អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែពីបទបានចេញ សែកគ្មានសាច់ប្រាក់ ខណៈដែលសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា ជាចេតនានយោបាយច្រើនជាងការអនុវត្តតាមផ្លូវច្បាប់។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាលក្រម នៅថ្ងៃទី២១ ខែកញ្ញា ថា៖ «តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទ ថាច់ សេដ្ឋា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យប្រាក់៣លានរៀល»។
ជាមួយគ្នានោះដែរ តុលាការបានសម្រេចឱ្យជនជាប់ចោទ ថាច់ សេដ្ឋា សងប្រាក់ដែលជំពាក់ទៅដើមបណ្តឹងចំនួន ៣៣ ៤០០ដុល្លារ និង៥លានរៀល ជាប្រាក់សំណងជំងឺចិត្ត។
លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនកាលពីខែមករា ដែលតាមចោទថា ដោយសារចេញសែកគ្មានសាច់ប្រាក់ចំនួន៥ កាលពីឆ្នាំ២០១៩ តាមមាត្រា២៣២១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងខកខានមិនបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរក្នុងឆ្នាំ២០២១ ដើម្បីដោះស្រាយបណ្តឹង ដែលប្តឹងដោយឈ្មោះ ហាយ វណ្ណរិន ជាម្ចាស់ហាងបញ្ចាំ រិន ឆាយ។
លោក សឺន ជុំជួន មេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា លើកទ្បើងថា លោកមានការសោយស្តាយចំពោះការផ្តន្ទាទោសកូនក្តីរបស់លោក ហើយលោកនឹងពិភាក្សាជាមួយកូនក្តីក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។
លោកបានបន្តថា៖ «ផ្អែកតាមឯកសារ ភ័ស្តុតាងដែលយើងពិភាក្សាដេញដោលកន្លងមក មិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ឱ្យតុលាការផ្តន្ទាទោសកូនក្តីរបស់ខ្ញុំទេ»។
ក្រុមមេធាវីរបស់លោក ថាច់ សេដ្ឋា ធ្លាប់បាននិយាយថា លោក សេដ្ឋា ធ្លាប់ចេញឲ្យលោក វណ្ណរិន នូវមូលប្បទានប័ត្រ ដែលបានចុះហត្ថលេខារួចមួយចំនួន ប៉ុន្តែទុកចំហកាលបរិច្ចេទនិងទំហំទឹកប្រាក់ ដើម្បីទុកឱ្យម្ចាស់ហាងបញ្ចាំបំពេញបន្ថែមនៅពេលក្រោយ និងបំពេញការទូទាត់ប្រចាំខែ។ ប៉ុន្តែនៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមដីការបស់តុលាការកំពូលក្នុងឆ្នាំ២០១៧ លោក ថាច់ សេដ្ឋា ដែលពេលនោះជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានបាត់បង់តំណែង និងប្រាក់ខែសភារបស់លោក។ លោក សេដ្ឋា អះអាងថា លោកបានប្រាប់លោក ហាយ វណ្ណរិន ថា លោកនឹងបង់ប្រាក់ឱ្យដោយឡែកវិញ ប៉ុន្តែមូលប្បទានប័ត្រខ្លះនៅស្ថិតក្នុងដៃរបស់លោក វណ្ណរិន នៅឡើយ។
កញ្ញា ធីម សុភាព មេធាវីការពារក្តីឱ្យដើមបណ្តឹងលោក ហាយ វណ្ណរិន ថ្លែងថាកញ្ញាស្វាគមន៍ការសម្រេចរបស់តុលាការ ពិសេសការសងលុយដែលជំពាក់មកឱ្យកូនក្តីគាត់វិញ។
កញ្ញា សុភាព បានបញ្ជាក់ថា៖ «នេះគឺជាឆន្ទានុសិទ្ធិរបស់តុលាការ គាត់[ចៅក្រម]មានសំអាងហេតុច្បាស់លាស់បទល្មើសប្រព្រឹត្តដែលមានចែងនៅក្នុងច្បាប់ ហើយខ្ញុំមិមានមតិយោបល់អីផ្សេងទេ»។
កញ្ញាមេធាវីបន្តថា៖ «ចា តុលាការបានសម្រេចឱ្យគាត់សងជាប្រាក់ដែលជំពាក់ និងជាមួយសំណងការខូចខាត គឺយើងអាចទទួលយកបាន»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក រ៉ុង ឈុន មើលឃើញថា ការផ្ដន្ទាទោស១ឆ្នាំកន្លះ និងមានការពិន័យជាប្រាក់៣លានរៀល និងសងដើមបណ្តឹងចំនួន៥លានរៀល ចំពោះលោក ថាច់ សេដ្ឋា គឺជារឿងអយុត្តិធម៌។
លោកបន្តថា ករណីសែកស្អុយនេះគ្រួសារលោក ថាច់ សេដ្ឋា បញ្ជាក់ថា ធ្លាប់បានដោះស្រាយគ្នារួចអស់ហើយ ហើយកន្លងមកតុលាការក៏ធ្លាប់កាត់ក្តីលើករណីនេះដែរ ប៉ុន្តែនៅតែយកករណីមកដាក់បន្ទុកលើលោក ថាច់ សេដ្ឋា ដដែល។
លោកបន្តថា៖ «យើងឃើញថារឿងនេះហ្នឹងវា គឺថាភ្ជាប់ទៅនឹងគេថានយោបាយច្រើនជាង ការអនុវត្តច្បាប់»។ លោកបន្ថែមទៀតថា ករណីនេះបើមិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ លោក ថាច់ សេដ្ឋា នឹងមិនអាចឈានមកដល់ការផ្ដន្ទាទោសរហូតមកដល់ពេលនេះដែរ។
ចំណែកភរិយាលោក ថាច់ សេដ្ឋា អ្នកស្រី ថាច់ សុខ បូរ៉ានី បានឱ្យដឹងថា ការសម្រេចរបស់តុលាការដែលផ្ដន្ទាទោស១ឆ្នាំកន្លះ និងមានការពិន័យជាប្រាក់ទៀត គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ស្វាមីអ្នកស្រី។
អ្នកស្រីបន្តថា ការចោទប្រកាន់ទៅលើសស្វាមីអ្នកស្រី គឺមិនបានបង្ហាញភស្តុតាងណាមួយឡើយ។ អ្នកស្រីបានលើកឡើងថា៖ «គ្រាន់តែបង្ហាញភស្តុតាង ក៏អត់មានបានបង្ហាញអ្វីទាំងអស់។ បទចោទគាត់គ្រាន់តែសែកស្អុយដូចថា COPY មួយសន្លឹកដែលចាប់គាត់ដាក់គុក មិនយុត្តិធម៌ចំពោះគាត់ទេ»។
អ្នកស្រីបានស្នើសុំឱ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រី ព្រោះគ្រាន់តែចោទរឿងសែកស្អុយក៏បានបំផ្លាញកិត្តិយសរបស់ស្វាមីគាត់ដែរ។ អ្នកស្រីបន្តថា នឹងបន្តទាមទារឱ្យតុលាការទម្លាក់បទចោទនេះ និងដោះលែងឱ្យស្វាមីអ្នកស្រីមានសេរីភាពវិញ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា ការផ្ទន្ទាទោសលោក ថាច់ សេដ្ឋា គឺពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងការអនុវត្តច្បាប់។
លោកមានប្រសាសន៍ថា៖ «វាជារឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ចឹងយើងមើលទៅការកាត់ទោសនេះវាអត់មានអីចំទ្បែកទេ បើយើងមើលទៅរឿងមុនៗទៅលើសកម្មជន និងអ្នកនយោបាយកន្លងមក»។
លោកបន្តថា ការកាត់ទោសលោក ថាច់ សេដ្ឋា នឹងបន្តឱ្យមានការរិះគន់បន្ថែមទៀតពីមតិជាតិនិងអន្តរជាតិ ពីព្រោះចាប់តាំងពីគាត់ក្លាយជាអនុប្រធានគណបក្សភ្លើងទៀន និងមានប្រជាប្រិយភាពក៏ត្រូវបានឃាត់ខ្លួន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៍បានបើកសវនាការជំនុំជម្រះជនជាប់ចោទ លោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងបទចោទដាច់ដោយទ្បែកមួយទៀត គឺ «បទញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម» និង«ញុះញង់ឱ្យមានការរើសអើង» ហើយតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោកស្រីចៅក្រម ឈុន ដាវី លើកទ្បើងថា លោក ថាច់ សេដ្ឋា បានប្រព្រឹត្តបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ តាមរយៈបង្ហោះសារវីដេអូលើបណ្តាយសង្គមយូធូប [YouTube] រិះគន់ក្នុងការប្ររពខួប៤៤ឆ្នាំ ថ្ងៃ៧មករា របស់គណបក្សប្រជាជនកម្ពុជា។
លោក សេង ហៀង តំណាងអយ្យការថ្លែងថា ការចោទប្រកាន់នេះព្រោះលោក ថាច់ សេដ្ឋា បានថ្លែងមុនថ្ងៃបោះឆ្នោតថ្នាក់ជាតិ ដែលចោទថាលោកបានចេញសារនយោបាយ និងចង់វាយប្រហារមកលើរាជរដ្ឋាភិបាល និងដើម្បីឱ្យប្រជាជនមានការខឹងសម្បារពេលដែលនឹកដល់ប្រវត្តិសាស្រ្តខ្មែរ និងវៀតណាម។
លោកថ្លែងថា៖ «យល់ថាជនជាប់ចោទមានចេតនាទុច្ចរិតឧបាយកលជ្រកក្រោមស្លាកអ្នកនយោបាយឃោសនាញុះញុងបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល»។ លោក សេង ហៀង បន្ថែមថា៖ «ជនជាប់ចោទប្រព្រឹត្តបទញុះញុងបង្កភាបវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សារធាណៈ។ សូមចៅក្រមពិចារណាផ្តន្ទាទោស ថាច់ សេដ្ឋា តាមមាត្រា ៤៩៤, ៤៩៥, និង៤៩៦»។
នៅក្នុងបន្ទប់សវនាការ លោក ថាច់ សេដ្ឋា បានឆ្លើយថា លោកគ្រាន់តែនិយាយពីប្រវត្តិសាស្រ្តនៃថ្ងៃ៧មករា និងនិយាយពីដើមកំណើតនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនេះលោកថាគឺត្រូវបានបង្កើតដោយវៀតណាម។
លោកបន្តថា ការនិយាយនេះ គឺមិនមានចេតនាដើម្បីឱ្យបំផុសបំផុលឱ្យមានការរើសអើងពូជសាសន៍ ឬដើម្បីបង្កឱ្យមានស្ថានភាពវឹកវរក្នុងសង្គមទេ គឺក្នុងគោលបំណងដើម្បីឱ្យយុវជនខ្មែរបានយល់ពីប្រវត្តិសាស្រ្តជាពិសេសអំពីស្តូបមិត្តភាពកម្ពុជា វៀតណាម ដែលមានស្ទើរតែពេញក្នុងប្រទេសកម្ពុជា។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា៖ «នេះជាប្រវត្តិសាស្រ្តខ្មែរ ក្នុងនាមជាអ្នកនយោបាយឱ្យនិយាយពីអ្វី? ហើយបើខ្ញុំស្របតាមគណបក្សប្រជាជន ខ្ញុំមិនបាច់បង្កើតបក្សទេ»។ លោកបន្តថា៖ «ហេតុអ្វីយើងនិយាយអត់បាន? ហេតុអ្វីយើងរៀនអត់បាន?»។ លោកបន្ថែមថា៖«គ្រាន់តែនិយាយពីនយោបាយហើយយកលេះថាទប់ស្កាត់ ហើយចាប់ដាក់គុក៥ទៅ៦ខែ»៕