កំឡុងពេលក្រុមហ៊ុនកំពុងតែមមាញឹកក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះនៅចំណុចអាងកន្សែង ដែលខ្លះមិនទទួលបានសំណង និងខ្លះបានអះអាងថាផ្តិតមេដៃទទួលសំណងដោយបង្ខំចិត្ត ពួកគាត់នៅបន្តទាមទាឱ្យអាជ្ញាធរជួយដោះស្រាយសំណងសមរម្យ។
ប្រជាពលរដ្ឋបានអះអាងថា គម្រោងខាងលើនេះបានប៉ះពាល់ដីស្រែពួកគាត់ប្រមាណជាង៩០០ហិកតាលើ២៥០គ្រួសារ នៅចំណុចអាងកន្សែងស្ថិតនៅភូមិកណ្ដាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះពួកគាត់ថា ប្រជាពលរដ្ឋ៦៤គ្រួសារដែលមានផ្ទៃដី១៤៤ហិកតាជាងដែលធ្វើស្រែតជំនាន់មកហើយមិនត្រូវបានទទួលសំណង និងក្រៅពីនោះអាជ្ញាធរដោះស្រាយផលប៉ះពាល់ជូន។
ប្រជាពលរដ្ឋលោក ស្រឿង ហឿន អាយុ៦៧ឆ្នាំដែលមានដីស្រែជាងបីហិកតាក្នុងចំណោមបងប្អូនរបស់ លោក៤គ្រួសារដែលមានដីស្រែសរុប២០ហិកតានៅបាតអាងកន្សែងបានអះអាងថា ពួកគាត់បានធ្វើស្រែនេះតជំនាន់មកហើយតាំងពីមុនឆ្នាំ១៩៧៥ និងបានបន្តអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៧៩មកមិនដែលខកខាន។
ក្នុងសំឡេងរដឺនលោកហឿនបានបន្តឱ្យដឹងថា ពួកគាត់បន្តធ្វើស្រែរហូតឆ្នាំ២០១៧អាជ្ញាធរបានបិទទំបន់អាងនេះធ្វើឱ្យទឹកលិចប៉ះពាល់ប្រជាពលរដ្ឋ៦៤គ្រួសារដែលមានដីស្រែជាង១៤៤ហិកតាលែងបានធ្វើស្រែបន្តទៀត។ចាប់ពីពេលនោះមកបានធ្វើឱ្យជីវភាពរបស់ពួកគាត់លំបាកយ៉ាងខ្លាំងគ្រួសារខ្លះចំណាកស្រុក ទៅរក ការងារធ្វើនៅថៃខ្លះដើរស៊ីឈ្នួលគេដើម្បីចិញ្ចឹមជីវិតនិងសងបំណុលគេ។
លោក ស្រឿង ហឿន បន្តថា៖ «ខ្ញុំកើតពីកូនង៉ាមកឃើញដីស្រែហ្នឹង ហើយធ្វើតជំនាន់មក ហើយ និងបន្តធ្វើតាំងពី៧៩មកទៀតពីមុនគ្មានអាងធំដុំអីទេ ខ្ញុំធ្វើស្រែមករហូតដល់ឆ្នាំ២០១៧ អាជ្ញាធរបិទទំនប់ទឹកលិចស្រែអស់លែងបានធ្វើស្រែលិចអស់រលីងមានអីហូប កូនចៅទៅរក ការងារធ្វើនៅថៃអស់»។
លោកបានបញ្ជាក់ថា ពួកគាត់ទាំង៦៤គ្រួសារអាជ្ញាធរចោទថាធ្វើលើដីរដ្ឋមិនមានដោះស្រាយសំណងជូននោះទេ បើទោះជាពួកគាត់បានធ្វើការតវ៉ាជាបន្តបន្ទាប់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងណាក៏ដោយ។ លោកថាវាអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ដែលកាន់កាប់ដីស្រែតជំនាន់មកបែជារដ្ឋដកហូតដោយមិនបានទទួលសំណងមួយរៀលដូច្នេះ។
លោកបន្តថា៖« គេចោទថាយើងធ្វើលើដីរដ្ឋគេមិនដោះស្រាយឱ្យទេខ្ញុំតវ៉ាដល់ស្រុកដល់ខេត្តដល់ក្រសួងក៏គេមិនដោះស្រាយឱ្យខ្ញុំដែរ គេចុះមកធ្វើជាងកន្លះឆ្នាំនេះហើយខាងជើងអាងគេដោះស្រាយឱ្យ តែពួកខ្ញុំ អត់ដោះស្រាយឱ្យ ត្រូវដោះស្រាយឱ្យពួកខ្ញុំខ្លះមក!»។
ប្រជាពលរដ្ឋម្នាក់ទៀតលោកព្រំ ភិត អាយុ៦៧ឆ្នាំ ដែលមានដីស្រែជាង៤ហិកតានៅលើអាងកន្សែងបាន និយាយថាអាជ្ញាធរបានដោះស្រាយសំណងឱ្យគាត់តម្លៃ១ការ៉េតម្លៃ0,៥ដុល្លារពោល គឺក្នុងមួយហិកតា៥ពាន់ដុល្លារតម្លៃនេះលោកមិនព្រមទទួលនោះទេបើបាន៥ទៅ៦ដុល្លារអីទើបព្រម ព្រោះមិនអាចយកទៅទិញ ដីស្រែធ្វើផ្សេងទៀតបាននោះទេក្នុងតំបន់នោះ។
លោកបានបន្តថា អាជ្ញាធរមិនបានចុះសួរនាំចចារតម្លៃជាមួយប្រជាពលរដ្ឋមុននឹងសម្រេចធ្វើការអភិវឌ្ឍនោះទេ ដោយកំណត់ឱ្យប្រជាពលរដ្ឋខ្លះបានតម្លៃមួយការ៉េ0,៥ដុល្លារភាគច្រើន ខ្លះបាន១ដុល្លារ ១ដុល្លារជាង និងខ្លះជាង២ដុល្លារជាដើមទៅតាមជាប់ផ្លូវ រឺឆ្ងាយពីផ្លូវ។
លោក ព្រំ ភិត លើកឡើងថា៖ «បងប្អូនមិនជំទាស់នឹងការអភិវឌ្ឍទេ តែដោះស្រាយឱ្យគេសមរម្យគេយកហើយ អាជ្ញាធរមិនដែលសួរនាំចរចាតម្លៃអីទេ គេកំណត់ប៉ុន្មានប៉ុណ្ណឹងហើយ! បើយើងតវ៉ាគេហៅមកព្រមាន បើមិនឱ្យតវ៉ាយ៉ាងម៉េចបើមិនទទួលសំណងសមរម្យផង គេយកគ្រឿងចក្រមកកាយលើដីស្រែយើង»។
លោកបន្តថា៖ «មេឃុំ មេភូមិក៏គេមិនជួយយើងដែរ គេថាមិនពាក់ព័ន្ធជាមួយយើងទេប្រជាជនតវ៉ាតែឯងទៅ យើងដូចអត់ម៉ែ អត់ឪចឹងសព្វថ្ងៃ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតលោក លន់ ថុង បានឱ្យដឹងថាដីស្រែរបស់គាត់ជាងពីរហិកតាត្រូវបាន អាជ្ញាធរដោះស្រាយសំណងឱ្យតម្លៃពីរផ្សេងគ្នា គឺមួយការ៉េ១,៨ដុល្លារនិងឆ្ងាយពីគ្នា១០០ម៉ែត្រ មួយការ៉េ១,១កាក់តម្លៃនេះលោកអះអាងថា លោកព្រមយកទាំងបង្ខំចិត្តដោយសារតែអាជ្ញាធរបានឈូសឆាយដីស្រែរបស់គាត់រួចអស់ទៅហើយ។
លោក លន់ ថុង បន្តថា៖ «តាមទឹកចិត្តខ្ញុំអត់យកទេធ្វើម៉េចដីខ្ញុំហាមឃាត់គេពីរបីដងហើយ គេនៅតែធ្វើ គេឈូសដីខ្ញុំអស់រលីងទៅជាថ្នល់ហើយ ខ្ញុំត្រូវតែយកទាំងបង្ខំយកទាំងអន់ចិត្តទាំងទឹកភ្នែក ព្រោះយកទៅទិញដីស្រែទៅវិញអត់បានបើទទួលគំនាបទាំងអស់ហើយ ខ្ញុំតវ៉ាពីរបីដងមិនបានគេថាក្រសួងកំណត់មកចឹង វាអយុត្តិធម៌ណាស់»។
លោកបញ្ជាក់ថា គាត់មានដីស្រែមួយកន្លែងទៀតចំនួន៥ហិកតាអាជ្ញាធរឱ្យតម្លៃមួយការ៉េ០,៥កាក់ទៅ០,៦កាក់ប៉ុណ្តោះ ប៉ុន្តែតម្លៃនេះលោកមិនយល់ព្រមទទួលនោះទេដោយទាមទារចង់បានសំណងឱ្យសមរម្យ ជាងនេះយ៉ាងហោចណាស់បានជាង២ដុល្លារមួយការ៉េដែរ។
លោកបន្តថា ពីមុនមានប្រជាពលរដ្ឋខ្លះព្រមទទួលយកសំណងប៉ុន្តែមិនដឹងប៉ុន្មាននាក់នោះទេ និងមួយខែក្រោយនេះមានប្រជាពលរដ្ឋប្រហែល១០០គ្រួសារបានផ្តិតមេដៃទទួលយកសំណងដែរប៉ុន្តែមិនទាន់បានទទួលលុយនោះទេរួមទាំងលោកផងដែរ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់(IDFMP)ខេត្តបន្ទាយមានជ័យ ខាងលើនេះទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbankនៃសាធារណរដ្ឋកូរ៉េ។
បើតាមក្រសួងធនធានទឹក និងឧត្តុនិយមបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ខាងលើនេះសម្រាប់ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រឡាយស្រោចស្រព និងរំដោះទឹកខ្នាតធំចំនួន៥ខ្សែ មានប្រវែងសរុប៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន១៨៧កន្លែង ស្តារអាងទឹកចំនួន៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង)និងជួសជុលអាងទឹកអូរខៃដន។
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ដីដែលរងផលប៉ះពាល់ពីគម្រោងខាង លើនេះគឺជាដីគម្របព្រៃឈើរបស់រដ្ឋមិនមែនជាដីរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែដោយសារការយោគយល់ពីរាជរដ្ឋាភិបាល និងពាក់ព័ន្ធស្ថានភាពសេដកិច្ចផងក៏សម្រេចជូនសំណងដល់ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីហ្នឹង មិនមែនជាការផ្តល់តម្លៃជាដីកម្មសិទ្ធិទេបើជាផ្លូវការមិនសងទេ។
លោកអភិបាលស្រុកថ្លែងថា៖ «បើលោកទៅសួរមើល ដីគាត់នៅត្រង់ណា? ដីគាត់មានទំហំប៉ុន្មាន? ហើយមានឯកសារទេ? គឺពួកគាត់មិនមានឯកសារទេ»។ លោកបន្តថា៖ «ការអភិវឌ្ឍន៍ប្រទេសតែងតែមានប៉ះពាល់ខ្លះហើយ គាត់ទាតម្លៃទីផ្សារសួរថាតម្លៃដីតំបន់ហ្នឹងបានទេ២រឺ៣ដុល្លារមិនបានទេ»។
ខេមបូចា មិនអាចទំនាក់ទំនងបញ្ជាក់ពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននោះទេដោយ លោកថាជាប់រវល់ប្រជុំកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ទោះបីយ៉ាងណាលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះ គឺមានក្រុមបច្ចេកទេសជាតិ និងអន្តរជាតិចុះមកសិក្សាគ្រប់ជ្រុងជ្រោយ រយៈពេលជាង៤ឆ្នាំទំរាំរាជរដ្ឋាភិបាលសម្រេចអនុវត្ត។ ដោយបានសិក្សាពីផលប៉ះពាល់ និងធ្វើបច្ចុប្បន្នភាពដីកម្មសិទ្ធិ និងដីរបស់រដ្ឋដែលជាអតីតអាងកន្សែង។
លោកបន្ថែមថា ក្រោយពីធ្វើការសិក្សាហើយគណៈកម្មការអន្តរក្រសួងបានសម្រេចសុំគោលការណ៍ដល់រាជរដ្ឋាភិបាលដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមាន កម្មសិទ្ធិស្របច្បាប់។ ចំពោះដី១៤៤ហិកតារបស់ប្រជាជន៦៤គ្រួសារបានចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ រួចហើយជាផ្ទៃអាងតាមច្បាប់រដ្ឋធម្មនុញ្ញដីរបស់រដ្ឋមិនដោះស្រាយសំណងឱ្យនោះទេ ប៉ុន្តែអាជ្ញាធរនឹងរកវិធីដើម្បីសម្របសម្រួលនិងដោះស្រាយផ្សេងៗ។
លោកអភិបាលរងខេត្តបន្ថែមថា៖ «ទាក់ទងទៅនឹងដីរដ្ឋយើងដោះស្រាយផលប៉ះពាល់ជូនចំពោះផលដំណាំ រឺផ្ទះសម្បែងដែលសាងសង់លើដីរបស់រដ្ឋ អន្តរក្រសួងគេធ្វើសិក្សាហើយកត់ត្រានៅពេលចុះសិក្សានោះ កំណត់ផលប៉ះពាល់ជូនប្រជាពលរដ្ឋ»។ លោកបន្តថា៖ «ក្នុងករណីបងប្អូនបានសាងសង់រឺបង្កបង្កើនផលក្រោយពីអន្តរក្រសួងបានកំណត់នោះគឺអត់មានក្នុងបញ្ជីសម្រាប់ដោះស្រាយជូនទេ»។
លោកបន្ថែមថា ក្រុមការងារដោះស្រាយផលប៉ះពាល់បានអនុវត្តគ្រប់ជ្រុងជ្រោយ និងភាពទន់ភ្លន់ ព្យាយាមដោះស្រាយជូនផង សម្របសម្រួលផង និងដំណើរការសាងសង់តែក្នុងទីតាំងដីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ១០០ភាគរយហើយប៉ុណ្ណោះ និងបន្តដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលសំណងបន្តបន្ទាប់ទៀត។
នៅពេលដែលខេមបូចាសួរសំនួរពីទំហំនៃផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការដោះស្រាយបានប៉ុន្មានគ្រួសារហើយ លោកអភិបាលរងខេត្តបានរុញឱ្យទៅសួរគណៈកម្មាការអន្តរក្រសួង និងសួរទៅរដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧត្តុនិយមវិញដោយលោកគ្រាន់ជាក្រុមការងារសម្របសម្រួលប៉ុណ្ណោះ។
ទាក់ទងបញ្ហាខាងលើនេះលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បដិសេធមិនធ្វើអត្ថាធិប្បាយដោយលោករុញទៅសួរលោក ប៉ុញ សុច្ចៈ នាយកគម្រោងផ្ទាល់បកស្រាយជំនួស។
លោក ប៉ុញ សុច្ចៈ នាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៃក្រសួងធនធាន ទឹក និងឧត្តុនិយម បានបញ្ជាក់ដូចគ្នានឹងអាជ្ញាធរខេត្តដែរលើដី១៤៤ហិកតារបស់ពលរដ្ឋខាងលើនោះ គឺជាអាងដីរបស់រដ្ឋដែលអាជ្ញាធរដែនដីកំណត់តាំងពីឆ្នាំ២០១៧មក ផ្អែកលើគោលការណ៍ដីរដ្ឋ គឺមិនមាន សំណងទេហើយខាងខេត្តក៏បានផ្សព្វផ្សាយដែរ។លោកបន្តថា ក្រៅពីនោះខាងនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃអគ្គនាយក ដ្ឋានផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោះស្រាយជូន។
លោកបានបន្ថែមថា៖ «ខាងខ្ញុំរង់ចាំតែគេដោះស្រាយហើយគេចង្អុលបង្ហាញឱ្យធ្វើត្រង់ណាខ្ញុំចុះទៅ អនុវត្តន៍គម្រោងត្រង់នោះ»។ លោកបន្តថា៖ «ចំពោះការដោះស្រាយសំណងយ៉ាងណាខ្ញុំអត់ដឹងច្បាស់ទេវាជាគោលនយោបាយខាងដោះស្រាយផលប៉ះពាល់គេអត់ឱ្យព័ត៌មានមកយើងផង យើងគូរប្លង់ហើយត្រូវ ការធ្វើប្រព័ន្ធប្រឡាយ ទំហំដីត្រូវសាងសង់ប៉ុណ្ណា ទៅឱ្យខាងគេជាអ្នកប្រជុំដោះស្រាយចាត់ចែង»។
ទោះបីយ៉ាងណាលោកបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនិងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ គឺស្តារប្រឡាយខ្នាតធំចំនួន៤ខ្សែជិត១០០គីឡូម៉ែត្រមានអាងស្តារថ្មីចំនួន៣កន្លែងនិងជួសជុលអាងទឹកអូរខៃដន ដែលអាចស្តុកទឹកសរុបបានជាង២០លានម៉ែត្រគូប។
លោកបន្តថា គម្រោងនេះអភិវឌ្ឍន៍ដើម្បីកាត់បន្ថយទឹកជំនន់ដែលឆ្លងពីប្រទេសថៃមកហូរចូលអាងទឹកមួយ ចំនួន ហូរតាមប្រឡាយចូលស្ទឹងសេរីសោភ័ណ្ឌ និងស្ទឹងមង្គលបូរី ហូរបន្តទៅតំបន់បីឆ្ពោះទៅទន្លេសាប ។ លោកបញ្ជាក់ទៀតថា នៅខែប្រាំងទឹកមានស្តុកតាមប្រឡាយផង និងអាងទឹកផងអាចស្រោចស្រពធ្វើស្រែប្រាំងបានច្រើនហិកតា។
លោកបន្ថែមថា៖ «តាមផែនការគម្រោងនេះបញ្ចប់នូវឆ្នាំ២០២៦បច្ចុប្បន្នផែនការថ្មីអភិវឌ្ឍន៍បាន២៥ភាគរយទៅ២៦ភាគរយ លើផែនការគ្រោងទុក១៥ទៅ១៦ភាគរយ យើងនឹងសម្រុកមួយប្រាំងនេះ ធ្វើឱ្យបានជាង៥០ភាគរយ»។
ខេមបូចាមិនអាចទំនាក់ទំនងលោក យឹម យុត្ថារ័ត្ន ប្រធានក្រុមការងារគណៈកម្មការអន្តរក្រសួងតាមទូរស័ព្ទ បាននោះទេដោយទូរស័ព្ទហៅចូលហើយត្រូវបានចុចផ្តាច់ទៅវិញកាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំណែកលោក យ៉េន សោភ័ណ្ឌ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទូរស័ព្ទហៅចូលហើយលោកថាស្តាប់មិនលឺ ក្រោយមក ខេមបូចា ព្យាយាមទាក់ទងបន្ថែមទៀត ប៉ុន្តែទាក់ទងមិនបាន។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូរប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានឱ្យដឹងថា លោកមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍ខាងលើនោះទេ ប៉ុន្តែលោកសោកស្តាយដោយសារអាជ្ញាធរពាក់ព័ន្ធមិនបានធ្វើកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍មុន។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦៤គ្រួសារបានធ្វើស្រែចំនួន១៤៤ហិកតាជាង ដែលសុទ្ធតែជាដីកេរ្តិ៍ពីដូនតារបស់គាត់ដែលអាស្រ័យផលរហូតមកតែពេលនេះគាត់បានបាត់បង់ទាំងស្រុងដោយសារការដកហូតពីអាជ្ញាធរដោយគ្មានសំណង។ លោកបានស្នើសុំអាជ្ញាធរពាក់ព័ន្ធគួរដោះស្រាយផលប៉ះពាល់ជូនពួកគាត់ក្នុងតម្លៃសមរម្យណាមួយដើម្បីអាចឱ្យពួកគាត់អាចយកទៅទិញដីស្រែដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញ។
លោក គង់ជិត បន្ថែមថា៖ «ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ តមរតកដីគាត់តាំងពីសម័យ១៩៧៥មុនសម័យប៉ុលពតមក ចឹងយើងមើលឥរិយាបទកាន់កាប់របស់គាត់មើល គឺកាន់កាប់ស្របតាមច្បាប់ភូមិបាលទាំងស្រុង គាត់ជាភោគៈស្របច្បាប់ត្រូវតែទទួលបានសំណង»។ លោកបន្តថា៖ «ហើយសំណងគួរទទួលបានសមរម្យសម្រាប់ពួកគាត់ ព្រោះគាត់ត្រូវទៅទិញដីស្រែថ្មីទៀត ដើម្បីបង្កបង្កើនផលបើមិនឱ្យលុយគាត់ស្មើនឹងផ្តាច់ជីវិតគាត់»។
សូមជម្រាបថា បើតាមក្រសួងធនធានទឹក និងឧត្តុនិយមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារស្ថិតក្នុងឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងចំនួនបីគឺ៖ ទី១)គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ទី២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ និងទី៣)គម្រោងកាត់បន្ថយទឹកជំនន់ និង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលខេត្តបាត់ដំបង៕