សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ នេះបើតាមការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពសេរីភាពនៃការទទួលបានព័ត៌មាន ការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ការចេញផ្សាយរបាយការណ៍កាលពីថ្ងៃពុធបានបង្ហាញពីសំឡេងរបស់អ្នកសារព័ត៌មាន និងសកម្មជនដែលត្រូវបានធ្វើទុក្ខបុកម្នេញ។
លោក ប៉ែន នួន អ្នកសារព័ត៌មានគេហទំព័រស្រទាប់យុវវ័យមកពីខេត្តឧត្តរមានជ័យបានឱ្យដឹងថា៖ «ប្រសិនបើគាត់ [អាជ្ញាធរ] ចង់បានកាមេរ៉ា ឲ្យគាត់ទៅ។ ប្រសិនបើគាត់តម្រូវឱ្យយើងលុបរូបថត យើងត្រូវតែលុប។ ហើយបើគាត់សុំឲ្យយើងចាកចេញ យើងត្រូវតែចាកចេញ។ វាជូរចត់ណាស់នៅក្នុងវិស័យសារព័ត៌មាននេះ»។
ស្ថិតនៅលើឆាកតូចមួយនៅក្នុងពិធីនេះ លោក ប៉ែន នួន បាននិយាយអំពីការគំរាមកំហែងដែលគាត់បានជួបក្នុងអាជីពជាអ្នកកាសែតក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ រួមទាំងអាជ្ញាធរគំរាមគាត់ថា គាត់នឹងត្រូវបញ្ជូនទៅពន្ធនាគារផងដែរ។ ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ ក៏លោក ប៉ែន នួន ប្តេជ្ញាបន្តនៅក្នុងការងារនេះ ព្រោះលោកដឹងថា វាមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក។
លោកបាននិយាយថា៖ «សេរីភាពសព្វថ្ងៃនេះមិនល្អទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ការរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែរឹតត្បិតទៅៗ»។
បុគ្គលិក CCHR បានធ្វើការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយប្រចាំថ្ងៃ ក៏ដូចជាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដោយពិនិត្យមើលរយៈពេលចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ យ៉ាងហោចណាស់អ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្នុងអំឡុងរយៈពេលនោះ។
របាយការណ៍បានលើកឡើងថា៖ «ប្រទេសកម្ពុជាបន្តនិន្នាការនៃការត្រួតត្រាសេរីភាពនៃការបញ្ចេញមតិនិងការបំបិទសំឡេងរិះគន់គួរឲ្យបារម្ភ ដែលជាការគាបសង្កត់មួយកាន់តែធ្ងន់ធ្ងរមុនការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។ ការបំភិតបំភ័យ ការឃ្លាំមើល ការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការក៏ត្រូវបានប្រើប្រាស់ជាប្រចាំផងដែរ ដើម្បីផ្តោតគោលដៅលើអ្នកដែលហ៊ានសម្តែងមតិ»។
របាយការណ៍នេះក៏មានបញ្ចូលការអភិវឌ្ឍផ្នែកច្បាប់ពេញមួយឆ្នាំកន្លងទៅ រួមទាំងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតខែកក្កដា ដែលរឹតត្បិតបន្ថែមទៀតលើសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍នេះក៏បានកត់ត្រាអំពីការលុបអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ដោយរដ្ឋាភិបាល រួមទាំងសំឡេងប្រជាធិបតេយ្យកាលពីខែកុម្ភៈ ដែលមានការចាប់អារម្មណ៍ពីអន្តរជាតិ។ រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតបិទការចូលប្រើគេហទំព័រ និងគណនីបណ្តាញផ្សព្វផ្សាយសង្គមរបស់កាសែត ខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងមូលដ្ឋានទិន្នន័យ Kamnotra កាលពីខែកក្កដា។

របាយការណ៍នេះក៏កត់ត្រាផងដែរថា មានការបង្ករបួសស្នាមលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានកាលពីឆ្នាំមុន។ ជនដៃដល់៣នាក់ជិះម៉ូតូមកវាយសកម្មជនដីធ្លីម្នាក់មកពីខេត្តត្បូងឃ្មុំ បណ្តាលឲ្យលោកមានស្នាមដាច់លើផ្ទៃមុខនិងរបួសជាច្រើនកន្លែងផ្សេងទៀត។ អ្នកយកព័ត៌មានម្នាក់របស់កាសែត Mongabay ត្រូវបានឃាត់ខ្លួន និងអូសកាត់ផ្លូវ ខណៈពេលកំពុងជជែកជាមួយទាហាននៅខេត្តកំពង់ស្ពឺ។
លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៅអង្គការ CCHR មានប្រសាសន៍ថា អ្នកសារព័ត៌មានមួយចំនួនដែលក្រុមការងារបានសម្ភាសដាក់គំនាបលើខ្លួនឯងនៅក្នុងសេចក្តីរាយការណ៍របស់ពួកគេ ដោយជៀសវាងប្រធានបទរសើបដូចជាអំពើពុករលួយ និងបញ្ហាដីធ្លី ដោយសារខ្លាចមានផលប៉ះពាល់។
លោកមានប្រសាសន៍ថា៖ «ក្នុងសម័យបច្ចុប្បន្ននេះ ពលរដ្ឋក៏ខ្លាចដែរ។ ពួកគាត់ដាក់កំហិតខ្លួនឯងមិនផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដូច្នេះអ្នកសារព័ត៌មានមិនអាចទទួលបានព័ត៌មាននោះទេ។ ការរឹតត្បិតសេរីភាពសារព័ត៌មានមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែគឺប៉ះពាល់ប្រជាពលរដ្ឋទូទៅទាំងអស់»។
អ្នកស្រី ផាវ ញ៉ើង ជាសកម្មជនដីធ្លី ដែលធ្វើដំណើរមកពីខេត្តកោះកុង ដើម្បីថ្លែងក្នុងពិធីនោះបានរំឭកអំពីការត្រូវគេចាប់ដាក់ពន្ធនាគារបន្ទាប់ពីរៀបចំការតវ៉ាគាំទ្រសិទ្ធិដីធ្លីរបស់កសិករក្នុងសហគមន៍របស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសម្តែងមតិរបស់ខ្ញុំ ដើម្បីជូនដំណឹងទៅរដ្ឋាភិបាលដើម្បីឲ្យមានដំណោះស្រាយដីធ្លី [សម្រាប់ពលរដ្ឋមានជម្លោះ] ប៉ុន្តែខ្ញុំត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៩៩ថ្ងៃ។ ខ្ញុំសប្បាយចិត្ត ប្រសិនបើច្បាប់និងសន្ធិសញ្ញាសិទ្ធិមនុស្សត្រូវបានអនុវត្តតាមគោលការណ៍របស់វា បើដូច្នេះមែន ប្រហែលជាខ្ញុំមិនត្រូវបានចាប់ដាក់គុកទេ»។
អ្នកស្រីបានប្រាប់អ្នកចូលរួមថា សង្គមកម្ពុជាសព្វថ្ងៃមិនផ្តល់កន្លែងសុវត្ថិភាពសម្រាប់មនុស្សមានសិទ្ធិនិយាយនោះទេ។ អ្នកស្រីបន្តថា រដ្ឋាភិបាលគួរព្យាយាមដោះស្រាយបញ្ហាជាជាងចាប់ពលរដ្ឋបញ្ជូនទៅពន្ធនាគារ។
បន្ទាប់ពីសុន្ទរកថាដ៏រំជួលចិត្តពីសមាជិកនៃបណ្តាញសារព័ត៌មាន និងសកម្មជន តំណាងមកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចែករំលែកប្រតិកម្មរបស់លោកចំពោះរបាយការណ៍នេះ អំឡុងពេលចោទជាសំណួរនិងឆ្លើយតប។
លោក ស្រ៊ាង ចិន្តា មកពី CHRC បានសួរថា៖ «ប្រសិនបើយើងគ្រាន់តែកត់ត្រាករណី ហើយយើងធ្វើការសន្និដ្ឋាន តើវាមានភាពត្រឹមត្រូវប៉ុណ្ណាអំពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន?។ នៅកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយមានប្រមាណ២០០០ស្ថាប័ន ហើយរបាយការណ៍នេះបានសម្ភាសមនុស្ស៤-១០នាក់»។
របាយការណ៍បញ្ជាក់ថា CCHR បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សចំនួន៣៣នាក់។
ជាការឆ្លើយតប លោក ហួន ផន បានមានប្រសាសន៍ថា អង្គការមិនរកប្រាក់ចំណេញបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃករណី ដែលបានរាយការណ៍ តាមរយៈការប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់ថាតើករណីទាំងនោះ ពិតជាបានរំលោភលើស្តង់ដារសិទ្ធិមនុស្សអន្តរជាតិមែនឬយ៉ាងណា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CCHR: Freedom of Expression and Press Continue to Be Undermined in Cambodia