អាជ្ញាធរខេត្តសៀមរាបបានរារាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និងព្រះសង្ឃជិត២០អង្គ/នាក់ ដែលធ្វើធម្មយាត្រាដើរដោយថ្មើរជើងដើម្បីលើកកម្ពស់សេរីភាព និងយុត្តិធម៌សង្គម ដោយថា គ្មានសណ្ដាប់ធ្នាប់និងពុំបានសុំសហការជាមុន នៅថ្ងៃទី៦ ខែធ្នូ នេះ។ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សបានបដិសេធចំពោះការចោទប្រកាន់នេះ។
បន្ទាប់ពីសង្កេតឃើញពលរដ្ឋក្នុងសង្គមមិនសូវមានការយោគយល់អធ្យាស្រ័យគ្នា អង្គការ សង្គមស៊ីវិល និងយុវជន បានធ្វើធម្មយាត្រាផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ចាប់ពី ថ្ងៃពុធនេះ ដោយធ្វើដំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមទិវាសិទ្ធិមនុស្ស១០ធ្នូ ក្រោមមូលបទ «ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត មានប្រសាសន៍ថា ការដើរតាមដងផ្លូវរបស់ក្រុមធម្មយាត្រាពុំបានសុំការសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរគ្រាន់តែរក្សាសណ្ដាប់ធ្នាប់ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានរវាងអ្នកដើរហែក្បួននិងពលរដ្ឋធ្វើដំណើរតាមផ្លូវ។
លោក ច័ន្ទណាត និយាយថា «ចំពោះខ្ញុំជាសមត្ថកិច្ចយើងអនុវត្តរបស់គោលការណ៍គណៈបញ្ជាការខេត្ត ហើយអ្វីដែលសំខាន់គឺគាត់មិនមានការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដែលគាត់មិនបានធ្វើការស្នើសុំឱ្យមានការសហការណ៍»។
មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក លោក សឹង សែនករុណា ដែលចូលរួមក្នុងការដើរហែក្បួនផងដែរ អះអាងថា ការដង្ហែធម្មយាត្រាគឺមានរបៀបរៀបរយ ហើយបានដើរជិត៦គីឡូម៉ែត្រ ដោយមិនមានការបង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈដូចការលើកឡើងរបស់អាជ្ញាធរទេ។
លោក ករុណា ថ្លែងថា៖ «ខ្ញុំទទូចឱ្យមានការពិចារណាឡើងវិញ អំពីការរារាំងសកម្មភាព សេរីភាព បញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ចឹងវាគប្បីមានការជួយ ថែរក្សាការពារសុវត្ថិភាពឱ្យក្រុមធម្មយាត្រាធ្វើទៅដោយរលូន មិនគួរមានការបន្ទច់បង្អាក់បែបហ្នឹងទេ»។
អ្នកសម្របសម្រួលការធ្វើធម្មយាត្រា លោក កើត សារ៉ាយ ថា ក្រុមការងាររបស់លោកបានព្យាយាមដាក់លិខិតស្ដីពីការដើរក្បួននេះទៅកាន់រដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកម្សិលមិញ ប៉ុន្តែមន្រ្តីនៅទីនោះបានខលប្រាប់ឱ្យយកវិញនាពេលរសៀល។ យ៉ាងណា លោក ថា មិនមានអ្នកទៅយកលិខិតជូនដំណឹងពីការហែក្បួននេះមកវិញឡើយ។
លោកលើកឡើងថា៖ «ខ្ញុំយល់ថាជារឿងដដែលៗ ដែលនីតិទី៧ហើយ រដ្ឋាភិបាលថ្មីហើយ នៅតែអនុវត្តកម្មវិធីចាស់ នៅតែរឹតត្បិតសេរីភាព ការបញ្ចេញមតិនៅទីសារធារណៈ ការរឹតត្បិតសេរីភាពជួបជុំនៅទីសាធារណៈ វានៅតែរបៀបដដែល»។
កាលពីថ្ងៃទី៥ ខែធ្នូ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព ជាង១០០នាក់ នាំគ្នាដុតធូបមុខប្រាសាទអង្គរវត្ត និងថ្លែងការណ៍ពីកម្មវិធីធម្មយាត្រា ផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ក្រោមមូលបទ «ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប» ក្រោយមើលឃើញថា សីលធម៌សង្គមនៅកម្ពុជាមានការធ្លាក់ចុះ ដោយពលរដ្ឋចូលចិត្តប្រើហិង្សាដាក់គ្នា និងការរំលោភបំពានសិទ្ធិមនុស្សនៅតែបន្តកើតមាន។
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ មានប្រសាសន៍ថា ការដាក់លិខិតទៅកាន់រដ្ឋបាលខេត្ត ពុំអាចកៀកពេលពេកនោះទេ ហើយលោកក៏មិនដឹងថា ក្រុមធម្មយាត្រាដាក់លិខិតមកតាំងពីពេលណា និងមន្រ្តីខេត្តរូបណាទទួលឡើយ។
លោក វណ្ណៈ បញ្ជាក់ថា៖ «ខ្ញុំអត់ដឹងគាត់ដាក់លិខិតទៅពេលណាដែរ។ មូលហេតុអ្វីបានគេហៅទៅយកវិញ ខ្ញុំអត់ដឹង ព្រោះនេះជាការបកស្រាយរបស់គាត់។ ប៉ុន្តែ ធម្មតាលិខិតចូលទៅខេត្តលុះត្រាគ្រប់លក្ខខណ្ឌនីតិវិធីទាំងអស់បានគេទទួលដែរ។ ឧទាហរណ៍លិខិតរបស់គាត់មិនមានហត្ថលេខាអី ហើយទី២ គាត់ដាក់លិខិតហ្នឹង ហើយដាក់ល្ងាចឡើង ស្អែកគាត់ធ្វើកម្មវិធីយើងធ្វើការអត់ទាន់ទេ»។
យោងតាមច្បាប់ស្ដីការធ្វើបាតុកម្មដោយសន្តិវិធី មាត្រា៣ បញ្ជាក់ថា ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់ការប្រមូលផ្ដុំគ្នា ឬ ការដង្ហែក្បួនធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែមិនអនុវត្តចំពោះ ការដើរហែក្បួនព្យុហយាត្រា ដើរហែសព និងការប្រមូលផ្ដុំគ្នាដទៃទៀតក្នុងគោលបំណងបម្រើសាសនា សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសកម្មភាពផ្សព្វផ្សាយអប់រំ ដើម្បីផលប្រយោជន៍សង្គម។
សម្រាប់ លោក សារ៉ាយ យល់ថា ការដាក់លិខិតនេះគ្រាន់តែជាការជូនដំណឹងទៅកាន់អាជ្ញាធរប៉ុណ្ណោះ ព្រោះធម្មយាត្រានេះមានមនុស្សតិចតួចក្នុងការចូលរួម។
លោក សារ៉ាយ បន្តថា ក្រុមការងាររបស់លោកបានសម្រេចចិត្តបញ្ឈប់ការធ្វើធម្មយាត្រានៅខេត្តសៀមរាប ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប តាមការស្នើសុំរបស់អាជ្ញាធរ ហើយនឹងចាប់ផ្ដើមបន្តនៅថ្ងៃស្អែក ក្នុងខេត្តកំពង់ធំ វេលាម៉ោង៨ព្រឹក។
បន្ថែមពីលើនេះ លោក ថា ការធ្វើធម្មយាត្រាមានការចូលរួមពីអង្គការសង្គមស៊ីវិល និងសមាគមចំនួន២៨នៅកម្ពុជា ហើយព្រះសង្ឃចំនួន១២អង្គ ព្រមទាំងក្រុមសិទ្ធិមនុស្ស និងយុវជនសរុបចំនួន៧នាក់ គ្រោងធ្វើដំណើរឆ្លងកាត់ខេត្តចំនួន៣ ហើយចុះដើរដោយថ្មើជើងរាល់ពេលទៅដល់ទីប្រជុំជនម្ដងៗ។
លោក បន្តថា នៅរសៀលនេះ ក្រុមការងារបានយកលិខិតស្ដីពីការដើរក្បួនទៅកាន់រដ្ឋបាលខេត្តកំពង់ធំ។ បើតាមផែនការ លោក ថា ក្រុមធម្មយាត្រានឹងបញ្ចប់ត្រឹមខេត្តកំពង់ចាមនៅថ្ងៃទី៨ ហើយធ្វើដំណើរតាមរថយន្តក្រុងមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីលានប្រជាធិបតេយ្យ។
អភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ ថ្លែងថា លោកមិនទាន់អាចបញ្ជាក់ថា ធម្មយាត្រារបស់ក្រុមសិទ្ធិមនុស្សទាំងនោះ អាចដំណើរការទៅដោយរលូននោះទេ ដោយលោកត្រូវការសួរទៅកាន់រដ្ឋបាលខេត្ត ជុំវិញការដាក់លិខិតសុំដើរហែក្បួនសិន។ លោក បញ្ជាក់ថា៖ «ចាំមើលខ្ញុំសួរទៅខាងរដ្ឋបាលសិន»។
លោក សឹង សែនករុណា សង្ឃឹមថា អាជ្ញាធរខេត្តផ្សេងទៀតដែលធម្មយាត្រានឹងឆ្លងកាត់នាពេលខាងមុខ នឹងអនុញ្ញាតឱ្យមានការដើរក្បូនកើតឡើងដែលជាផ្នែកមួយនៃការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិក្នុងសង្គមបែបប្រជាធិបតេយ្យ។
យុវតីមួយរូបដែលចូលរួមក្នុងធម្មយាត្រា កញ្ញា ញាម មុនីរស្មី វ័យ ២១ឆ្នាំ បញ្ជាក់ថា នាងចង់ឃើញអាជ្ញាធរសម្របសម្រួលឱ្យយុវជនអាចបំពេញសេរីភាពរបស់ពួកគេក្នុងការធ្វើធម្មយាត្រា ហើយចាត់ទុកថា ការហាមប្រាមពីអាជ្ញាធរជារូបភាពមួយមិនគួរកើតមានឡើង។
កញ្ញាបន្តថា៖ «ខ្ញុំចង់ឃើញអាជ្ញាធរ គាត់ជួយសម្របសម្រួលនៅក្នុងការធ្វើធម្មយាត្រារបស់ពួកយើងឱ្យទៅមុខដោយរលូន។ មិនមែនសកម្មភាពរបស់ពួកគាត់ធ្វើមកដោយមានការរារាំងទៅលើយុវជនទេ»។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហាញថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ ដោយថា ទាំងអ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សនៅតែរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ។
CCHR បន្តថា តាមរយៈការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយប្រចាំថ្ងៃ ក៏ដូចជាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ យ៉ាងហោចណាស់អ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់៕