ប្រជាកសិករចំនួន៦ភូមិរស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់តំបន់បឹងទន្លេសាប មិនទាន់ទទួលបានជំនួយសង្គ្រោះស្រូវប្រាំងពីអាជ្ញាធរនៅឡើយទេ ខណៈដែលស្រូវប្រាំងរបស់ពួកគាត់ទំហំជាង១ពាន់ហិកតាកំពុងក្រៀមស្វិតខ្វះទឹក ប្រឈមនឹងងាប់ទាំងស្រុងបើសិនមិនមានការជួយក្នុងរយៈមួយខែទៀត។
អ្នកភូមិជាច្រើនគ្រួសារកំពុងរកមធ្យោបាយទាញទឹកតាមប្រភពផ្សេងៗ ដើម្បីសង្គ្រោះស្រូវប្រាំងបណ្ដោះអាសន្នសិន ដោយកសិករខ្លះបានជីកស្រះដោយខ្លួនឯង ខ្លះកាយប្រឡាយតូចៗប្រវែងរាប់រយម៉ែត្រ និងខ្លះទៀតប្រើចបជីកអណ្តូងក្នុងប្រឡាយឱ្យជ្រៅដើម្បីទាញទឹកក្រោមដីស្រោចស្រពស្រូវប្រាំង ដែលកំពុងក្រៀមស្វិតបណ្តើរៗ ក៏ប៉ុន្តែប្រភពទឹកដែលពួកគាត់ជីក គ្រាន់តែសង្គ្រោះស្រូវប្រាំងបានតែរយៈពេលខ្លីប៉ុណ្ណោះ។
ពួកគាត់បានចំណាយកម្លាំង និងចំណាយប្រាក់ច្រើន ដើម្បីទាញទឹកស្រោចស្រពស្រូវប្រាំងបណ្ដោះអាសន្ន ស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសមិនទទួលខុសត្រូវ រាល់ការខាតបង់ស្រូវប្រាំង របស់កសិករយ៉ាងណាក្តី។
ប្រជាកសិករ៦ភូមិ ដែលកំពុងជួបវិបត្តិខ្វះទឹករួមមាន ភូមិតាកោះ ភូមិស្វាយក្រោម ភូមិវត្តថ្មី ភូមិធ្លកយល់ ភូមិបន្ទាយមាស ភូមិត្រពាំងព្រាល និងភូមិស្វាយបាកាវ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កសិកររស់នៅភូមិតាកោះ ឃុំតាជេស ស្រុកកំពង់ត្រឡាច អ្នកស្រី នៅ សឿន ប្រាប់ ខេមបូចា នៅថ្ងៃទី២៥ ខែមករាថា អ្នកភូមិបានស្នើសុំកិច្ចអន្តរាគមន៍ទៅមេភូមិ ៣ដងមកហើយដើម្បីរកមធ្យោបាយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ក៏ប៉ុន្តែគ្មានបានផលឡើយមកទល់ពេលនេះ។ អ្នកស្រីបន្តថា ស្រះទឹកដែលគ្រួសារអ្នកស្រីជីកដោយដៃ ដើម្បីទាញទឹកក្រោមដី ស្រោចស្រពស្រូវប្រាំងបណ្ដោះអាសន្នក៏រីងអស់ដែរ។
អ្នកស្រីបន្ថែមថា ដោយសារតែគ្មានជម្រើស គ្រួសារអ្នកស្រីបង្ខំចិត្តជួលម៉ាស៊ីនបូមទឹក៣តំណ ទាញទឹកពីទន្លេ ដែលមានចម្ងាយជាង៣រយម៉ែត្រ ដោយប្រើម៉ាស៊ីន៣គ្រឿងតភ្ជាប់គ្នាពីបឹងទន្លេសាប ដៃព្រែក ហើយត្រូវចំណាយលុយ១០ម៉ឺនរៀលនៅពេលបូមម្តងៗ។
អ្នកស្រីបន្ថែមថា៖ «ព្រួយបារម្ភ ម្នាក់ៗសុទ្ធជំពាក់លុយជីគេ ស្រូវប្រាំងហើយដល់អ៊ីចឹង។ បើសិនស្រូវស្វិតធ្វើអត់បានទេ មិនដឹងបានអីឱ្យថ្លៃជីគេ។ ខ្ញុំគ្រាន់តែថ្នាំ និងជីគេ អស់ជាង ១លានហើយ ១លាន៦០ម៉ឺនរៀល ហើយអត់ទាន់គិតថ្លៃបូមទឹកជួលគេអស់៥០ម៉ឺនទៀត។ ថាចង់ដាច់ខ្យល់ហើយខ្ញុំនេះ»។
ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ បន្ថែមថា គ្រួសារលោកស្រីធ្វើស្រែប្រាំង១ហិកតា ដោយត្រូវជំពាក់ថ្លៃជី និងថ្នាំបាញ់សម្លាប់សត្វល្អិតអស់១លាន៥០ម៉ឺនរៀលហើយ។ រីឯការចំណាយថ្លៃជួលម៉ាស៊ីនបូមទឹកគេអស់៥០ម៉ឺនរៀលទៀតសរុបទាំងអស់២លានរៀល ប្រសិនបើស្រូវប្រាំងរបស់ពួកគាត់ស្វិតងាប់អស់ នឹងខាតបង់ច្រើន ហើយប្រឈមបញ្ហាបំណុល។
ឯប្រជាកសិករម្នាក់ទៀតរស់នៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច អ្នកស្រី ចែម សុផារី ឱ្យដឹងថា គ្រួសារអ្នកស្រីបានប្រើចបកាយប្រឡាយឱ្យជ្រៅ ដើម្បីទាញយកទឹកពីបឹងធម្មជាតិ សង្គ្រោះស្រូវប្រាំងដែរ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរភូមិហាមឃាត់ ដោយលើកហេតុផលថា ជាដីរបស់រដ្ឋ។ អ្នកស្រីបារម្ភថា ស្រូវប្រាំងរបស់អ្នកភូមិរាប់រយគ្រួសារក្នុងឃុំតាជេស នឹងស្វិតងាប់អស់ ប្រសិនបើគ្មានជំនួយសង្គ្រោះទាន់ពេលទេ។
អ្នកស្រី ចែម សុផារី បន្ថែមថា អ្នកស្រីធ្វើស្រែប្រាំងទំហំ១ហិកតា នៅសល់តែ២ខែទៀតនឹងប្រមូលផល ប្រសិនបើគ្មានទឹកសង្គ្រោះស្រូវប្រាំងទាន់ពេលទេ ស្រូវនឹងក្រៀមស្វិតអស់ ធ្វើឱ្យខាតបង់ប្រាក់ចំណូល។
អ្នកស្រីបន្ថែមថា កាលរដូវវស្សាក៏យកដីមិនឱ្យធ្វើស្រែ ដល់រដូវប្រាំងក៏មកហាមឃាត់មិនឱ្យ គេធ្វើទៀត នេះជារឿងអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ ការហាមឃាត់បែបនេះរឹតតែធ្វើឱ្យប្រជាជនជួបការលំបាកគ្មានទឹកបូមដាក់ស្រែ ស្រូវខូចអស់។

ឆ្លើយតបរឿងនេះ មេឃុំតាជេស លោកស្រី ស្វាយ ស៊ីម ទទួលស្គាល់ថា កសិករ៦ភូមិ ក្នុងឃុំតាជេស កំពុងត្រូវការទឹកសង្គ្រោះស្រូវប្រាំង អាជ្ញាធរឃុំបានស្នើទៅអាជ្ញាធរស្រុករួចហើយ ដើម្បីដោះស្រាយបញ្ហានេះ។ លោកស្រីថា ក្នុងឃុំតាជេស កសិករ៦ភូមិធ្វើស្រែប្រាំងទំហំផ្ទៃដី ជាង១ពាន់ហិកតា នៅតំបន់ជាប់ទន្លេសាប និងតំបន់ទំនាប ហើយកសិករដែលកំពុងប្រឈមខ្លាំង គាត់ធ្វើស្រែប្រាំងនៅតំបន់ខ្ពស់ ឆ្ងាយពីប្រភពទឹក។
លោកស្រីបន្ថែមថា «ខ្ញុំបានរាយការណ៍រឿងនេះ ទៅអាជ្ញាធរស្រុកហើយ មិនទាន់ដឹងថា ថ្នាក់លើដោះស្រាយបែបណាទេបញ្ហានេះ។ ក្នុងឃុំតាជេស ៦ភូមិធ្វើស្រូវប្រាំង ប្រមាណជាង ១ពាន់ហិកតា កសិករដែលខ្វះទឹក ដោយសារគាត់ធ្វើស្រែនៅឆ្ងាយពីប្រភពទឹកហើយស្រូវឡើងថ្លៃផង»។
ក្នុងពេលដែល កសិកររស់នៅខេត្តជាប់បឹងទន្លេសាប កំពុងប្រឹងប្រែងធ្វើស្រែប្រាំង ដោយសារតែតម្លៃស្រូវហក់ឡើងថ្លៃឆ្នាំនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់បែរជាជូនដំណឹងឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងដោយលើកហេតុផលថា ខ្វះទឹកសម្រាប់ប្រើប្រាស់។
ចំណែកឯកសិកររស់នៅស្រុកបរិបូរណ៌ និងស្រុករលាប្អៀរ វិញ កសិករត្អូញត្អែរខ្វះទឹកបញ្ចូលស្រែ ធ្វើឱ្យស្រូវប្រាំងរបស់ពួកគាត់ជាច្រើនហិកតា កំពុងក្រៀមស្វិតងាប់បណ្តើរៗ ធ្វើឱ្យខាតបង់ប្រាក់ចំណូល និងប្រឈមបញ្ហាបំណុល។ កសិកររស់នៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានដីស្រែប្រាំងជាង៥០០ហិកតា ប្រឈមខូចខាត ព្រោះគ្មានទឹក។
កសិករនៅភូមិអញ្ចាញរូង ស្រុកបរិបូរណ៌ អ្នកស្រី ប៊ិញ អាត វ័យ៦០ឆ្នាំ ឱ្យដឹងថា គ្រួសារលោកស្រី ធ្វើស្រូវប្រាំងជិត១ហិកតា(៨០អា) កំពុងប្រឈមបញ្ហាខ្វះទឹកបូមបញ្ចូលស្រែ ដោយសារប្រភពទឹកប្រឡាយធំៗរីងខះមិនអាចបូមដាក់ស្រែបាន។ អ្នកស្រីថា ពលរដ្ឋចំនួន៥ភូមិផ្សេងទៀត ក្នុងឃុំអញ្ចាញរូង កំពុងប្រឈមខ្វះទឹកបូមបញ្ចូលស្រែ ធ្វើឱ្យស្រែប្រាំងរបស់ពួកគាត់នៅតំបន់ខ្ពស់ឆ្ងាយពីប្រភពទឹក ក្រៀមស្វិតងាប់បណ្តើរៗ។ ចំណែកអាជ្ញាធរខេត្តនៅមិនទាន់មានវិធានការអន្តរាគមន៍ ជួយសង្គ្រោះស្រូវកសិករនៅឡើយទេ។
អ្នកស្រីបន្ថែមថា៖ «ស្រែខ្ញុំពីរកន្លែងកំពុងខ្វះទឹក ស្រះទឹកមួយដែលបូមដាក់ស្រែ ប្រើបានតែមួយរយៈពេលខ្លី អ្នកភូមិខ្ញុំបារម្ភ បើស្រូវងាប់អស់ ជំពាក់គេច្រើន ថ្លៃជី គ្រាប់ពូជ និងថ្នាំសម្លាប់សត្វល្អិតឡើង។ ស្រែនៅប៉ែកខាងលើ ស្វិតងាប់បណ្តើរ ពិបាកនឹងបូមទឹកទៅដល់»។
ចំណែកឯកសិករស្រុករលាប្អៀរឱ្យដឹងថា ស្រូវប្រាំងរបស់កសិករមានទំហំ៤រយហិកតា(៤០០) ស្ថិតនៅតំបន់ប្រសិទ្ធិ តំបន់ស្ទង់ តំបន់ទទឹងថ្ងៃ និងតំបន់ជ្រោយវល្លិ ជាដើម ក្នុងឃុំគោកបន្ទាយ ក្នុងស្រុករលាប្អៀរ កំពុងក្រៀមស្វិតបណ្តើរៗ ខ្វះទឹកស្រោចស្រព។ រីឯអាជ្ញាធរបានបញ្ជូនគ្រឿងចក្រកាយប្រឡាយទឹក ដើម្បីទាញទឹកពីប្រភពផ្សេងៗបូមបញ្ចូលស្រែ ក៏ប៉ុន្តែអាចសង្គ្រោះស្រូវប្រាំង របស់ពួកគាត់បានតិចតួចនៅឡើយ។
ប្រជាកសិកររស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ លោក ជ័យ សាលួត ដែលបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីដើមខែមករាថា សុំរដ្ឋាភិបាលសង្គ្រោះស្រូវប្រាំងរបស់កសិករទំហំ៤០០ហិកតាកំពុងប្រឈមស្វិតងាប់ ដោយសារខ្វះទឹកស្រោចស្រព។កសិកររូបនេះ ត្អូញត្អែរបញ្ហាបំណុល និងខាតបង់ច្រើន ប្រសិនបើអាជ្ញាធរមិនជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ឱ្យទាន់ពេលនោះទេ។
កន្លងទៅមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានជូនដំណឹង ឱ្យកសិករទាំងអស់ផ្អាកការធ្វើស្រែស្រូវប្រាំង ព្រោះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងមានកម្រិត។ អាជ្ញាធរថា កសិករធ្វើស្រូវប្រាំងលើសផែនការកំណត់ ដែលផែនការប្រើប្រាស់ទឹកសម្រាប់ឱ្យកសិករដាំដុះបានជិត៤ម៉ឺនហិកតា(៣៧ ៧០០) ក៏ប៉ុន្តែកសិករដាំដុះរហូតដល់ជាង៤ម៉ឺនហិកតា ធ្វើឱ្យខ្វះខាតទឹកស្រោចស្រព។ អាជ្ញាធរអះអាងថា នឹងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់កសិករនោះទេ។

ចំណែកឯនៅខេត្តពោធិ៍សាត់ឯណោះវិញ អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដឹងថា កសិកររស់នៅស្រុកបាកាន និងស្រុកកណ្ដៀងសម្រុកធ្វើស្រែប្រាំងច្រើន ធ្វើឱ្យស្រែនៅតំបន់ខ្ពស់ឆ្ងាយពីប្រភពទឹក ពិបាកនឹងសង្គ្រោះ ធ្វើឱ្យស្រែរបស់កសិករនៅស្រុកបាកាន យ៉ាងហោចណាស់២ ពាន់ហិកតាខូចខាតអស់ គិតត្រឹមថ្ងៃទី២៦ ខែមករា។
អាជ្ញាធរបន្តថា កសិករធ្វើកសិករ លើសផែនការកំណត់ ដោយផែនការទឹកស្រោចស្រពស្រូវប្រាំងបានត្រឹមតែ២ម៉ឺនហិកតា (២០ ០០០) ប៉ុណ្ណោះ ក៏ប៉ុន្តែជាក់ស្ដែង ប្រជាកសិករធ្វើស្រែប្រាំងកើនឡើងរហូតជិត៥ម៉ឺនហិកតា(៤៦ ៣៤១) បណ្តាលឱ្យខ្វះទឹកបូមបញ្ចូលស្រែ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ថ្លែងនៅថ្ងៃទី២៥ ខែមករា ថា កសិករខ្លះធ្វើស្រែប្រាំងឆ្ងាយពីប្រភពទឹក ធ្វើឱ្យអាជ្ញាធរពិបាកនឹងជួយសង្គ្រោះ បណ្តាលឱ្យស្រែប្រាំងរបស់កសិករជាង ២ ០០០ហិកតាទទួលរងការខូចខាត។ លោកបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ច បានដេកចាំទាំងយប់ថ្ងៃ ដើម្បីបែងចែកទឹកឱ្យកសិករ មានតម្លាភាព ចៀសវាងកសិករឈ្លោះគ្នា។
អភិបាលខេត្តរូបនេះបន្ថែមថា ក្នុងស្រុកបាកាន តំបន់ដែលធ្វើស្រែប្រាំងច្រើនជាងគេ ក្នុងឃុំមេទឹក ឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ និងឃុំបឹងបត់កណ្តោល ជាដើម អាជ្ញាធរកំពុងអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់កសិករជាច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែតំបន់ដែលមិនអាចសង្គ្រោះបាននៅឆ្ងាយពីប្រភពទឹក។
លោកបញ្ជាក់ថា «ស្រែប្រាំង៥ម៉ឺនហិកតាជាងខូចខាតមួយចំនួនហើយ អត់មានជួយបានទេ ដោយសារកន្លែងខ្លះ គាត់ធ្វើឆ្ងាយពីប្រភពទឹកមែនទែន។ យើងជួយគាត់អត់បានទេ ខ្ញុំដើរមើលអស់ហើយ វាអត់មានលទ្ធភាពរុញទឹកទៅ ជ្រាបតាមប្រឡាយហ្នឹងក៏អស់ដែរ ព្រោះដីបែកក្រហែងអស់ហើយ»។
លោក ខូយ រីដា បន្ថែមថា ផែនការកសាងទំនប់ទឹកធំៗចំនួន២ ក្នុងស្ទឹងពោធិ៍សាត់នឹងផ្តើមកសាងនៅឆ្នាំ២០២៤នេះ ប្រសិនជាធ្វើរួចរាល់ យើងនឹងទទួលបានទឹកស្តុក៨រយលានម៉ែត្រគូប។ លោកថា គម្រោងនេះ អាចឱ្យកសិករខេត្តពោធិ៍សាត់ឈប់ប្រឈមនឹងការខ្វះទឹក នៅឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខនេះ។
ឯនៅខេត្តកំពង់ធំឯនោះវិញ កាលពីថ្ងៃទី១៧ ខែមករា ថ្មីៗនេះ លោកអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ និងមន្ត្រីពាក់ព័ន្ធ បានដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករទំហំ ២ ០០០ហិកតាទាន់ពេលវេលា ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។
លោក ងួន រតនៈ បានថ្លែងប្រាប់ប្រជាកសិករថា ស្រែប្រាំងរបស់កសិករខេត្តកំពង់ធំ នៅមិនទាន់ខ្វះខាតទឹកស្រោចស្របនៅឡើយទេ។ អាជ្ញាធរថា នៅខេត្តកំពង់ធំមានផ្ទៃដីដាំដុះសម្រាប់ដំណាំស្រែជាង២ម៉ឺន៥ពាន់ហិកតា(២៥៣០០០)ហើយផលិតភាពផលិតស្រូវទទួលបានចន្លោះពី៦០ទៅ៧០ម៉ឺនតោនក្នុងមួយឆ្នាំ។
រីឯអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ប្រាប់ខេមបូចាយ៉ាងខ្លីថា បញ្ហាកសិករខ្វះទឹកធ្វើស្រែប្រាំង ទាំងផែនការ និងដំណោះស្រាយជួយសង្គ្រោះស្រូវប្រាំងជាភារកិច្ចរបស់ក្រសួងកសិកម្ម។ លោកស្នើឱ្យខេមបូចា សួរទៅក្រសួងធនធានទឹក ដែលមានភារកិច្ចដោះស្រាយរឿងនេះ។
លោកបន្ថែមថា ប៉ុន្តែការងារនេះ ដូចខ្ញុំបានជម្រាបជូន ទាំងផែនការ និងដំណោះស្រាយ ក្រសួងធនធានទឹកត្រូវជាង សូមបង្វែរសំណួរនេះ ទៅកាន់ក្រសួងសាមី។
ចំណែកអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា មិនអាចសុំការអត្ថាធិប្បាយពីរឿងនេះបានទេ ទោះបីអ្នកសារព័ត៌មានខេមបូចា ព្យាយាមទាក់ទងតាមតេលេក្រាម និងខលទូរសព្ទជាច្រើនដង នៅថ្ងៃទី២៥ និង២៦ ខែមករានេះ។
រីឯនៅខេត្តបាត់ដំបង អាជ្ញាធរខេត្តនេះ ក៏បានជូនដំណឹងឱ្យកសិករផ្អាកធ្វើស្រែប្រាំង ដោយលើកហេតុផលថា លើសផែនការកំណត់។ អាជ្ញាធរបញ្ជាក់ថា ប្រជាកសិករបានធ្វើស្រូវប្រាំងជាង៦ម៉ឺន២ពាន់ហិកតា ដែលលើសផែនការទឹករបស់មន្ទីរធនធានទឹក សម្រាប់ការដាំដុះត្រឹមទំហំជាង២ម៉ឺន១ពាន់ហិកតា(២១ ០០០)៕










