សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។

 លោក សុន ឆ័យ ដែល​មិន​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​សម្រាប់​ការ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​សុក្រនេះ​ ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យសរុប ១៧ លាន​រៀល (ប្រហែល ៤.២៥០ដុល្លារ)។ សំណុំរឿង​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​​ការ​អះអាង​របស់​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

 ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអ្នកសង្កេតការណ៍បោះឆ្នោតបានកត់សម្គាល់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត អំឡុងពេល​បោះឆ្នោតឃុំសង្កាត់ថ្ងៃទី ៥ ខែមិថុនា។ លោក សុន ឆ័យ ជាអតីត​សមាជិកគណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវ​បាន​ដាក់​ឲ្យ​នៅ​​ក្រៅ​ច្បាប់នោះ​ អាច​ប្តឹង​ឧទ្ធរណ៍​នឹង​សេចក្តី​​សម្រេច​នេះបាន។

 កាលពី​ថ្ងៃ​សុក្រ​ តុលាការបាន​ចេញ​សាលក្រម​សម្រាប់​​បណ្តឹង​ចំនួន​​​ពីរ​ប្រឆាំង​លោក សុន ​ឆ័យ។ តុលាការ​បាន​បង្គាប់​ឲ្យ​លោក​បង់ប្រាក់ជំងឺចិត្ត​​ចំនួន៣ពាន់​លាន​​រៀល (ប្រហែល ៧៥ ម៉ឺន​ដុល្លារ) ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច និងពិន័យ​ជាប្រាក់​៨លាន​រៀល (ប្រហែល២.០០០​ដុល្លារ)​។ នៅក្នុងសំណុំរឿង​ទី២ ប្កឹង​ដោយ គ.ជ.ប តុលាការបានសម្រេចឲ្យ​លោក សុន ឆ័យ បង់ប្រាក់ពិន័យ៩លានរៀល (ប្រហែល ២.២៥០ដុល្លារ)។

 អំឡុង​សវនាការកាលពីព្រឹកថ្ងៃសុក្រ លោក គី តិច ជាមេធាវីគណបក្សប្រជាជនកម្ពុជា និងលោកព្រះរាជអាជ្ញារង ប្លង់​ សុផល បានសាកសួរលោក សុន ឆ័យ អំពី​បទសម្ភាសន៍កាលពីថ្ងៃទី៧ ខែមិថុនា ជាមួយសារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី ដែលពេល​នោះ​ លោក សុន ឆ័យ និយាយអំពីការលួច​បន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា និងថា គ.ជ.ប ខ្វះឯករាជ្យភាព។ លោក​ទាំង​ពីរ​​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សុន ឆ័យ​ ថា ​ជា​ការ​បរិហារកេរ្តិ៍​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​កាន់​អំណាច​យ៉ាង​ធ្ងន់ធ្ងរ។

 លោក គី តិច​ បាន​បាន​មាន​ប្រសាសន៍ថា៖ «​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គុណសម្បត្តិ​ធំធេងណាស់​ចំពោះ​ប្រទេស មាន​កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​ការ​គាំទ្រ​ច្រើន​។ សកម្មភាព​របស់​ជនជាប់ចោទ ​គឺ​ធ្វើ​ឲ្យ​អាប់ឱនកិត្តិយស​​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដឹកនាំ​របស់​គណបក្ស និង​សមាជិក​របស់​ខ្លួន»។

លោក គី តិច​ បាននិយាយថា ការលើកឡើង​របស់លោក សុន ឆ័យ អំឡុងពេលផ្តល់​បទសម្ភាសន៍ជាមួយ​ ឌឹ ខេមបូចា ដេលី គឺជាគ្រោះថ្នាក់ដល់គណបក្សកាន់អំណាចដោយ​សារបទសម្ភាសន៍នេះ​ នឹងស្ថិតនៅលើប្រព័ន្ធ​អ៊ីនធឺណិតរហូត​ហើយបន្តធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំនាពេលអនាគត។ កាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហា​វិវាទប្រាក់​ពន្ធក្នុងឆ្នាំ ២០១៧ហើយក្រោយមកបានប្តូរជាសារព័ត៌មាន​អនឡាញវិញ​។

 លោក គី​ តិច បាន​លើកឡើង​ថា៖ «​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​របស់​ខ្លួន​អស់​រយៈពេល​ជាង៤០ឆ្នាំ​មក​ហើយ ហើយ​ការ​លើក​ឡើង​របស់​លោក សុន ឆ័យ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ម្ចាស់​ឆ្នោត។ វានឹងប៉ះពាល់ដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ព្រោះវានឹងធ្វើឲ្យប្រជាជនជឿ [អ្វីដែលលោក សុន ឆ័យ បាននិយាយ] ហើយពួកគាត់​អាចមិនបោះឆ្នោតជូន​គណបក្សប្រជាជន។ វា​គឺជា​ការ​ខាត​បង់​សម្រាប់​គណបក្ស​ប្រជាជន»។

 គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​ជិត​បួន​ទសវត្សរ៍​មក​ហើយ។

បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក សុន ឆ័យ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការលួច​ន្លំសន្លឹក​ឆ្នោត គ.ជ.ប បានដាក់ពាក្យបណ្តឹងថា លោក សុន ឆ័យ​ បានបរិហារកេរ្តិ៍ស្ថាប័នរៀបចំ​ការ​បោះឆ្នោតនេះ​ ខណៈដែលគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យ​បណ្តឹង​បរិហារកេរ្តិ៍ផ្ទាល់ខ្លួនផងដែរ ដោយទាមទារសំណងចំនួន១លានដុល្លារអាមេរិក ជុំវិញការអះអាងរបស់លោក សុន ឆ័យ ដែលថា គ.ជ.ប មានភាពលម្អៀងលើ​បក្សកាន់អំណាច។

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង​មេឃុំ​ចំនួន១.៦៤៨អាសនៈ ក្នុង​ចំណោម១.៦៥២អាសនៈក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា ដោយ​គណបក្ស​​ភ្លើង​​ទៀន​ទទួល​បាន​តែ​បួនអាសនៈ​ប៉ុណ្ណោះ។

ក្រុមសិទ្ធិមនុស្ស អ្នកសង្កេតការណ៍បោះឆ្នោត និងគណបក្សប្រឆាំងបានរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗមុន និងអំឡុងពេលបោះឆ្នោត រួមទាំងវត្តមានរបស់អាជ្ញាធរនៅការិយាល័យបោះឆ្នោត និងការគំរាមកំហែងដល់បេក្ខជនគណបក្សប្រឆាំង និងបុគ្គលិកបោះឆ្នោត។

លើសពី​នេះទៅ​ទៀត អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា អ្នក​សង្កេត​​ការណ៍​មួយ​ចំនួន​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​មណ្ឌល​​បោះឆ្នោត។ នៅកន្លែងខ្លះ មាន​ការបិទទ្វារឬបង្អួចនៅពេលរាប់សន្លឹកឆ្នោត ដូច្នេះពលរដ្ឋ​មិនអាចមើលដំណើរការរាប់សន្លឹកឆ្នោត​បានទេ ហើយចំនួនសន្លឹកឆ្នោតសរុបមិនត្រូវបានបង្ហាញជាសាធារណៈទេ។

 គណៈកម្មាធិការ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​លើកឡើង​នៅ ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា អង្គការ​ក្រៅ​រដ្ឋាភិបាលមួយនេះ​​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ទម្រង់១១០២ ជាទម្រង់​ដែលចុះ​លទ្ធផល​រាប់សន្លឹកឆ្នោត ដោយកត់សម្គាល់ថា ទម្រង់ដែលបង្ហាញដោយ គ.ជ.ប គឺខុសពីទម្រង់ដែលបានបោះពុម្ពជាក់ស្តែងនៅក្នុងករណីមួយចំនួន រួមទាំងការ​បាត់​ទិន្នន័យ​និងកោសលុប​តួលេខជាដើម​។

 លោក សុន ឆ័យ​ បានប្រាប់តុលាការនៅព្រឹកថ្ងៃសុក្រនេះថា ការអត្ថាធិប្បាយរបស់លោកដែលចោទប្រកាន់ពី​ភាពមិនប្រក្រតីនៃការបោះឆ្នោត គឺផ្អែកលើព័ត៌មានដែលប្រមូលបានដោយគណបក្ស​របស់​លោកនិងគណបក្សប្រឆាំងផ្សេងទៀត និងក្រុមអង្គការ​សង្គមស៊ីវិល រួមទាំងអង្គការខុមហ្វ្រែលផងដែរ។

 លោក សុន ឆ័យ បន្តថា៖ «ខ្ញុំផ្អែកលើ [ការអះអាងរបស់ខ្ញុំ] លើរបាយការណ៍ពីមន្ត្រីមូលដ្ឋានរបស់គណបក្សភ្លើងទៀន និងរបាយការណ៍ពីសង្គមស៊ីវិល និងគណបក្ស​នយោបាយផ្សេងទៀត ដែលបានរកឃើញភាពមិនប្រក្រតីស្រដៀងគ្នានេះ»។

លោក​ក៏​បានមាន​ប្រសាសន៍ផង​ដែរ​ថា លោក​​លើកឡើងបែបនេះ​ក្រោយ​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​នាម​ជា​អ្នក​នយោបាយ និង​ជា​អ្នក​តស៊ូ​មតិ​នយោបាយ។

 លោក សុន ឆ័យ បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​ត្រូវ​តែ​ទាមទារ​យុត្តិធម៌​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ ខ្ញុំ​មាន​កាតព្វកិច្ច​និយាយ​ ហើយ​សកម្មភាព​បែប​នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​អ្នក​នយោបាយ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និងគ.ជ.ប គឺ​គ្មាន​មូលដ្ឋាន និង​ជា​គំរូ​អាក្រក់​មួយ​ក្នុង «របបលទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

លោកបានមានប្រសាសន៍ថា៖ «សេរីភាពនៃការបញ្ចេញមតិមានសារៈសំខាន់ ហើយខ្ញុំជាសំឡេងសម្រាប់គណបក្សរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែតស៊ូមតិសម្រាប់គណបក្សរបស់ខ្ញុំ»។

លោក ជូង ជូងី មេធាវី​របស់​លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​ គឺ​អយុត្តិធម៌ ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​អំពី​ការ​ប្តឹង​ឧទ្ធរណ៍។

 គ្មាន​សាក្សី​ណាម្នាក់​ត្រូវ​បាន​កោះហៅ​សម្រាប់​សវនាទាំង​​ពីរ​លើ​ក​ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុននេះ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Son Chhay Found Guilty for Defamation, Ordered to Pay CPP $750,000

286 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម