សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកភូមិនៅខេត្តសៀមរាបតវ៉ាប្រឆាំងអាជ្ញាធរអប្សរា ដើម្បីបន្តរស់នៅភូមិកំណើតរបស់ពួកគេ

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ថ្លែងទៅកាន់អ្នកភូមិនៅឯសាលាខេត្ត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ (អង្គការ លីកាដូ)
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ថ្លែងទៅកាន់អ្នកភូមិនៅឯសាលាខេត្ត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ (អង្គការ លីកាដូ)

កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋ​ជាច្រើនរយគ្រួសារ​ដែលរស់នៅ​ក្នុង​តំបន់ឧទ្យានអង្គរបាននាំគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរជាតិអប្សរា ដែល​គ្រប់គ្រង​ឧទ្យាន ដោយសារតែហាមឃាត់ពួកគេ​មិន​ឱ្យ​ធ្វើការសាងសង់​ និង​សកម្មភាពផ្សេងៗទៀត​ដែលទ្រទ្រង់​ដល់​ការប្រកបរបរ​ចិញ្ចឹមជីវិតរបស់ពួកគេ ។

បើយោងតាមក្រុមអ្នកតវ៉ា អាជ្ញាធរ​និងនគរបាលស្រុកពួក​បានបរាជ័យ​ក្នុងការព្យាយាម​រារាំង​អ្នកភូមិ​មិន​ឱ្យដើរ​សំដៅទៅរក​សាលាខេត្ត​ដើម្បីដាក់ញត្តិ ។ អ្នកភូមិ​បាន​នាំគ្នាកាន់បដា​ដែលសរសេរ​ថា «យើង​ស៊ូស្លាប់ដើម្បីរស់នៅលើដីភូមិកំណើតរបស់យើង» និង «យើងមិនអនុញ្ញាតឱ្យអាជ្ញាធរអប្សរា បន្ត​គាបសង្កត់​សហគមន៍យើងទៀតទេ» ។

នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា ការិយាល័យរបស់លោកបានទទួល​ញត្តិរួច​ហើយ ហើយនឹង​បញ្ជូនញត្តិនោះទៅកាន់​ក្រសួងពាក់ព័ន្ធ ក្នុងនោះរួមទាំងក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ដែលជាអ្នក​មើលខុសត្រូវពីលើ​តំបន់ការពារ​នៃ​ទីតាំង​ប្រាសាទអង្គរវត្ត ផងដែរ ។

លោកបាននិយាយថា៖ «អាជ្ញាធរខេត្ត​មិនមានសិទ្ធិ​ដើម្បីធ្វើការសម្រេចចិត្តលើការសាងសង់​ដែលស្ថិត​ក្រោម​ដែនដីយុត្តាធិការរបស់​អាជ្ញាធរ​អប្សរានោះឡើយ» ។

ក្នុងញត្តិនោះបានសរសេរថា អ្នកភូមិកំពុងរស់នៅ«ក្នុងភាពភ័យខ្លាច»អាជ្ញាធរអប្សរា ដោយគ្មានសិទ្ធិសាងសង់សំណង់អ្វីនៅលើដីរបស់ខ្លួនឡើយ ។ ឯកសារ​ដដែល​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអង្គការ យូណេស្កូ (Unesco) ជួយអន្តរាគមន៍​ក្នុងស្ថានការណ៍នេះ និង​បង្កើត​ផ្នែកមួយនៃដី​ដែលមិនស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់​អាជ្ញាធរ​អប្សរា​ ដើម្បីឱ្យប្រជាជន​មាន​សិទ្ធិ​ធ្វើការសាងសង់ និង​ធ្វើស្រែចម្ការ​ដើម្បី​លើកកម្ពស់​ជីវភាពរស់នៅ​របស់ពួកគេ ។

ប្រជាជនចំនួន ៤៧៣០គ្រួសារ​មកពី​តំបន់​ប្រាសាទអង្គរវត្ត​បានផ្លាស់ទៅរស់នៅ​លើ​តំបន់តាំងលំនៅថ្មី រុនតាឯក ។ នេះ​បើយោងតាម​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​តួលេខនេះ​ផ្ទុយ​ពី​តួលេខ​ ៩០០០គ្រួសារ​ដែលត្រូវបានរាយការណ៍ថាបានផ្លាស់ទីលំនៅទៅកាន់ទីតាំងថ្មី នៅក្នុង​របាយការណ៍ខែកញ្ញា របស់អង្គការ យូណេស្កូការស៊ើបអង្កេតមួយរបស់ ខេមបូចា ញូវស៍ បានរកឃើញថា គ្រួសារជាច្រើនត្រូវបាន​ជម្លៀសចេញដោយបង្ខំ បើទោះបី​រដ្ឋាភិបាលបានពណ៌នាថា​ការតាំងទីលំនៅថ្មីទាំងនោះគឺជាការស្ម័គ្រចិត្តក្ដី ។

ខណៈដែលសហគមន៍មួយចំនួន​ត្រូវបានអនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុង​បរិវេណនៃតំបន់ប្រាសាទ អាជ្ញាធរ​អប្សរា​បានហាមឃាត់ពួកគេ​មិន​ឱ្យ​សាងសង់​សំណង់ថ្មី ឬសំណង់បន្ថែម​ណាមួយ​ទៅលើ​ផ្ទះរបស់ពួកគេ​ឡើយ ។​

លោក ប៉ាត់ សាវន អ្នកតវ៉ាមួយរូបដែលបានចូលរួមនៅក្នុងការដើរ​តវ៉ានោះ បាននិយាយថា៖ «យើងបាន​ដាក់​ញត្តិនៅថ្នាក់​ឃុំនិងស្រុករួចហើយ ប៉ុន្តែ គ្មានដំណោះស្រាយទេ ។ យើងបានសម្រេចចិត្ត​យក​ញត្តិទៅដាក់ជូនអភិបាលខេត្ត» ។​

លោកបានរស់នៅ​លើដី​ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ​ពីតំបន់​ប្រាសាទ​អង្គរវត្ត​ពេញ​មួយជីវិត​របស់​លោក​ទៅហើយ ដែលស្ថិតនៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួក ហើយ​ឪពុកម្ដាយរបស់​លោក​ក៏កើត​​នៅទីនោះដែរ ។ លោក សាវន សង្ឃឹមថា អភិបាលខេត្តថ្មី លោក ប្រាក់ សោភ័ណ នឹងដោះស្រាយ​បញ្ហា​លំបាក​ដែល​អ្នកភូមិ​កំពុងជួបប្រទះ ។

អ្នកភូមិ​នៅក្នុងតំបន់របស់​លោក​មិនត្រូវបាន​គេ​ប្រាប់​ឱ្យ​ផ្លាស់ទីលំនៅ​ទៅកាន់​ទីតាំង​រស់នៅថ្មី​ទេ ប៉ុន្តែ លោក​នៅតែជួបប្រទះ​ការរឹតត្បិត​ជាច្រើន​ពីអាជ្ញាធរ​អប្សរា ។ លោក​បាន​រៀបរាប់ពី​ការហាមឃាត់របស់​អាជ្ញាធរអប្សរា ដែលហាមឃាត់សហគមន៍របស់លោក​មិន​ឱ្យ​ជីកអណ្ដូង សង់​រោងគោ ធ្វើសំណង់​បន្ថែមលើ​ផ្ទះសម្បែង ឬ​សូម្បី​ធ្វើ​បង្គន់​​ ។

លោក សាវន បាននិយាយថា៖ «ពួកគេបានរឹតត្បិត​សិទ្ធិមិន​ឱ្យសូម្បីតែធ្វើរបង​ជុំវិញ​ផ្ទះ ដែលអាជ្ញាធរ​អប្សរា​មិនអនុញ្ញាត​ឡើយ ។ យើង​ជួបការលំបាកច្រើនណាស់ ពួកយើងគ្រប់គ្នា​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា» ។

អ្នកភូមិ​ប្រមូលផ្ដុំគ្នា​និងឈរ​កាន់បដា​នៅក្នុងឃុំ​ខ្នាត់ នៅមុនធ្វើដំណើរទៅកាន់​សាលាខេត្ត​សៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ (លីកាដូ)

កាលពីមុន លោក សាវន លើកទ្បើងថា អាជ្ញាធរអប្សរាមានការយោគយល់ច្រើនជាងនេះ​ពីតម្រូវការចាំបាច់​របស់​អ្នកភូមិ និង​មានឆន្ទៈ​សម្រុះសម្រួលច្រើន ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរអប្សរា​មានការរឹតត្បិត​កាន់តែខ្លាំងឡើងមកលើ​អ្នកភូមិ ។

យោងតាមរបាយការណ៍ស៊ើបអង្កេតមួយពីសំណាក់អង្គការ Amnesty International កាលពីឆ្នាំ២០២២ ការចុះបញ្ជីដីធ្លី«បានកើនឡើង​យ៉ាង​គំហុក»នៅក្នុងតំបន់អង្គរ ហើយ​អាជ្ញាធរត្រូវបានគេរាយការណ៍​ថា​បាន​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន ១០.០០០គ្រួសារចេញពីតំបន់នោះ ។ អាជ្ញាធរ​បានលើកឡើង​ពី​ភាព​ចាំបាច់​ក្នុងការការពារ​តំបន់ប្រាសាទអង្គរ​ពី​ការខូចខាតដែលអាច​ប៉ះពាល់​ដល់ឋានៈ​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​ យូណេស្កូ របស់ទីតាំងនោះ ។

អ្នកភូមិម្នាក់ទៀត​ដែលមកពីឃុំ​ខ្នាត់ដូចគ្នា គឺលោក ម៉ម សំអុល អាយុ ៤៥ឆ្នាំ ក៏ជឿជាក់ដែរថា អាជ្ញាធរ​អប្សរា​បាន​រារាំង​សិទ្ធិ​របស់​អ្នកភូមិ​នៅកន្លែងដែល​លោករស់នៅ ដោយរឹតត្បិត​ការសាងសង់នៅលើ​តំបន់នានាដែលអាជ្ញាធរអប្សរាអះអាងថា នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​មួយនេះ ។

លោក សំអុល បាននិយាយថា៖ «ខ្ញុំយល់ថា យើង​ស្ថិតក្រោមសម្ពាធ ។ វាបានបង្ក​ផលប៉ះពាល់​ដល់​ហិរញ្ញវត្ថុរបស់គ្រួសារប្រជាជន» ។ លោក​បាន​បន្ថែមថា អាជ្ញាធរ​អប្សរា​បានរារាំង​រូបលោក​ឱ្យ​សង់​របង​ជុំវិញផ្ទះរបស់​លោក ចាប់តាំងពី​ឆ្នាំ២០១៥មកម្ល៉េះ ។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​វប្បធម៌និងវិចិត្រ​សិល្បៈ បាន​បដិសេធថា ក្រសួង​មិនបានធ្វើទុក្ខបុកម្នេញដល់ប្រជាជន​ដែលកំពុងរស់នៅក្នុងតំបន់​ការពារ​នៅក្នុងបរិវេណតំបន់​ប្រាសាទ​នោះ​ទេ ។

លោកបាននិយាយថា៖ «ជាធម្មតា ពួកគាត់[អ្នកភូមិ]មកធ្វើការសាងសង់​នៅក្នុង​តំបន់​ដែល​ពួកគេ​ត្រូវ​បាន​ហាមឃាត់ ហើយនៅពេលយើង​ចុះទៅឃាត់ពួកគេ ពួកគេ​ចោទប្រកាន់​យើង ។ ពុំមានការគាប​សង្កត់​អ្វីទេ» ។ លោក​បាន​យោង​​ទៅ​លើ​ព្រះរាជក្រឹត្យ​ស្ដីពីការកំណត់បែងចែក​តំបន់​និង​ការគ្រប់គ្រង​ខេត្តសៀមរាប និងតំបន់អង្គរ ដែល​ហាម​ការអភិវឌ្ឍ​និងការពង្រីក​អគារ​នានា​នៅក្នុង​តំបន់ជាក់លាក់​មួយ​ចំនួន ដើម្បី​ការពារ​និង​លើកកម្ពស់​តំបន់​ប្រាសាទ ។

លោក ម៉ាប់ បាននិយាយថា៖ «សម្រាប់ដែលអ្នកមកតាំងទីលំនៅថ្មីនៅលើដី​ដែល​ពីមុនគ្មានសំណង់ យើង​បាន​ហាមឃាត់នូវអ្វីដែល​ត្រូវបានចាត់ទុកថាជាសំណង់ខុសច្បាប់ អញ្ចឹងការជួសជុល ការធ្វើរបងត្រូវបានហាមឃាត់» ។

អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក (World Heritage Centre) បាន​សរសេរ​នៅក្នុង​អ៊ីមែល​មួយដែល​ផ្ញើ​មក​កាន់ ខេមបូចា ញូវស៍ ថា អង្គការយូណេស្កូ ទុកឲ្យអាជ្ញាធរ​កម្ពុជា ជាអ្នកដោះស្រាយចំពោះញត្តិដែលស្នើសុំអន្តរាគមន៍នោះ។

អ្នកនាំពាក្យដដែល​បាន​សរសេរថា៖ «ការរៀបចំ​និង​ដែនដីអន្តរាគមន៍របស់អាជ្ញាធរអប្សរា គឺជា​ទំនួល​ខុសត្រូវ​ទាំងស្រុង​របស់​រដ្ឋាភិបាល​កម្ពុជា» ។ ដោយបានបន្ថែមថា៖ «យូណេស្កូ ពុំមាន​តួនាទីធ្វើការសម្រេចចិត្ត​ណា​មួយ​នៅក្នុង​ប្រធានបទនេះ​ទេ ហើយ​ក៏​មិនមានសិទ្ធិក្នុងការធ្វើអត្ថាធិប្បាយ​នៅក្នុង​ក្របខ័ណ្ឌ​នអាណត្តិរបស់​ខ្លួន​ដែរ» ។

លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រង​របស់អង្គការសិទ្ធិមនុស្ស​ លីកាដូ ប្រចាំខេត្ត​បន្ទាយមានជ័យ បានចូលរួមសង្កេតការណ៍ទៅលើការតវ៉ានោះ ។ លោកបាននិយាយថា អ្នកភូមិ​ចង់​ផ្ញើ​សារទៅកាន់​រដ្ឋាភិបាល​ដើម្បី​ឱ្យដោះស្រាយ​បញ្ហា​ប្រឈមរបស់ពួកគេ ដែល​បង្កឡើង​ដោយអាជ្ញាធរ​អប្សរា ។

លោកបាននិយាយថា៖ «ប្រការនេះ​បានរំលោភ​សិទ្ធិ​របស់ពួកគេ​ក្នុង​ការធ្វើជាម្ចាស់កម្មសិទ្ធិនៃលំនៅដ្ឋានរបស់ពួកគេ ។ ពួកគេ​តស៊ូមតិ​ដោយស្របច្បាប់​ដើម្បី​ស្នើសុំ​ឱ្យ​ថ្នាក់ដឹកនាំរដ្ឋាភិបាល​ដោះស្រាយ​បញ្ហារបស់ពួកគេ ដោយនុញ្ញាត​ឱ្យពួកគេ​មានសិទ្ធិ​គ្រប់គ្រង​[អចលនទ្រព្យ]របស់ពួកគេ» ។ លោកបានបន្ថែមថា៖ «ពួកគេរស់នៅ​ដោយ​លំបាក ។ ពួកគេ​មិនអាចជួសជុលផ្ទះបាន នៅពេល​មានភ្លៀងខ្លាំងដែល​បង្ក​ជា​ទឹកជំនន់ឬ​ខ្យល់​កន្ត្រាក់» ។

អ្នកនាំពាក្យ​អាជ្ញាធរអប្សរា លោក ឡុង កុសល មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយបានទេ ។

លោក កុសល ធ្លាប់បាននិយាយ​នៅក្នុង​កិច្ច​សម្ភាសន៍ជាមួយ​ ខេមបូចា ញូវស៍ កាលពីខែវិច្ឆិកា ថា «សំណង់[ថ្មី]មិនត្រូវបានអនុញ្ញាត​ឡើយ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភព​លោក ហើយពួកគេ​ចាំបាច់​តរូវតែ​សុំ​ការអនុញ្ញាត​ដើម្បី​សាងសង់វា» ។ «ប៉ុន្តែ វាមិនមែនមានន័យថា នៅពេលដែលអ្នកដាក់ពាក្យស្នើ​សុំ​ការអនុញ្ញាត អ្នកនឹង​ទទួលបានការយល់ព្រមនោះទេ» ។

កាលពីថ្ងៃទី១១ ខែមករា រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​ដែល​បង្កើត​ទីក្រុងថ្មី​មួយ​ជាផ្លូវការ ឈ្មោះ​ក្រុងរុនតាឯក តេជោ សែន នៅក្នុងខេត្ត​សៀមរាប ដែលជាទីតាំងមួយ​ក្នុងចំណោមទីតាំង​លំនៅថ្មី​ដែលបង្កើត​ឡើង​សម្រាប់​គ្រួសារដែល​ត្រូវបានជម្លៀសចេញពី​តំបន់​ឧទ្យានអង្គរ ។ ទី​ក្រុងថ្មីនេះ​ត្រូវបានបង្កើត​ឡើងដោយ​កាត់យក​ឃុំ​រុនតាឯកចេញពី​ស្រុក​បន្ទាយស្រី និង​កាត់​យក​ឃុំ​បល្ល័ង្គ​ពីស្រុក​ប្រាសាទ​បាគង ។

កាលពីខែវិច្ឆិកា អង្គការ Amnesty International បាន​ហៅ​កិច្ចប្រឹងប្រែង​បង្កើត​តំបន់លំនៅដ្ឋាន​ថ្មី​របស់រដ្ឋាភិបាលថាជា«ការជម្លៀសចេញដោយបង្ខំ​ ដែលធ្វើឡើង​ក្នុងទ្រង់ទ្រាយធំនិងជាការរំលោភច្បាប់​សិទ្ធិមនុស្សអន្តរជាតិ» ។ ការស៊ើបអង្កេតរបស់​ក្រុមសិទ្ធិមនុស្សដដែលនេះ បានរកឃើញថា តំបន់​តាំង​លំនៅថ្មី រុនតាឯក ខ្វះ«ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យជាមូលដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ៗដទៃទៀត» ដែលធ្វើ​ឱ្យតំបន់នេះ​«មិនបំពេញ​គ្រប់គ្រាន់ទៅតាម​ស្តង់ដារសិទ្ធិមនុស្ស​អន្តរជាតិ ​និងជាការរំលោភ​សិទ្ធិមនុស្ស​អន្តរជាតិ» ។

អង្គការ Amnesty International ក៏បាន​ហៅ​អង្គការ យូណេស្កូ ថា«ជាតួអង្គទទួលខុសត្រូវ»មួយ ដោយ​លើកឡើងថា យូណេស្កូ បានដឹង​ពី​ការជម្លៀសចេញដោយបង្ខំទាំងនោះ ប៉ុន្តែ មិនបាន«​ថ្កោលទោស​ជាសាធារណៈ»ទេ ហើយ​ក៏«មិនបាន​ទទួលស្គាល់ថា ការជម្លៀសចេញដោយបង្ខំទាំងនោះកំពុងកើត​មានឡើង​»ដែរ ។

អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក បានបដិសេធចំពោះការចោទប្រកាន់របស់អង្គការ Amnesty International ដោយលើកឡើងថាវាមិនមែនជាការពិត ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘We Are Dying To Live In Our Homeland’: Siem Reap Villagers Protest Against Apsara

1,020 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម