ប្រជាពលរដ្ឋខ្មែរមានក្ដីសោមនស្សរីករាយ ចំពោះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវបានប្រារព្ធឡើងវិញក្នុងឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីមានការអាក់ខានអស់រយៈពេលបីឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ និងកិច្ចប្រជុំអាស៊ាន ។
ទាំងកីឡាករប្រណាំងទូកង ទាំងអ្នកទស្សនាពិធីបុណ្យ រួមមានព្រះសង្ឃផងនោះ សុទ្ធតែបង្ហាញនូវការអបអរសាទរ ស្វាគមន៍ចំពោះវត្តមានសាជាថ្មីនៃព្រះរាជពិធីបុណ្យអុំទូក ក្រោមហេតុផលប្រហាក់ប្រហែលគ្នា ។ កីឡាករប្រណាំងទូកងខ្លះបង្ហាញនូវមោទកភាព ដោយសារពួកគាត់ទទួលបានជ័យជម្នះក្នុងការប្រកួតនៅថ្ងៃទី១ផង និងដោយសារពួកគាត់មានឱកាសចូលរួមបន្តអភិរក្សវប្បធម៌ជាតិដែលមានអាយុជិត១ពាន់ឆ្នាំនេះផង ។
ចំណែកអ្នកទស្សនាពិធីបុណ្យខ្លះអះអាងថា ការវិលត្រឡប់មកវិញនៃព្រះរាជពិធីបុណ្យអុំទូកបានធ្វើឱ្យពួកគាត់រំភើបក្រៃលែង ។ រំភើប ដ្បិតពួកគាត់ធ្លាប់លួចភ័យថាប្រហែលជាលែងមានពិធីបុណ្យប្រពៃណីជាតិដ៏យូរលង់មួយនេះទៀតហើយ ៕