សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកប្រព្រឹត្តអំពើឆបោកតាម​អនឡាញ​អាចប្រឈមទោសជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់ថ្មី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មានជុំវិញច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីព្រឹទ្ធសភាអនុម័ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មានជុំវិញច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីព្រឹទ្ធសភាអនុម័ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

អ្នកប្រព្រឹត្តអំពើឆបោកនៅពីក្រោយប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា អាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ក្រោមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្មីមួយ ដែលត្រូវបានព្រឹទ្ធសភាអនុម័តនាថ្ងៃសុក្រ ខណៈដែលរដ្ឋាភិបាលបន្តការបង្ក្រាបឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលខ្លួនបានប្តេជ្ញាបំបាត់ឱ្យអស់ក្នុងខែមេសានេះ។

ច្បាប់នេះត្រូវបានអនុម័តជាឯកច្ឆន្ទដោយសភា ហើយកំពុងរង់ចាំព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់។ ច្បាប់នេះដាក់ទោសទណ្ឌចំពោះអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានលួច និងបណ្តាញឧក្រិដ្ឋកម្មដែលមានក្រុមចាត់តាំង រួមទាំងករណីប្រើកម្លាំងពលកម្មដែលត្រូវបានជួញដូរ ព្រមទាំងកំណត់ឱ្យក្រុមហ៊ុនពាក់ព័ន្ធមានទំនួលខុសត្រូវផងដែរ។

ច្បាប់នេះក៏ផ្តល់ការការពារដល់បុគ្គលដែលត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោក ដោយមិនឱ្យទទួលខុសត្រូវព្រហ្មទណ្ឌ។ ចំណែកមេដឹកនាំប្រតិបត្តិការដែលពាក់ព័ន្ធនឹងការជួញដូរ ការឃុំខ្លួន ឬការធ្វើទារុណកម្ម អាចប្រឈមទោសដល់ទៅ២០ឆ្នាំ និងពិន័យប្រាក់រហូតដល់២ពាន់លានរៀល (ប្រហែល៥០ម៉ឺនដុល្លារ)។

ប្រសិនបើប្រតិបត្តិការនោះបណ្តាលឱ្យមានមនុស្សស្លាប់ មេដឹកនាំឆបោកអាចប្រឈមទោសជាប់ពន្ធនាគាររយៈពេលអស់មួយជីវិត។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែង បន្ទាប់ពីព្រឹទ្ធសភាអនុម័តច្បាប់នេះថា៖
«ការបង្កើតច្បាប់នេះមានគោលបំណងបំពេញចន្លោះប្រហោងនៃច្បាប់ដែលមានស្រាប់ ហើយវាបញ្ជូនសារច្បាស់លាស់អំពីការប្តេជ្ញាចិត្តនយោបាយរបស់រដ្ឋាភិបាល ដែលមិនថយក្រោយឡើយជុំវិញការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនេះ»។

លោកបានលើកឡើងថា ឧស្សាហកម្មឆបោកបានគំរាមកំហែងដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ហើយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ព្រមទាំងវិស័យទេសចរណ៍ វិនិយោគ និងសេដ្ឋកិច្ចទាំងមូល។

កម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅសំខាន់មួយនៅក្នុងតំបន់ សម្រាប់ក្រុមឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្នុងនោះរួមមានការឆបោកស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណឌីជីថល (cryptocurrency) ក្លែងក្លាយ ដែលជាញឹកញាប់ដំណើរការពីទីតាំងអគារដែលមានការយាមកាមយ៉ាងតឹងរ៉ឹង និងពឹងផ្អែកលើកម្លាំងពលកម្មដែលត្រូវបានបង្ខំ។

សម្ពាធអន្តរជាតិបានកើនឡើងលើរដ្ឋាភិបាល ដោយឱ្យកម្ពុជាកម្ទេចឧស្សាហកម្មនេះ ដែលត្រូវបានរាយការណ៍ថាបានបោកប្រាស់ប្រាក់លើសពី ១២.៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំពីជនរងគ្រោះទូទាំងពិភពលោក។

លោក កើត រិទ្ធ បានថ្លែងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានគោលបំណងទប់ស្កាត់ការកើតឡើងវិញនៃប្រតិបត្តិការឆបោកទ្រង់ទ្រាយធំទាំងនេះ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ (ឆ្វេងកណ្តាល) និងលោក ឆាយ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមសន្និសីទសារព័ត៌មានជុំវិញច្បាប់ថ្មីដែលមានគោលដៅលើប្រតិបត្តិការឆបោក។ (ខេមបូចា/ព្រីង សំរាំង)

លោក ឆាយ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា អាជ្ញាធរបានបិទមជ្ឈមណ្ឌលឆបោកជាង ២៥០ កន្លែង ដែលក្នុងនោះរួមមានកាស៊ីណូ៩២ កន្លែង និងចាប់ខ្លួនមេក្លោងប្រមាណ ៨០០នាក់ ចាប់តាំងពីខែកក្កដាឆ្នាំមុន។

អ្នកវិភាគបានលើកឡើងថា យុទ្ធនាការបង្ក្រាបនេះ គឺមានទ្រង់ទ្រាយធំមិនធ្លាប់មាន ប៉ុន្តែបានអំពាវនាវឱ្យមានការការពារខ្លាំងក្លាថែមទៀត សម្រាប់ជនរងគ្រោះរាប់ពាន់នាក់ដែលបានរត់គេចពីទីតាំងជួញដូរមនុស្សទាំងនោះ ក៏ដូចជាការស៊ើបអង្កេតទៅលើឥស្សរជនដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មនេះ។

បន្ទាប់ពីការអនុម័តដោយព្រឹទ្ធសភា លោក ឆាយ ស៊ីណារិទ្ធ បានឆ្លើយតបចំពោះរបាយការណ៍ស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិដែលចេញកាលពីថ្ងៃព្រហស្បតិ៍ ដែលបានរកឃើញថាគម្រោងទីតាំងកាស៊ីណូជាច្រើនកន្លែងនៅកម្ពុជាដែលពាក់ព័ន្ធនឹងការឆបោក ការជួញដូរមនុស្ស និងការធ្វើទារុណកម្ម ថាត្រូវបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងល្បែងស៊ីសង។

លោក ស៊ីណារិទ្ធ បានលើកឡើងថា អាជ្ញាធរកំពុងប្រើប្រាស់ការរកឃើញទាំងនេះ ដើម្បីជាមូលដ្ឋានសម្រាប់ការស៊ើបអង្កេតបន្ត និងការអនុវត្តច្បាប់។

លោក ស៊ីណារិទ្ធ បានបន្តថា៖ «កន្លងទៅយើងបង្រ្កាបហើយមិនបានចាត់វិធានការតឹងរ៉ឹងផ្លូវច្បាប់អ្នកដែលមកប្រព្រឹត្តទាំងមេខ្លោងទាំងអ្នករួមគំនិតសមគំនិតក៏ដូចជាអ្នកដែលរងគ្រោះដែលបានចូលរួមក្នុងការប្រព្រឹត្តហ្នឹងគឺត្រូវបានធ្វើការបណ្ដេញចេញទេ»។

លោកបានបញ្ជាក់ថា ក្រោមច្បាប់ថ្មី អាជ្ញាធរនឹងអនុវត្តវិធានការតឹងរ៉ឹងជាងមុន ដោយធានាថាជនល្មើសត្រូវបានផ្តន្ទាទោសនៅកម្ពុជា មុនពេលបញ្ជូនចេញក្រៅប្រទេស បន្ទាប់ពីទទួលទោសរួច។

លោក កើត រិទ្ធ ក៏បានលើកឡើងអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការលាងលុយ ដែលស្របតាមស្តង់ដារអន្តរជាតិ។​

លោកបានបញ្ជាក់ថា៖ «ពីមុនដើម្បីផ្តន្ទាទោសសម្អាតប្រាក់យើងត្រូវឱ្យឃើញបទល្មើសដើមសិនថាតើលុយដែលគេយកទៅសម្អាតចេញមកពីអ្វី បានយើងផ្តន្ទាទោសពីបទសម្អាតប្រាក់។ប៉ុន្តែផ្អែកតាមច្បាប់ថ្មីនេះគឺអត់ទេ យើងបញ្ច្រាសភស្តុតាងមកប្រសិនជាទ្រព្យហ្នឹងមានការសង្ស័យថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកម្មវត្ថុនៃបទល្មើសសម្អាតប្រាក់។ អ្នកដែលអះអាងថាទ្រព្យនិងមែនចេញពីscam ត្រូវបង្ហាញភស្តុតាងអំពីប្រភពស្របច្បាប់នៃទ្រព្យនោះ»។

លោកបានបន្ថែមថា៖ «បើមិនអាចបង្ហាញបានគឺថាច្បាប់នេះនឹងអនុវត្តដោយប្រើប្រាស់ទម្រង់ថ្មីនៃបទល្មើស scam online»។

លោកបានបន្ថែមថា បន្ទាប់ពីច្បាប់នេះចូលជាធរមាន អាជ្ញាធរអាចដកហូតទ្រព្យសម្បត្តិដែលទទួលបានពីអំពើឆបោកបាន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Life Sentences Loom Under New Online Scam Law

ព័ត៌មានថ្មី

អត្ថបទពេញនិយម