សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ

ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Global Green ពីការឈូសឆាយដីចម្ការពួកគាត់ដើម្បីបើកផ្លូវចូលទៅកន្លែងជីករករ៉ែ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ (ផ្ដល់ឲ្យ)
ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Global Green ពីការឈូសឆាយដីចម្ការពួកគាត់ដើម្បីបើកផ្លូវចូលទៅកន្លែងជីករករ៉ែ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ (ផ្ដល់ឲ្យ)

យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០គ្រួសារ​បានទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​មួយ​ដែល​បាន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ព្រៃ​ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​រុករក​រ៉ែ​ដែក​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​វិហារ​។​

កាល​ពី​ថ្ងៃទី​១៣​ ខែមករា ប្រជា​ពល​រដ្ឋ​ប្រហែល​១០០​នាក់​ ដែល​មាន​ដី​ប្រឈម​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ បា​ន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ Global Green (Cambodia) Energy Development Co Ltd ដែល​បាន​ឈូស​ឆាយ​តំបន់​ដីព្រៃ​។ ការ​ឈូស​ឆាយ​នេះ គឺ​ក្រុម​ហ៊ុន​ចង់​បើក​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​ជីក​យក​រ៉ែ​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​សង្កែ១ ក្នុង​ស្រុក​ឆែប​។​

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ខេមបូចា បាន​រាយ​ការណ៍​ថា​ Global Green គឺ​ជាក្រុម​ហ៊ុន​មួយ​ដែល​មាន​ទំនាន់​ទំនង​នឹង​ក្រុម​ហ៊ុន​លោក ឧកញ៉ា ទ្រី ភាព។ លោក​ទ្រី​ ភាពក៏​​ត្រូវ​ក្រ​សួង​រតនាគារ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​​ក្រោម​ច្បាប់​ Global Magnitsky Act​។ ក្រុម​ហ៊ុន​​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​នាំចេញ​រ៉ែដែក​ទៅ​កាន់​ប្រទេស​វៀតណាម​​​តាម​កំពង់ផែពហុបំណង​ថ្មី​របស់​ឧកញ៉ា​ក្នុង​ខេត្ត​កំពត​​ផង​ដែរ​។​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​វិហារ លោក ណុប វុទ្ធី មាន​ប្រសាសន៍ថា​អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ Global Green ផ្អាក​ការ​ឈូស​ឆាយ​ដី​ជាបណ្ដោះអាសន្ន និង​រក​ដំណោះ​ស្រាយ​ជាមួយ​អ្នក​ភូមិ​ដែល​មាន​ដំណាំ​រង​ការ​ខូច​ខាត​ជាមុន​សិន​​។​

លោក​មាន​ប្រសាសន៍​ថា​៖ «ពួកគេ​បាន​ផ្អាកសកម្មភាព​[ឈូស​ឆាយ]។ យើង​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​ជាមូយ​អ្នក​ភូមិ​ដែល​មាន​ដំណាំ​នៅ​ទី​នោះ»។​

បើ​តាម​អ្នក​នាំពាក្យ​រូបនេះ ក្រុមការងារកំពុងការកំណត់ផលប៉ះពាល់ជាក់ស្តែង ប៉ុន្តែ​ក្រុម​ហ៊ុន​គួរ​តែ​កំណត់​ចំនួន​សំណង​លើផលប៉ះពាល់ដំណាំរបស់ពលរដ្ឋ។​

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រ​សួង​រ៉ែ និង​ថាមពល​ដើម្បី​រុក​រ៉ែ​​ដែក​លើ​ផ្ទៃដី​១៥​គីឡូម៉ែត្រ​ក្រឡា ហើយ​ថ្មីៗ​នេះ​បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ដើម្បី​បើក​ផ្លូវ​ចូល​ទៅ​កាន់ទី​តាំង​នោះ​។ ប្រជា​ពល​រដ្ឋ​​​ប្រហែល​១០០​គ្រួសារ​កំពុង​រស់​នៅ​លើ​ដី​ដែល​រង​ផល​ប៉ះពាល់​នេះ​។​

ដោយសារតែ​មានការ​តវ៉ា ​ក្រុម​ហ៊ុន​​បានផ្អាកការធ្វើផ្លូវបណ្តោះអាសន្ន​​។ នៅ​ថ្ងៃ​អង្គារ៍​ទី​១៦ ខែមករា​​ តំណាងក្រុមហ៊ុន និងអាជ្ញាធរស្រុកបានជួបពិភាក្សជាមួយ
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញឆន្ទៈក្នុងការដោះស្រាយផលប៉ះពាល់នោះទេ។

«ការប្រជុំមិនបានព្រមព្រៀងគ្នាទេ គេមិនបាននិយាយរឿងសំណងជាក់លាក់ទេ គេថាបងប្អូនប៉ះពាល់ប៉ុន្មាននឹងដោះស្រាយតាមជាក់ស្តែង។ សរុបមកលទ្ធផលប្រជុំមិនមានដំណោះស្រាយទេ»​​ នេះតាមការបញ្ជាក់របស់ កសិករ​ម្នាក់​ឈ្មោះ​សិទ្ធ។

​លោក​ សិទ្ធ ​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ពេញដោយ​ខ្លាច​រង​សម្ពាធ​ពី​ក្រុម​ហ៊ុន។​ លោក​ថា ក្រុម​ហ៊ុន​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ចម្ការ​ដំឡូង​មី​របស់​លោក​ដោយ​មិន​ទាន់​បាន​ផ្ដល់​សំណង​​។​

លោក​ឲ្យ​ដឹងថា៖ «​ក្រុម​ហ៊ុន​មិន​ទាន់​បាន​ផ្ដល់​ដំណោះ​ស្រាយ​ទេ​[សំណង] ប៉ុន្តែ​ពួកគេ​បាន​ដក​គ្រឿង​ចក្រ​ទៅវិញ​ហើយ»។ លោក​បន្ថែម​ថា​ក្រុម​ហ៊ុន​ Global Green បាន​ឈូស​ដំណាំ​ដំឡូង​មី​របស់​លោក​អស់​ប្រាំជួរដែល​មាន​ទទឹង​១២​ម៉ែត្រ ខណៈ​ដែល​លោក​មាន​ចម្ការ​ដំឡូង​មី​ចំនួន​បី​ហិកតា។​

ក្រុម​ប្រជាពល​រដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នាទប់​​ស្កាត់​គ្រឿ​ងចក្រ​របស់​ក្រុម​ហ៊ុន​ Global Green ពីការ​ឈូស​ឆាយ​ដី​ចម្ការពួក​គាត់​ដើម្បី​បើក​ផ្លូវ​ចូល​ទៅ​កន្លែង​ជីក​រក​រ៉ែ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤។ (ផ្ដល់​ឲ្យ)

បុរស​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​​បាន​ប្រាប់​ប្រជាបល​រដ្ឋ​ថា​ក្រុម​ហ៊ុន​ទំនង​ជានឹង​​ផ្ដល់​ «សំណង​តាមមនោសញ្ចេតនា» ដល់​ពល​រដ្ឋ​ដោយ «មួយ​ហិកតា​អាច​បាន​ប្រាក់​មួយ​ឬ​ពីរ​លាន​រៀល»។

លោក​សិទ្ធ លើ​កឡើង​ថា៖ «​យើង​តវ៉ា​ដោយសារតែ​សំណង​វា​មិន​សមរម្យ។ ​អ្នក​ភូមិ​ចង់បាន​ដី​ដែល​មាន​ដំណាំ​២៥០០​ដុល្លារ​ក្នុង​មួយ​ហិកតា»។ លោក​បន្ថែម​ថា​ប្រជា​ពល​រដ្ឋ​ក៏​បាន​ស្នើទៅ​ក្រុម​ហ៊ុន​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកអភិវឌ្ឍ​នៅ​នឹង​កន្លែង។​

លោក​ថា៖ «​សិទ្ធិ​ [ពល​រដ្ឋ​] ត្រូវបំពាន​ដោយ​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យ​សម្បត្តិដាក់​សម្ពាធ​លើ​ប្រជាពល​រដ្ឋ»។​

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ហៀម គឹមហុង ដែល​បាន​ចូល​រួម​តវ៉ា​ដែរ​នោះ​បាន​បង្ហាញ​ការភ័យ​ខ្លាច​ពី​ការ​បាត់​បង់​ដី​បី​ហិកតា​របស់​ខ្លួន​ដែល​មាន​ទី​តាំង​នៅ​​ក្នុង​តំបន់​រុក​រក​រ៉ែ​របស់​ក្រុម​ហ៊ុន​។​

លោក​ឲ្យ​ដឹង​ថា៖ «ក្រុម​ហ៊ុន​បាន​កសាង​ផ្លូវ​ចូល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចម្ការ​ដំឡូង​មី​របស់​​ប្រជាពល​រដ្ឋ ដោយ​មិន​បាន​ផ្ដល់​សំណង​អ្វី​ទាំងអស់»។​

លោក គឹមហុង បន្ត​ថា៖ «វា​ក៏​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពល​រដ្ឋ​ដែល​អាស្រ័យ​អនុផល​ព្រៃឈើ​ផង​ដែរ»។ លោក​ថាក្រុម​ហ៊ុន​បាន​ឈូស​ឆាយដី​ប្រហែល​ពីរគីឡូម៉ែត្រ​។​

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌កម្ពុជា លោក អៀង វុទ្ធី បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​ជួប​ពិភាក្សា​ជាមួយ​ប្រជាពល​រដ្ឋ​មុន​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​តទៅ​ទៀត​។​

លោក​បន្ថែម​ថា៖ «​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធានធម្មជាតិ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​បាត់​បង់​ផល​ប្រយោជន៍»។ លោក​បន្តថា៖ «ជាគោលការណ៍ យើង [ជាក្រុមហ៊ុន] ត្រូវ​ធ្វើ​ការ​ពិគ្រោះយោបល់ [ជាមួយ​អ្នក​ប៉ះពាល់] ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រក្សា​ផល​ប្រយោជន៍ និង​ជីវភាព​ប្រជាពល​រដ្ឋ»។​

បើ​តាម​របាយការណ៍​របស់​អង្គការសមធម៌​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ កន្លង​ទៅ សកម្មភាព​ធ្វើ​អាជីវកម្មរ៉ែមាស​​មិន​បាន​ផ្ដល់​ព័ត៌មាន​ និង​មិនមានការ​ពិគ្រោះយោបន់​នៅ​ថ្នាក់​មូលដ្ឋាន​ទេ។ ជា​រួម​ គម្រោង​ទាំង​នេះ​បាន​ប៉ះពាល់​សិទ្ធិ​សហគមន៍​មូលដ្ឋាន និង​អត្ថប្រយោជន៍​របស់​ពួកគាត់​។​

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​លោក ស៊ុន ចាន់រក្សា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិ​ប្បាយ​បាន​ទេ។​

អ្នកសារព័ត៌មាន​ខេមបូចា​បាន​ហៅទូរសព្ទ​ទៅ​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Global Green (Cambodia) Energy Development ហាន់ ស៊ីណាត ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​​​ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Villagers Demand Compensation From Global Green Mining For Clearing Farm

752 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម