលប្រឡាយមេ ប៉ុន្តែបរិមាណទឹកមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ទេ»។
ឆ្លើយតបនឹងកង្វះទឹកសម្រាប់ធ្វើស្រែប្រាំង លោកមានប្រសាសន៍ថា មកពីប្រជាពលរដ្ឋដឹងថា តម្លៃស្រូវឆ្នាំនេះប្រសើរជាងឆ្នាំមុន។ ដូចនេះ ប្រជាពលរដ្ឋប្រញាប់ប្រញាល់ធ្វើស្រែ ដែលនាំឲ្យខ្វះទឹកប្រើប្រាស់។
លោកមានប្រសាសន៍ថា៖«នៅរដូវប្រាំង យើងគ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំងទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួនបានកត់សម្គាល់ឃើញពីតម្លៃស្រូវ [ឆ្នាំនេះ] ដូច្នេះគាត់ [ចង់] ធ្វើម្ដងទៀត។ អាជ្ញាធររបស់យើងបានជូនដំណឹងគាត់ [អំពីការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់] ប៉ុន្តែគាត់មិនស្តាប់ទេ»។ ដោយលោកបន្ថែមថា៖ «យើងពិតជាសោកស្តាយចំពោះការខាតបង់របស់គាត់។ យើងជួយអន្តរាគមន៍ បើមានការខ្វះខាតទឹក ប៉ុន្តែនៅពេលអត់មានទឹក តើយើងអន្តរាគមន៍យ៉ាងម៉េច?»។
ក្នុងខេត្តពោធិ៍សាត់ មានកសិករធ្វើស្រែប្រាំងជិត៥ម៉ឺនហិកតា ប៉ុន្តែប្រភពទឹកដែលមានចំនួន៦០លានម៉ែត្រគូបអាចស្រោចស្រប់ស្រូវប្រាំងបានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ។ ស្រុកដែលប្រឈមនឹងបញ្ហានេះ គឺស្រុកកណ្តៀង និងស្រុកបាកាន។
ដើម្បីឆ្លើយតបនឹងតម្រូវការកសិកម្ម រដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ទឹងពោធិ៍សាត់ដំណាក់កាលទី២ ដើម្បីបង្ការកង្វះខាតទឹកសម្រាប់ធ្វើស្រែប្រាំងនាពេលអនាគត។
លោកមានប្រសាសន៍ថា៖«យើងនឹងបន្តធ្វើការលើគម្រោងនេះ [ការសាងសង់ប្រព័ន្ធធារាសាស្ត្រ]។ នៅពេលដែលស្ទឹងនេះត្រូវបានសាងសង់រួចរាល់ ប្រជាពលរដ្ឋនឹងអាចធ្វើស្រែដោយសេរី ព្រោះវាអាចស្តុកទឹកបាន៨០០លានម៉ែត្រគូប»។
ស្របពេលជាមួយគ្នានេះ កសិករជាង២០០នាក់ នៅស្រុកសំរោង និងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើការតវ៉ាទាមទារឲ្យអាជ្ញាធរស្រុកសំរោងបើកបង្ហូរទឹកពីបឹងបត់រកានៅផ្នែកខាងលើ ដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់។
លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានប្រាប់ខេមបូចាថា កង្វះខាតទឹកមិនធ្លាប់កើតមានទេពីមុនមក ព្រោះជារៀងរាល់ឆ្នាំអាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋកុំឲ្យធ្វើស្រែប្រាំង។ ឆ្នាំនេះ តម្លៃស្រូវឡើងថ្លៃ ដែលជំរុញឱ្យប្រជាពលរដ្ឋបង្កើនការធ្វើស្រូវប្រាំង បើធៀបនឹងឆ្នាំកន្លងមក។
លោកមានប្រសាសន៍ថា អាជ្ញាធរបានជូនដំណឹងទៅអភិបាលខេត្តរួចហើយ ហើយនឹងចាត់មន្ត្រីជំនាញចុះពិនិត្យកម្រិតទឹកនៅបឹងបត់រកា និងចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋ។
ទឹកនៅតំបន់ផ្នែកខាងលើ គឺផ្គត់ផ្គង់តែប្រជាពលរដ្ឋក្នុងស្រុកសំរោងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ ខណៈទឹកនៅផ្នែកខាងក្រោមគឺសម្រាប់កសិករ។ ទោះយ៉ាងណា លោកបានបន្ថែមថា ទឹកនៅផ្នែកខាងក្រោមកំពុងតែចាប់ផ្តើមអស់ហើយ។
កាលពីរសៀលថ្ងៃសុក្រ អ្នកជំនាញបានចុះទៅពិនិត្យកម្រិតទឹកនៅអាងស្តុកទឹកបឹងបត់រកា ក៏ដូចជាស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីដឹងថា គួរបញ្ចេញទឹកប៉ុន្មាន ប៉ុន្តែមិនទាន់មានព័ត៌មានថ្មីនៅឡើយ។
ជុំវិញបញ្ហានេះ លោកបានសង្កត់ធ្ងន់ថា មានទឹកមិនគ្រប់គ្រាន់ទេនៅក្នុងអាងស្តុកទឹក។ លោកមានប្រសាសន៍ថា៖«ប្រសិនបើយើងបើកអាងស្តុកទឹករយៈពេលបីថ្ងៃ វាអាចនឹងអស់ទឹក។ ប្រសិនបើរឿងនេះកើតឡើងមែន វានឹងប៉ះពាល់ដល់ឃុំចំនួន៩ ក្នុងស្រុកសំរោង ដែលប្រើប្រាស់អាងស្តុកទឹកនេះ។ យើងមិនដឹងថា តើយើងអាចយកទឹកពីណាទៀតសម្រាប់ប្រជាជននោះទេ»។
លោកបានបន្ថែមថា ៖ «បរិមាណទឹកគ្រប់គ្រាន់ត្រឹមខែមេសា ប៉ុន្តែប្រសិនបើអ្នកបើកទឹកសម្រាប់ [ធ្វើ] ស្រែប្រាំង វានឹងអស់នៅដើមខែមីនា»។
អ្នកស្រី គង់ ស្រីលាភ ពលរដ្ឋនៅស្រុកសំរោងបានប្រាប់ខេមបូចាថា អ្នកស្រីព្រួយបារម្ភចំពោះអាជ្ញាធរ ក្នុងករណីដែលបើកបង្ហូរទឹកសម្រាប់ស្រូវប្រាំង ព្រោះ «ឆ្នាំនេះវាក្តៅខ្លាំង ហើយរដូវប្រាំងក៏វែង»។
អ្នកស្រីថា ប្រសិនបើអស់ទឹក វានឹងមានហានិភ័យខ្ពស់ណាស់។ ប្រជាពលរដ្ឋនៅស្រុកសំរោង អាចនឹងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកស្រីនិយាយថា៖«ខ្ញុំមិនចង់ឲ្យអាជ្ញាធរបើកទឹកសម្រាប់ធ្វើស្រែប្រាំងទេ ព្រោះប្រជាពលរដ្ឋនៅស្រុកសំរោងក៏ត្រូវការទឹកពីបឹងនេះដែរ។ ប្រសិនបើបើកទឹក យើងនឹងប៉ះពាល់ខ្លាំងណាស់ ជាពិសេសអ្នកដែលគ្មានអណ្ដូង។ វានឹងមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋ»។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកកម្មប្រាប់ខេមបូចាថា កង្វះទឹកសម្រាប់ធ្វើស្រែប្រាំងឆ្នាំនេះ មិនមែន «ជាគ្រោះធម្មជាតិទេ»។ ផ្ទុយទៅវិញ គឺកសិករភាគច្រើនធ្វើស្រែប្រាំងហួសពីផែនការគ្រប់គ្រងទឹក ដូចជានៅខេត្តបាត់ដំបង និងពោធិ៍សាត់។
លោកមានប្រសាសន៍ថា៖«ការខូចខាតនេះមិនប៉ះពាល់ដល់ទិន្នផលស្រូវរដូវប្រាំងទាំងមូលទេ។ រដ្ឋាភិបាលតែងតែមានការឆ្លើយតប ប៉ុន្តែការឆ្លើយតប គឺអាស្រ័យលើស្ថានការណ៍»។
លោក ហ្វីណង់ បានកត់សម្គាល់ថា ទោះបីជាមានការខ្វះខាតទឹកនៅឆ្នាំនេះក៏ដោយ ប៉ុន្តែទិន្នផលស្រូវប្រាំងមិនបានធ្លាក់ចុះនោះទេ។
លើសពីនេះទៅទៀត លោកបានមានប្រសាសន៍ថា តំបន់ដែលរងការខូចខាតភាគច្រើន គឺដោយសារតែតំបន់ទាំងនោះមិនមែនជាតំបន់ដែលគេប្រើប្រាស់សម្រាប់ធ្វើស្រែប្រាំង ហើយថា វាតែងតែមានហានិភ័យ។ តាមពិតទៅ កន្លែងដែលកសិករធ្វើស្រែជារៀងរាល់ឆ្នាំមិនមានកត្តាហានិភ័យណាមួយទាក់ទងនឹងការខូចខាតនោះទេ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមមានប្រសាសន៍ថា យោងតាមផែនការស្រោចស្រពឆ្នាំ២០២៣-២០២៤ ការបង្កបង្កើនផលស្រូវប្រាំងនឹងមានលើផ្ទៃដីត្រឹម៥០ម៉ឺនហិកតាប៉ុណ្ណោះ។ ប៉ុន្តែគិតត្រឹមខែកុម្ភៈ ផ្ទៃដីស្រែប្រាំង គឺមានប្រហែល ៧៦ម៉ឺនហិកតានៅឆ្នាំនេះ ដែល «មិនធ្លាប់មានពីមុនមក»បើធៀបនឹងឆ្នាំមុន។
លោក យុត្ថា បន្តថា ការកើនឡើងនៃការផលិតស្រូវ អំឡុងរដូវប្រាំងជាមូលហេតុនៃការខ្វះទឹក។ យ៉ាងណាក៏ដោយ ក្រសួងបានអន្តរាគមន៍តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធានាប្រភពទឹកសម្រាប់កសិករ។
លោក យុត្ថា បានប្រាប់ខេមបូចាថា៖«តំបន់ដែលរងផលប៉ះពាល់ភាគច្រើនកំពុងត្រូវបានដោះស្រាយរួចហើយ។ តួលេខនេះនឹងត្រូវបូកបន្ថែមនៅចុងឆ្នាំនេះ។ នៅកន្លែងខ្លះ ដរាបណាមានប្រភពទឹក យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព លើកលែងតែកន្លែងដែលគ្មានប្រភពទឹក»។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពនឹងកើនឡើងជាលំដាប់ ដោយកើនឡើងយ៉ាងខ្ពស់ដល់៣៨អង្សាសេនៅចន្លោះខែមេសានិងដើមខែឧសភា។ ថ្ងៃខ្លះ វាអាចឡើងដល់៤១អង្សាសេ។ ស្របពេលសីតុណ្ហភាពកើនឡើង ទឹកភ្លៀងអាចនឹងទាបជាងនៅឆ្នាំ២០២៣ ហើយវាអាចនឹងមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ថែមទៀត។
លោក យុត្ថា បានបន្ថែមថា កាលពីឆ្នាំមុន កម្ពុជាមានផ្ទៃដីស្រែប្រាំងចំនួន៦០ម៉ឺនហិកតា។ ធៀបនឹងឆ្នាំ១៩៩៩និង២០០០មានតែ២៥ម៉ឺនហិកតាប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖«កន្លែងទាំងនេះមិនដែលរីងស្ងួត [ឬ] មិនដែលអស់ទឹកពីបឹងនោះទេ ប៉ុន្តែឥឡូវនេះ យើងឃើញមានការប្រែប្រួល ដូច្នេះយើងកំពុងឆ្លើយតបនឹងការប្រែប្រួលនោះ»។
ជុំវិញបញ្ហានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មានជំនឿថា យន្តការឆ្លើយតបរបស់ភាគីពាក់ព័ន្ធគួរតែធ្វើតាមស្ថានភាពជាក់ស្តែង។ ប៉ុន្តែនៅមិនទាន់រកឃើញដំណោះស្រាយសមរម្យសម្រាប់ប្រជាពលរដ្ឋនៅឡើយទេ។
លោកមានប្រសាសន៍ថា៖«កសិករ ដែលធ្វើស្រែប្រាំងនៅតែជាអ្នករងគ្រោះ។ ជីវភាពរបស់ពួកគាត់រងផលប៉ះពាល់ ខណៈពួកគាត់បន្តជំពាក់បំណុលគេ។ ប្រាក់ជាច្រើនត្រូវចំណាយសម្រាប់ការធ្វើស្រែចម្ការ»។
លោកថាប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មិនទាន់ឆ្លើយតបនឹងតម្រូវការរបស់កសិករទេ ដូច្នេះហើយបានជាក្រសួងនានារួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ រួមគ្នាដោះស្រាយបញ្ហានេះ។
លោកមានប្រសាសន៍ថា៖«កសិករមិនធ្វើស្រូវប្រាំង[ទាំងអស់គ្នា]ទេ។ ប្រសិនបើពួកគាត់ទាំងអស់គ្នាធ្វើស្រូវដូចនៅរដូវវស្សា ខ្ញុំគិតថា បញ្ហានឹងកាន់តែធំដោយសារកង្វះទឹក»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Farmers Demand For Release of Water as Shortages Damage Dry Rice Fields