លទ្ធផលបោះឆ្នោតថៃនៅថ្ងៃអាទិត្យបានបង្ហាញថា គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អានុទីន ចាន់វីរៈគុល ដែលមាននិន្នាការអភិរក្សនិយមទទួលបានជ័យជម្នះ ខណៈដែលអ្នកវិភាគមើលឃើញថា ព្រំដែននៅតែជាតំបន់មានភាពតានតឹងដែលត្រូវបានគ្រប់គ្រងហើយយកមកប្រើប្រាស់ជាវោហាសាស្ត្រជាតិនិយមម្តងហើយម្តងទៀតក្រោមរដ្ឋាភិបាលចាំផ្ទះ។
គណៈកម្មការបោះឆ្នោតថៃបានប្រកាសលទ្ធផលមិនផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ដោយបញ្ជាក់ថា គិតត្រឹមពេលនោះ សន្លឹកឆ្នោតប្រមាណ៩៤% ត្រូវបានរាប់រួចហើយ ដោយគណបក្សភូមិចៃថៃ នាំមុខដោយឈ្នះអាសនៈជាង១៩០ គណបក្សប្រជាជន ទទួលបានអាសនៈជាង១១០ និងគណបក្សភឿថៃជាង៧០ អាសនៈ។ នេះបើយោងតាមសារព័ត៌មានថៃ Khaosod។
គណបក្សជាង៥០ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃអាទិត្យ ប៉ុន្តែមានតែបីគណបក្សប៉ុណ្ណោះដែលក្នុងនោះមានគណបក្សប្រជាជន (People’s Party) គណបក្សភូមិចៃថៃ (Bhumjaithai) និងគណបក្សភឿថៃ (Pheu Thai) ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេប្រៀបធៀបនឹងគណបក្សដទៃ។
យោងតាមលោក សេង វ៉ាន់លី អ្នកវិភាគភូមិសាស្ត្រនយោបាយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទងនឹងភាពតានតឹងព្រំដែនដែលកំពុងបន្ត លទ្ធផលបោះឆ្នោតរបស់ថៃទំនងជានឹងនាំទៅរកស្ថានភាព «សន្តិភាពត្រជាក់ផុយស្រួយ» ដែលមានលក្ខណៈជាការប្រឈមមុខដាក់គ្នាផ្នែកការទូតម្តងម្កាល និងល្បើននៃការចរចាយឺតយ៉ាវក្រោមក្របខណ្ឌគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
លោកបានលើកឡើងថា៖ «បញ្ហាព្រំដែនទំនងជានៅតែជាប្រធានបទបង្កភាពតានតឹងប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង ដែលរដ្ឋាភិបាលថៃអាចរក្សាសម្ពាធមួយចំនួន ដើម្បីបំពេញចិត្តក្រុមជាតិនិយមរឹងត្អឹងក្នុងស្រុក ដោយមិនមានគោលបំណងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំរវាងជាតិសាសន៍ទាំងពីរ»។
លោក វ៉ាន់លី បានថ្លែងថា គោលនយោបាយការបរទេសរបស់ថៃចំពោះកម្ពុជា អាចផ្លាស់ប្តូរទៅរកវិធីសាស្ត្រផ្អែកលើផលប្រយោជន៍ជាចម្បង ដោយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឬការងារ អាចនឹងមិនជាប់ទាក់ទងនឹងបញ្ហាវិវាទដែនដីទៀតឡើយ ឬក៏អាចយកបញ្ហាទាំងនោះ មកធ្វើជាលក្ខខណ្ឌក្នុងការចរចាវិញ។
សាស្រ្តាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យ Arizona State បានលើកឡើងថា លទ្ធផលបោះឆ្នោតនេះមានន័យថា «ភាពតានតឹងតាមវោហាសាស្រ្តអាចបន្តកើនឡើង» ប្រសិនបើសម្ពាធនយោបាយក្នុងស្រុកថៃកើនឡើង។
លោក សុផល បានបន្តថា៖ «កម្ពុជាអាចនឹងឮ សំដីធ្ងន់ៗខ្លះ ប៉ុន្តែក៏នៅមានឱកាស សម្រាប់ការទូតបែបស្ងាត់ស្ងៀមផងដែរ។ ស្ថានភាពព្រំដែនទំនងជានៅអាចគ្រប់គ្រងបាន ប៉ុន្តែក៏នៅតែងាយរងការកេងចំណេញផ្នែកនយោបាយ»។
លោកបានថ្លែងថា កម្ពុជាគួរផ្តោតលើការទំនាក់ទំនងជាប្រចាំ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ការទប់ស្កាត់វិបត្តិ ព្រមទាំងរក្សាបណ្តាញទាក់ទងយោធានិងយោធាដោយចំហ ដោយផ្អែកលើក្របខណ្ឌច្បាប់ដែលបានព្រមព្រៀងរួច ដើម្បីកាត់បន្ថយការយល់ច្រឡំ។
លោក សុផល យល់ឃើញថា គណបក្សភូមិចៃថៃរបស់លោក អនុទីន ទទួលបានលទ្ធផលល្អ ព្រោះបានដាក់ខ្លួនជាគណបក្សដែលយកការអនុវត្តជាក់ស្តែងជាសំខាន់ ដែលផ្តោតលើការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍតំបន់ និងស្ថិរភាព ដោយលោកបានបន្ថែមថា បញ្ហាព្រំដែនត្រូវបានអ្នកនយោបាយថៃប្រើប្រាស់ជាយូរមកហើយ ដើម្បីទាក់ទាញទឹកចិត្តជាតិនិយម។
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត គណបក្សភូមិចៃថៃបានប្រកាសយុទ្ធសាស្ត្រគោលនយោបាយ៤ចំណុច សំខាន់ៗគឺ សេដ្ឋកិច្ច សន្តិសុខ សង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាព គណបក្សបានសន្យាសាងសង់ «ជញ្ជាំងសន្តិសុខ» ដើម្បីការពារប្រជាជនថៃពីការគំរាមកំហែងសម័យទំនើប បង្ក្រាបការនាំចូលខុសច្បាប់ឱ្យតឹងរ៉ឹង និងជ្រើសរើសសន្តិសុខថ្មីចំនួន ១០០ ០០០ នាក់ ជាមួយប្រាក់ខែ ១២,០០០ បាតក្នុងមួយខែ (ប្រហែល ៣៨៥ ដុល្លារ)។ ពីរថ្ងៃមុនការបោះឆ្នោត លោក អនុទីន ក៏បានសន្យាជាឯកតោភាគីលុបចោលកិច្ចព្រមព្រៀងសមុទ្រឆ្នាំ២០០១ (MOU44) ជាមួយកម្ពុជាផងដែរ។
លោក ប៉ាវីន ចាចាវ៉ាល់ផុងពុន សាស្រ្តាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិថៃ ពីសាកលវិទ្យាល័យ Kyoto បានប្រាប់ សារព័ត៌មានខេមបូចា ថា ជ័យជម្នះនេះបង្ហាញពីភាពរឹងមាំឡើងនៃនិន្នាការអភិរក្សនិយម ដែលមានការគាំទ្រពីយោធា និងរាជវាំង ខណៈអ្នកបោះឆ្នោតតាមខេត្តផ្តល់អាទិភាពដល់ស្ថិរភាព និងបញ្ហាព្រំដែន ជាងការកែទម្រង់នយោបាយរបស់គណបក្សប្រជាជន។
ជ័យជម្នះរបស់លោក អនុទីន បានមកពីការឃោសនាបែបជាតិនិយម និង«ឥទ្ធិពលនៃការរួបរួមជាតិ»ដែលទាក់ទងនឹងជម្លោះព្រំដែន ដែលបង្ហាញថា ជម្លោះនេះទំនងជានៅតែបន្ត ឬអាចផ្ទុះឡើងវិញ ជាជាងដោះស្រាយបានឆាប់រហ័ស។
លោកបាននិយាយថា៖ «ដោយសារជម្លោះនេះត្រូវបានគេប្រើជាឧបករណ៍ឃោសនាបោះឆ្នោតដ៏មានប្រសិទ្ធភាព ដើម្បីកម្ចាត់អ្នកនយោបាយដែលចង់ផ្លាស់ប្ដូរ ដូច្នេះ រដ្ឋាភិបាលថ្មីមិនសូវខ្វល់ពីការសម្រុះសម្រួលដែលចាំបាច់ដើម្បីបញ្ចប់ជម្លោះនោះទេ»។
លោកបានថ្លែងថា៖ «យើងអាចនឹងឃើញលំនាំនៃ ‘ការទូតអមដោយកម្លាំងយោធា’ ដែលមានការប៉ះទង្គិចតូចៗជាបន្តបន្ទាប់ត្រូវបានយកមកប្រើ ដើម្បីបង្ហាញភាពរឹងមាំផ្នែកជាតិនិយម ដែលការណ៍នេះធ្វើឱ្យបទឈប់បាញ់មានភាពផុយស្រួយ និងអាស្រ័យលើតម្រូវការនយោបាយរបស់ក្រុមមានអំណាចនយោបាយនៅបាងកក»។
ទោះយ៉ាងណា លោក ប៉ាវីន បាននិយាយថា ប្រសិនបើរដ្ឋាភិបាលចម្រុះដែលមានគណបក្សប្រជាជនចូលរួម ត្រូវបានបង្កើតឡើង ឱកាសនៃការដោះស្រាយវិវាទ អាចហាក់ដូចជាមានច្រើនជាងមុននៅពេលដំបូង ប៉ុន្តែទំនងជាជួបការប្រឆាំងយ៉ាងខ្លាំងពីស្ថាប័ននានា។
លោកបានបញ្ជាក់ថា៖ «សម្ព័ន្ធរដ្ឋាភិបាលដែលដឹកនាំដោយក្រុមកំណែទម្រង់ នឹងផ្តល់អាទិភាពដល់ការបន្ថយភាពតានតឹង និងការសម្របសម្រួលតាមរយៈអន្តរជាតិ ដើម្បីផ្តោតលើគោលនយោបាយក្នុងស្រុក។ ទោះជាយ៉ាងណា យោធាថៃ និងក្រុមអភិជនអភិរក្សនិយម ទំនងជាមើលឃើញ ‘ភាពទន់ភ្លន់’ បែបនេះថាជាការក្បត់អធិបតេយ្យភាពជាតិ»។
ទោះយ៉ាងណា លោកបាននិយាយថា ខណៈរដ្ឋាភិបាលចម្រុះមួយទៀតអាចព្យាយាមស្វែងរកដំណោះស្រាយក៏ដោយ ប៉ុន្តែនៅខ្ទាស់ត្រង់បន្ទាត់ក្រហមនយោបាយដែលមានន័យថាមេដឹកនាំណាដែលគ្មានការគាំទ្រពេញលេញពីយោធាដូចលោក អនុទីន អាចនឹងប្រឈមការលំបាកក្នុងការដោះស្រាយវិវាទនេះ ដោយអាចជួបហានិភ័យនៃប្រតិកម្មតវ៉ាក្នុងស្រុក ឬរដ្ឋប្រហារ។
ស្ថានការណ៍ព្រំដែន
ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា កម្ពុជានឹងបន្តដាក់លិខិតតវ៉ាតាមរយៈក្រសួងការបរទេស ជុំវិញការចោទប្រកាន់ថាភាគីថៃបានធ្វើសកម្មភាពកាលពីថ្ងៃទី៨ ខែកុម្ភៈ។ ការតវ៉ានេះទាក់ទងនឹងសកម្មភាពដែលកម្ពុជាចោទថាកងកម្លាំងថៃធ្វើសកម្មភាពខុសច្បាប់ដោយបានដាក់កុងតឺន័របិទផ្លូវ និងសាងសង់ផ្លូវចូល ក្នុងតំបន់ខ្លះនៃខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។
លោកបានបន្ថែមថា តំបន់ដែលភាគីថៃបានដាក់កុងតឺន័រ ស្ថិតនៅក្នុងដែនដីកម្ពុជា ដូចដែលបានកំណត់ដោយសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧។

អភិបាលស្រុកវាលវែង លោក ធាង ឡេង បានបញ្ជាក់ថា កងទ័ពថៃបានដាក់កុងតឺន័របន្ថែមចំនួន ៤០ នៅតំបន់ជិតតំបន់សេដ្ឋកិច្ចពិសេសថ្មដា ដែលត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថាជាកន្លែងប្រតិបត្តិការបោកប្រាស់តាមអនឡាញ ហើយជាតំបន់ដែលថៃបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងកាលពីខែធ្នូ។
លោកបានឱ្យដឹងថា៖ «កុងតឺន័រទាំងនោះត្រូវបានដាក់នៅខាងមុខរបងលួសបន្លាដែលមានស្រាប់ ដោយបច្ចុប្បន្នមានសរុប៤៧ កុងតឺន័រ។ កម្លាំងថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា»។
លោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនឹងប្រសើរឡើងឬអត់ បន្ទាប់ពីជ័យជម្នះរបស់គណបក្សភូមិចៃថៃនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Election Results – Continued Rhetorical Border Tensions Likely, Say Analysts









