សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សង្គមស៊ីវិល​ស្នើ​ឱ្យ​សិក្សាឡើងវិញលើគម្រោង​ទំនប់វារីអគ្គិសនីស្រែពក ក្រោយ​ដំឡើងសមត្ថភាពផលិតថាមពល​

លោក ថា លែវ ពល​រដ្ឋ​រស់​នៅ​ភូមិ​ថ្មី ខេត្ត​រតនគិរី កំពុង​ជិះ​ទូក​តាម​ទន្លេស្រែពក​ទៅ​ពិនិត្យ​គម្រោង​សាងសង់ទំនប់​វារីអគ្គិសនី​ស្រែពកក្រោម៣​​។ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៥​។ (ខេមបូចា/Coby Hobbs)​
លោក ថា លែវ ពល​រដ្ឋ​រស់​នៅ​ភូមិ​ថ្មី ខេត្ត​រតនគិរី កំពុង​ជិះ​ទូក​តាម​ទន្លេស្រែពក​ទៅ​ពិនិត្យ​គម្រោង​សាងសង់ទំនប់​វារីអគ្គិសនី​ស្រែពកក្រោម៣​​។ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៥​។ (ខេមបូចា/Coby Hobbs)​

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​បាន​ជំរុញ​ឱ្យ​ភាគីពាក់ព័ន្ធ ជាពិសេស​ក្រុម​ហ៊ុន​ Royal Group ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឱ្យ​បាន​ល្អិត​ល្អន់​ទាក់ទង​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​ស្រែ​ពក​ក្នុង​ខេត្ត​ភាគឦសាននៃ​ប្រទេស​។​

អង្គការ​ NGO Forum និង​លេខាធិការដ្ឋាន​សម្ព័ន្ធទន្លេកម្ពុជា (RCC) ដែល​ជាបណ្ដុំភាគីពាក់ព័ន្ធ បាន​រៀប​ចំ​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីក្រុងភ្នំពេញ ដើម្បី​ពិនិត្យ​លើ​របាយការណ៍​ស្ដីពី​ហេតុ​ប៉ះពាល់​បរិស្ថាន​​​របស់​គម្រោង​ទំនប់​វារីអគ្គិសនីស្រែពកក្រោម​៣ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​

ក្នុង​កិច្ច​ពិភាក្សា​នេះ អ្នក​ចូល​រួម​បាន​រក​ឃើញ​ចន្លោះប្រហោង​ធំៗ​មួយ​ចំនួន​​ ដូច​ជា​ភាព​មិន​ស៊ីគ្នា​នៃ​ទិន្ន័យ​ពេល​ចាប់​ផ្ដើម​សិក្សា និងពេលបញ្ចប់ការ​សិក្សា ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​មិន​ច្បាស់​លាស់ មិនមាន​ការ​វាយ​តម្លៃ​ជាក់លាក់​​លើ​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នឹង​ត្រូវ​ជម្លៀសចេញ មិនមាន​ក្រប​ខណ្ឌច្បាប់​រឹងមាំក្នុង​ការការពារវប្បធម៌ និង​ទី​តាំងជំនឿ​របស់​ប្រជា​ពល​រដ្ឋ និង​​ការ​គ្រប់​គ្រង​ ការ​ទទួល​ខុស​ត្រូវ​រយៈពេល​វែង​របស់គម្រោង​ក៏​នៅ​មិន​ទាន់​ច្បាស់​លាស់​។​

ទំបន់វារីអគ្កិសនីនេះ​ស្ថិត​ក្នុង​គម្រោង​សាងសង់-ប្រតិបត្តិការ-ផ្ទេរ​ (BOT) ហើយ​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ភាពច្បាស់​លាស់​លើ​ហេតុ​ប៉ះពាល់​ខាង​ផ្លូវ​ទឹក និង​ផ្លូវ​គោក​​ក្នុង​សហគមន៍​នៅ​ឡើយ​។ ការសិក្សា​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​នាពេល​កន្លង​មក​​​ គឺ​ធ្វើឡើង​សម្រាប់​ទំបន់​ដែល​មាន​កម្លាំង​ផលិត​ថាមពល​៣០០​មេហ្គាវ៉ាត់​។ ប៉ុន្តែ​​នៅពេល​ថ្មីៗ​នេះ ព័ត៌មាន​ទាក់ទង​នឹង​កម្លាំង​ផលិត​​ថាមពល​សម្រាប់​ទំបន់​វារីអគ្គិសនី​នេះ​ឡើង​ដល់​៣៧៦មេហ្គាវ៉ាត់​ ហើយ​មិន​ទាន់​មាន​ការ​ពន្យល់​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​។ ហេតុនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​សហគមន៍​ស្នើ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​។

លោក សឿង សារឿន នាយកប្រតិបត្តិអង្គការ NGO Forum មាន​ប្រសាសន៍​ថា​៖ «យើង​មិន​ទាន់​ដឹង​ថានឹង​មានផ្លូវ​ក្រួស​ក្រហម​ប៉ុន្មាន​ខ្សែ​នឹង​ត្រូវ​ជន់លិច ហើយ​ផ្លូវ​ទឹក​នឹង​រង​ផល​ប៉ះពាល់កម្រិត​ណា​។ យើង​ត្រូវ​ការ​សិក្សា​ថា​តើមាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បែបណា​​លើ​អ្វី​ដែល​បាន​សាងសង់ និង​មាន​ផល​ប៉ះពាល់​បែប​ណា​ដល់​ផ្លូវ​ទឹក​នៅ​ថ្ងៃអនាគត​»។​

កម្ពុជា​​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ដូច​ជាការ​ពង្រីក​ការដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ភ្ជាប់ទៅ​កាន់​ព្រែកជីក​ហ្វូណន​តេជោ​។

លោក សារឿន ឲ្យ​ដឹ​ងទៀត​ថា៖ «វាអាច​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​​[ដល់សហគមន៍] បើ​សិន​ជា​ក្រុម​ហ៊ុន​មិន​បាន​សិក្សា​បន្ថែម​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​»។​

ក្រុម​ហ៊ុន​ CG Sustainable ដែល​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​ក្រុម​ហ៊ុន​ Royal Group ក៏​ដូច​ជា​ក្រសួងរ៉ែ និង​ថាមពល និង​ក្រ​សួង​បរិស្ថាន​ មិន​បាន​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​នេះ​ទេ​ បើ​ទោះ​បីជា​មាន​ការអញ្ជើញ​ក៏​ដោយ​។

គម្រោង​ទំនប់វារីអគ្គិសនី​កម្លាំង​៣៧៦​មេហ្គាវ៉ាត់​នេះ​មាន​តម្លៃ​៩០០,២​លាន​ដុល្លារ ច្រើនជាង​ជំហាន​ប៉ាន់​ស្មាន​ដំបូង​ដល់ទៅ​១០​ដង ដែល​កាល​នោះ​មាន​តម្លៃត្រឹម​៨៣​លាន​ដុល្លារ​។ ​គម្រោង​នេះ​អាច​នឹង​ក្លាយ​ជា​គម្រោង​ទី​២១​នៅ​លើ​ដង​ទន្លេ​ ស៣​(សេសាន ស្រែពក និង​សេកុង) ​ជា​ដៃទន្លេ​ដ៏ធំ​របស់​ទន្លេមេគង្គ ដែល​អាចផ្ដល់​លំហូរទឹក​​ប្រចាំ​ឆ្នាំ​ប្រហែល​២០​ភាគ​រយ និង​ជួយ​ទ្រទ្រង់​ជីវិត​ប្រជា​ពល​រាប់លាន​នាក់​​តាមរយៈការ​នេសាទ និង​កសិកម្ម​។​

ប្រជា​ពល​រដ្ឋ​ប្រហែល​ ៤ ២៧០​គ្រួសារ​ប្រឈម​នឹង​ត្រូវ​ជម្លៀស​ចេញពី​លំនៅ​ឋាន​ក្នុង​ខេត្ត​រតនគិរី និង​មណ្ឌល​គិរី ​​ទាក់ទង​នឹង​គម្រោង​ទំនប់វារីអគ្គិសនី​នេះ ហើយ​ផ្ទៃ​ដី​ប្រហែល​៧ម៉ឺន​ហិកតា​ត្រូវ​ប្រើ​ជា​អាងស្តុកទឹក។ ប្រជាពល​រដ្ឋ​ខ្លះ​និយាយ​ថា​ ខ្លួន​បាន​រង​ការគំរាមកំហែង ដើម្បី​ឲ្យ​ទទួល​​​យក​ដំណោះស្រាយ​ដែល​ពួកគាត់​ថា​ជា​ដំណោះស្រាយ​មិន​សមស្រប​។​

គម្រោងទំនប់វារីអគ្គិសនី​នេះ​ដឹក​នាំដោយ​ក្រុម​ហ៊ុន​ Royal Group Power ដោយ​មានការចូល​រួមពី​ក្រុម​ហ៊ុន​បច្ចេកទេស​របស់​ចិន​ Huaneng Hydrolancang International Energy Co. និង​ PowerChina Huadong Engineering Co.​ ហើយ​គម្រោង​នេះ​ទើប​ចាប់​ផ្ដើម​បន្ត​ឡើង​វិញ​ក្រោយ​​ពន្យារពេល​អស់​ច្រើន​ឆ្នាំ​។ ជាមួយ​គ្នា​នេះដែរ ក្រុម​ហ៊ុន​ជា​ដៃគូ Royal Group–Huaneng ​ក៏​បាន​សាង​សង់ទំនប់​វារីអគ្គិសនី​​សេសានក្រោម​២ ដែល​មាន​ភាព​ចម្រូង​ចម្រាស​មួយ​ដែរ។ ក្រុម​អ្នក​អភិរក្ស​យល់​ថា ​​គម្រោង​នឹង​ត្រូវ​ជម្លៀស​ប្រជា​ពល​រដ្ឋជា​​ច្រើន​ពាន់​គ្រួសារ និង​ធ្វើ​ឲ្យ​រំខាន​ដល់​លំហូរ​ផ្លូវទឹក​ធម្មជាតិ​របស់​ទន្លេមេគង្គ​។​

អ្នកស្រី ស៊ាង សុខហេង អ្នកភូមិ​ណាងបួរ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​បាន​លើក​ឡើង​ថា​សំណង​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​។​

អ្នកស្រី​បន្ថែម​ថា៖ «​​ពួក​គេ​បាន​ស្នើ​ឲ្យ​ពួក​យើង​ផ្ដល់ជាជម្រើស​ ប៉ុន្តែ​យើង​មិន​ទាន់​យល់​ច្បាស់​​ពី​សំណង​ទេ។ ពួកគេ​គ្រាន់តែ​និយាយ​ថា​សំណង​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ ប៉ុន្តែ​យើង​មិន​ដឹងថា​អ្នក​ណា​ជា​អ្នក​ទទួល​ដោះស្រាយ​»។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ​លំនៅឋាន​ដែល​រៀបចំសម្រាប់​អ្នកត្រូវ​ជម្លៀស​ក៏​មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​​ឲ្យ​ដឹង​ដែរ​។ អ្នក​ខ្លះ​ថា​ដី​ដែល​ទទួល​បាន​នឹង​មាន​ទំហំ​២៥ម៉ែត្រ គុណ​៥០ម៉ែត្រ​ ព្រម​ជាមួយ​ដី​ស្រែ​ប្រាំហិកតា​។ យ៉ាង​ណា​ អ្នកស្រី​កត់សម្គាល់​ថា​ប្រជាពល​រដ្ឋ​មួយ​ចំនួន​នៅពេលបច្ចុប្បន្ន​នេះ​មាន​ដី​កសិកម្ម​ជា​កម្មសិទ្ធលើស​ពី​១០​ហិកតា​ក៏​មាន​ ហើយ​អ្នក​ទាំង​នោះ​នឹងមិន​អាច​ទទួល​យក​ដី​ដែល​មាន​ទំហំ​តូច​ជាង​បាន​ទេ​។​ ​

អ្នកស្រីបន្ថែម​ថា៖ «​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ខ្ញុំ​មិន​ចង់​ប្ដូរ​ទីលំនៅ​ទេ ព្រោះថា​ការ​ប្ដូរទៅទីតាំង​ថ្មី​អាច​នឹង​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ក្រ​ជាង​មុន​»​។​

លោក ឡេង ប៊ុនលាភ នាយក​បណ្ដាញ​អង្គការ​ទន្លេ​បី ដែល​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំនេះ បាន​លើក​ឡើង​ថា ​​កិច្ចពិភាក្សា​មិន​មាន​ភាព​ពេញ​លេញ​ទេ ដោយសារថា​មតិត្រឡប់ពី​អ្នក​ពាក់​ព័ន្ធ​ រួមទាំង​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​ទៅ​កាន់​ក្រ​សួងពាក់ព័ន្ធ​ មិន​មានការ​ឆ្លើយ​តប​ ឬ​កិច្ចសហការនោះទេ​។​

លោក​បន្ថែម​ថា៖ «គោល​នយោបាយ​សំណង​នៅ​មិន​ទាន់​កំណត់​ច្បាស់​លាស់​ ដែល​វាបាន​បង្កើត​ជា​ស្ថានភាព​មួយ​ដែល​អ្នក​រង​ផល​ប៉ះពាល់​ខ្លះ​អាច​បាន​ទទួលសំណង ខណៈ​ខ្លះទៀត​មិន​អាច​បាន​ទទួល​ ជា​ពិសេស​អ្នក​ដែល​កាន់កាប់​ដី​៣០ទៅ​៤០​ហិកតា​។ នៅ​មិន​ទាន់​ច្បាស់​ថា​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​បាន​សំណង​កម្រិ​តណា​»។​

លោក​បាន​កត់សម្គាល់​ថា ​មធ្យោបាយ​ដោះស្រាយ​ដែល​មាននេះ​អាច​ជា​ឧទាហរណ៍​អាក្រក់​មួយ​សម្រាប់​គម្រោងធំៗទៅ​ថ្ងៃអនាគត ដូច​ជាគម្រោង​ជីករករ៉ែ ដីសម្បទាន ឬ​គម្រោង​​ទំបន់វារីអគ្គិសនី​ផ្សេង​ទៀត​​។ ការណ៍​នេះអាចធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​លែង​មានជំនឿ និង​មានភាព​ភ័យខ្លាច ដោយ​ជឿ​ថា​ទោះបីជាពួកគាត់ចូលរួម​​ពិភាក្សា ក៏​សំណង​នៅ​តែ​មិនគ្រប់គ្រាន់​។​

លោក វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​ង​នៃគណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា (MRC) ដែល​បាន​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​នេះមិន​អាច​ទាក់ទងសុំការ​អត្ថាធិប្បាយ​បានទេ។ ចំណែក​លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានដែរ​។

តំណាង​ក្រុម​ហ៊ុន​ CG Sustainable បដិសេដធ្វើអត្ថាធិប្បាយ​ដោយសារ​លោក​កំពុងជាប់ប្រជុំ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Srepok Hydropower Dam Needs More Study After Capacity Increased, NGOs Say

ព័ត៌មានថ្មី

អត្ថបទពេញនិយម