ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយទូទាំងពិភពលោកផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់ល្អបំផុតឆ្នាំ២០២៦ ដោយសារតែវត្តមានវិស័យឧស្សាហកម្មនៅមានកម្រិតទាប និងនិរន្តរភាពនៃដីធ្លី និងធនធានដ៏រឹងមាំ។ នេះបើយោងតាមរបាយការណ៍របស់ U.S. News & World Report។
បរិស្ថានធម្មជាតិ គឺជាចំណាត់ថ្នាក់មួយក្នុងចំណោមចំណាត់ថ្នាក់ទាំង៨ ដែលមានរៀបរាប់នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា។ នៅក្នុងរបាយការណ៍នេះ មានប្រទេសចំនួន ១០០ ដែលស្ថិតនៅក្រោមការវាយតម្លៃនេះ ហើយការវាយតម្លៃគឺផ្តោតលើចំណាត់ថ្នាក់ចំនួន៨ រួមមានអភិបាលកិច្ច សុខភាព ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ឱកាស វប្បធម៌ និងទេសចរណ៍ និងបរិស្ថានធម្មជាតិជាដើម។
ខណៈពេលដែលប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយទូទាំងពិភពលោកសម្រាប់ប្រភេទបរិស្ថានធម្មជាតិ ប៉ុន្តែកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៩១ ជារួមលើប្រភេទទាំងប្រាំបី។
ចំណាត់ថ្នាក់បរិស្ថានធម្មជាតិនេះ មានការវាស់វែងនិរន្តរភាពតាមរយៈសូចនាករមួយចំនួនដូចជា ការបំភាយកាបូន ការផ្លាស់ប្តូរតំបន់ព្រៃឈើ គុណភាពខ្យល់ និងតំបន់បៃតងក្នុងទីក្រុង។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងថា៖ «ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះរបស់ប្រជាជន និងប្រទេសកម្ពុជា លើវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ»។
លោក សុផល្លែត បន្តថា ការបានចំណាត់ថ្នាក់លេខ១ នេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីពង្រឹងគោលនយោបាយបរិស្ថាន។
ប្រទេសកម្ពុជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១% នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារនិងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

យ៉ាងណាក៏ដោយ លោក សាន់ ម៉ាឡា នាយកអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) បានសាទរចំពោះការទទួលបានចំណាត់ថ្នាក់មួយនេះ ប៉ុន្តែលោកលើកឡើងថា កម្ពុជាត្រូវតែពិចារណាលើចំណាត់ថ្នាក់ផ្សេងទៀតក្រៅពីចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អ។
លោកបានថ្លែងថា៖ «វាជាការធម្មតាសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅពេលដែលប្រទេសរបស់យើងមិនពឹងផ្អែកទៅលើការធ្វើឧស្សាហ៍កម្មធុនធ្ងន់ នោះវាច្បាស់ជាយើងអាចរក្សាបាននូវបរិស្ថានធម្មជាតិឱ្យមានលក្ខណៈល្អប្រសើរ»។
លោក ម៉ាឡា បានបន្ថែមថា៖ «ព្រៃឈើនៅបន្តបាត់បង់ និងសឹករិចរឹលពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលសិទ្ធិរបស់អ្នកការពារបរិស្ថានចេះតែទទួលរួមតូច និងការរឹតត្បិត»។
យោងតាមអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន៣លានហិកតា ចន្លោះឆ្នាំ២០០១ និង២០២៥ ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។
លោក ម៉ាឡា លើកឡើងថា បើទោះបីជាព្រៃឈើកម្ពុជាបន្តបាត់បង់ និងរងការកាប់បំផ្លាញជាបន្តបន្ទាប់ រដ្ឋាភិបាលបានព្យាយាមដើម្បីការពារព្រៃឈើនៅកម្ពុជាប្រកបដោយប្រសិទ្ធិភាព ប៉ុន្តែរដ្ឋាភិបាលហាក់មិនព្រមបើកចិត្តឱ្យទូលាយដើម្បីឲ្យសហគមន៍ជនជាតិដើមភាគតិច សកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិលចូលរួមអនុវត្តនូវសិទ្ធិបរិស្ថានរបស់ពួកគេ ដើម្បីទប់ស្កាត់និងការពារព្រៃឈើពីការកាប់បំផ្លាញនោះទេ។
ហើយជានិច្ចជាកាល របាយការណ៍ ឬការលើកឡើងពីភាគីអង្គការសង្គមស៊ីវិល និងសហគមន៍ ក៏តែងតែត្រូវបានរដ្ឋច្រានចោល និងចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនគ្រប់ជ្រុងជ្រោយ។
លោកក៏បានចង្អុលបង្ហាញផងដែរថា ខណៈពេលដែលប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងប្រភេទបរិស្ថានធម្មជាតិ ពិន្ទុនៅក្នុងប្រភេទទាំងប្រាំពីរផ្សេងទៀតគឺទាប រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច (លេខ ៩៧) សុខភាពស៊ីវិល (លេខ ៩៥) និងហេដ្ឋារចនាសម្ព័ន្ធ (លេខ ៩១) ដែលគួរតែជាការកែទម្រង់។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាយើង [រដ្ឋាភិបាល] គួរតែផ្លាស់ប្តូរពីការសរសើរ ដែលយើងទទួលយកតែចំណុចល្អ ប៉ុន្តែចំណុចអវិជ្ជមាន ឬពិន្ទុទាប [ត្រូវបាន] បដិសេធ»។ លោកបន្តថា៖ «វាដល់ពេលហើយដែលយើងធ្វើការរិះគន់ខ្លួនឯង និងវិភាគផ្នែកខ្សោយដើម្បីធ្វើឱ្យវាកាន់តែប្រសើរឡើង»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានខេមបូចាថា ក្រសួងនឹងបន្តអនុវត្តគោលនយោបាយបរិស្ថាន រួមទាំងការពង្រីកគម្របបៃតងដោយការដាំដើមឈើយ៉ាងហោចណាស់មួយលានដើមជារៀងរាល់ឆ្នាំ និងគាំទ្រដល់ការកែលម្អជីវភាពរស់នៅរបស់សហគមន៍៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Tops Global Natural Environment Ranking Despite Environmental Challenges










