គម្រោងសំណង់ធំៗជាច្រើននៅក្នុងក្រុងព្រះសីហនុ នៅតែបន្តជាប់គាំង ដោយពលរដ្ឋ និងម្ចាស់អាគារមួយចំនួនអះអាងថា កត្តាសេដ្ឋកិច្ចពិពភលោក និងការបង្រ្កាបប្រតិបត្តិការឆបោកតាមប្រព័ន្ធអុីធឺណេត ដែលជាហេតុឲ្យមានការចាកចេញរបស់ជនជាតិចិនជាច្រើន ក្នុងនោះក៏មានអ្នកវិនិយោគលើគម្រោងសំណងអាគារមួយចំនួនដែរ។
កាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ២០១០ ក្រុងនេះបានទទួលការវិនិយោគពីជនជាតិចិនយ៉ាងច្រើន ដែលធ្វើឲ្យមានការសាងសង់អគារខ្ពស់ៗយ៉ាងឆាប់រហ័សទូទាំងទីក្រុង។ ប៉ុន្តែការរីកចម្រើននោះក៏ភ្ជាប់មកជាមួយបញ្ហាផងដែរ ដូចជា ការលូតលាស់នៃល្បែងស៊ីសង និងបណ្តាញឆបោកតាមអនឡាញ។
ក្រោយមក ក្នុងអំឡុងពេលកូវីដ-១៩ វិស័យសំណង់បានធ្លាក់ចុះខ្លាំង ដោយវិនិយោគិនបរទេសជាច្រើនបានចាកចេញ និងទុកឲ្យគម្រោងរាប់ពាន់នៅមិនទាន់បញ្ចប់។
បច្ចុប្បន្ន នៅទូទាំងក្រុង មានអគារជាច្រើននៅសល់តែគ្រោងអាគារ សំណងផ្សេងៗ មិនបានបន្តសាងសង់។ ម្ចាស់ដីខ្លះកំពុងសហការជាមួយអាជ្ញាធរ ដើម្បីបញ្ចប់កិច្ចសន្យាចាស់ៗ និងស្វែងរកវិនិយោគិនថ្មី។
ទោះជាយ៉ាងណា ការស្តារឡើងវិញនៅតែយឺត។ ម្ចាស់ដី និងប្រជាពលរដ្ឋខ្លះនិយាយថា វិនិយោគិនថ្មីនៅតិច ដោយសារសេដ្ឋកិច្ចពិភពលោកមិនទៀងទាត់ និងការចាកចេញរបស់វិនិយោគិនចិនបន្ថែម បន្ទាប់ពីការបង្ក្រាបឧក្រិដ្ឋកម្មឆបោក។
ម្ចាស់ដីម្នាក់បាននិយាយថា ពេលនេះភាគច្រើនវិនិយោគិនបានចាកចេញ ហើយអ្នកថ្មីមកមានតិចណាស់។ គ្រួសាររបស់គាត់ធ្លាប់គិតថានឹងបន្តសាងសង់ដោយខ្លួនឯង ប៉ុន្តែខ្វះថវិកា។
ប៉ុន្តែខេមបូចាសង្កេតឃើញថា អគារដែលមិនទាន់បញ្ចប់មួយចំនួន ត្រូវបានប្រើប្រាស់បណ្តោះអាសន្ន ដោយអ្នកលក់ដូរ និងកម្មករមួយចំនួនរស់នៅជាបណ្តោះអាសន្ននៅជាន់ខាងក្រោម ស្របពេលដែលជាន់នៅផ្នែកខាងលើនៅតែទំនេរចោល។
ទាក់ទងទៅនឹងបញ្ហានេះ នៅឆ្នាំ២០២៤ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តវិនិយោគ ដើម្បីជួយស្តារវិស័យនេះឡើងវិញ និងទាក់ទាញវិនិយោគិនថ្មី ហើយក៏បន្តរហូតដល់ឆ្នាំ២០២៧។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឲ្យដឹងថាគិតត្រឹមខែកុម្ភះ ឆ្នាំ២០២៤ គោលនយោបាយនេះ ត្រូវបានអនុម័តសម្រាប់គម្រោងចំនួន ៤៦៧ នៅក្នុងខេត្ត ដែលមានតម្លៃ ៨,១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ២០៩ គម្រោងពាក់ព័ន្ធនឹងសំណង់មិនទាន់បញ្ចប់។ ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើប្រាក់វិនិយោគប៉ុន្មានត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់គម្រោងដែលជាប់គាំងទាំងនោះទេ។
ប៉ុន្តែអ្នកជំនាញអចលនទ្រព្យនិយាយថា លទ្ធផលនៅមានកម្រិត ដោយសារគុណភាពសំណង់មួយចំនួនមិនល្អ ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅចិន និងការខ្វះទំនុកចិត្តពីវិនិយោគិន។
លោក ជា គីមសៀ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Advantage Property Services ថា អគារចាស់ៗជាច្រើនពិបាកបន្តសាងសង់ឡើងវិញ ព្រោះត្រូវចំណាយខ្ពស់។
ក្នុងពេលជាមួយគ្នា ការបង្ក្រាបទីតាំងឆបោក និងកាស៊ីណូខុសច្បាប់ បានធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានប្រែប្រួល ដោយពលរដ្ឋមួយចំនួនធំទទួលផលប្រយោជន៍ដោយប្រយោលតាមរយ: ការងារផ្សេងៗ និងជួលអគារ។
កម្មករសំណង់ខ្លះនិយាយថា ការងារកាន់តែពិបាករក ព្រោះគម្រោងសាងសង់ថយចុះ។
ទោះបីជាយ៉ាងណា គម្រោងធំៗមួយចំនួននៅតែបន្ត ដូចជា គម្រោងរមណីយដ្ឋាន និងអគារពាណិជ្ជកម្មធំៗ ប៉ុន្តែត្រូវការពេលយូរដើម្បីបញ្ចប់។
កត្តាទាំងនេះធ្វើឲ្យគេមើលឃើញថា គម្រោងសំណង់អាគារជាច្រើននៅតែស្ថិតក្រោមស្ថានភាពមិនច្បាស់លាស់ ដោយទាមទារឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយ ក៏ដូចជាផែនការរយ:ពេលវែងបន្ថែមទៀតក្នុងការធានាថាក្រុងមួយនេះនឹងនៅតែជាសក្តានុពលសេដ្ឋកិច្ចតរបស់កម្ពុជា៕


