ការអភិវឌ្ឍប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបង កំពុងដំណើរការល្អប្រសើរ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងរស់នៅ ពុំសូវមានបញ្ហាជនលិច ដោយសារជំនន់ទឹកភ្លៀងដូចកាលពីមុន។
លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូន ខេត្តបាត់ដំបង មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិចំការចេកបាត់ដំបង ថា នៅក្រុងបាត់ដំបងសព្វថ្ងៃនេះ ទទួលបាននូវគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ ចំនួន២ គម្រោង ដែលកំពុងអភិវឌ្ឍន៍នៅផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង។គម្រោងទន្លេសាប២ ដែលជាគម្រោងរបស់ ADB តាមរយៈក្រសួងសាធារណ:ការ ធ្វើនៅស្ថានីយ៍ចម្រោះទឹកស្អាតមួយ ស្ថិតនៅភូមិបាឡាត់ ស្រុកសង្កែ ដែលមានសមត្ថភាព ចម្រោះទឹកស្អាត ៨៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ។ បណ្តាញលូទឹកកខ្វក់ប្រមាណជិត១០០គីឡូម៉ែត្រ ញែកដាច់ពីលូធំ ដែលជាលូស្តុកទឹកភ្លៀង ។
លោកស្រីបានឲ្យដឹងបន្តទៀតថា ជាមួយគ្នានេះដែរ មានស្ថានីយបូមបញ្ជូនធំ២ នៅប៉ែកខាងជើង និងប៉ែកខាងត្បូង និងស្ថានីយ៍រងចំនួន ៤ទៀត ដើម្បីជួយជំរុញ បានតភ្ជាប់ពីផ្ទះប្រជាពលរដ្ធសរុបចំនួន ២៩០ខ្នងផ្ទះ។
ចំណែកឯ លោក សុង ស៊ើង ប្រធានការិយាល័យអនាម័យ បរិស្ថាន នៃសាលាក្រុងបាត់ដំបង បានលើកឡើងដែរថា ក្នុងក្រុងបាត់ដំបង មានស្ថានីយ៍ចម្រោះទឹក២ ដែលស្ថិតនៅខាងកើតស្ទឹង និងខាងលិចស្ទឹង។ ក្រៅពីនោះមានប្រព័ន្ធរំដោះទឹកភ្លៀង នៅខាងកើតស្ទឹង ដែលបានសាងសង់រួចពីឆ្នាំ ២០២០ ដែល កន្លងទៅ ពុំសូវមានបញ្ហាលិចទឹកភ្លៀងទៀតនោះទេ។
យុវជនម្នាក់ជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំការសំរោង បានថ្លែងដោយសូមមិនបញ្ចេញឈ្មោះថា នៅផ្លូវដែលគាត់រស់នៅ គឺពីចំណុចផ្លូវកែងជំរុំ ដល់ផ្សារពោធិ៍វង្ស គឺតែងមានលិចទឹក ជាប្រចាំពេលមានភ្លៀងធ្លាក់ ហើយពេលលិចម្តងៗគឺមានជម្រៅជ្រៅ ដែលនាំអោយមានផលលំបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។
យុវជនដដែលបានលើកឡើងថា លោកស្នើសុំទៅកាន់អាជ្ញាធរ មេត្តាជួយត្រួតពិនិត្យ និងដោះស្រាយ ដើម្បីជាផលប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោកលោក សុង ស៊ើង បានមានប្រសាន៍ថា អាជ្ញាធរមានគម្រោងដាក់លូកាត់មុខមួយខ្សែ ស្របផ្លូវបេតុងពោធិ៍វង្ស ចាក់ទៅអូរពោធិ៍វង្ស តែដោយកន្លងទៅមានការអាក់ខានដោយសារការបោះឆ្នោតឃុំ សង្កាត់ និងមានបញ្ហាមួយចំនួនទៀត គឺប្រជាពលរដ្ឋប្រើប្រាស់ចំណីផ្លូវ នៅពេលដាក់លូនិងមានភាពស្មុគស្មាញ ។
លោកបន្តទៀតថា ៖ «ខ្ញុំសំណូមពរទៅកាន់បងប្អូនពលរដ្ឋ សុំជួយចូលរួមក្នុងការសម្របសម្រួលពីអាជ្ញាធរ ដើម្បីទទួលការអភិវឌ្ឍ និងជាប្រយោជន៍រួម»។
លោកបន្តថា កន្លងទៅអាជ្ញារបានទៅចាត់ចែងកិច្ចការនេះដែរ តែមានភាពចម្រូងចម្រាសច្រើន ដោយសារ មានអ្នកខ្លះចូលរួម ខ្លះក៏មិនចូលរួម ដោយការធ្វើលូបង្ហូរទឹកគឺត្រូវកាយចិញ្ចើមផ្លូវ តែពេលដែលពលរដ្ឋនាំគ្នា ស៊ីចំណីផ្លូវបែបនេះ នាំអោយបង្កផលលំបាក និងរងគ្រោះដោយការលិចទឹក។
គួររំលឹកថា កន្លងទៅ រាជរដ្ឋាភិបាលនិងក្រសួងសាធារណៈការនិងដឹកជញ្ជូន បានធ្វើការស្ថាបនាប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារ ADB AFD និងជំនួយឥតសំណងពីសហគមន៍អឺរ៉ុប(EU) ក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត៣០លានដុល្លា ដើម្បីប្រែក្លាយទីក្រុងបាត់ដំបង ទៅជាទីក្រុងទំនើបជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនិងធម្មជាតិ និងការលើកកម្ពស់សោភ័ណភាពក្រុងផងដែរ៕
អត្ថបទ ពលរដ្ឋសារព័ត៌មាន រី មុនីបញ្ញា