ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំប្រឆាំងដ៏លេចធ្លោម្នាក់នៅកម្ពុជា ឱ្យធ្វើជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត ខណៈអ្នកវិភាគពិពណ៌នាថា វាជាយុទ្ធសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចយូរមកហើយ ប្រើប្រាស់ដើម្បីបង្ហាញរូបភាពនៃការរួបរួមជាតិ។
ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសឲ្យមានឋានៈស្មើរដ្ឋមន្ត្រីនេះត្រូវបានធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានជំនួបថ្នាក់ខ្ពស់ជាបន្តបន្ទាប់រវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា ក៏ដូចជា លោក ហ៊ុន សែន និងលោក កឹម សុខា ដែលជាឪពុករបស់កញ្ញា។ ការតែងតាំងនេះក៏កើតឡើងក្រោយពេលដែលលោក កឹម សុខា ទទួលបានការលើកលែងទោសមួយផ្នែកនាដើមឆ្នាំ២០២៦នេះដែលបានបញ្ចប់ការអនុវត្តទោសដាក់ឱ្យស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធនឹងបទចោទក្បត់ជាតិ។
ការសម្រេចចិត្តនេះ បានបង្កឱ្យមានប្រតិកម្មពីអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួន ដែលចោទសួរថា តើការចូលកាន់តំណែងក្នុងរដ្ឋាភិបាលរបស់កញ្ញា កឹម មនោវិទ្យា មានន័យថាគ្រួសារលោក កឹម សុខា បានផ្លាស់ប្តូរទិសដៅនយោបាយមែនទេ។
លោកស្រី ចៅ រតនៈ ជំទប់ឃុំមកពីគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ «រឿងនេះបានធ្វើឱ្យយើងបាត់បង់សង្ឃឹមបន្តិចម្ដងៗ ចំពោះអ្វីដែលយើងធ្លាប់ធ្វើកន្លងមក ដើម្បីគាំទ្រមេដឹកនាំ [កឹម សុខា] ក្នុងការសម្រេចចិត្តផ្សេងៗ»។
គណបក្សភ្លើងទៀន ត្រូវបានមើលឃើញថាជាអ្នកបន្តមរតកនយោបាយរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ គណបក្សភ្លើងទៀនក៏ត្រូវបានដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយសារបញ្ហាបច្ចេកទេសនៃការចុះបញ្ជី ដែលអង្គការសិទ្ធិមនុស្សជាច្រើនចាត់ទុកថាការដកហូតសិទ្ធិនេះធ្វើឡើងក្រោមហេតុផលនយោបាយ។
លោកស្រី ចៅ រតនៈ បន្តថា៖ «យើងមិនច្រណែនចំពោះការទទួលបានតួនាទីក្នុងរដ្ឋាភិបាលទេ ប៉ុន្តែយើងនៅចាំថា លោក កឹម សុខា ធ្លាប់សន្យាថានឹងបន្តតស៊ូជាមួយអ្នកប្រជាធិបតេយ្យ។ ឥឡូវនេះគាត់បានផ្លាស់ប្តូរគំនិតហើយ»។ ការលើកឡើងនេះសំដៅទៅលើការសម្រេចចិត្តរបស់កញ្ញា កឹម មនោវិទ្យា ក្នុងការចូលរួមជាមួយរដ្ឋាភិបាលមួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ។
អ្នកស្រី យឹម ផល្លី អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមកពីខេត្តសៀមរាប ក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នានឹងលោកស្រី ចៅ រតនៈ ដែរ ដោយនិយាយថា គ្រួសាររបស់លោក កឹម សុខា បានផ្លាស់ប្តូរសម្ព័ន្ធភាពនយោបាយទៅរកគណបក្សប្រជាជនកម្ពុជាវិញហើយ។
អ្នកស្រីបានបន្តថា៖ «ខ្ញុំអាចនិយាយបានថានេះគឺជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ហើយវាជាសិទ្ធិរបស់បុគ្គលនោះ ប៉ុន្តែពួកយើងនឹងបន្តបំពេញតួនាទីរបស់យើងក្នុងនាមជាអ្នកប្រជាធិបតេយ្យ»។
កញ្ញា កឹម មនោវិទ្យា ដែលបាននិរទេសទៅរស់នៅក្រៅប្រទេសដោយខ្លួនឯង និងបានធ្វើដំណើរទៅកាន់ប្រទេសនានាដើម្បីធ្វើយុទ្ធនាការតស៊ូមតិ ចាប់តាំងពីការចាប់ខ្លួនឪពុករបស់នាងនៅឆ្នាំ២០១៧ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ កញ្ញាបានបង្ហោះសារលិខិតថ្លែងអំណរព្រះគុណមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយថ្លែងអំណរព្រះគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះព្រះរាជក្រឹត្យដែលបានតែងតាំងកញ្ញាជាប្រេសិតពិសេសនេះជាផ្លូវការ។ លោក ហ៊ុន ម៉ាណែត បានថ្លែងថាតួនាទីរបស់កញ្ញា កឹម មនោវិទ្យា នឹងផ្តោតលើការជំរុញការវិនិយោគ និងជួយលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
លោកបានថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃពុធថា៖ «គាត់មានទំនាក់ទំនងច្រើន។ ឥឡូវនេះ គាត់យកទំនាក់ទំនងគាត់ ជាជាងស្រែកជេរឥតប្រយោជន៍បំផ្លាញកិត្តិយសជាតិយើង។ គាត់បែរជាយកពេលដើម្បីមកធ្វើការរួមគ្នា តើខ្ញុំមិនស្វាគមន៍។ ហ្នឹងហើយគេហៅថាជាស្មារតីនៃការសន្ទនាវប្បធម៌់»។
លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា បានលើកឡើងថា ការតែងតាំងកញ្ញា កឹម មនោវិទ្យា គឺជារឿងដាច់ដោយឡែកពីសំណុំរឿងរបស់ឪពុកនាង។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តរបស់គាត់ផ្ទាល់»។ លោកក៏បានបន្ថែមថា មុខតំណែងនេះមិនមានន័យថា កញ្ញា កឹម មនោវិទ្យា បានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា ឬជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នោះទេ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មុខតំណែងប្រេសិតពិសេសស្ថិតក្រោមសមត្ថកិច្ចផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងមានភារកិច្ចជួយគាំទ្រកិច្ចការរដ្ឋាភិបាល។ លោកបានបន្តថា ការតែងតាំងនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់កញ្ញា កឹម មនោវិទ្យា ក្នុងការរួមចំណែកជួយរដ្ឋាភិបាល និងសង្គម ដោយពណ៌នានាងថាជាបុគ្គលដែលមានការអប់រំខ្ពស់ និងមានបំណងជួយប្រទេសជាតិ។
ស្របពេលជាមួយគ្នានេះ អ្នកវិភាគបានព្រមានថា គេមិនគួរបកស្រាយការតែងតាំងនេះជាសញ្ញានៃការផ្សះផ្សានយោបាយទ្រង់ទ្រាយធំនោះទេ។
លោក អៀ សុផលអ្នកវិទ្យាសាស្ត្រនយោបាយខ្មែរ-អាមេរិក និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Arizona State បាននិយាយថា៖ «យើងគួរតែបែងចែកឱ្យដាច់រវាងការផ្សះផ្សារវាងគ្រួសារនយោបាយ និងការផ្សះផ្សានៃប្រព័ន្ធនយោបាយទាំងមូល»។
លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអតីតមេដឹកនាំលេចធ្លោម្នាក់ពីជួរគណបក្សប្រឆាំង ដែលមានភាពគួរឱ្យទុកចិត្តនៅលើឆាកអន្តរជាតិ ខណៈគ្រួសារ កឹម សុខា ទទួលបានការបន្ធូរបន្ថយសម្ពាធ បន្ទាប់ពីការប្រឈមមុខដាក់គ្នាជិតមួយទសវត្សរ៍។
លោក សុផល បានកត់សម្គាល់ថា ទោះបីលោក កឹម សុខា ទទួលបានការលើកលែងទោសក៏ដោយ លោកនៅតែត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយអស់មួយជីវិត។លោកបាននិយាយថា ការដកចេញនូវបម្រាមនោះ នឹងក្លាយជាសញ្ញាបង្ហាញពីការសម្រុះសម្រួលនយោបាយមួយ ដែលក្នុងនោះ កញ្ញា កឹម មនោវិទ្យា ក្លាយជាមធ្យោបាយសម្រាប់ទំនាក់ទំនងថ្មីរវាងគ្រួសាររបស់នាង និងគណបក្សកាន់អំណាច។
លោក បានបន្តថា៖ «តាមទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា នោះគឺជាលទ្ធផលដ៏ប្រសើរមួយ ព្រោះលោក កឹម សុខា អាចទទួលបានការគោរពក្នុងនាមជាអតីតឥស្សរជននយោបាយជាតិមួយរូប ដោយមិនចាំបាច់ឱ្យលោកវិលត្រឡប់មកធ្វើជាគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាចវិញឡើយ»។ លោក សុផល បានបន្ថែមថា៖ «ប៉ុន្តែ ខ្ញុំមិនទាន់អាចនិយាយថា ទំព័រនេះបានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដរាបណាយើងមិនទាន់ឃើញថា តើការរឹតត្បិតផ្នែកនយោបាយដែលនៅសេសសល់លើលោក កឹម សុខា នឹងត្រូវដោះស្រាយយ៉ាងដូចម្តេច»។
លោក សាន ម៉ាឡា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) ក៏បានលើកឡើងដែរថា សកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ក្នុងតួនាទីថ្មីនេះ គួរតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វាផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ សម្រាប់រដ្ឋាភិបាល វាបង្ហាញទៅសហគមន៍អន្តរជាតិថា អ្នកនយោបាយខ្មែរកំពុងវិលត្រឡប់មករកការរួបរួមគ្នា ហើយមានកិច្ចប្រឹងប្រែងដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ»។
ប៉ុន្តែលោកបានបន្ថែមថា ជំហាននេះក៏អាចជាសញ្ញាមួយទៅកាន់អ្នកគាំទ្រដែលមិនពេញចិត្តនឹងគ្រួសារ កឹម សុខា ថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីទប់ស្កាត់មិនឱ្យមានចលនាប្រជាធិបតេយ្យថ្មីមួយរស់ឡើងវិញដែរ។
ពេលវេលានៃការលើកលែងទោសលោក កឹម សុខា និងការសម្រេចចិត្តរបស់កូនស្រីរបស់លោកក្នុងការចូលរួមជាមួយរដ្ឋាភិបាល ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិភាគផងដែរ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា៖ «តាមការវិភាគ ពេលវេលា និងលក្ខណៈនៃការតែងតាំងកញ្ញា កឹម មនោវិទ្យា ឱ្យកាន់មុខតំណែងប្រតិបត្តិថ្នាក់ខ្ពស់នេះ បង្ហាញថា វាជាធាតុផ្សំដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងដែលបានចរចាគ្នាជុំវិញការបន្ធូរបន្ថយបញ្ហាផ្លូវច្បាប់របស់លោក កឹម សុខា»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥស្សរជនគណបក្សប្រឆាំងមួយចំនួន បានចូលរួមជាមួយរដ្ឋាភិបាល ឬចុះចូលគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ដែលភាគច្រើនបានកើតមានក្រោយពេលពួកគេចេញមុខសុំទោសជាសាធារណៈ ចំពោះការរិះគន់រដ្ឋាភិបាល ដែលនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ។
លោក វណ្ណលី បានបន្ថែមថា តាមរយៈការនាំកញ្ញា កឹម មនោវិទ្យា ចូលក្នុងរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា អាចធានាបាននូវកិច្ចសហការពីគ្រួសារ កឹម និងកាត់បន្ថយហានិភ័យដែលបណ្ដាញនយោបាយចាស់របស់លោក កឹម សុខា អាចត្រូវបានកៀរគរឡើងវិញ ខណៈដែលគ្រួសារ ត្រកូល កឹម ក៏ទទួលបានផ្លូវចេញពីការរឹតត្បិតផ្លូវច្បាប់ និងភាពឯកោផ្នែកនយោបាយ ដែលបានពួកគេបានទទួលរងអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕










