សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

 អ្នក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​រម្លឹក​រឿងរ៉ាវ​រន្ធត់​និង​ជូរចត់  

​​ប្រវត្តិ​នៃ​​ការ​ដណ្ដើម​បាន​ជ័យ​ជម្នះ​របស់​ក្រុម​ខ្មែរ​ក្រហម ​លើ​របប​សាធារណរដ្ឋ​ខ្មែរ ​ដែល​ដឹកនាំដោយ​ សេនាប្រមុខ លន់ នល់ នៅ​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដែល​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​របបអាវ​ខ្មៅ កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​រម្លឹកតាម​រយៈ​ទស្សនីយភាព​ ។  

ថ្វី​ដ្បិត​តែ​ជា​ការ​សម្ដែងអំពី​អំពើ​ប្រល័យ​ពូជសាសន៍ រួម​មាន​ ការ​បាញ់​ប្រហារ ការ​កាប់​សម្លាប់ ការចាប់រំលោភ​ស្ត្រី​ភេទ ការ​​​បង្ខំ​ឱ្យធ្វើ​ពលកម្ម​បាក់​កម្លាំង និង​ការ​បង្អត់​អាហារប្រជាពលរដ្ឋ​ខ្មែរ ក្នុង​​​របប​ខ្មែរ​ក្រហម  ប៉ុន្តែ​​ឈុត​ឆាក​ទាំង​ឡាយ​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​​​ពិធី​ប្រារព្ធ​​ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០ ឧសភា ឆ្នាំ​២០២៥ នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក មួយ​ចំនួន​ញាប់ញ័រ​រន្ធត់​រហូត​ដល់​ទប់​ទឹក​ភ្នែក​មិន​បាន ​។  

លោកស្រី ឆេង ចាន់ធឿន និង លោកស្រី ស៊ូ សុវណ្ណា អះអាងថា ការ​សម្ដែង​បាន​បង្ហាញ​នូវ​ការ​ពិត​ ដែល​ជីវិត​​វ័យ​ជំទង់​របស់​ពួក​គាត់​បាន​ឆ្លងកាត់ គឺ​កាល​ណោះ ពួក​គាត់​មាន​អាយុ​១៦-១៧​ឆ្នាំ ។ ពួក​គាត់​នៅ​តែ​មិន​អស់​ចិត្ត​និង​គិត​មិន​យល់​ទាល់​តែ​សោះ​ថា រឿងរ៉ាវ​ដ៏​សោកសៅ​ទាំង​អស់​នេះ មិន​គួរ​កើត​មាន​ចំពោះ​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​​ឡើយ ។  

មិន​មែន​តែ​អ្នកដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ទេ សូម្បី​តែ​ក្រុម​សិល្បៈ​ជំនាន់​ក្រោយ ក៏​គង់​មាន​ក្ដី​រន្ធត់ ​ក្ដុកក្ដួល ​​អាណិតស្រណោះ​ជនរងគ្រោះ និង​ភ័យ​ខ្លាច​អំពើកំណាច​​ឃោរឃៅក្នុង​ការ​កាប់​សម្លាប់​ ការ​ធ្វើ​បាប​​ជាតិ​សាសន៍​ឯង​ដោយ​ឥត​ញញើតដៃ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ខ្មែរ​ក្រហម​ដែរ ។  

នៅក្នុងពិធីដែល​មាន​អ្នក​ចូលរួម​រាប់រយនាក់ រួមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ និង​មន្ត្រីរដ្ឋាភិបាលផង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអានសាររបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលើកឡើងពីគោលបំណងរបស់​ទិវាជាតិនៃការចងចាំ គឺដើម្បីគោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបវាល​ពិឃាដ កម្ពុជាប្រជាធិបតេយ្យ ហើយ​ពិធីរម្លឹក​ខួបក៏​ប្រារព្ធ​ក្នុងគោលបំណងគោរពដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ក៏ដូចជារម្លឹកប្រាប់​ប្រជាពលរដ្ឋខ្មែរ​ថា អំពើឃោរឃៅបែបនេះនឹងមិនកើតឡើងទៀតទេ ។ 

នាយកកម្មវិធីអប់រំស្ដីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ( DC-Cam ) លោក ផេង ពង្សរ៉ាស៊ី មិនបានអះអាងថា វិនាសកម្មនិងអំពើប្រល័យពូជសាសន៍ កើតឡើងដោយសារភាពល្ងង់ខ្លៅរបស់ក្រុមមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែលោកថា ជាភាពកម្សោយនៃ​ការដឹកនាំ កង្វះ​ការទទួលខុសត្រូវ ភាព​ងប់ងល់នឹងមនោគមវិជ្ជាកុម្មុយនិស្ត និងការ​ភ័យខ្លាចចំពោះមនុស្សនៅជុំវិញខ្លួន ។  

លោក ផេង ពង្សរ៉ាស៊ី បន្ថែមថា ដើម្បីទប់ស្កាត់ការវិលត្រឡប់ ឬកុំឱ្យកើតមានសាជាថ្មី នៃរបបប្រល័យពូជសាសន៍ ក្មេងៗជំនាន់ក្រោយទាំងអស់ត្រូវតែសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រនេះឱ្យ​បានគ្រប់ៗគ្នា ហើយបេសកម្មរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺបន្តផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយ ឱ្យពួក​គេ​យល់ដឹងកាន់តែច្រើន អំពីសោកនាដកម្មនៃរបបខ្មែរក្រហម ។  

បច្ចុប្បន្ន ក្មេងៗដែលជាសិស្សានុសិស្សចំនួនជាង ៦សែននាក់ បាន និងកំពុងសិក្សាពីប្រវត្តិសាស្ត្រនេះក្នុងមួយឆ្នាំៗ នៅ​មជ្ឈមណ្ឌលឯកសារកម្ពុជា ។  

តួលេខដែលប្រើប្រាស់ជាទូទៅ និងផ្លូវការ អំពី​ការបាត់បង់ជីវិតមនុស្សក្នុងសម័យ​កម្ពុជាប្រជាធិបតេយ្យគឺ ចន្លោះពី ១លាន ៧សែននាក់ ទៅ ២លាន ២សែននាក់ ។ ការកំណត់តួលេខនេះ គឺចេញពីការស្រាវជ្រាវរបស់ប្រវត្តិវិទូរល្បីល្បាញខាងប្រវត្តិសាស្ត្រឈ្មោះ ប៊ែន ឃៀរនែន ( Ben Kiernan ) ដែល​រក​ឃើញចំនួន ១,៧លាននាក់ ) និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅ​កាត់​ថា ECCC រក​ឃើញ ២ លាន២សែននាក់ ៕ 

វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ