សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពិធីប្រណាំងរទេះសាឡី គោលឿន ខេត្ត​កំពង់ស្ពឺ ប្រចាំ​ឆ្នាំ២០២៥

ការប្រណាំងរទេះសាឡី គោលឿន ប្រចាំ​ឆ្នាំ២០២៥ ត្រូវ​បាន​ប្រារព្ធ​នៅព្រឹក​ថ្ងៃចន្ទ ទី៧ ខែមេសា នា​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ពិធី​នេះ​ត្រូវ​បាន​​រៀបចំ​ឡើងដោយ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ក្រោម​កិច្ច​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង​ច្បារមន ព្រម​ទាំង​សមាគមរទេះសាឡី គោលឿន ខេត្តកំពង់ស្ពឺ ។​

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាន​ឱ្យដឹង​ថា គោល​បំណង​នៃ​ការប្រារព្ធពិធីនេះ គឺ​ដើម្បី​ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណី ប្រណាំងរទេះសាឡី គោ​លឿន នៅក្នុងខេត្ត កំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជា យូរយារ​ណាស់​មក​ហើយ ហើយ​ក៏​​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ ដែល​នឹង​ចូល​មក​ដល់​នៅ​ម៉ោង ៤ និង ៤៨​នាទីព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធី​នេះ គឺកាល​ពី​ដើម​ឡើយគេ​ប្រើប្រាស់រទេះសាឡីគោ សម្រាប់តែការ​ដឹកជញ្ជូនភ័ស្តុភារ​​បណ្ណាការ និង​ចាស់​ទុំ​ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធី​បុណ្យផ្សេងៗទៀត​ប៉ុណ្ណោះ លុះចំណេរ​ក្រោយមក អ្នកស្រុក​អ្នកភូមិ​ក៏​បានផ្តួចផ្តើម​គំនិត បង្កើតពិធីប្រណាំងរទេះ​សាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ និង​នៅតាមទីប្រជុំជន ដើម្បីអបអរក្នុងឱកាស​ត្រៀមរៀបចំ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិទៀតផង ។

ក្នុង​ពិធី​ប្រកាស​លទ្ធផលផ្ដាច់​ព្រ័ត្រ​​នៃ​ការ​ប្រណាំង​រទេះ​សាឡី គោ​លឿន ​​ឆ្នាំ​២០២៥ ពានរង្វាន់​ត្រូវ​បាន​ប្រគល់​ជូនបេក្ខជន​ជ័យលាភី​​ចំណាត់​ថ្នាក់​ពីលេខ​ ១ ដល់​លេខ ៥ តាម​ផ្នែក​នីមួយ​ៗ គឺ​ផ្នែក​គោ​ខ្នាតធំ និង​គោ​ខ្នាត​តូច ៕

វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ