តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត អំពាវនាវដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យការបោះឆ្នោតខាងមុខ (២០២៧-២០២៨) ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
អង្គការសង្គមស៊ីវិល គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានបើកសិក្ខាសាលាថ្នាក់ជាតិប្រមូលមតិអ្នកចូលរួមជាង ១ ០០០នាក់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ត្រឡប់ទៅឆ្នាំ២០២៣ គណៈកម្មាធិការបានរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការបោះឆ្នោតដែលនៅតែមិនទាន់ដោះស្រាយបាន ដូចជាការរាប់សន្លឹកឆ្នោតបិទទ្វារ ទម្រង់ ១១០២ ការចុះឈ្មោះបេក្ខជន ក៏ដូចជាការរឹតត្បិតលំហនយោបាយ និងសេរីភាព។
តំណាងគណបក្សនយោបាយនៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃសុក្របានសម្តែងថា «ឯករាជ្យ» របស់ គ.ជ.ប មានសារៈសំខាន់ក្នុងការធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក អ៊ី មុយលី អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ បានជំរុញឱ្យ គ.ជ.ប ធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីបោះឆ្នោត និងជាពិសេសធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្តីពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត។
លោកបានបញ្ជាក់ថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ពីព្រោះពួកគេភ័យខ្លាចនៅកម្រិតមូលដ្ឋាន ពួកគេត្រូវបានគំរាមកំហែង បំភិតបំភ័យ និង [មានការប៉ុនប៉ង] «ព្យាយាមទិញទឹកចិត្ត» [អ្នកបោះឆ្នោត]។ ដូច្នេះតំណាងគណបក្សមិនហ៊ានឈរឈ្មោះជាបេក្ខជនទេ»។
លោកបានលើកឡើងពីបទពិសោធន៍កន្លងមកនៅពេលបេក្ខជនលាលែងពីតំណែងបន្ទាប់ពីបានស្វែងរកការឯកភាពពីមេឃុំដើម្បីបញ្ជាក់ថាមានសុពលភាពឯកសារដែលបញ្ជាក់ពីគុណវុឌ្ឍិរបស់ពួកគេ។
លោក យូ ស៊ាងហេង អគ្គលេខាធិការរងគណបក្សភ្លើងទៀនបានបន្ទរការអំពាវនាវរបស់ខុមហ្វ្រែល ខណៈសង្កត់ធ្ងន់លើសិទ្ធិក្នុងសកម្មភាពនយោបាយ និងតម្រូវការបើកទូលាយកន្លែងពលរដ្ឋ។
លោកថ្លែងថា៖ «ដើម្បីបង្ហាញតម្លាភាព វាគួរធានាការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងចំណោមគណបក្សនយោបាយ»។
លោកក៏បានលើកឡើងអំពីការរឹតបន្តឹងក្នុងការឈរឈ្មោះជាបេក្ខជនទាក់ទងនឹងច្បាប់បោះឆ្នោតដែលបានធ្វើវិសោធនកម្ម បេក្ខជនដែលបានបោះឆ្នោតលើកចុងក្រោយមានសិទ្ធិចូលរួមប្រកួតប្រជែង។
លោកថ្លែងថា៖ «វាជាបញ្ហាសំខាន់ដែលរឹតត្បិតសិទ្ធិបេក្ខជនឈរឈ្មោះបោះឆ្នោត»។

គណបក្សភ្លើងទៀនត្រូវបានដកសិទ្ធិក្នុងការចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ បន្ទាប់ពីខកខានមិនបានផ្តល់ច្បាប់ចម្លងដើមនៃឯកសារចុះឈ្មោះឆ្នាំ១៩៩៨ របស់ខ្លួន។
អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក តារា មានប្រសាសន៍ថា ស្ថាប័នរៀបចំការបោះឆ្នោតត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ ខណៈលោកបន្ថែមថា គ.ជ.ប ជាស្ថាប័នឯករាជ្យ។
ទាក់ទិននឹងការរកឃើញរបស់ខុមហ្វ្រែល លោក តារា មានប្រសាសន៍ថា រឿងរ៉ាវមួយចំនួនដែលបានកើតឡើងទាក់ទងនឹង «អាកាសធាតុ និងភូមិសាស្ត្រ» ត្រូវបានមន្ត្រីដោះស្រាយដើម្បីធានាដំណើរការបោះឆ្នោតដោយរលូន។
លោក តារា បន្ថែមថា៖ «ជាការពិតណាស់ បញ្ហាមួយចំនួនបានកើតឡើង […] ជាឧទាហរណ៍ ពួកគេបានលើកឡើងពីបញ្ហានៃការដាក់ពាក្យបណ្តឹងដែលមិនត្រូវបានដោះស្រាយ។ ទោះយ៉ាងណាក៏ដោយ ពាក្យបណ្តឹងជាធម្មតាបានអនុវត្តតាមនីតិវិធី។ ពួកគេត្រូវតែដោះស្រាយ លើកលែងតែពាក្យបណ្តឹងទាំងនោះខុសនីតិវិធី»។
គណបក្សភ្លើងទៀន បានចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ ដោយទទួលបាន ២២,២៥ភាគរយនៃសន្លឹកឆ្នោតសរុប ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន ៧៤,៣២ភាគរយ។ នៅឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាដណ្តើមបានអាសនៈចំនួន១២០ក្នុងចំណោមអាសនៈចំនួន១២៥ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាជាតិ។
អនុប្រធានបេសកកម្មនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Andreas Berg មានប្រសាសន៍ថា សហភាពអឺរ៉ុបបានឃ្លាំមើលដោយការព្រួយបារម្ភចំពោះការរឹតត្បិតផ្នែកនយោបាយ និងពលរដ្ឋក្នុងអំឡុងពេលការបោះឆ្នោតដែលធ្វើឡើងនៅឆ្នាំ2023។
លោកបានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់យើង [ការបោះឆ្នោត] មិនរាប់បញ្ចូលសំឡេងប្រឆាំងសំខាន់ៗ ដោយសាររបាំងផ្លូវច្បាប់ និងនីតិវិធីដែលធ្វើឱ្យខូចដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលយើងទាំងអស់គ្នាខិតខំរក្សា»។
លោក Berg បានលើកឡើងថា EU នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងរួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ វាក៏មានគោលបំណងជួយកម្ពុជាឱ្យទទួលបាននូវសេរីភាពជាមូលដ្ឋាន ដូចជាសេរីភាពក្នុងការបញ្ចេញមតិ សមាគម និងការជួបប្រជុំ។
លោកបន្តថា គ្មានលទ្ធិប្រជាធិបតេយ្យដែលអាចជឿជាក់ថាជាលទ្ធិប្រជាធិបតេយ្យបាននោះទេ ប្រសិនបើគ្មានការបោះឆ្នោត លោកបន្ថែមថា ការបោះឆ្នោតផ្តល់ឱកាសដល់ពលរដ្ឋក្នុងការរៀបចំអនាគតរបស់ពួកគេ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងមិនលំអៀង គ.ជ.ប ត្រូវតែឯករាជ្យ ដោយកត់សម្គាល់ថា សមាជិករបស់ខ្លួនពាក់ព័ន្ធជាមួយគណបក្សនយោបាយ ជាពិសេសគណបក្សកាន់អំណាច។
«ប្រជាពលរដ្ឋហាក់បាត់បង់ទំនុកចិត្តលើលទ្ធផលនៃការបោះឆ្នោត ដែលជាចំណុចអវិជ្ជមាន។ ដូច្នេះ យើងត្រូវកែទម្រង់អាជ្ញាកណ្តាល [គ.ជ.ប] ឲ្យមានភាពឯករាជ្យ»។
ទាក់ទងនឹងឯករាជភាពរបស់ គ.ជ.ប អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក តារា ថ្លែងថាពួកគេធ្វើតាមច្បាប់ ហើយក៏មិនមានមន្ត្រីក្រោមឱវាទពីស្ថាប័នណាមួយដែរ។
លោកបានមានប្រសាសន៍ថា៖ «យើងអាចមើលឃើញយ៉ាងច្បាស់ថា ច្បាប់បោះឆ្នោតត្រូវបានកំណត់ដោយប្រព័ន្ធសមាមាត្រ ដូច្នេះ គ.ជ.ប គ្មានជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់នោះទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការយល់ឃើញរបស់ខុមហ្វ្រែល និងគណបក្សនយោបាយជុំវិញការរឹតត្បិតបរិយាកាសនយោបាយ។
លោកបានមានប្រសាសន៍ថា៖ «វាគ្មានប្រយោជន៍ទេក្នុងការលើកបញ្ហាទាំងនោះបន្ទាប់ពីការបោះឆ្នោតចប់ ហើយដោះស្រាយបណ្តឹងបោះឆ្នោត ដោយសារតែសិទ្ធិគណបក្សនយោបាយអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី»។
លោកបានកត់សម្គាល់ថា គណបក្សនយោបាយជាង៤០ បានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃ ហើយបានធ្វើសកម្មភាពដោយសេរី និងគ្មានការបំភិតបំភ័យអ្វីឡើយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC Should Be Impartial and Independent, Say Political Parties, Election Observers