សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ហេតុអ្វីបាន​ជា​ច្បាប់កម្ពុជា​មិន​អាច​ការ​ពារ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​​?

កសិករ​ជនជាតិដើមភាគតិច​​ចារ៉ាយ​នៅ​ភូមិ​តាំងជិ​ ក្នុង​ខេត្ត​រតនគិរី ឈរ​លើ​ដី​ចម្ការ ​ដែល​ធ្លាប់​ជា​​កម្មសិទ្ធិ​របស់​ពួក​គាត់ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​បាន​កាន់កាប់​ជា​ផ្នែកមួយ​ ​នៃដី​​សម្បទាន​។ (រូបភាព​៖ ណារិន សៅបូរ៉ា /HaRDstories)
កសិករ​ជនជាតិដើមភាគតិច​​ចារ៉ាយ​នៅ​ភូមិ​តាំងជិ​ ក្នុង​ខេត្ត​រតនគិរី ឈរ​លើ​ដី​ចម្ការ ​ដែល​ធ្លាប់​ជា​​កម្មសិទ្ធិ​របស់​ពួក​គាត់ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​បាន​កាន់កាប់​ជា​ផ្នែកមួយ​ ​នៃដី​​សម្បទាន​។ (រូបភាព​៖ ណារិន សៅបូរ៉ា /HaRDstories)

នា​ល្ងាចថ្ងៃ​មួយនៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២៤ ពេលដែលលោក សេវ សាយ័ន្ត ​រៀប​ចំ​បោះតង់​​ដេក​ចាំ​ដី​ស្រែរ​បស់លោក​ លោកបានសង្កេត​ឃើញមាន​បង្គោលលាប​ថ្នាំ​ពណ៌​​​​ក្រ​ហម ​​ដែលគេ​ដាំ​​សម្គាល់​ព្រំដី​កាត់​តាម​ដី​វាល​​ដែល​មានទួលភ្នំ ​និង​សភាព​​រដិប​រដុប​ ក្នុង​​ខេត្ត​រតនគិរី នៃប្រទេស​​កម្ពុជា។

លោក សាយ័ន្ត និងជនជាតិដើមភាគតិចចារ៉ាយផ្សេង​ទៀតបន្ត​ឃ្លាំមើល​ដីស្រែ​របស់​​គាត់​ទាំង​យប់​ទាំង​ថ្ងៃ​ ដោយសារតែ​បារម្ភខ្លាច​គេព័ទ្ធយក​។ ពួកគេកំពុងមាន​​វិវាទ​កម្មសិទ្ធិដីធ្លី​ជាមួយក្រុមហ៊ុនមួយឈ្មោះ ៧ មករា ផារី​ ជាក្រុម​ហ៊ុន​ចម្កា​រ​កៅ​ស៊ូលើ​ផ្ទៃ​ដី​ទំហំ ៦ ៨០០​ហិកតា ដែលជាកម្មសិទ្ធិរបស់ឧកញ៉ាខ្មែរ​ដ៏មានឥទ្ធិពល​ម្នាក់​​​។

ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរីដឹង​ថា ពួកគាត់​មាន​ជម្លោះ​ជុំវិញ​​ការ​អះ​អាង​សិទ្ធិ​កាន់​កាប់​ដីធ្លីជាន់​គ្នា​លើ​សម្បទានដីសេដ្ឋកិច្ច (ELC) ជាកិច្ច​សន្យា​ជួលរយៈពេលវែងលើដីទំហំ​ធំ ដែលបានផ្តល់ឱ្យក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុ​ន​​បរទេស ដើម្បីធ្វើ​ការ​អភិវឌ្ឍ និងបង្កើត​ប្រាក់​ចំណូលសម្រាប់រដ្ឋាភិបាលកម្ពុជា។

​សហគមន៍នៅ​តាម​ជនបទនៅ​ទូទាំងប្រទេសកម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ ប៉ុន្តែ​​វា​កាន់​តែ​ធ្ងន់ធ្ងរជាងនេះ គឺ​សហគមន៍ជនជាតិដើម​ភាគតិច ដែល​ពឹងផ្អែកលើព្រៃឈើសម្រាប់ជីវភាពរស់នៅរបស់ពួកគេ​​ ហើយ​ពួកគាត់​​​អំពាវនាវកាន់​តែ​ខ្លាំង​ឡើង​ឱ្យមានតម្លាភាពបន្ថែមទៀតជុំវិញការ​ផ្តល់​សម្បទាន​ដីសេដ្ឋកិច្ច​។

លោក សាយ័ន្ត បាន​ប្រាប់ HaRDstories ថា ដោយសារ​គ្មាន​ព្រំដី​ច្បាស់លាស់​រវា​ង​​​ដី​សម្បទាន​របស់​ក្រុមហ៊ុន និង​ដី​សហគមន៍​នោះ «ទើប​វា​បង្ក​ឲ្យ​មាន​ជម្លោះ​ជុំវិញ​​​ទី​កន្លែង​ ​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​ស្រែចម្ការបាន​ ខណៈ​ក្រុមហ៊ុន​អះអាង​កាន់​​កាប់​​លើ​​​ដី​​របស់​​យើង​»។

តើអ្វីទៅ​ជា​​សម្បទានដីសេដ្ឋកិច្ច? ហេតុអ្វីបានជាមានសម្បទាន​ដីសេដ្ឋកិច្ច?

សម្បទានដីសេដ្ឋកិច្ចនៅ​កម្ពុជា គឺជាកិច្ច​សន្យា​ជួលរយៈពេលវែងរហូតដល់ ៩៩ ឆ្នាំ ​ដោយផ្តល់ដីឯកជនរបស់រដ្ឋឱ្យ​ក្រុមហ៊ុនឯកជនសម្រាប់ធ្វើ​កសិកម្មពា​ណិ​ជ្ជ​​កម្ម​ខ្នាត​ធំ​ ឬដំណាំ​កសិឧស្សាហកម្ម ដោយការ​ផ្តល់​ដីមានទំហំ​ធំបំផុត​ត្រឹម ១០ ០០០ហិកតា។

ក្រុមហ៊ុន ដែលដាក់ពាក្យស្នើសុំសម្បទាន​ដីសេដ្ឋកិច្ច​ ត្រូវរៀបចំការវា​យ​តម្លៃផល​ប៉ះពាល់បរិស្ថាន និងសង្គម ដើម្បី​ឱ្យ​ដឹង​ថា តើ​គម្រោង​នេះអាច​មានផល​​ប៉ះពាល់​ដល់​ប្រព័ន្ធអេកូឡូស៊ី និងសហ​គមន៍កម្រិតណា​។ តាម​ច្បាប់ ប្រសិន​បើ​ទទួល​បាន​សម្ប​ទាន​​ដីសេដ្ឋ​កិច្ច​ ​ក្រុមហ៊ុន​ត្រូវ​​​ផ្តល់​​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ដែល​ប្រើប្រា​ស់​​ដី​នោះ​។

រដ្ឋាភិបាលកម្ពុជាបានបង្កើតគម្រោង​នេះឡើង​ ជាមធ្យោបាយមួយក្នុងការគ្រប់​គ្រង​​ដីរបស់រដ្ឋ និងបង្កើតប្រាក់ចំណូលតាមរយៈការយក​ពន្ធ​ក្រោយ​ពីការបង្កើតរដ្ឋា​ភិបាល​ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ នៅពេលដែលរដ្ឋាភិបាល​​គ្មាន​ធន​ធាន​គ្រប់​គ្រាន់​ក្នុងការវិនិយោគលើការគ្រប់គ្រងដីធ្លី។

អ្នក​ស្រី ស្រី​ ចេន មក​ពី​ភូមិ​ត្បូងឃ្មុំ ធ្វើ​ការ​ជាមួយ​ប្ដី​និង​កូនៗ​នៅ​ចម្ការ​កៅស៊ូរ​បស់​​ក្រុមហ៊ុន ​​៧មករា ​ផារី ក្នុង​ខេត្ត​រតនគិរី។ (រូបភាព​៖ ណារិន សៅបូរ៉ា /HaRDstories)

ហេតុអ្វីបានជាសម្បទានដីសេដ្ឋកិច្ច​មានភាពចម្រូងចម្រាស?

សហ​គមន៍ អ្នកអភិរក្ស និងសង្គមស៊ីវិលបានរិះគន់គម្រោង​សម្បទាន​ដី​​នេះ អស់រយៈ​​ពេល​​ច្រើនទសវត្សរ៍មកហើយ ដោយអះអាង​ថា គម្រោង​នេះ ត្រូវបានរំលោភ​បំពានដោយ​ក្រុមហ៊ុន ដោយ​បំផ្លាញប្រព័ន្ធអេកូឡូស៊ី ធ្វើឱ្យខូចគុណភាពដី និងបណ្តេញប្រជាជនចេញពី​ដីរបស់ពួកគេ។ សង្គមស៊ីវិលក៏បានចង្អុល​បង្ហាញ​ម្តងហើយម្តងទៀតអំពីការរំលោភ​បំពានដោយក្រុមហ៊ុនដែល​​កាន់កាប់​សម្បទានដី​សេដ្ឋកិច្ច រួមទាំង​ការផ្តល់​ផ្ទៃដីលើស​ពីទំហំ​ ១០ ០០០ ហិកតា និងការខកខាន​មិន​​បាន​បង្ហាញការវាយតម្លៃផលប៉ះពាល់​បរិស្ថាន និងសង្គម ឬផ្តល់ដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​​ផ្លាស់​ទីលំនៅ​។

ជាការឆ្លើយតបទៅនឹងការរិះគន់កាន់តែខ្លាំងឡើងៗជុំវិញជម្លោះដីធ្លី និងការបំ​ផ្លា​ញ​​បរិស្ថាន លោក ហ៊ុន សែន ដែល​ពេលនោះជា​នាយករដ្ឋមន្ត្រី បានប្រកាសផ្អាកការផ្តល់សម្ប​ទានដី​សេដ្ឋកិច្ចថ្មីនៅក្នុងខែឧសភា ឆ្នាំ២០១២។ ក្រសួងកសិ​កម្ម​កម្ពុជាបានអះអាង​កាលពីឆ្នាំ២០១៤ ថា ខ្លួនបានដកហូតអាជ្ញាបណ្ណ​ពីសម្បទានិកចំនួន ៦៩ ដែលកាន់កាប់លើ​ផ្ទៃដីសរុបចំនួន ៥៨៧ ៥៨០ ហិកតា ដោយ​សារ​មិន​អភិវឌ្ឍលើ​ដី​សម្បទានទាំងនោះ​។ ទោះជាយ៉ាងណាក៏ដោយ សម្បទាន​ដីសេដ្ឋកិច្ច​ថ្មី ត្រូវបានផ្តល់ឡើងវិញ​នៅក្នុងខែមីនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈ​ពេលជិតមួយទសវត្សរ៍ បើទោះបីជាការផ្អាកផ្តល់​សម្បទាន​ដីសេដ្ឋកិច្ច​ នៅ​ជា​ធរ​មាន​ក៏ដោយ។

សព្វថ្ងៃនេះ សម្បទានិកគ្រប់គ្រងលើផ្ទៃដីប្រមាណ ២,២៥ លានហិកតានៃ​ប្រទេ​ស​​​កម្ពុជា ប្រហែល១២ភាគរយនៃប្រទេស តាមរយៈគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន ៣៤៤ កន្លែង​ ដែលបានផ្តល់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នេះបើយោងតាមទិន្នន័យពីអង្គការសិទ្ធិមនុស្សលីកាដូ។ ក្រុមហ៊ុនដែលជា​កម្មសិទ្ធិ​របស់​ជនជាតិចិន​​កាន់កាប់ដីសម្បទាន​​ច្រើនជាងគេក្នុងទំហំជិត ៤០០​ ០០០ ហិកតា បន្ទាប់មកក្រុមហ៊ុនដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិវៀតណាមកាន់​កាប់​ផ្ទៃដីជាង ៣៦០ ០០០ ហិកតា។

ហេតុ​អ្វី​បាន​ជាមាន​តែ​មួយចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​សហគមន៍​​ជនជាតិ​ដើម​ភាគតិច​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លី?

ដូចដែលលោក សាយ័ន្ត បានបញ្ជាក់​នៅក្នុងសហគមន៍ជនជាតិដើម​ភាគតិច​ចារ៉ាយ​របស់លោកថា​​ ជនជាតិដើមភាគតិចកម្ពុជាមានទំនៀមទម្លាប់របៀបរស់នៅពាក់កណ្តាលពនេចរ​ ឬ ពនេចរ និងការធ្វើកសិកម្មវិល​ជុំ​ ដោយផ្លាស់ប្តូរដំ​ណាំ​របស់ពួកគេ ដើម្បីឱ្យដីមានជីជាតិឡើងវិញ​។ ពួកគេប្រើ​ប្រាស់​ដីរួម​គ្នា​ និងសម្គាល់​​ព្រំ​ដី​តាម​រយៈ​អ្វីដែល​អាច​សម្គាល់បាន​ ដូចជាដើមឈើ ភ្នំ ឬកន្លែងជំនឿ​ផ្សេងៗ​​។

រឿង​នេះបង្កើតបាន​ជា​បញ្ហាប្រឈមសម្រាប់ការសម្របខ្លួនទៅនឹងប្រព័ន្ធរបស់រដ្ឋ​​ក្នុងការបែងចែកដីជា​កម្មសិទ្ធិបុគ្គល​តាម​រយៈ​ «ប្លង់​រឹង» ដែលទទួលស្គាល់ដោយថ្នាក់​​ជាតិ ឬ «ប្លង់ទន់» ដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាន។

ច្បាប់កម្ពុជាអនុញ្ញាតឱ្យមាននីតិវិធី​សម្រាប់ជនជាតិដើមភាគតិចទាមទារសិទ្ធិ​កាន់​កាប់​លើ​ដី​​ប្រពៃណីរបស់ពួកគេ ដែលហៅ​ថា ប័ណ្ណកម្មសិទ្ធិសមូហភាព​ ប៉ុន្តែសហគមន៍ជនជាតិដើមភាគតិចចំណាយពេលជាច្រើនឆ្នាំ ដើម្បី​អនុវត្ត​នីតិវិធី​នេះ​។ មានតែសហគមន៍​ជនជាតិដើមភាគតិចចំនួន ៤៣ ប៉ុណ្ណោះក្នុងចំណោមក្រុមជន​ជាតិដើមភាគតិចជាង ៤៥០ ដែលបានព្យាយាមដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​ចន្លោះឆ្នាំ២០​១១ ដល់ខែកក្កដា ឆ្នាំ២០២៤ បានទទួលជោគជ័យ។

អ្នកសង្កេតការណ៍នៃដំណើរការនេះនិយាយថា វាមិនត្រឹមតែមានលក្ខណៈការិយា​​ធិប​តេយ្យ និងស្មុគស្មាញខ្លាំង​ប៉ុណ្ណោះទេ ប៉ុន្តែថា ជម្លោះ​ផលប្រយោជន៍ដីធ្លី និងការអះអាងសិទ្ធិ​កាន់កាប់​ជាន់​គ្នារារាំងសហគមន៍ជនជាតិដើមភាគតិចពីការទាម​ទារទឹកដីរបស់ពួកគេ បើទោះបីជាការកាន់​កាប់​របស់ពួកគេមានតាំង​ពី​យូរ​មក​​ហើយ​ក៏ដោយ។

បន្ទាប់ពីការ​ចុះចូល​របស់​ខ្មែរក្រហមឆ្នាំ១៩៩៨ និងការកែលម្អផ្លូវ ប្រជាជនកម្ពុជាជា​ច្រើន​បានធ្វើចំណាកស្រុកទៅកាន់ខេត្តភាគខាងកើត ដោយកាប់រាន​ព្រៃ ដើម្បី​ធ្វើ​ស្រែចម្ការ ទី​ដែលសហគមន៍ជនជាតិដើមភាគតិចរស់នៅ។ ការធ្វើចំ​ណាកស្រុកដ៏ច្រើន​បែប​នេះបានបំផ្លិចបំផ្លាញដែនជម្រកសត្វព្រៃស្នួលទំហំ ៧៥ ០០០ហិកតា ដែលបណ្តាលឱ្យបាត់បង់គម្របព្រៃឈើស្ទើរតែទាំងស្រុងដោយ​សារ​ការចំណាកស្រុក សម្បទានដី​ និងការទន្ទ្រានយកដី។

បន្ទាប់ពីដំណាក់កាល​នៃការធ្វើចំណាកស្រុកនេះ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើម​យុទ្ធ​​នា​ការផ្តល់​​ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់នៅទូទាំង​ប្រទេស​ ដោយបញ្ជូននិស្សិតទូទាំងប្រទេសទៅចុះបញ្ជី​ការ​ប្រើប្រាស់ដីធ្លី និងចាប់ផ្តើមជំរុញឱ្យប្រជាពល​​រដ្ឋដាក់​ពាក្យ​ស្នើសុំប័ណ្ណកម្មសិទ្ធិប្លង់​រឹង​​។

ស្រដៀងគ្នានេះដែរ អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍បានរៀប​ចំ​ផែនទីកំ​ណត់​​ព្រំដីរបស់​​ជនជាតិដើមភាគតិច ដែលលាតសន្ធឹងលើផ្ទៃដីរាប់ពាន់ហិកតា ប៉ុន្តែនៅពេលដែលគេ​ផ្តល់ដីឱ្យ​ពួកគាត់​ ដីដែល​ពួកគាត់​អះអាងសិទ្ធិ​កាន់កាប់​ដ៏ធំ នោះជារឿយៗត្រូវបានបង្រួម​មក​ត្រឹម​ជា​ដីស្រែ​ចម្ការ​ដែលនៅ​ដាច់​គ្នា​។

តើ​អ្វី​​ជំរុញ​ឱ្យ​មាន​ជម្លោះ​ដីធ្លី?

វិវាទដីធ្លីនៅទូទាំងប្រទេសច្រើនតែកើតចេញពីកង្វះ​ភាពច្បាស់លាស់អំពីសម្បទានដី​​សេដ្ឋកិច្ច និង​អ្នកដែល​កាន់កាប់​ដី ថាតើ​ស្ថិត​នៅ​ក្រោមគម្រោងផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​មួយ​ណា​។ កសិកម្ម គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់គ្រួ​សារ​ពល​រដ្ឋ​ខ្មែរនៅ​តាម​ជន​បទ ដែលប្រហែលពាក់កណ្តាលនៃគ្រួសារពលរដ្ឋ​នៅ​ជន​បទ​មានដីតិចជាងមួយហិកតា ហើយស្ទើរតែមួយភាគបីគ្មានដីធ្លី​​។

ក្រុមអ្នកសង្កេតការណ៍និយាយថា ម្ចាស់ដីតូចៗទាំងនេះងាយរងគ្រោះបំផុតក្នុងការបាត់បង់ដីរបស់ពួកគេទៅលើសម្បទានដី​សេដ្ឋកិច្ច​ ដោយសារតែពួកគេមិនមានលទ្ធភាពទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ ហើយក៏មិនមានលទ្ធភាពប្រកួតប្រ​ជែងជាមួយក្រុមហ៊ុនដែល​មានឥទ្ធិពល​ និងធនធានច្រើនដែរ​​។

ចាប់ពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧៧៧.០០០នាក់ បានរងផលប៉ះពាល់ដោយសារ​ជម្លោះដីធ្លី និងការបណ្តេញ​ចេញ នេះបើយោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក។ ជនជាតិដើមភាគ​តិចនៅកម្ពុជាត្រូវបានចាត់ទុកថា ជាក្រុមងាយរងគ្រោះជាពិសេសពាក់​ព័ន្ធនឹង​​វិវាទដីធ្លី។

ដីធំៗដែលផ្តល់អោយអ្នក​ទទួលបាន​សម្បទាន​ដីសេដ្ឋកិច្ច​ច្រើនតែត្រួត​គ្នា​​លើដីរបស់​ជន​ជាតិដើមភាគតិច ពីព្រោះតំបន់ទាំងនោះត្រូវបានចាត់ថ្នាក់ជា ‘ដីឯកជន​របស់​រដ្ឋ‘ ជាធម្មតាមានព្រៃឈើ និងនៅ​តំបន់​នៃ ‘ដីសាធារណៈរបស់​រដ្ឋ​’ (តំបន់ការ​ពារ)។ នេះ​ជា​ការ​ពិត ​ជា​ពិសេស​នៅ​តាម​​ខេត្ត ​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​​ច្រើន​​ រួម​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ។

លោក អំ សំអាត នាយកប្រតិបត្តិ នៃអង្គការសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ការយឺតយ៉ាវក្នុងការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច គួបផ្សំនឹងការខកខានក្នុងការទទួលបានការ​ព្រម​ព្រៀង​ដែល​មាន​​​​​ព័ត៌​មាន​គ្រប់​​ជ្រុង​​ជ្រោយ​ ជា​មុន​ និង​ដោយសេរីពីសហគមន៍ បានបណ្តោយ​​ឱ្យក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ច «រំលោភយកដីរបស់​ជនជាតិដើមភាគតិច»។

ផ្អែកលើបទពិសោធន៍របស់លោក​ក្នុងការឃ្លាំមើល​ករណីសិទ្ធិដីធ្លី លោក សំអាត បានសង្កេតឃើញថា ជាទូទៅ ក្រុមហ៊ុនមិនបាន​ព្យាយាមសុំ​ការយល់ព្រមពីពល​រដ្ឋ​​នៅ​​ជន​បទទេ នៅពេលដាក់ពាក្យស្នើសុំសម្បទានដីសេដ្ឋកិច្ច។ លោក​​បាន​​បន្ថែ​ម​​​​ថា​៖ «​កង្វះ​​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នីមួយៗ ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ដីធ្លី និង​ជីវភាព​រស់នៅ​របស់​ពួកគាត់​»។

អគារ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មួយ​នៅ​លើ​ដី​សម្បទាន​ក្បែរ​ដី​ស្រែ​របស់លោក​ សេវ​ លីម​ ក្នុង​ខេត្ត​រតនគិរី។ (រូបភាព​៖ ណារិន សៅបូរ៉ា​ /HaRDstories)

សហគមន៍ជនជាតិដើមភាគតិចត្រូវបានបំផ្លិចបំផ្លាញដោយ​ការបាត់បង់ដីទៅ​​ក្រុម​ហ៊ុន ដោយសារពួកគាត់​ពឹងផ្អែកលើធនធានធម្មជាតិ។ ដីភាគច្រើន​ ដែលជន​ជាតិដើមភាគតិចប្រើប្រាស់ គឺសម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ និងសម្រាប់​ការចិញ្ចឹម​សត្វ​ពាហនៈ។ ប៉ុន្តែជា​ធម្មតា ក្រុមហ៊ុនសម្បទាន​ដីសេដ្ឋកិច្ច​បានឈូសឆាយដីព្រៃនៅទូទាំងប្រ​ទេស​កម្ពុជា ហើយបន្ទាប់មក​រឹតត្បិត​​ពលរដ្ឋមិន​ឱ្យ​ចេញចូល​ព្រៃ​​ ដែលប្រើប្រា​ស់ដោយជនជាតិដើមភាគតិច ដើម្បី​ប្រមូលអនុផលព្រៃឈើដូចជាជ័រ និងទឹកឃ្មុំ។ ព្រៃឈើក៏ជាទីតាំងសំខាន់សម្រាប់ជំនឿ និងកន្លែងបញ្ចុះសព ដូច្នេះក្រុម​ហ៊ុន​អភិវឌ្ឍន៍សម្បទាន​ដីសេដ្ឋកិច្ច​ តែងតែរំលោភបំពានលើវប្បធម៌ជន​ជាតិ​ដើម​ភាគ​តិច។

តើអាច​កែ​ទម្រង់​ប្រព័ន្ធ​នេះ​បានទេ?

ជាមួយ​នឹង​ការ​បង្កើតគម្រោង​សម្បទាន​ដីសេដ្ឋកិច្ច​នេះ​ រដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោ​​បាយ​ជាច្រើនសម្រាប់អភិបាលកិច្ចល្អ ដែលអ្នកសង្កេតការ​ណ៍​និយាយថា អាចត្រូវ​បាន​តាម​ដាន​យ៉ាងដិតដល់​បន្ថែមទៀត ទប់​ស្កាត់​ជម្លោះ ដូច​ករណី​ដែល​ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរីកំពុង​ជួប​ប្រទះ​នាពេលបច្ចុប្បន្ននេះ។

អ្នកស្រាវជ្រាវផ្នែកកសិកម្ម លោក Jean-Christophe Diepart បានកត់សម្គាល់នៅក្នុងរបាយ​ការណ៍​ឆ្នាំ២០១៦ ថា ប្រព័ន្ធសម្បទាន​ដីសេដ្ឋកិច្ច​ខ្វះយន្តការ​ដោះ​ស្រាយ​បណ្តឹង​ ដែលអនុញ្ញាតឱ្យសហគមន៍ជនជាតិដើមភាគតិចលើក​ឡើង​នូវ​​បញ្ហា​ ដូចជាកង្វះការព្រមព្រៀង​ដែល​មាន​ព័ត៌មាន​​គ្រប់​ជ្រុងជ្រោយ​ ជា​មុន​និង​ដោយសេរី​។

សម្បទានដីសេដ្ឋកិច្ចក៏អាចត្រូវបានលុបចោលផងដែរ ប្រសិនបើ​វា​បំពានលក្ខ​ខណ្ឌរបស់​ខ្លួន​ ឬក៏​មិនបាន​​ប្រើប្រាស់​លើស​ពី១២ខែ ដោយគ្មានហេតុផល។ សហ​គមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារ បានព្យាយាមទាមទារសិទ្ធិដីធ្លីពីក្រុមហ៊ុន​សម្បទាន​ដីសេដ្ឋកិច្ច​មួយ​ក្រុមរបស់​ជនជាតិចិន ដែលផលិតស្ករ​អំពៅ ហើយ​មិន​បាន​ប្រើប្រាស់​ ប៉ុន្តែរហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលមិនទាន់ឆ្លើយតបនឹងសំណើរបស់ពួកគេទេ។

រីឯ​នៅ​ខេត្ត​រតនគិរីវិញ​ រដ្ឋាភិបាល​កម្ពុជា​កាល​ពី​​ឆ្នាំ​២០២២ បាន​កាត់ឆ្វៀល​​ដី​សម្ប​ទាន​​សង្គមកិច្ច​ចេញ​ពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ ៧មករា ផារី​ ដែល​តាម​ព័ត៌​មាន​​​​ថា ​សម្រា​ប់​ជនជាតិ​​ដើម​ភាគតិច​ចារ៉ាយ ដែល​​មាន​ជម្លោះ​ជាមួយ​សម្បទានដី​​សេដ្ឋកិច្ច​នេះ​។ ​ខុសពីសម្បទានដីសេដ្ឋកិច្ច  សម្បទានដីសង្គមកិច្ចត្រូវបានបង្កើតឡើងក្នុង​គោលបំណងសង្គម ដោយ​ផ្តោត​លើ​គ្រួសារពលរដ្ឋ​ក្រីក្រ ដែលខ្វះខាតដីសម្រាប់រស់នៅ ឬធ្វើកសិកម្មចិញ្ចឹមជីវិត។ ប៉ុន្តែអ្នក​ភូមិ​ជនជាតិដើម​ភាគតិច​ចារ៉ាយដែលកំពុង​តវ៉ា បានប្រាប់​ HaRDStories កាលពីខែឧសភា ថា ពួកគេមិនដែល​ទទួ​ល​បានការ​ជូនដំណឹងអំពីការបែងចែកដីសង្គមកិច្ច​នេះទេ ដោយបានចោទសួរ​អំ​ពីរបៀប ដែលគេសម្រេច​ផ្តល់​ដី​សង្គមកិច្ច​ទាំងនេះ និងថា តើអ្នកណាទទួលបាន​អត្ថប្រយោជន៍​ពី​ដីនេះ។

សហគមន៍ជនជាតិដើម​ភាគតិច​ចារ៉ាយក្នុងខេត្តរតនគិរីធ្វើចម្ការ​វិលជុំ​ ដើម្បីរក្សា​គ្រាប់ពូជដំ​ណាំ​​ និងរក្សាទំនាក់ទំនងជំនឿ​ជាមួយដី ជារបៀបរស់នៅដែលពួកគេនិយាយថា កំពុងរង​ការ​គំ​រាមកំហែងកាន់តែខ្លាំងឡើងដោយសារ​សម្ប​ទា​ន​ដី​ចម្ការកៅស៊ូ​​។ (រូបភាព​៖ ណារិន សៅបូរ៉ា /HaRDstories)

លោក អំ សំអាត នៃអង្គការ លីកាដូ បានគូសបញ្ជាក់ថា រដ្ឋាភិបាលគួរតែពន្លឿនការ​ចុះ​បញ្ជីដីសមូហភាព ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច ដាក់​ចេញនូវគោលនយោបាយ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច និងរឹតបន្តឹងសម្បទានដីសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងនោះ។ ចំណែក​អ្នក​កាន់​​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ លោក សំអាត មាន​ប្រសាសន៍​ថា គោល​នយោ​​បាយ​​មាន​ហើយ ប៉ុន្តែ​ចាំបាច់ត្រូវ​តែ​គោរព។

លោក​មាន​ប្រសាសន៍​​ថា​៖ «​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​​សម្បទាន​សម្រា​ប់​​គោលបំ​ណង​អភិវឌ្ឍន៍ ​ត្រូវ​តែ​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន ខណៈ​​ផល​ប៉ះពា​ល់​​លើ​ដី​ជន​ជាតិ​ដើម​ភាគតិច​ ត្រូវ​ដោះស្រាយ​ដោយ​តម្លាភាព និង​ដោយ​ស្មើ​ភាព​»៕

អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES៖ How Cambodia’s Land Protection Fail Indigenous Communities

ព័ត៌មានថ្មី

អត្ថបទពេញនិយម