សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេធាវីនិយាយថា មេដឹកនាំបក្សភ្លើងទៀនដែលត្រូវបានឃុំខ្លួនមិនបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នោះទេ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

លោក សំ សុគង់ មេធាវី​ការ​ពារ​របស់​លោក ថាច់ សេដ្ឋា ​អះអាង​​ថា អនុប្រធាន​គណបក្ស​​ភ្លើងទៀន​រូប​នេះ​មិន​បាន​បំពេញ ឬ​មាន​ចេតនា​ចេញ​សែក​គ្មាន​សាច់​ប្រាក់​​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួននោះទេ​។

បន្ទាប់ពីការចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ន​កាលពីថ្ងៃទី១៦ ខែមករា សារព័ត៌​មាន Fresh News ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលបានចុះផ្សាយដីការបស់​តុលាការ ដោយចោទប្រកាន់លោក ថាច់ សេដ្ឋា ថា បានចេញមូលប្បទានប័ត្រ​គ្មាន​សាច់​ប្រាក់​ចំនួន៥ កាល​ពី​ឆ្នាំ២០១៩ ហើយខកខាន​មិនបានចូលខ្លួនមក​សាកសួរនៅតុលាការកាល​ពី​ឆ្នាំ២០២១។

មេធាវីការ​ពារ​រូបនេះ​បាន​មាន​ប្រសាសន៍ថា លោក សេដ្ឋា អះអាង​ថា លោក​មិន​ដែល​បាន​ទទួល​ដីកា​កោះ​ហៅ​របស់​តុលាការ​ទេ ហើយ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​​ការ​ឃុំ​ខ្លួន​នេះ​។

លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍ថា ​លោក សេដ្ឋា ពិតជា​បាន​ទទួល​ប្រាក់​កម្ចី​កាលពី​ឆ្នាំ២០១៦ ពី​ហាង​បញ្ចាំ រិន ឆាយ ដោយ​បាន​​ដាក់​បញ្ចាំ​​ប័ណ្ណកម្មសិទ្ធិដី​​ផ្ទាល់ខ្លួនរបស់​លោក​​។ លោក​មេធាវីបាន​បន្ថែម​ថា លោក «មិន​ដឹង​មូលហេតុ​​» កូន​ក្តី​របស់​លោក​ដែល​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​យក​ប្រាក់​កម្ចី​​ពី​ហាង​បញ្ចាំ​ដែល​ម្ចាស់ហាងនេះ​​មាន​ទំនាក់​ទំនង​ជាមួយ​ឥស្សរជន​គណបក្ស​​ប្រជាជន​កម្ពុជា។

បន្ទាប់មក លោក សេដ្ឋា បានចុះហត្ថលេខាលើមូលប្បទានប័ត្រជាបន្តបន្ទាប់ដោយ​កាលបរិច្ឆេទនិងចំនួនទឹក​ប្រាក់នៅ​ចំហ​ ដែលលោក​បានផ្តល់​ឱ្យទៅហាងបញ្ចាំ ដើម្បីបំពេញនិងទទួលការទូទាត់ប្រចាំខែពីលោក​។ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​សង​ប្រាក់​​តាម​មូលប្បទានប័ត្រ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​ជា​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​រំលាយ​គណបក្ស​នេះ​ដោយ​តុលាការកំពូល​កាល​ពី​​ឆ្នាំ​២០១៧។

លោក សុគង់​ បានមានប្រសាសន៍ថា៖ «គាត់ [សេដ្ឋា] បានទូទាត់ប្រចាំខែ​តាមមូលប្បទានប័ត្រ ហើយនៅពេលដែលលោក​គ្មានប្រាក់ខែ លោក​ក៏បានសុំម្ចាស់ហាងបញ្ចាំបង់ជាសាច់​ប្រាក់​ជា​លក្ខណៈ​ឯកជន​ ប៉ុន្តែនៅមានសល់​សែកបួនឬប្រាំទៀត​នៅហាងបញ្ចាំ»។

លោក សេដ្ឋា បានទទួលប្រាក់ចំនួន១៨,០០០ដុល្លារពីហាងបញ្ចាំនេះ​ ដោយប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៥ ដែល​មាន​ឈ្មោះ​របស់​លោក​ ប៉ុន្តែត្រូវបានប្រើប្រាស់ដោយសហគមន៍ខ្មែរកម្ពុជាក្រោម ដែលគាត់ជាប្រធាន។ មេធាវី​របស់​លោក សេដ្ឋា ថ្លែង​ថា កម្ចី​នេះ​មាន​គោល​បំណង​ជួយ​ដល់​សកម្មភាព​របស់​សមាគម​។

លោក សំ សុគង់ មាន​ប្រសាសន៍ថា លោក សេដ្ឋា ​ចាប់​ផ្តើម​សង​ប្រាក់​កម្ចី​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​បាន​ស្នើ​សុំ​ពន្យារ​ពេល​សង​វិញ​ក្នុង​អំឡុង​ពេលមាន​ការ​រីករាល​ដាល​​ជំងឺ​កូវីដ-១៩។ លោក សេដ្ឋា បាន​បាត់​បង់​ទំនាក់​ទំនង​ជាមួយ​ហាង​បញ្ចាំនេះ ​ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នៅ​តែ​ជំពាក់​ក្រុមហ៊ុន​ក្នុង​ចំនួនមួយ​​ដែល​មិន​ច្បាស់​លាស់​។

ហាងបញ្ចាំនេះ​បានប្តឹងលោក សេដ្ឋា ពីបទឆបោកកាលពីឆ្នាំ២០១៨ ក្រោមហេតុផលថា លោក សេដ្ឋា បានឈប់សងប្រាក់កម្ចី។ តុលាការ​បាន​ស៊ើប​អង្កេត​រួច​ទម្លាក់​ចោល​សំណុំ​រឿង​នេះ ដោយ​សារ​លោក សេដ្ឋា បាន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ឲ្យ​ហាង​បញ្ចាំ​ជា​វត្ថុ​បញ្ចាំ ប៉ុន្តែនៅឆ្នាំ២០១៩ ហាងបញ្ចាំបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ជាពិសេសដោយលើកឡើងពីមូលប្បទានប័ត្រចំនួន៥ដែលនៅសល់​។

ដោយលើកឡើងពីគោលការណ៍ច្បាប់ស្តីពី​អាជ្ញា​អស់ជំនុំជា​សេចក្តី​សម្រេច​ដែលចែងថា តុលាការមិនអាចកាត់ទោសជនណាម្នាក់ពីបទល្មើស​ដែលខ្លួន​ត្រូវបានសម្រេច​ឲ្យ​រួច​ខ្លួន​ពី​មុនមក លោក​ សំ សុគង់ បានមាន​ប្រសាសន៍ថា «ករណីដូចគ្នានេះត្រូវបានប្តឹង​រួចហើយ។ គេមិនអាចប្រើប្រាស់​បទល្មើសដដែលនេះដើម្បីប្តឹងម្តងទៀតបានទេ»។

លោក ប្លង់​ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំ​ពេញមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។

បុរស​ម្នាក់​ដែល​ឆ្លើយ​តាម​លេខ​ទូរសព្ទ​ដែល​ចុះ​បញ្ជីសម្រាប់​​ហាង​បញ្ចាំ រិន ឆាយ បាន​និយាយ​ថា លោក​គឺ​​ជា​ក្មួយ​ប្រុស​របស់លោក​ ហាយ វណ្ណ​រិន ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​មេធាវី​របស់​ហាង​បញ្ចាំ​គឺ​លោក​ លី ទិត្យបូនា​​មី។

លោក ទិត្យបូនាមី អះអាងថា លោក សេដ្ឋា បានចុះកិច្ចសន្យាជាមួយហាងបញ្ចាំធានា​សងវិញតាមរយៈមូលប្បទានប័ត្រ ប៉ុន្តែបានប្រព្រឹត្តអំពើ​ឆបោក​តាមពីររបៀប​ ដោយសារលោក​មិនមានប្រាក់​ក្នុងគណនីធនាគាររបស់​លោក​និងបាន​​ប្រើ​ប្រាស់ប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យដែលមិន​មែនជា​កម្មសិទ្ធិ​របស់​គាត់​។ (មេធាវីរបស់លោក សេដ្ឋា បាននិយាយថា កូនក្តីរបស់លោក​គឺជាម្ចាស់នៃអចលន​ទ្រព្យទាំងប្រាំនេះ​)។

លោក ទិត្យបូនាមី អះអាងថា បណ្តឹងឆបោក​ឆ្នាំ២០១៨ផ្តោតតែលើប័ណ្ណកម្មសិទ្ធិដី ចំណែក​បណ្តឹងឆ្នាំ២០១៩​ ដែលប្តឹង​ដោយហាងបញ្ចាំទាក់ទងនឹងមូលប្បទានប័ត្រ​។

លោក ទិត្យបូនាមី មានប្រសាសន៍ថា៖ «វាជាករណីថ្មីដែលទាក់ទងនឹងការចេញមូលប្បទានប័ត្រដែលគ្មានសាច់​ប្រាក់ ហើយកូនក្តីរបស់ខ្ញុំបានដាក់ពាក្យបណ្តឹងនៅឆ្នាំ២០១៩ ដោយចោទប្រកាន់ [សេដ្ឋា] ថា មិនបាន​អនុវត្តតាមកាតព្វកិច្ចចំ​ពោះ​ឧបករណ៍ដែលអាចជួញដូរ​បាន​ និងប្រតិបត្តិការទូទាត់សងប្រាក់។ វា​ជា​​បទ​ល្មើស​ផ្សេងគ្នា​​»។

លោក ទូច ថាន់ អគ្គលេខាធិការនៃសហគមន៍ខ្មែរកម្ពុជាក្រោម ដែលជាសមាគមគាំទ្រជនជាតិខ្មែរដែលមានដើមកំណើតពីដីសណ្ដទន្លេមេគង្គរបស់វៀតណាម បាន​បញ្ជាក់ថា លោក សេដ្ឋា បានយកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យចំនួនប្រាំដែលសមាគមប្រើប្រាស់ទៅ​បញ្ចាំ​មែន​។ លោក​​មាន​ប្រសាសន៍​​ថា លោក​មិន​​ដឹង​ថា​លុយ​នោះ ​ត្រូវបាន​​ប្រើប្រាស់​របៀប​​ណានោះ​ទេ។ លោកថា អចលនទ្រព្យ​ទាំង​អស់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​​ឈ្មោះ​របស់​លោក ថាច់ សេដ្ឋា។

លោក ថន បាន​មាន​ប្រសាសន៍​ថា៖​ «យើង​មិន​ជំទាស់​ទេ ​ព្រោះ​គាត់​គ្រាន់​តែ​ប្រើ​ជា​បណ្ដោះអាសន្ន​ [​បញ្ចាំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​​] ហើយ​យើង​មិន​ដែល​គិត​ថា ​ពួកគេ​ [​ហាង​​បញ្ចាំ​] នឹង​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​។ គ្មានសមាជិកសហគមន៍ណាម្នាក់​ជំទាស់នោះ​ទេ»។

លោក ថាន់ មាន​ប្រសាសន៍ថា ប្រសិនបើពិតជាមានបញ្ហាមែននោះ តុលាការគួរបាន​ឃុំខ្លួនលោក សេដ្ឋា បន្ទាប់ពី​ហាងបញ្ចាំបានប្តឹងកាលពីដើមឆ្នាំ២០១៩​ម៉្លេះ បើមិនដូច្នេះទេ ហាងបញ្ចាំអាចទាមទារប័ណ្ណ​កម្មសិទ្ធិដីដែល​នៅ​ក្នុង​ដៃ​របស់​ពួកគេ ដើម្បីបង្គ្រប់​ការទូទាត់។

លោក ទិត្យបូនាមី ជា​មេធាវី​ហាង​បញ្ចាំ​បាន​និយាយ​ថា ​លោក​​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​៖ «ខ្ញុំ​មិន​អាច​លម្អិត​អំពី​ករណី​នេះ​បាន​ទេ ​ព្រោះ​វា​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ​»​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Detained Candlelight Leader Did Not Authorize Bad Checks, Lawyer says

1,064 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម