សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការសម្រេចដាក់ទោសប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ និងបង្គាប់ឱ្យផ្ដល់សំណង១,៥លានដុល្លារទៅរដ្ឋាភិបាល

លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)
លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)

ប្រធាន​គណបក្ស​ភ្លើងទៀនលោក ទាវ​ វណ្ណុល ត្រូវ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​បរិហារកេរ្តិ៍ជាសាធារណៈ និង​​ពិន័យជា​ប្រាក់​​១០​លាន​រៀល និង​បានបង្គាប់​ឲ្យ​ផ្ដល់​សំណង​ទៅ​រាជរដ្ឋាភិបាល​ចំនួន​៦ពាន់​លាន​រៀល ឬ​ប្រហែល​នឹង​១,៥​លាន​ដុល្លារ​អាមេរិក​។​

ការ​ប្ដឹង​ផ្ដល់​នេះ​កើត​ឡើង​ក្រោយ​លោក​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​បរទេស ដែល​លោក​លើក​ឡើង​ថា ​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា «ដើរថយក្រោយ»​ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​។​

ប្រធាន​អង្គជំនុំជម្រះ​លោក ហុក ពៅ បានប្រកាស់សាលក្រមថា៖ «តុលាការ​យល់ឃើញថា​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុងផ្តន្ទាទោស ជនជាប់ចោទ​ ទាវ វណ្ណុល ពិតជា​បាន​ប្រព្រឹត្តបទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈ​នៅ​រាជធានីភ្នំពេញ»។ លោក​បន្ថែមថាជនជាប់ចោទ​អាច​ប្ដឹងឧទ្ធរណ៍​ បើសិន​ជា​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេចសាលក្រម​នេះ។​

លោក ជូង ជូងី មាន​ប្រសាសន៍ថា លោក ទាវ វណ្ណុល មិន​មាន​វត្ត​មាន​ពេល​ប្រកាស​សាលក្រម​ទេ​ដោយហេតុ​ថា ​លោក​មាន​ភារកិច្ច​ការងារនយោបាយនៅក្រៅប្រទេស​។​

សំណុំ​រឿង​លោក ទាវ វណ្ណុល កើត​ចេញពី​រូប​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​កាសែត Nikei Asia និង​ត្រូវ​បាន​វិទ្យុបារាំង​អន្តរជាតិ​យក​មក​ផ្សាយ​បន្ត​ពី​អ្វី​ដែល​លោក​បាន​លើក​ឡើង​ជា​មួយ​កាសែត ​Nikei Asia ដែល​បាន​រិះ​គន់​ថា​លទ្ធិប្រជា​ធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​។​

បន្ថែម​ពី​នេះ​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ដំឡើង​កាមេរ៉ា​ដើម្បី​តាម​ដាន​សកម្មភាព​មេដឹកនាំ​គណបក្ស​ភ្លើងទៀនផង​ដែរ ប៉ុន្តែ​តុលាការ​អះអាថា ​កាមេរ៉ាសុវត្ថិភាព​ទាំង​នោះ​ដំឡើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ន័យ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​។​

មេធាវីលោក​ ទាវ វណ្ណុល គឺលោក ជូង ជួងី មាន​ប្រសាសន៍ថា សេចក្ដី​សម្រេច​របស់​តុលាការ​មិនបាន​ផ្ដល់ «យុត្តិធម៌» ដល់​កូន​ក្ដី​របស់​លោក​ទេ​។ លោក​ថា៖ «​ក្នុង​នាម​ជា​មេធាវី​ការពារ​ក្ដី ខ្ញុំយល់ឃើញថាអ្វីដែលគាត់និយាយគឺជាការពិត ហើយម្យ៉ាងទៀតគឺជាការបង្ហាញទស្សនយល់ឃើញរបស់គាត់»

លោក​ថា ​ការ​ប្ដឹង​ឧទ្ធរណ៍​អាច​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ពិភាក្សា​ជាមួយ​កូន​ក្ដី​។​

មេធាវី​តំណាង​ឲ្យ​រាជរដ្ឋាភិបាល លោក ម៉ម ចាន់ណែត មាន​ប្រសាសន៍​ថា ​លោក​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​បាន​អនុវត្ត​តាម​កោលការណ៍​ច្បាប់​ផ្អែក​តាម​ស្មារតី​នៃ​នីតិរដ្ឋ។​

លោក​លើក​ឡើង​ថា៖ «​វា​ជាសិទ្ធិ​របស់​គាត់ [ទាវ វណ្ណុល] និង​ជា​ទស្សនៈផ្ទាល់​ខ្លួន​។ ខ្ញុំ​មិន​ជ្រៀតជ្រែក​ការ​យល់ឃើញ​របស់​នរណាម្នាក់​ទេ​»។ លោក​លើក​ឡើង​បែបនេះ​ពេល​អ្នកសារព័ត៌មាន​សុំ​ការអត្ថធិប្បាយ​ទាក់​ទង​នឹង​សំណង​១,៥​លាន​ដុល្លារ​ទៅ​កាន់​រដ្ឋាភិបាល​។​

ប្រហាក់​ប្រហែល​នឹង​លោក ជូង ជូងី​ ដែរ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុទ្ធ បាននិយាយថា ​លោក ទាវ វណ្ណុល​ គ្រាន់​តែ​បញ្ចេញ​មតិ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​។​

លោក​បន្ថែម​ថា៖ «​វាជារឿងមួយអ​យុត្តិធម៌​​សម្រាប់​អ្នក​នយោបាយ​ដែល​មាន​ទោស​ដោយសារ​ការ​បញ្ចេញ​មតិ..រាប់ពាន់​លាន​រៀល​វា​ជា​ការ​ពិន័យ​ធ្ងន់ធ្ងរ​ណាស់សម្រាប់អ្នក​នយោបាយ​ម្នាក់​ដែល​ប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិដោយផ្អែក​លើការយល់ឃើញ និងការសង្កេតរបស់គាត់»។​

​លោក​កត់សម្កាល់​ថា ​ស្ថានភាព​នយោបាយ​គឺ​មានភាព​តឹង​តែង​ដោយសារ​តែបន្ត​មាន​ការ​ឃុំ​ខ្លួន​សមាជិក​បក្ស​ប្រឆាំង និង​សកម្មជន​។​

អ្នក​នយោបាយ​គណបក្ស​ភ្លើង​ទៀត​រួម​មាន​លោក ថាច់​ សេដ្ឋា មាន​ទោស​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំពី​បទ​ញុះញង់ ចំណែក​លោក សុន ឆៃ កំពុង​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ក្រោយ​ចាញ់ក្ដី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជនកម្ពុជា​ ដោយត្រូវ​បង់សំណង​ជំងឺ​ចិត្ត​១លាន​ដុល្លារ។​ ដោយ​ឡែក ប្រធាន​គណបក្សកម្លាំងជាតិ​លោក ស៊ុន ចន្ធី ក៏កំពុង​ជាប់ពន្ធនាគារ​ក្រោម​បទ​ចោទ​ញុះញង់​ដូច​គ្នា​។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគមអាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍ថា ​ការ​សម្រេច​ណា​មួយ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ប៉ុន្តែ​ថា​ការ​អត្ថាធិប្បាយ​របស់​លោក​ ទាវ វណ្ណុល គឺ​ជា​ការ​យល់ឃើញ​របស់​គាត់ និង​ជា​សេរីភាព​នៃការ​បញ្ចេញ​មតិ​។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «​រឿង​មួយ​ទៀត​យើង​មើល​ឃើញ​ថា​មាន​ការ​រឹតត្បិត​សេរីភាព​នៃការ​បញ្ចេញ​មតិ​​លើ​អ្នក​នយោបាយ ជា​ពិសេស​លោក វណ្ណុល ដែល​ជា​ប្រធានគណបក្ស ដូច​នេះ​ការ​សម្រេច​ហាក់​ដូច​ជា​ហួស​ហេតុ​បន្តិច…ខ្ញុំ​គិត​ថា​បើសំណុំរឿង​គាត់​ជា​រឿង​នយោបាយ​គួរ​ដោះស្រាយ​តាម​បែប​នយោបាយ»។​

លោក សុខសាន្ត​ បន្ត​ថា មួយ​រយៈនេះ​មិនមែន​តែ​គណបក្ស​នយោបាយ​ទេ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិលដែល​សកម្ម និង​បាន​ «ចុះបញ្ជីត្រឹម​ត្រូវ» នៅ​ក្រ​សួង​មហាផ្ទៃ​ក៏​រង​ការ​រឹតត្បិត​ដែរ។​

លោក​បន្ថែមថា៖ «យើង​កត់​សម្គាល់​ឃើញ​ថា​លំហ​សេរីភាព​នៃការ​បញ្ចេញ​មតិ​បាន​ធ្លាក់ចុះ។ ដូច​នេះយើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​នេះ​ឡើងវិញ ស្ដារ​មុខ​មាត់​ប្រទេស​យើងដោយ​មិនមាន​ការ​រឹត​ត្បិត ឬ​គាបសង្កត់​មតិជាតិ និងអន្តរជាតិ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Party President Guilty of Defamation, Ordered To Pay $1.5M Compensation To Government

334 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម