ប្រជាពលរដ្ឋរស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលបង្កឡើងដោយសារតែយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ។
យុវជនឈ្មោះលៀង អាយុ ២១ ឆ្នាំ ជានិស្សិត រស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ បានលើកឡើងថាបញ្ហាសន្តិសុខមួយចំនួនដែលតែងតែកើតមាននៅក្នុងភូមិដូចជា បញ្ហាគ្រឿងញៀន លួចឆក់ ជាដើម។ យុវជនរូបនេះបានបន្តថា ៖«ពួកគេតែតែងឈ្លោះគ្នាឡូឡា មិនតែប៉ុណ្ណោះ ក្មេងញៀនថ្នាំ បង្កនូវភាពអសន្តិសុខ នាំឲ្យពលរដ្ឋនៅក្នុងភ័យខ្លាច»។
យុវជនលៀង បានសំណូមពរទៅកាន់អាជ្ញាធរឃុំ សុំជួយសម្រួលនូវបញ្ហាទាំងនេះ ដើម្បីជាសុវត្ថិភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ។

ជាការឆ្លើយតប លោក ឯម សុផល ចៅសង្កាត់អូរចារ បានមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក ថា អាជ្ញាធរមិនដែលព្រងើយកន្តើយចំពោះករណីទាំងនេះនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបរាល់ពេលមានបទល្មើស។
លោកចៅសង្កាត់ បានមានប្រសាន៍ថា៖ «ចំពោះបញ្ហានេះ ពីដើមមកអាជ្ញាធរបានសម្រួលមកច្រើនហើយ។ ហើយបញ្ហាគ្រឿងញៀន និងចោរកម្មនេះ គ្រប់ទីកន្លែងគឺតែងតែមានអញ្ចឹងឯង។ កន្លងទៅ អាជ្ញាធរបានបង្រ្កាបគ្រប់ករណីរាល់ពេលមានបណ្តឹង ឲ្យតែមានករណីចោរ គឺតែងបង្ក្រាបបានជានិច្ច»។
លោក ចៅសង្កាត់ បានថ្លែងបន្តទៀតថា មកទល់ពេលនេះ សន្តិសុខក្នុងភូមិ ឃុំគឺបានស្ងប់ស្ងាត់ច្រើនហើយ ។ លោកនិងបន្តអនុវត្ត ដោយរឹតបន្តឹងឲ្យបានខ្ជាប់ខ្ជួនដើម្បីធានានូវសុវត្ថិភាពក្នុងភូមិ និងសង្កាត់។
សព្វថ្ងៃនេះ នៅក្នុងសង្កាត់អូរចារមានប្រជាពលរដ្ឋចំនួន១៨,៤៨៨ នាក់ ក្នុងនោះស្រី៩,៥០៣នាក់៕
អត្ថបទដោយពលរដ្ឋសារព័ត៌មាន រី មុនីបញ្ញា