សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាគីពាក់ព័ន្ធវិស័យស្រូវអង្ករលើកឡើងពីបញ្ហាដែលរារាំងកិច្ចប្រឹងប្រែងដើម្បីឆ្លើយតបតាមស្តង់ដារទីផ្សារនាំចេញ

កសិករប្រមូលផលស្រូវនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ សុខ សាវី)
កសិករប្រមូលផលស្រូវនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ សុខ សាវី)

កង្វះជំនួយបច្ចេកទេស ទីផ្សារគ្មាន​ស្ថិរភាព​ និងប្រព័ន្ធធារាសាស្រ្តមិនល្អ ស្ថិត​ក្នុង​ចំណោម​បញ្ហាសំខាន់ៗដែលលើកឡើងដោយកសិករកម្ពុជា រោងម៉ាស៊ីនកិនស្រូវ ពាណិជ្ជករ​ អ្នកផលិត ដៃគូអភិវឌ្ឍន៍ និងវិទ្យាស្ថានស្រាវជ្រាវ។  

នៅថ្ងៃទី១២ ខែមីនាឆ្នាំនេះ ស្ថាប័នជាតិ និងអង្គការស្បៀង និងកសិកម្មនៃ​​សហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាមួយ ដើម្បីចាប់ផ្តើមដំ​ណើរការរៀបចំ​បង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករ (២០២៤-២០៣០)។ 

 អ្នកស្រី​ ឡាយ សុខុម អនុប្រធានសហគមន៍ប្រស្រែ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រ​សាសន៍ថា ពួកគាត់ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាចំណេះដឹងនៅមាន​កម្រិតលើបច្ចេកទេស​ថែទាំ​ស្រូវ​។ កសិករ​ក៏​ត្រូវបាន​​​កេង​ប្រវ័ញ្ច​ដោយ​​ឈ្មួញកណ្តាលដែល​ផ្តល់​តម្លៃ ​«តាម​តែមាត់​របស់​ពួកគេ»  មាន​ន័យ​ថា ​គេ​កំណត់​តម្លៃ​​តាម​ចិត្ត បូក​រួម​ទាំង​ប្រព័ន្ធ​ធារាសាស្ត្រ​ក៏​អន់​ ប្រជា​ពលរដ្ឋ​​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទឹកភ្លៀង​ដើម្បី​ស្រោច​ស្រព​ដំណាំ​ស្រូវ​របស់​ពួកគាត់​។ 

 អ្នក​ស្រី​បាន​និយាយ​ថា ទោះ​បីជា​​មាន​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​នៅ​កន្លែង​ផ្សេង​ទៀត​ក៏​ដោយ ក៏​អ្នកស្រី​​បានលើកឡើង​ថា អាជ្ញាធរ «នៅ​តែមើល​មិន​ឃើញ​បញ្ហា​ទាំង​នេះ​» អ្នកស្រី​កត់​សម្គាល់​ថា គ្មាន​មន្ត្រី​ឃុំ​​ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​កសិកម្ម​​ទេ។ អ្នក​ស្រី​បាន​សម្តែង​ការ​សោកស្តាយ​​ថា៖ «នៅ​ដំណាច់​ឆ្នាំមុននេះ ស្រូវ​របស់​យើង​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​សត្វ​ល្អិត ប៉ុន្តែ​គ្មាន​មន្ត្រី​កសិកម្ម​មក​មើល​ទេ»  

បើតាមអ្នកស្រី​ សុខុម ទីផ្សារមិនមាន​ស្ថិរភាព​ ឬមិនច្បាស់លាស់ គឺជាបញ្ហាធំមួយទៀត​សម្រាប់​​​កសិករ ដោយសារឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវពី១៣០០រៀល​ក្នុង១គីឡូក្រាម​មកនៅ​ត្រឹម៩៥០រៀលក្នុង១គីឡូក្រាមនៅពេលស្រូវ​មាន​ច្រើន​​ ប៉ុន្តែដំឡើងថ្លៃពេលស្រូវ​​មាន​តិច​។  

អ្នកស្រីបានទទូច​ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែករំលែកបច្ចេកទេសដាំដុះ​ស្រូវ​​ប្រកបដោយគុណភាព ស្របតាមតម្រូវការទីផ្សារ ដើម្បីឱ្យពួកគាត់អាចបោះបង់​ចោល​ការដាំដុះស្រូវតាមបែបប្រពៃណី ដោយសារពួកគាត់ត្រូវឈ្មួញទម្លាក់​ថ្លៃ​អំឡុង​រដូវច្រូតកាត់។  

ស្រដៀងគ្នានេះដែរ អ្នកស្រី​ យស់ សុ​ភ័ណ្ឌ ប្រធានសហគមន៍សាមគ្គីចេកមាស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀងបានប្រាប់ ខេមបូចា ​ថា សហគមន៍របស់អ្នកស្រីមិន​​សូវយល់​ដឹង​ពី​បច្ចេកទេស​កសិកម្មទំនើបទេ ខណៈពួកគាត់​ប្រកបរបរកសិកម្មបែប​ប្រពៃណី។​ ស្របពេល​ដែលអ្នកស្រី​បានឮអំពីការពង្រាយមន្ត្រីឃុំ ឬអ្នកជំ​នាញ​ទៅដល់​ស្រែនោះ គ្មាន​សមាជិក​សហគមន៍​​ណាបានឃើញមន្ត្រីជំនាញ​​ ឬទទួលបាន​ការបណ្តុះបណ្តាលត្រឹមត្រូវនោះទេ។ 

អ្នក​ស្រីនិយាយថា៖ «ប្រសិនបើ​មានការ​ពង្រីក​ទីផ្សារ វា​ជា​ការ​ល្អ​សម្រាប់​កសិករ ប៉ុន្តែ​តាម​យើង​​​ដឹង កសិករ​ប្រើ​វិធី​បុរាណ​ក្នុងការ​ធ្វើស្រែ ពួកគាត់​គ្មាន​ជំនាញ​បច្ចេក​ទេស​ ដើម្បីឆ្លើយ​តប​តាម​តម្រូវការ​ទេ»  អ្នក​ស្រី សុភ័ណ្ឌ និយាយ​ថា៖​ «នៅ​ពេល​និយាយ​ដល់​ក្រសួង ឬ​មន្ទីរ​នានា គេ​មិន​ដែល​ប្រាប់​យើង​​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បីឆ្លើយ​តប​តាម​ស្តង់ដារ​នោះ​ទេ។ ដូច្នេះ​ ប្រសិនបើ​ធ្វើទៅខុស​ យើង​ក៏​មិន​ដឹង​ដែរ ព្រោះ​យើង​មិន​ដឹង​ថា ​មាន​តម្រូវ​ការ​យ៉ាង​ណា​»  

ដូច្នេះហើយ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ចែករំលែក​ចំណេះ​ដឹង​​ដល់​កសិករ ​ដើម្បី​ឲ្យ​ពួក​គាត់​​អាច​ផលិត​ស្រូវ​ដែលមាន​គុណភាព​ស្រប​តាម​តម្រូវការ​ទីផ្សារ។ លើសពីនេះ អ្នកស្រី​ «មិនជឿ​ទាំងស្រុង» លើ​ផែនការណាមួយដែលថា ស្ថាប័នជាតិកំពុងរៀប​ចំ​ផែនការ​សម្រាប់​វិស័យ​​នេះ ខណៈដែលអ្នកស្រី​ «មិនដែល​ឃើញគម្រោងទទួល​បាន​ជោគជ័យនាពេលកន្លង​មក​នោះទេ»។  

ស្របពេល​ជាមួយគ្នា​​នេះដែរ​ សិក្ខាសាលាដែលរៀបចំដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ និងក្រសួងពាណិជ្ជកម្ម (MoC) ជាមួយអង្គការ​ FAO មានគោល​​បំណង ជំរុញការនាំ ចេញ​អង្ករទៅកាន់ទីផ្សារអន្តរជាតិ។ កម្ពុជាមានប្រៀប​ប្រ​កួតប្រជែងជាងប្រទេសដទៃទៀត ដែលអាចបង្កើន​ដល់​កម្រិត​អតិបរមាដោយផ្អែកលើសមត្ថភាពផលិតកម្មបច្ចុប្បន្ន និង​ឱកាស​ដែលកំពុងកើន​ឡើង​។  ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យលើកឡើងពីបញ្ហារបស់ពួកគេ ដូច្នេះ​បញ្ហា​ទាំង​នេះ​អាចដោះស្រាយបាន និងទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្របង្កើតទី​ផ្សារអង្ករថ្មី។  

ថ្លែងក្នុងសិក្ខាសាលានេះ លោក យ៉ន សុវណ្ណ អ្នកស្រាវជ្រាវលើវិស័យកសិកម្មបានស្នើឲ្យ​ក្រសួង​​ពាណិជ្ជកម្ម​អនុវត្ត​តាមស្តង់ដារ ISO ព្រោះវាមានតួនាទីសំខាន់ក្នុងការនាំយក​ផលិតផល​ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិជាមួយនឹងតម្លៃថេរ​។  

លោក សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ផលិតផល​កសិកម្ម​ត្រូវ​បាន​គេ​ផ្តល់​អាទិភាព​ខ្ពស់​លើ​ទីផ្សារ ដែល​កម្ពុជា​អាចយក​ប្រៀប​ក្នុង​ការ​​ទាញ​យក​ផល​ប្រយោជន៍​។ លោកក៏បានទទូច​ឲ្យ​ក្រសួងពាក់ព័ន្ធដែលមានមន្ទីរពិសោធន៍ អនុញ្ញាតឲ្យអ្នកស្រាវជ្រាវ និងអ្នកនាំចេញធ្វើតេស្ត​ផលិតផលកសិកម្ម ដើម្បីរកសារធាតុចិញ្ចឹមដោយឥត​គិតថ្លៃ។  

លោក សុវណ្ណ បាន​ចែករំលែក​ថា លោក​ធ្លាប់​ធ្វើ​តេស្ត​ផលិតផល​កសិកម្ម​រក​សារធាតុ​កាល់ស្យូម និង​សូដ្យូម ប៉ុន្តែ​មិន​អាច​រក​ឃើញ​សារធាតុ​ស័ង្កសី និង​សារធាតុ​រ៉ែផ្សេង​​ទៀតទេ។ ការធ្វើតេស្តបន្ថែមទៀត ដើម្បីស្វែងរកសារធាតុរ៉ែទាំងនោះមានតម្លៃថ្លៃ។ «ដូច្នេះខ្ញុំចង់បាន​ការ​គាំទ្រ​ពី​គ្រប់ក្រសួង ដោយ​អនុញ្ញាតឱ្យយើងធ្វើតេស្ត [ដោយមិនគិតថ្លៃ] និងចែករំលែក​ការរក​ឃើញ​នេះដល់សាធារណជន និងចំ​ណេះដឹងដល់កសិករ ដើម្បីឱ្យពួកគាត់​យល់ពីគុណភាព​ដែលត្រូវការសម្រាប់​ផលិត​ផល​ដែលពួកគាត់​ផលិត» 

លោក ឈិន យ៉េន អនុប្រធានក្រុមហ៊ុននាំចេញអង្ករបានមាន​ប្រសាសន៍​ថា ការចំ​ណាយ​ខ្ពស់​នៃ​​សេវារត់ការ​ឯកសារសម្រាប់អ្នកនាំចេញ គឺជាឧបសគ្គចម្បងសម្រាប់​ក្រុមហ៊ុនក្នុងការជួយ​កសិករ​ស្វែងរកទីផ្សារ។ បញ្ហា​ប្រឈម​មួយ​ទៀត ​គឺ​ថ្លៃ​អគ្គិសនី​ខ្ពស់ ដូច្នេះ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​រក​វិធី​កាត់​បន្ថយ​ថ្លៃ​ដើម។ លោក​បាន​បន្ថែម​ថា សំណើ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​កន្លង​មក ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​នោះ​ទេ។  

លោក ឈិន យ៉េន​ ក៏បានលើកឡើងពីការលំបាកពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ ដែល​រដ្ឋាភិបាល​បានជីកប្រឡាយមេជាច្រើន ប៉ុន្តែមិនមានទឹកគ្រប់គ្រាន់សម្រាប់កសិករ​ស្រោច​ស្រព​ដំណាំរបស់ពួកគេ។ កសិករ​មិន​ហ៊ាន​ធ្វើ​ស្រែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ទេ ព្រោះ​ខ្លាច​​អស់ទឹក​។  

កាលពីដើមខែកុម្ភៈ ខេមបូចា ​បានរាយការណ៍ថា ស្រូវប្រាំងប្រមាណ ៧៦០ ០០០ហិកតា ដែលដាំដុះ​ក្នុងខេត្តមួយចំនួនប្រឈមនឹងការខ្វះខាតទឹក ដែលធ្វើឲ្យកសិករ​ព្រួយបារម្ភ​ខ្លាច​ជំពាក់បំណុលគេកាន់តែច្រើន​។  

លោក ឈិន យ៉េន បញ្ជាក់ថា៖ «ខ្ញុំចង់ឃើញយន្តការមួយដែលភ្ជាប់​ប្រព័ន្ធធារាសាស្ត្រ​ទៅកាន់​តំបន់​ដែលមានស្រែ​ចម្ការ​ […] ខ្ញុំឃើញថា ជាធម្មតា ទឹក​ត្រូវ​បាន​បូម​ចេញពី​ប្រឡាយមេ​ចូល​ទៅ​​ប្រ​ឡាយតូចៗ។ ប្រសិន​បើអាចអនុវត្ត​​​វិធី​សាស្ត្រ​ថ្មី​​ដោយ​​លើក​កម្ពស់​ប្រ​ឡាយ​​មេ​ដែល​បង្ហូរ​ទឹក​​ចូល​​ប្រឡាយ​បន្ទាប់​បន្សំ ​អាច​​ជំនួស​ម៉ាស៊ីន​បូមទឹក​​បាន»  

លោក​មាន​ប្រសាសន៍​​ថា វិស័យ​ឯកជន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​រក​វិធី​កាត់​បន្ថយ​​ការ​ចំណាយ និង​ធានា​ថា ​មាន​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់ដំណាំ​ស្រូវ​​​ពេញ​មួយ​ឆ្នាំ​។ លោក​មាន​ប្រសាសន៍​ថា៖​ «​ពេល​ខ្លះ​ កសិករ​មិន​ធ្វើស្រែរហូតទេ តែ​​វា​អាច​ជា​ការដាំដំ​ណាំ​​រយៈពេល​ខ្លី​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​​របស់​ពួកគាត់​​។ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​គួរតែពិនិត្យមើលរឿងនេះ ហើយផ្តល់ធាតុចូល ដូច្នេះយើងអាចត្រៀម​ខ្លួន​»  

លើសពីនេះទៅទៀត​ លោកសង្ឃឹមថា នឹង​មាន​ដំណោះស្រាយទីកន្លែង​ដែល​អាច​ស្តុក​ស្រូវ បានពេញមួយឆ្នាំ ហើយមិនមែន​លក់តែ​ក្នុងរដូវច្រូតកាត់នោះទេ ព្រោះក្រុមហ៊ុ​ន​នាំចេញ​ពិបាក​ស្វែងរកអ្នកទិញ។

ភាគីពាក់ព័ន្ធស្រូវអង្ករ​ និងមន្ត្រីកសិកម្មចូលរួមសិក្ខាសាលា ដើម្បីពិភាក្សា​អំពីបញ្ហា​​ប្រឈមទីផ្សារ និងដំណោះស្រាយសម្រាប់ការនាំចេញអង្ករ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន​) 

ទាក់ទងនឹងយុទ្ធសាស្ត្រពង្រីក​និង​ពិពិធកម្ម​ទីផ្សារ​អង្ករកម្ពុជា​​ លោកស្រី Rebekah Bell តំណាង​របស់​អង្គការ​ FAO ប្រចាំប្រទេសកម្ពុជាយល់ឃើញថា វាគួរតែត្រូវបានរៀបចំ​ឱ្យ​បាន​ល្អ​ជាមួយនឹងទិសដៅច្បាស់លាស់ ដើម្បីឆ្លើយ​តប​តាម​ការរំពឹងទុករបស់អ្នកទិញ។ វា​គួរ​តែ​ត្រូវ​បាន​ធ្វើ​ដោយ​គិត​គូរ​​ពី​គុណភាព​ និង​តម្លៃ និង​បរិមាណ ព្រោះ​អង្ករ​ជា​វិស័យ​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក។  

ខណៈពេលអះអាងថា កម្ពុជាសមនឹងទទួលបានការទទួលស្គាល់គុណភាពអង្កររបស់ខ្លួន លោកស្រីបាននិយាយថា ប្រទេសនេះ​គួរតែត្រូវបានទទួលស្គាល់ថា ​ជាអ្នករួមចំណែកយ៉ាង​សកម្ម​ដល់សន្តិសុខស្បៀងពិភពលោកតាមរយៈការនាំចេញអង្ករ និងស្រូវ។ ការគាំទ្រសម្រាប់​ការ​អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវ គឺជាវិស័យអាទិភាព ដែល​ធានានូវជីវភាពរស់នៅប្រកប​ដោយ​និរន្តរភាព និងការលុបបំ​បាត់​ភាពក្រីក្រ។ វាត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល​ទី​១​​របស់រាជរដ្ឋាភិបាលកម្ពុជា។  

លោកស្រី Rebekah Bell បានមានប្រសាសន៍ថា៖ «ខ្សែចង្វាក់តម្លៃអង្ករពង្រឹងចក្ខុវិស័យ​របស់​កម្ពុជាក្នុងការសម្រេចបាននូវឋានៈជាប្រទេសមាន​ចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និង​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន»។ លោកស្រីបន្តថា៖ «ត្រូវតែមាន​ទិស​ដៅ​ច្បាស់លាស់ ដើម្បីធានាផលិតកម្មស្រូវកម្រិត​សកល ដើម្បីបង្កើនប្រាក់ចំណូល​របស់​កសិករ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចជនបទ»។  

លោកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​ គឺជាពេលវេលាដ៏សំខាន់សម្រាប់កម្ពុជាក្នុង​ការឆ្លុះ​បញ្ចាំង​ពីអ្វីដែលខ្លួនសម្រេចបាន និងទាញ​យកប្រយោជន៍ពីចំណេះដឹងរយៈពេល១៤ឆ្នាំ​ក្នុង​ការអភិវឌ្ឍខ្សែសង្វាក់តម្លៃស្រូវរបស់ខ្លួន។ គួររៀបចំផែន​ការ ដើម្បី ទាញយកអត្ថប្រយោជន៍​ដ៏ល្អបំផុតពីឱកាសដែលកំពុងលេចឡើង ហើយសម្រប​ខ្លួនទៅក្នុងប្រព័ន្ធសកលថ្មី។

លោក​ស្រី​បាន​ណែនាំថា ក្នុងពេលជាមួយគ្នានេះ គួរតែចាត់​វិ​ធាន​ការ​ដោះ​ស្រាយ​ភាព​មិនច្បាស់​លាស់​ដែល​ប្រទេស​ជា​ច្រើនកំពុងប្រឈមមុខ​នៅក្នុង «ជំនួញ​ទំនិញ​ដ៏មាន​តម្លៃ​» នេះ។ដូច្នេះហើយ យុទ្ធសាស្ត្រពង្រីក ​និង​ពិពិធកម្ម​ទីផ្សារ​អង្ករនឹងមើលឃើញថា ប្រទេស​​កម្ពុជា​បាន​គិតគូរពីនិន្នាការបច្ចុប្បន្ន រួមទាំងផលប៉ះពាល់ដោយ​សារ​អា​កាស​ធាតុ តម្រូវការទីផ្សារ​អន្តរជាតិ​សម្រាប់ការថយចុះនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ការផ្លាស់ប្តូរគំរូនៃការ​ប្រើប្រាស់​ទាក់​ទងនឹងរបបអាហារដែល​ជួយ​ដល់​សុខ​ភាពល្អ និងការរំខានដល់ការផលិតអាហារដោយ​សារ​ជម្លោះ។ ការធ្វើដូច្នេះ នឹងជួយកម្ពុជាចាប់យកឱកាសអាជីវកម្ម និងរក្សា​វិស័យកសិកម្ម​របស់​ខ្លួនសម្រាប់ការអភិវឌ្ឍរយៈពេលវែង។  

លោកស្រី​ Bell បាននិយាយថា អង្គការ FAO Cambodia នឹងគាំទ្ររបៀបវារៈឆ្នាំ២០៣០​ តាម​រយៈក្របខណ្ឌយុទ្ធសាស្រ្តរបស់ខ្លួន ដោយគាំទ្រដល់ការផ្លាស់ប្តូរទៅជាបរិយាប័ន្ន ភាពធន់ និង​ប្រព័ន្ធកសិចំណីអាហារ​ប្រកបដោយនិរន្តរភាព។  

យោង​តាមអង្គការ​ FAO អង្ករ ​គឺ​ជា​គ្រាប់​ធញ្ញជាតិ​ដែល​គេ​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ដោយ​ផ្តល់​អាហារ​ដល់​ជាង៥០ភាគរយ​នៃ​ចំនួន​ប្រជាជនទាំង​អស់​ក្នុង​​ពិភពលោក ដែល​មាន​តម្លៃ​ជិត២៨ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ អស់រយៈ​ពេល​ជាច្រើនទស្សវត្សមកហើយ ប្រទេសកម្ពុជាបានប្រែក្លាយទៅជាប្រទេសដែលមានអតិរេកអង្ករ តាមរយៈកិច្ចខិតខំប្រឹងប្រែង​រួមគ្នា​របស់ភាគី​ពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃ។  

នៅក្នុង​ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣តោនទៅកាន់ប្រ​ទេសចំនួន៦១ និង​ស្រូវ៤,៤លានតោន ដែលបង្កើតប្រាក់ចំណូលសរុបចំនួន១,៨ពាន់លានដុល្លារ។  

ចំណែក​នៅក្នុង​ស្រុកវិញ​ អង្ករ​ គឺ​ជា​អាហារ​សំខាន់ ជា​ប្រភព​ចំណូល​សម្រាប់​គ្រួសារ​នៅ​ជនបទ និង​រួម​ចំណែក​ដល់​ផលិតផល​ក្នុង​ស្រុកសរុប​។ យោងតាមការ​ស្ទង់មតិ កសិកម្ម​កម្ពុជា​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ចំនួន១,៣៧លានគ្រសារ​ក្នុងប្រទេសកម្ពុជាធ្វើ​​ស្រូវមិនក្រអូប ខណៈ ២៧២ ៨០០គ្រួសារទៀត​ធ្វើ​ស្រូវ​ក្រអូប​។  

ស្រប​ពេល​ជាមួយគ្នានេះ លោក គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ​ (Khmer Food Group) បានជំរុញឱ្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ​សិក្សាការប្រើ​ប្រាស់ពូជស្រូវ​របស់​កសិករ​កម្ពុជា និង​ពិនិត្យមើលផងដែរ​នូវ​គំរូដាំដុះ​របស់ប្រទេសជិតខាង ដូចជាប្រទេសថៃ ដែល​ពូជ​ស្រូវ​​​ត្រូវ​បាន​ប្រើតែមួយ​រដូវ​។ លោក​បាន​​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា អង្ករ​ដែលគេ​​ផលិត​មាន​គុណភាព​ល្អ ហើយ​ការ​ប្រមូល​ផល​ក៏​បាន​ច្រើន​។ 

ទាក់ទងនឹង​ការលក់ និងការ​ទិញពូជស្រូវ លោកបានស្នើឱ្យក្រសួង​ពាណិជ្ជ​កម្ម​បង្កើត​ក្រុម​ការងារ​មួយ ដើម្បីសិក្សាថា តើ​គេ​ធ្វើយ៉ាងម៉េច​នៅប្រទេសថៃ និងវៀតណាម និងស្វែងរក​មធ្យោបាយ​ជួយកសិករឱ្យទទួលបានការធានានៅពេលដែលពួកគាត់​មានប្រាក់​មិនគ្រប់​គ្រាន់​។ ក្រសួង​ក៏​គួរ​ពិចារណា​ឲ្យ​មាន​ក្រុមហ៊ុន​ដែល​អាច​ផលិត​ពូជស្រូវ​ជា​ផ្លូវការ​សម្រាប់​លក់។

លោក សាវុធ មាន​ប្រសាសន៍​​ថា បច្ចុប្បន្ន​ពួកគាត់​មិន​ប្រាកដ​ថា តើ​​គ្រាប់ពូជ​ដែល​ទិញ ​ឬ​ប្រើ​នោះ​ជា​ពូជ​ពិត​ឬ​អត់ទេ។  ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក គង់ គា ជា​ទីប្រឹក្សារបស់​ក្រសួង​កសិកម្ម រុក្ខាប្រ​មាញ់ ​​និង​នេសាទ​​ និង​ជា​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍​ថា កន្លង​មក ក្រសួង​បាន​ធ្វើ​ការ​លើ​បញ្ហា​នេះ​ច្រើនមកហើយ​ ប៉ុន្តែ​មិន​បាន​លទ្ធផល​​ទេ ដោយសារ​ខ្វះ​ការ​គាំទ្រ។  

លោក គង់ គា បានមានប្រសាសន៍ថា៖ «នេះគឺជាយន្តការមួយ ហើយប្រសិនបើយើង​ទាំងអស់​គ្នា​ធ្វើការរួមគ្នា ដើម្បី​ធ្វើ​ឲ្យ​វិស័យឯកជន និងសាធារណៈប្រសើរ​ឡើងវិញ ទើបការងារនេះ​​អាច​សម្រេច​បាន​លឿនជាងមុន» ដោយបន្ថែមថា ក្រសួង​របស់លោកនឹងបន្តធ្វើការលើការ​ងារ​នេះ​។  

ខណៈ​ពេល​ដែល​​ខ្វះការ​គាំទ្រ​​កន្លង​មក ​លោក​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដោយ​សារ​មាន​មន្ត្រី​កសិកម្ម​តាម​ឃុំ​ធ្វើការ​ក្នុង​ឃុំ។ «ខ្ញុំ​ជឿ​ថា វា​នឹង​ប្រសើរ​ជាងមុន​​បន្តិច​​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ការប្រែប្រួល​ គឺអាស្រ័យលើពួកគាត់​។ ដូច្នេះ ខ្ញុំ​សូម​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​យើង។ នៅពេលដែលយើងផ្លាស់ប្តូរផ្នត់គំនិតរបស់​គាត់​ [កសិករ] វានឹងក្លាយជាទម្លាប់»

ទាក់ទងនឹងការនាំចូលគ្រាប់ពូជស្រូវ លោកមាន​ប្រសាសន៍​ថា ក្រសួង​កសិកម្ម​កំពុង​ធ្វើការ​សិក្សាលើបញ្ហានេះ រួមទាំងការហាមប្រាមអ្នកនាំចូលគ្រាប់ពូជ ប្រសិនបើមានការប្រព្រឹត្តមិន​ត្រឹមត្រូវ​ ដូចជាការផ្តល់គ្រាប់​ពូជដែលអាចមាន​បញ្ហាជាដើម​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rice Stakeholders Raise Issues Impeding Efforts To Meet Export Market Standard

304 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម