សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងត្អូច​ត្អែរ​ពាក់ព័ន្ធអាជ្ញាធរជីកគាស់កកាយផ្លូវធ្វើ​ឱ្យ​ខូចខាត និងដីហុយខ្លាំង

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តបាត់ដំបង។ (រូបថត៖ ឈួន ណារី)
លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តបាត់ដំបង។ (រូបថត៖ ឈួន ណារី)

ពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្តជាខ្លាំងដោយសារតែ​អាជ្ញាធរ​ជីកគាស់កាយផ្លូវគ្រប់ទីកន្លែងនៅក្នុងក្រុង​ធ្វើឱ្យផ្លូវខូចខាត និងដីហុយជាខ្លាំងដែលនាំឱ្យប៉ះពាល់​សុខភាពផ្លូវ​ដង្ហើម​ដល់អ្នកដំណើរ ជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

ប្រជាពលរដ្ឋម្នាក់បាននិយាយដោយស្នើរសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ បញ្ហាជីកគាស់កាយ​ផ្លូវ​គ្រប់​ទី​កន្លែង​នៅក្នុងក្រុង​ ធ្វើឱ្យផ្លូវខូចខាត បានកើតឡើងជាង៣ឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជាការសាងសង់ផ្លូវ​ប៉ុន្មាន​ឆ្នាំនេះមិនមានប្រសិទ្ធភាពសោះ ផ្លូវជាច្រើនកន្លែងនៅតែមានសភាពហុយទ្រលោម គ្រលុកធំៗ-ល-។ តើនេះគឺជាបញ្ហារបស់អ្នកណាដែលត្រូវដោះស្រាយ?

ប្រជាពលរដ្ឋមួយរូបទៀតបានធ្វើការលើកឡើងនៅក្នុងកម្មវិធីសន្ទនាមតិថាផ្លូវដែលកំពុងសាងសង់នេះ​មាន​កន្លែង​ខ្លះក៏ងាយស្រួលធ្វើដំណើរ កន្លែងខ្លះក៏ពិបាកធ្វើដំណើរ ប៉ុន្តែលោកសង្ឃឹមថានៅពេលដែល​សាងសង់​ផ្លូវរួចរាល់អស់ហើយ ក្រុងបាត់ដំបងនឹងមាន​សោភណ័ភាព​ស្រស់ស្អាតឡើងវិញ។

ប្រជាពលរដ្ឋដដែលបានឡើងថា​៖ «ខ្ញុំសូមសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ សូមជួយ​ពន្លឿនការ​សាង់​សង់​ផ្លូវនេះផងដើម្បីបង្កជាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋមួយរូបទៀតបានលើកឡើងថា​ ការធ្វើផ្លូវនេះដែរសម្រាប់ខែប្រាំងមិនជាបញ្ហាអីនោះទេ តែ​លោក​ខ្លាចពេលខែវស្សាមក​ដល់​ភ្លៀងលិចផ្លូវពិបាកនឹងធ្វើដំណើរ។

ប្រភពដដែលបានបន្ថែមថា៖ «បើផ្លូវល្អមិនអីទេ តែបើមានគ្រលុកវិញដឹងតែយ៉ាប់ហើយ។ ខ្ញុំសង្ឃឹមថា​អាជ្ញារនឹងពន្លឿនការ​សាង​សង់»

ជាការឆ្លើយតប លោកស្រី កឹម សុគន្ធារី​​ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បាន​លើក​ឡើងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តបាត់ដំបងថា គម្រោងបានចាប់ផ្តើម​សាងសង​នៅ​ចុង​ឆ្នាំ២០​២០ ហើយបញ្ចប់នៅក្នុងខែ៩ ឆ្នាំ២០២៣ ប៉ុន្តែជាក់ស្តែងដោយសារតែវិបត្តិកូវិដ១៩ផង រដូវវស្សា​ចូល​មក​ដែលធ្វើឱ្យមានភ្លៀងជាឧបសគ្គផងទើបធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងកាលកំណត់ ដូច្នេះ​ហើយអ្នកម៉ៅការសាងសង់បានដាក់ពាក្យស្នើសុំពន្យាការសាង់សង់ចំនួន៦ខែដែលនឹងត្រូវបញ្ចប់ការសាងសង់នៅចុងខែ៣ ឆ្នាំ២០២៤។

លោកស្រីបានបន្ថែមថា​៖ «មានផ្លូវខ្លះគឺគម្រោងយើងមិនទាន់បានទៅជីកនោះទេ ចឹងគឺមានន័យថា​ផ្លូវនេះ​មាន​សភាពខូចខាតស្រាប់ទៅហើយ ដូច្នេះខ្ញុំសូមមិនបកស្រាយចំណុចនេះឡើយ។ ប៉ុន្តែសម្រាប់​ផ្លូវ​ដែល​ជីកកកាយទៅតាមគម្រោងនោះវិញ ដែលបងប្អូនយើងសំណូមពរឱ្យជួសជុលឱ្យបានស្អាតនោះ ខ្ញុំពិតជា​យល់​អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងណាស់ដែលចង់បានផ្លូវល្អក្នុងការធ្វើដំណើរ​»។ លោកស្រីបន្តទៀតថា៖ «ខ្ញុំទទួលស្គាល់ថា ផ្លូវហុយ មានគ្រលុកពិបាកនៅក្នុងការធ្វើដំណើរ ហើយក្រុមការងារយើងក៏កំពុងព្យាយាម​ធ្វើ​ម៉េចកាត់បន្ថយ​​នូវ​ផលវិបាក ផលប៉ះពាល់តាមតែអាចធ្វើទៅបាន ក៏សុំចិត្តដល់បងប្អូនយើងយោគយល់អធ្យាស្រ័យ​ដល់​ក្រុម​ការងារ​សាងសង់​ផងដើម្បីភាពរីកចម្រើនទាំងអស់គ្នា»

គួរបញ្ជាក់ថានៅក្នុងក្រុងបាត់ដំបង គឺទទួលបាននូវគម្រោងរបស់ ADB ដែលជាធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ក្នុង​នោះដែរ គឺមាន២គម្រោង គឺត្រើយខាងលិច និងត្រើយខាងកើត។ គម្រោងទាំងនេះដែរ គឺត្រូវ​ស្ថាបនា​នូវ​ស្ថានីយ៍ចម្រុះទឹកកខ្វក់ ស្ថានីយ៍បូម​ និងប្រព័ន្ធលូទឹកកខ្វក់។ ក្នុងនោះដែរ​សម្រាប់ប្រព័ន្ធលូទឹក​កខ្វក់ គឺត្រូវ​ជីក​កាយផ្លូវដើម្បីដាក់លូទឹកកខ្វក់ ហើយវាក៏ជារឿងថ្មីមួយសម្រាប់អ្នកខេត្តបាត់ដំបងផងដែរ៕

291 views

អត្ថបទសារព័ត៌មានពលរដ្ឋថ្មី