សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរឃុំស្រែខ្វាវ ប្តេជ្ញាលុបបំបាត់អំពើហិង្សាក្នុងគ្រួសារនិងក្នុងសហគមន៍

កញ្ញា ស៊ុន សាក់ស៊ី ជាពលរដ្ឋរស់នៅក្នុង ឃុំស្រែខ្វាវ ចូលរួមក្នុងកម្មវិធីសន្ទាមតិ។
កញ្ញា ស៊ុន សាក់ស៊ី ជាពលរដ្ឋរស់នៅក្នុង ឃុំស្រែខ្វាវ ចូលរួមក្នុងកម្មវិធីសន្ទាមតិ។

អាជ្ញាធរ​ឃុំ​ស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បន្តការយកចិត្តទុកដាក់ដោយ​បង្កើនការ​ផ្សព្វ​ផ្សាយ​អំពី​ អំពើហិង្សាក្នុងសហគមន៍ កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ  ដើម្បី​លុបបំបាត់អំពើហិង្សា​ក្នុង​គ្រួសារ និងសហគមន៍​ និងជួយដល់ជនរងគ្រោះទាន់ពេលវេលា។

កញ្ញា ស៊ុន សាក់ស៊ី ជាពលរដ្ឋរស់នៅក្នុងឃុំស្រែខ្វាវ ស្រុកអង្គរជុំ បានលើកឡើងថា អាជ្ញាធររបស់​ខ្លួន​តែង​តែយកចិត្តទុកដាក់ជានិច្ច ក្នុងការចូលរួមផ្សព្វផ្សាយនិងអន្តរាគមន៍លើករណីអំពើហិង្សាក្នុង​សហគមន៍​ពេលកើតមានឡើង។​ ទោះជាយ៉ាងណា កញ្ញា សាក់ស៊ី ចង់ឲ្យអាជ្ញាធរខិតខំបន្ថែមទៀតក្នុងការទប់ស្កាត់។

កញ្ញា​បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅតែទទូចឱ្យអជ្ញាធរបន្តយកចិត្ត​ទុក​ដាក់​បង្កើនការផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយដល់ប្រជាពលរដ្ឋ»។

លោក លី សារៀន មេឃុំស្រែខ្វាវ បានថ្លែង​ថា ក្នុងឃុំរបស់លោកផ្ទាល់បញ្ហាអំពើហិង្សាក្នុង​គ្រួសារមាន​ការកាត់បន្ថយច្រើនគួរឲ្យកត់សម្គាល់។ ហើយអាជ្ញាធរពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយ និងអន្តរាគមន៍​ជាប់​ជានិច្ចទាក់ទងនិងករណីអំពើហិង្សាក្នុងគ្រួសារដែលកើតមានឡើងក្នុងនៅមូលដ្ឋាន។

លោកបន្ត​ថា៖ «អាជ្ញាធរនៅតែបន្តមានវិធានការ ផ្សព្វផ្សាយ អប់រំណែនាំ ដើម្បីឱ្យប្រជាពលរដ្ឋ​កាន់តែយល់ដឹង​បានច្រើនជាងនេះទៀត ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឲ្យ​មាន​ប្រសិទ្ធិភាព»។

លោកបានថ្លែង​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍​ទៅដល់​ជន​រង​គ្រោះដោយ អំពើហិង្សាក្នុងគ្រួសារ និងអប់រំផ្លូវច្បាប់ទៅដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​សារ​តែស្រី្តជាជនរងគ្រោះភាគច្រើននៅពុំទាន់យល់ដឹងអំពីផ្លូវច្បាប់បានទូលំទូលាយនៅឡើយ ដែលជា​ហេតុ​ធ្វើឲ្យជនរងគ្រោះបន្តរួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សាជាបន្តទៀត។

លោកបន្ថែមថា៖ «ដូច្នេះ​ការទប់ស្កាត់អំពើហិង្សាឲ្យមានប្រសិទ្ធិភាពលុះណាតែមានការចូលរួមទាំង​អស់​គ្នាទាំងពលរដ្ឋនិងអាជ្ញាធរ»

79 views

ព័ត៌មានទាក់ទង