ស្ថិតក្នុងឯកសណ្ឋានកីឡាពណ៌ស និងពណ៌ខ្មៅ ដែលចងរឹតដោយខ្សែក្រវាត់ចម្រុះពណ៌បញ្ជាក់ពីកម្រិតជំនាញរៀងៗខ្លួននោះ កីឡាករ កីឡាការិនីហាប់គីដូកម្ពុជាចំនួន១៩នាក់ បាននឹងកំពុងប្រឹងប្រែងហ្វឹកហាត់ និងប្រកួតសមគ្នាជាប្រចាំក្នុងសាលប្រក់ស័ង្កសីមួយ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមខ្លួនចូលរួមការប្រកួត នៅលើឆាកអន្តរជាតិ ដែលត្រូវធ្វើនៅប្រទេសថៃ នាខែសីហាខាងមុខនេះ។
វាហាក់គ្មានអ្វីប្លែកទេ ចំពោះសហព័ន្ធកីឡាជាតិជាង៤០ទៀត ដែលពួកគេតែងតែបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ ក្រោមកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែចំពោះសហព័ន្ធខ្មែរកីឡាហាប់គីដូ ទើបទទួលបានឱកាសចេញទៅប្រកួតអន្តរជាតិ ជាប្រវត្តិសាស្រ្តលើកដំបូង បើទោះបីជាប្រភេទកីឡានេះ មានវត្តមាននៅលើទឹកដីកម្ពុជា តាំងពីឆ្នាំ១៩៦៩មក។
នៅក្នុងដំណើរការអភិវឌ្ឍដ៏វែងឆ្ងាយ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាប់ផ្តើមពីបាតដៃទទេ និងបានឆ្លងកាត់ឧបសគ្គរាប់មិនអស់ ហើយសហព័ន្ធនេះ បានប្តូរប្រធានដឹកនាំចំនួន៤នាក់ហើយ ចំណែកថវិកាសម្រាប់ទ្រទ្រង់ និងជួយឱ្យប្រភេទកីឡានេះអាចដំណើរការបានមកដល់សព្វថ្ងៃ គឺពឹងផ្អែកទៅលើការរៃអង្គាសថវិកាគ្នា នៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធនេះផ្ទាល់តែម្តង ដោយគ្មានជំនួយពីក្រសួងអប់រំ យុវជន និងកីឡា ឬស្ថាប័នណាផ្សេងនោះទេ។
ប្រវត្តិនៃការបង្កើតឱ្យមានសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅកម្ពុជា
ជាមនុស្សតែម្នាក់គត់ ដែលបានព្យាយាមអភិវឌ្ឍកីឡាហាប់គីដូនៅកម្ពុជា ដោយមិនបោះបង់ លោក គង់ ចាន់ធីណា បានឱ្យដឹងថា កីឡាហាប់គីដូ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងម្នាក់ នៅពេលគាត់បានមកបំពេញការងារជាគ្រូបង្វឹកដល់ក្រុមកងកម្លាំងរាជអាវុធហត្ថខ្មែរ នៅអំឡុងឆ្នាំ១៩៦៩ ហើយរហូតដល់ឆ្នាំ១៩៧២ ទើបប្រភេទកីឡានេះ ត្រូវបានដាក់ឱ្យបង្ហាត់ជាសាធារណៈ។
យ៉ាងណាក៏ដោយ ដោយសារការបង់ថ្លៃការហ្វឹកហាត់ថ្លៃពេក គឺ១ខែត្រូវបង់៣ពាន់រៀលនាសម័យនោះ ដែលស្មើមាស១តម្លឹង ហើយកំណត់ត្រូវបង់៣ខែមុនទៀតនោះ ធ្វើឱ្យចំនួនអ្នកបានហាត់លើប្រភេទកីឡានេះ មានតិច គឺពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ មានអ្នកហាត់ និងទទួលបានខ្សែក្រវាត់ខ្មៅ ប្រមាណ១០នាក់ទេ។ ប៉ុន្តែធនធានអ្នកហាត់គុនហាប់គីដូទាំងអស់នោះ គឺមួយចំនួន ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម រីឯអ្នកខ្លះទៀតបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ដោយនៅសល់តែគ្រូចាស់ប្រមាណ៥នាក់ ។
យ៉ាងណាក៏ដោយ នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យ ហុក ឈាងគីម លោកគ្រូ អ៊ឹង សំរេច និងអ្នកហាត់គុនមួយចំនួន បានផ្តើមឱ្យមានការហ្វឹកហាត់កីឡាហាប់គីដូ និងប្រភេទកីឡាមួយចំនួនទៀតឡើងវិញ នៅតាមផ្ទះ និងទីតាំងមួយចំនួនទៀតជាលក្ខណៈបិទបាំង គឺរហូតដល់ក្រោយថ្ងៃបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ ទើបហាប់គីដូ ត្រូវបានដាក់ឱ្យហាត់ដោយចំហ នៅតាមសាលារៀន និងទីធ្លាសាធារណៈ។
បើតាមលោក គង់ ចាន់ធីណា បានឱ្យដឹងទៀតថា នាអំឡុងឆ្នាំ១៩៩៣នោះ ក្លិបកីឡាហាប់គីដូ បានកើនដល់ជាង១០ ដែលមានអ្នកហាត់ចូល៣០០នាក់ និងសុទ្ធតែជាអ្នកមានសមត្ថភាព និងកាយសម្បទាល្អៗ ហើយជាមួយសកម្មភាពហ្វឹកហាត់ដ៏ផុសផុលនាសម័យនោះ ក្រុមកីឡាហាប់គីដូ ក៏ត្រូវបានដាក់ឱ្យសម្តែង នៅថ្ងៃខួបកំណើតកងរាជអាវុធហត្ថ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣។
ប៉ុន្តែអ្នកហាត់ហាប់គីដូជំនាន់នោះ ហាក់មិនចាប់អារម្មណ៍ក្នុងការបង្កើតឱ្យមានសហព័ន្ធនោះទេ គឺរហូតដល់ឆ្នាំ២០០១ ទើបមានការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតសហព័ន្ធខ្មែរកីឡាហាប់គីដូ ដោយមានលោកគ្រូតា សាន គឹមស៊ាន ជាប្រធាន ធ្វើឱ្យកីឡានេះ មានការផុសផុលខ្លាំង រហូតដល់ឆ្នាំ២០០៣។
តែក្រោយមក ដោយសារលោក គឹមស៊ាន បានដកខ្លួនចេញ ដើម្បីទៅបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានោះ បានធ្វើឱ្យការអភិវឌ្ឍកីឡាហាប់គីដូនៅកម្ពុជា មានការធ្លាក់ចុះវិញ ស្របពេលក្លិបមួយចំនួន ក៏បានផ្អាកដំណើរការផងដែរ ហើយនៅឆ្នាំ២០០៧ លោក គង់ ចាន់ធីណា បានស្នើសុំឱ្យលោក សេង ប៊ុនសុង ដែលជាគ្រូហាប់គីដូនៅអាមេរិក ឱ្យធ្វើជាប្រធានជំនួសលោក សាន គឹមស៊ាន។
បន្ទាប់ពីព្រឹទ្ធាចារ្យ សេង ប៊ុនសុង បានលាឈប់ នៅឆ្នាំ២០១៦ លោក គង់ ចាន់ធីណា ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានអញ្ជើញលោក ម៉ក់ សំអុល មកធ្វើជាប្រធានសហព័ន្ធ ប៉ុន្តែដោយសារលោក សំអុល បានសុំលាឈប់ទៀតនៅឆ្នាំ២០២២ គឺអង្គមហាសន្និបាតសហព័ន្ធខ្មែរកីឡាហាប់គីដូបានបោះឆ្នោតឱ្យលោក សៅ សេងហាក់ ដែលជាអនុប្រធាន ឡើងធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។
នៅក្នុងដំណើរការផ្លាស់ប្តូរ ដើម្បីបន្តការអភិវឌ្ឍកីឡាហាប់គីដូដ៏វែងឆ្ងាយនេះ លោកគង់ ចាន់ធីណា ដែលបន្តវេនកីឡាហាប់គីដូពីលោកគ្រូ អ៊ឹង សំរេច និងបានក្លាយជាគ្រូបង្ហាត់នៅឆ្នាំ ២០០០ នោះ បានរៀបរាប់ថា៖ «ការប្រឹងប្រែងរបស់ខ្ញុំ អស់រយៈពេលជាង ៣៥ ឆ្នាំនេះ គឺមានការពិបាកច្រើនណាស់ ជាពិសេសចាប់តាំងពីឆ្នាំ២០០៣ មក ដោយខ្ញុំបានទ្រទ្រង់ហាប់គីដូ សឹងតែម្នាក់ឯងរហូតមក»។
លោកបានបន្ថែមថា៖ «ពេលខ្លះ ខ្ញុំចង់បាក់ទឹកចិត្តម្តងៗ ព្រោះសហព័ន្ធមួយយើងត្រូវមានគ្នាច្រើនសម្រាប់ជួយធ្វើគ្នា ប៉ុន្តែនៅពេលព្រឹទ្ធាចារ្យកីឡារបស់យើង បានលាឈប់អស់ម្នាក់ម្តងៗ គឺនៅសល់ខ្ញុំតែម្នាក់ឯង»។
សម្រាប់ការរែកពន់ស្ទើរគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យកីឡាហាប់គីដូ បន្តមានជីវិត នៅក្នុងប្រទេសកម្ពុជានេះ លោក គង់ ចាន់ធីណា បានចំណាយពេលជិត២០ឆ្នាំ ក្នុងការដើរបង្ហាត់សិស្ស នៅតាមទីវាល ដោយយកសួរច្បារសាធារណៈជាកន្លែងហ្វឹកហាត់ ជាមួយការទទួលបានកម្រៃតិចតួចតាមលទ្ធភាព ដែលអ្នកហាត់បានផ្តល់ជូន ចំណែកអ្នកគ្មានប្រាក់បង់ ក៏លោកទទួលឱ្យហាត់ដែរ ឱ្យតែអ្នកនោះ អាចទ្រាំទ្របាន ចំពោះការហាត់នៅលើថ្ម នៅកណ្តាលវាល ហាលថ្ងៃ ហាលភ្លៀងបាន។
លោកបានបញ្ជាក់ថា៖ «ហាប់គីដូយើង តាំងពីមានការហ្វឹកហាត់មក មិនដែលមានទីតាំងហាត់ស្រួលនោះទេ គឺយើងហាត់នៅតាមទីវាល លើថ្មនៅតាមសួរច្បារ ដោយគ្មានកម្រាលឡើយ រីឯឯកសណ្ឋាន និងសម្ភារផ្សេងៗទៀត ក៏មានការខ្វះខាត ហេតុនេះយើងមិនទទួលបានការចាប់អារម្មណ៍អ្វីពីស្រទាប់យុវជនទេ។ យើងមានអ្នកមកហាត់ចន្លោះពី៥ទៅ១០នាក់ ព្រោះហាត់នៅលើថ្មវាឈឺដៃ ឈឺជើង»។

ហាប់គីដូ ទទួលបានឱកាសប្រកួតអន្តរជាតិលើកដំបូង ក្រោយបានរៀបចំការប្រកួតថ្នាក់ជាតិ
យ៉ាងណាក៏ដោយ នៅពេលសហព័ន្ធខ្មែរកីឡាហាប់គីដូ មានទីកន្លែងហ្វឹកហាត់ត្រឹមត្រូវ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ បានឱ្យវិស័យកីឡាហាប់គីដូ ចាប់ផ្តើមទទួលបានការគាំទ្រពីមហាជនជាបណ្តើរៗ ដោយមានអ្នកចូលហាត់បានច្រើនគួរសម ដែលភាគច្រើនជាកីឡាករ កីឡាការិនីវ័យក្មេង ដែលជាថ្នាក់ថ្នាលជំនាន់ក្រោយ។
ជាមួយគ្នានេះ ការរៀបចំរចនាសម្ព័ន្ធថ្មី ក្រោមដឹកនាំរបស់លោក សៅ សេងហាក់ ជាង២ឆ្នាំនេះ បានធ្វើឱ្យសហព័ន្ធខ្មែរកីឡាហាប់គីដូ ចាប់ផ្តើមមានការអភិវឌ្ឍដ៏ពិតប្រាកដមួយ និងត្រូវបាន NOCC និងក្រសួងអប់រំ អនុញ្ញាតឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយមានអត្តពលិកសរុប៧២នាក់ ប្រកួតតំណាងក្លិបចំនួន៥ លើវិញ្ញាសាចំនួន៥ គឺលោតកម្ពស់ លោតចម្ងាយ ស្នៀតការពារខ្លួន (បុរស-នារី) ប្រយុទ្ធ និងប្រកួតដាល់,ទាត់ (ល្បឿន) កុមារា-កុមារី។
ដោយឡែកក្នុងរយៈពេលចូល២ខែមកនេះ ក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជា បានព្យាយាមហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមការប្រកួតប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលនឹងធ្វើនៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។
បើទោះបីជាការហ្វឹកហាត់នេះ ត្រូវបានធ្វើឡើងក្រោមការរៃអង្គាសថវិកាគ្នាដោយការស្ម័គ្រចិត្ត ព្រោះមិនទាន់មានកញ្ចប់ថវិកាជួយពីក្រសួងអប់រំ យុវជន និងកីឡា ដូចប្រភេទកីឡាផ្សេងៗទៀត ប៉ុន្តែកីឡាករកីឡាការិនីទាំង១៩នាក់ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងអំណត់ជាមួយគ្រូបង្គោលលោក គង់ ចាន់ធីណា និងគ្រូជំនួយមួយចំនួនទៀត ព្រោះនេះជាលើកទី១ហើយ ដែលក្រុមហាប់គីដូកម្ពុជា ទទួលបានឱកាសចូលរួមប្រកួតអន្តរជាតិ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេលជាង៥០ឆ្នាំ។
លោក គង់ ចាន់ធីណា បាននិយាយថា៖ «សម្រាប់ការតស៊ូហាត់ និងបង្ហាត់ហាប់គីដូចូល៤០ឆ្នាំមកនេះ ខ្ញុំមិនដែលមានឱកាសបានប្រកួតអ្វីសោះ ប៉ុន្តែក្រុមអត្តពលិករបស់យើង ទើបទទួលបានឱកាសប្រកួតជើងឯកថ្នាក់ជាតិ ហើយពេលនេះក៏ទទួលឱកាសដ៏ពិសេសមិនធ្លាប់ ដើម្បីចូលរួមការប្រកួតអន្តរជាតិ ជាលើកដំបូង គឺវាពិតជាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ចំពោះខ្ញុំ និងក្រុមអត្តពលិកយើង»។
អគ្គលេខាធិការសហព័ន្ធរូបនេះ បានបន្ថែមថា៖ «វាជាទិសដៅរបស់សហព័ន្ធ ហើយវាក៏ជាឱកាសក្នុងការពង្រឹងគុណផលកីឡាដល់កីឡាករ កីឡាការិនីរបស់យើង ក្នុងការវាស់ស្ទង់នូវសមត្ថភាពរបស់ពួកគាត់ ជាមួយកីឡាករបរទេស។ នេះជាការប្រកួតអន្តរជាតិលើកទី១ ដែលយើងចង់ផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឱ្យប្រទេសដទៃបានដឹងថា នៅកម្ពុជា ក៏មានកីឡាហាប់គីដូដែរ»។
ក្រុមហាប់គីដូកម្ពុជា តាំងចិត្តដណ្តើមយកលទ្ធផលល្អ ទោះដឹងថាការប្រកួតជើងឯកពិភពលោក មានការពិបាក
សម្រាប់អត្តពលិកទាំង១៩នាក់ ដែលកំពុងហ្វឹកហាត់ត្រៀម សម្រាប់ចេញទៅប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃ ដើមខែសីហាខាងមុខនេះ រួមមានកីឡាករ ខន សុខុន, ធៀង សុចិត្រា, គង់ម៉ូណា មិថុរ៉ា, ភិន មុន្នីរតន៍, ឈុំ គីមស្រ៊ា, នួន សុធាឬទ្ធិ, គឹម រតន៍មុនី, ណារុន លីវឌ្ឍនៈ កុមារា សុខុន សីហនុត, វិន លីហៀង, សារ៉ាត់ មុន្នីឧត្តម កីឡាការិនី គង់ម៉ូណា ជេស៊ីកា, លន សុភ័គ, ណុប ស្រីពេជ្រររិន កុមារី គង់ម៉ូណា ដាយអាណា, ឡាយ គឹមហ័រ, សុខុន លីហ័រ, រិទ្ធ ច័ន្ទធើរីហ្សា និងកុមារី រិទ្ធ ច័ន្ទដាយអ៊ែណាំ ដោយអ្នកទាំងនេះ នឹងត្រូវធ្វើការប្រកួតទៅតាមជំនាញ និងតាមប្រភេទអាយុរបស់ខ្លួន។
ជាមួយគ្នានេះ កីឡាករ គង់ម៉ូណា មិថុរ៉ា ដែលជារៀមច្បងនៅក្នុងក្រុមកីឡាហាប់គីដូ បានដាក់ចិត្តខ្លាំង សម្រាប់ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃខាងមុខនេះ។ ទោះជា មិថុរ៉ា ទើបដណ្តើមបានមេដាយមាស២ និងប្រាក់១ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ និងឈ្នះមេដាយពីការប្រកួតអន្តរជាតិជាច្រើនទៀត លើប្រភេទកីឡាជឺជីតស៊ូ ប៉ុន្តែកូនប្រុសច្បងរបស់លោក គង់ ចាន់ធីណា ម្នាក់នេះ មានចិត្តអន្ទះសាចង់បង្កើតសមិទ្ធផលថ្មីសម្រាប់កីឡាហាប់គីដូ ដែលរូបគេបានខំហាត់ជិត២០ឆ្នាំមកនេះ ។
កំលោះវ័យ២៦ឆ្នាំរូបនេះ និយាយថា៖ «ការឈ្នះបានមេដាយមាសនៅស៊ីហ្គេម វាជាជោគជ័យយ៉ាងធំរបស់ខ្ញុំលើជំនាញកីឡាជឺជីតស៊ូ ប៉ុន្តែចំពោះហាប់គីដូ ដែលខ្ញុំបានហាត់តាំងពីឆ្នាំ២០០៧ ដោយបានឆ្លងកាត់ការពិបាកគ្រប់បែបយ៉ាងនោះ គឺទើបតែមានឱកាសប្រកួតអន្តរជាតិ ជាលើកដំបូង»។
មិថុរ៉ា បានបញ្ជាក់បន្ថែមថា៖ «ហេតុនេះខ្ញុំបានដាក់ចិត្តកាយក្នុងការហ្វឹកហាត់១០០ភាគរយ ហើយរំពឹងថា នឹងអាចដណ្តើមបានមេដាយ នៅលើប្រភេទកីឡាហាប់គីដូនេះ គឺខ្ញុំពិតជាចង់ឃើញប្រភេទកីឡាហាប់គីដូនេះ ដណ្តើមបានមេដាយ នៅលើឆាកអន្តរជាតិ»។
ចំណែកកីឡាការិនី គង់ម៉ូណា ជេស៊ីកា ដែលជាប្អូនស្រី ក៏មានការតាំងចិត្តខ្ពស់ សម្រាប់ការប្រកួតជើងឯកពិភពលោកនេះ។ កញ្ញា បានបញ្ជាក់ថា៖ «នេះជាលើកដំបូង ដែលក្រុមកីឡាហាប់គីដូកម្ពុជា បានចេញទៅប្រកួតនៅក្រៅប្រទេស ហើយចំពោះខ្ញុំបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព»។
យ៉ាងណាក៏ដោយ គង់ម៉ូណា ជេស៊ីកា ដែលធ្លាប់បានឈ្នះមេដាយមាស ពីការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ជាច្រើនលើក ហើយក៏ទើបឈ្នះបានមេដាយសំរឹទ្ធចំនួន៣ ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ីនោះ បានគិតថា ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក នៅថៃខាងមុខនេះ អាចនឹងមានការពិបាកប្រជែងយកមេដាយ។
កីឡាការិនីវ័យ២១ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ដោយសារនេះជាការប្រកួតកម្រិតពិភពលោក ដែលមានអត្តពលិកខ្លាំងៗចូលរួមច្រើន ហេតុនេះខ្ញុំមិនអាចវាយតម្លៃពីលទ្ធផលទុកមុនទេ ប៉ុន្តែជាឆន្ទៈ និងទិសដៅទៅមុខទៀត គឺខ្ញុំនឹងខិតខំដើម្បីស្វែងរកឱ្យបានមេដាយណាមួយ នៅលើប្រភេទកីឡានេះ»។
ចំពោះកីឡាករ ភិន មុន្នីរតន៍ ដែលបានចូលហាត់ហាប់គីដូ ក្នុងឆ្នាំ២០១៤ ហើយទើបបានឈ្នះមេដាយមាសទាំងលើវិញ្ញាសាលោតចម្ងាយ និងវិញ្ញាសាប្រយុទ្ធពីការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ កាលពីខែធ្នូនោះ បានបង្ហាញអារម្មណ៍ភ័យផង អរផង ចំពោះការត្រៀមខ្លួនការប្រកួតអន្តរជាតិ ជាលើកទី១នេះ។
មុន្នីរតន៍ បាននិយាយថា៖ «ហាប់គីដូ បានបង្កើតឱ្យមាននៅកម្ពុជាយូរហើយ តែមិនធ្លាប់បានប្រកួតអន្តរជាតិទេ។ យើងបានទន្ទឹងរង់ចាំយូរណាស់ ទម្រាំមានឱកាសត្រៀមប្រកួតជើងឯកពិភពលោកនេះ។ ខ្ញុំរាងភ័យដែរ ព្រោះវាជាលើកដំបូង តែតាមរយៈការខំប្រឹងហាត់ និងការស្រាវជ្រាវពីសមត្ថភាពរបស់អត្តពលិកនៃប្រទេសមួយចំនួន ខ្ញុំយល់ថា ក្រុមហាប់គីដូរបស់យើង អាចប្រកួតប្រជែងជាមួយគេបាន ហើយក៏អាចនឹងដណ្តើមបានលទ្ធផលល្អណាមួយផងដែរ គឺខ្ញុំសង្ឃឹមដល់៨០ភាគរយ»។
ដោយឡែកកីឡាករវ័យក្មេង សុខុន សីហនុត ដែលទើបចូលហាត់កីឡាហាប់គីដូបាន២ឆ្នាំ បានអះអាងថា រូបគេបានចេះច្រើនទាំងទៅលើស្នៀតកាច់ ផ្តួល បោក ទាត់ និងស្នៀតដាល់ ហើយចំណុចរីកចម្រើនទាំងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ២ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ។ ចំណែកការប្រកួតជើងឯកពិភពលោក នៅថៃនេះ សីហនុត បានតាំងចិត្តប្រកួតខ្លាំង ក្នុងការដណ្តើមឱ្យបានលទ្ធផលល្អ។
កីឡាករវ័យ១២ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំមិនធ្លាប់គិតដល់ថា ខ្ញុំបានទៅប្រកួតនៅក្រៅប្រទេសទេ ហេតុនេះខ្ញុំបានប្រឹងប្រែងហាត់ខ្លាំង ដែលធ្វើឱ្យបច្ចេកទេសរបស់ខ្ញុំមានការកើនឡើងទាំងការលោតចម្ងាយ និងលោតកម្ពស់ រីឯបច្ចេកទេសប្រយុទ្ធក៏ល្អ។ ខ្ញុំមិនខ្លាច និងមិនគិតថាគេខ្លាំងជាងយើងនោះទេ គឺយើងត្រូវគិតថា គេខ្សោយជាងយើង ទើបយើងអាចទទួលបានជ័យជម្នះ»។

ទោះបានតស៊ូច្រើនឆ្នាំ តែកីឡាហាប់គីដូ នៅតែមិនទទួលបានជំនួយពីក្រសួងអប់រំ
យ៉ាងណាក៏ដោយ សម្រាប់ការហ្វឹកហាត់ ត្រៀមចេញទៅប្រកួត World LH.F Hapkido Championship 2024 នៅប្រទេសថៃ នាដើមខែសីហាខាងមុខនេះ ក្រុមហាប់គីដូកម្ពុជា មិនទទួលបានកញ្ចប់ថវិកាពីក្រសួងអប់រំ យុវជន និងកីឡានោះទេ ហើយក៏គ្មានជំនួយអ្វីពីខាងណានោះទេ គឺក្រុមនេះបានលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។ ចំណែកការចំណាយផ្សេងៗ ត្រៀមចេញទៅប្រកួតនៅថៃនេះ គឺជាបន្ទុករបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលកើតចេញពីការរៃអង្គាសថវិកានៅក្នុងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធដូចគ្នា។
យ៉ាងណាមិញនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២៤-២០២៨របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១៦ ខែមិថុនា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានគូសបញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធកីឡាជាតិមានចំនួនសរុប៦០ ហើយក្នុងនោះមានសហព័ន្ធកីឡាជាតិចំនួន៤៨ ទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការអភិវឌ្ឍន៍។
ប៉ុន្តែចំពោះប្រភេទកីឡាហាប់គីដូ មិនទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំពីក្រសួងអប់រំទេ ហើយនៅក្នុងបញ្ហានេះ លោក ទុយ ប៊ុនហឿន បានប្រាប់ឱ្យគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធខ្មែរហាប់គីដូ ដែលមានលោក សៅ សេងហាក់ ជាប្រធាន គួរស្នើសុំកញ្ចប់ថវិកាគាំទ្រទៅក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងអប់រំនឹងពិនិត្យពិចារណា ដើម្បីស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តែទោះបីជាយ៉ាងណា បើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សហព័ន្ធខ្មែរកីឡាហាប់គីដូ មិនស្ថិតនៅចំណោមសហព័ន្ធកីឡាជាតិ ដែលត្រូវទទួលបានកញ្ចប់ថវិកាគាំទ្រ ទៅតាមគោលការណ៍ចំណាយប្រចាំឆ្នាំរបស់ក្រសួងអប់រំនោះទេ។
លោកបានប្រាប់ថា៖ «ហាប់គីដូ មិនស្ថិតនៅប្រព័ន្ធប្រកួតអន្តរជាតិទេ គឺជាប្រភេទកីឡានៅក្រៅប្រព័ន្ធ អ៊ីចឹងវាស្ថិតនៅអាទិភាពចុងក្រោយគេ។ មានន័យថា បើរដ្ឋមានលទ្ធភាព (ផ្តល់ការឧបត្ថម្ភ) គឺត្រូវផ្តល់នៅចុងក្រោយគេ ព្រោះហាប់គីដូ ជាចលនាកីឡាជួយដល់សង្គមមួយដែរ ប៉ុន្តែវាអត់មានការប្រកួតច្បាស់លាស់។ គ្រាន់តែការប្រកួតហាប់គីដូប្រចាំតំបន់ និងប្រចាំទ្វីបអត់ទាន់មានច្បាស់លាស់ផង អ៊ីចឹងវាពិបាកក្នុងការអភិវឌ្ឍ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ក្រសួងអប់រំ បាននឹងកំពុងធ្វើស្តង់ដាសហព័ន្ធ ដើម្បីវាយតម្លៃទៅលើសហព័ន្ធកីឡាជាតិ ដោយគេឱ្យសិទ្ធិទៅលើសហព័ន្ធកីឡាអូឡាំពិក និងសហព័ន្ធជាប្រភេទកីឡាអត្តសញ្ញាណជាតិមុន រួចទើបឈានដល់ប្រភេទកីឡាមិនមែនអូឡាំពិក និងកីឡាផ្សេងៗទៀត។ នៅក្នុងខ្លឹមសារនេះ គឺសហព័ន្ធខ្មែរកីឡាហាប់គីដូ ស្ថិតនៅលំដាប់ក្រោយគេដដែល។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងសំដៅទៅលើការជួយដល់កីឡាក្បាច់គុនរបស់ជាតិ ជាអាទិភាព ចំណែកក្បាច់គុន ដែលមិនមានការប្រកួតអ្វី វាជាការលំបាកមួយ ក្នុងការដាក់គោលការណ៍ឧត្ថម្ភគាំទ្រ ព្រោះអត់ដើម្បីទៅប្រកួតនៅឯណា!»។
លោកបានបន្ថែមថា៖ «ចំពោះករណីសហព័ន្ធហាប់គីដូនេះ អត់មានអ្វីត្រូវស្នើទៅក្រសួងកើតទេ គ្រាន់តែក្រសួងទទួលស្គាល់ឱ្យធ្វើសកម្មភាព ប៉ុន្តែមិនមាននៅក្នុងការប្រកួត ព្រោះគ្រប់លក្ខខណ្ឌក្នុងការគាំទ្ររបស់ក្រសួង គឺគាំទ្រដើម្បីត្រៀមប្រកួតដូចជាស៊ីហ្គេម និង Asian Game ជាដើម។ តែបើយើងមិនមាននៅក្នុងការប្រកួត គឺអត់មាននៅក្នុងលក្ខខណ្ឌត្រូវទទួលការឧបត្ថម្ភគាំទ្រទេ»។
ថ្នាក់ដឹកនាំ និងក្រុមកីឡាករកីឡាការិនី មិនបោះបង់ជំហរអភិវឌ្ឍកីឡាហាប់គីដូ ទោះមិនទាន់មានជំនួយ
យ៉ាងណាក៏ដោយជុំវិញនាំគ្នាអភិវឌ្ឍកីឡាហាប់គីដូ ដោយមិនទាន់ទទួលបានការគាំទ្រជាថវិកាប្រចាំឆ្នាំពីក្រសួងអប់រំនេះ គឺទាំងថ្នាក់ដឹកនាំ និងក្រុមកីឡាករកីឡាការិនីហាប់គីដូ មិនបានបង្ហាញការរាថយនោះទេ។ ផ្ទុយទៅវិញអ្នកទាំងនេះ កាន់តែមានការតាំងចិត្តខ្ពស់ ក្នុងការជម្នះការលំបាកបន្តទៅទៀត ដើម្បីធ្វើឱ្យហាប់គីដូ កាន់តែរីករាយទៅមុខ។
លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានធ្វើការប្តេជ្ញាចិត្តជាមួយនិងការដាក់គោលដៅជាក់លាក់ ដើម្បីពង្រីកវិសាលភាពកីឡាហាប់គីដូឱ្យបានកាន់តែខ្លាំង ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ បើទោះបីជារយៈពេលជាង៥០ឆ្នាំមកនេះ ហាប់គីដូ ទើបទទួលបានឱកាសរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ជាលើកទី១ និងកំពុងត្រៀមខ្លួនបង្ហាញសមត្ថភាពជាប្រវត្តិសាស្រ្តលើកដំបូង នៅលើឆាកអន្តរជាតិ។
លោក សេងហាក់ បានថ្លែងថា៖ «ខ្ញុំសូមប្ដេជ្ញាចិត្ត នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ ហើយយើងក៏ប្តេជ្ញានឹងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឱ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ»។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី១៦ ខែមិថុនា លោក សេងហាក់ ក៏បានដាក់ចេញនៅផែនការយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន ក្នុងការកៀរគររកប្រាក់ចំណូលឱ្យបានកាន់តែច្រើន ដើម្បីបន្តអភិវឌ្ឍ និងលើកកិត្យានុភាពហាប់គីដូកម្ពុជាឱ្យកាន់តែមានភាពល្បីល្បាញថែមទៀត។
លោកបញ្ជាក់ថា៖ «សហព័ន្ធនឹងពង្រីកវិសាលភាពកីឡាហាប់គីដូ ឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមការប្រកួតនៅក្រៅប្រទេសឱ្យបានច្រើនតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកកិត្យានុភាពហាប់គីដូកម្ពុជាឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ»។
ចំពោះលោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធច្រើនអាណត្តិមកហើយនោះ បានអះអាងថា បើទោះបីជានៅក្នុងប្រភេទកីឡាហាប់គីដូនេះ មិនមានការឧបត្ថម្ភ និងជួយជ្រោមជ្រែងពីខាងណាក៏ដោយ ប៉ុន្តែយើងត្រូវគិតថា កីឡាបានជួយដល់សង្គម និងជួយដល់ប្រជាជនយើងឱ្យមានសុខភាពល្អ ចេះស្រឡាញ់គ្នា ចេះគោរពគ្នា និងចេះសាមគ្គីគ្នា ហើយនេះជាមូលហេតុ ដែលលោកមិនបោះបង់កីឡាហាប់គីដូ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា បើខ្ញុំឈប់មួយទៀត គឺប្រភេទកីឡាហាប់គីដូនេះ អាចបាត់ពីកម្ពុជាយើង ហេតុនេះហើយទើបខ្ញុំបានប្រឹងប្រែងតស៊ូរហូត ដោយបានឆ្លងកាត់ការលំបាកច្រើនណាស់។ ខ្ញុំមិននោះទេ គឺខ្ញុំហត់ត្រឹមណា ឈប់សម្រាកត្រឹមហ្នឹង រួចទើបខ្ញុំខំប្រឹងទៅមុខទៀត»។
ជាមួយការតស៊ូមិនបោះបង់នេះ លោក ចាន់ធីណា បន្ថែមថា៖ «នៅក្នុងចិត្តរបស់ខ្ញុំ ឱ្យតែថ្នាក់ដឹកនាំសហព័ន្ធ មានការគាំទ្រ និងលះបង់ថវិកាផ្ទាល់ខ្លួនរបស់គាត់ក្នុងការនាំមុខ ហើយសហព័ន្ធយើង នឹងមានរៀបចំសកម្មភាពឱ្យបានច្រើនក្នុងការប្រកួត ខ្ញុំសង្ឃឹមថាទៅថ្ងៃមុខ ខាងក្រសួងអប់រំ លោកនឹងពិនិត្យពិចារណាទៅលើសកម្មភាព និងសក្តានុពលរបស់យើង (ក្នុងការផ្តល់ការឧបត្ថម្ភ)»។
ចំណែកកីឡាករ គង់ម៉ូណា មិថុរ៉ា ជាកូនប្រុសច្បង បានតាំងចិត្តបែបនេះថា៖ «ទោះពេលនេះប៉ាខ្ញុំ ចាស់បន្តិចមែន តែគាត់នៅតែមិនបោះបង់ អ៊ីចឹងក្នុងនាមខ្ញុំជាកូនច្បង ដែលនៅក្មេង និងមានកម្លាំងពេញ រឿងអីខ្ញុំត្រូវបោះបង់ គឺទោះទៅថ្ងៃមុខខ្ញុំប្រកួតលែងកើតក៏ខ្ញុំនៅតែបន្តចែករំលែកបទពិសោធន៍ដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យក្រុមកីឡាហាប់គីដូយើងមានធនធានទៅដណ្តើមមេដាយផ្សេងៗទៀត»។
ចំពោះកីឡាការិនី គង់ម៉ូណា ជេស៊ីកា វិញបញ្ជាក់ថា៖ «ប៉ាខ្ញុំ បានប្រឹងប្រែងអភិវឌ្ឍកីឡានេះជាង៣០ឆ្នាំមកហើយ ចំណែកប្រធានសហព័ន្ធ ក៏មានការខិតខំ និងពុះពារជួយដល់ហាប់គីដូ អ៊ីចឹងទោះបីពេលនេះ យើងមិនទាន់ទទួលបានការឧបត្ថម្ភពីខាងណា ប៉ុន្តែឱ្យតែយើងមានសកម្មភាពច្រើនទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក គឺយើងនឹងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំពីក្រសួងអប់រំ ចំណែកពួកខ្ញុំ ក៏តាំងចិត្តដណ្តើមមេដាយ ឬលទ្ធផលល្អជូនសហព័ន្ធ ដើម្បីឱ្យក្រសួង និងស្ថាប័នផ្សេងទៀត មើលឃើញច្បាស់ពីការប្រឹងប្រែងរបស់យើងដូចគ្នា»។
ដូចគ្នានេះ កីឡាករខ្សែក្រវាត់ខ្មៅ២ដាន់ ភិន មុន្នីរតន៍ ដែលកំពុងសិក្សាឆ្នាំទី៤ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានតាំងចិត្តមិនបោះបង់កីឡាហាប់គីដូ បើទោះបីជារូបគេធ្លាប់បាក់ទឹកចិត្ត និងចង់ឈប់ ដោយសារតែប្រភេទកីឡានេះអត់មានការប្រកួតដូចប្រភេទកីឡាផ្សេងៗទៀត។
កីឡាករវ័យ២២ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ខ្ញុំធ្លាប់មានការបាក់ទឹកចិត្តដែរ នៅពេលយើងហាត់តែអត់មានការប្រកួតដូចប្រភេទកីឡាផ្សេងៗ ប៉ុន្តែខ្ញុំមិនបោះបង់ ដោយសារយើងខំហាត់យូរឆ្នាំមកហើយ ហើយការហាត់កីឡាហាប់គីដូនេះ វាមិនត្រឹមតែផ្តល់នូវសុខភាពល្អទេ ប៉ុន្តែវាជួយឱ្យយើងមានស្មារតីរឹងមាំ និងមានវិន័យក្នុងខ្លួន។ ហេតុនេះទោះខ្ញុំរៀនចប់ មានការងារធ្វើ និងរវល់យ៉ាងណា ក៏ខ្ញុំនៅតែឆ្លៀតមកហាត់ហាប់គីដូ ហើយខ្ញុំក៏មានបំណងចង់ក្លាយជាគ្រូបង្គោលម្នាក់នៅពេលខាងមុខផងដែរ»៕