សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្ត ស្រុកទាំង៤ នៃខេត្តបាត់ដំបង ដែលជាប់បឹងទន្លេសាប បានចំនួន ១៩លើក និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
លោក ប៊ុន ឡេង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងតាមការលើកឡើង ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិចំការចេក ខេត្តបាត់ដំបង ថា សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកមោងឬស្សី និងស្រុកថ្មគោល។ លោកថា ការបង្រ្កាបបទលើ្មសនេសាទនេះមានផលលំបាកជាច្រើន ដោយពេលខ្លះជួនព្យុះភ្លៀង កណ្តាលទន្លេ ហើយមានការលាក់ទុកនូវឧបករណ៍ខុសពីច្បាប់កំណត់ក្នុងព្រៃ ហើយពិបាកចាប់។
លោកបានថ្លែងឲ្យដឹងបន្តទៀតថា៖ «ខ្លះណា ដោយសារការធ្វើដំណើរផ្លូវទឹកមានរយៈចម្ងាយឆ្ងាយ ទម្រាំកម្លាំងសមត្ថកិច្ចចុះទៅដល់ ពួកគាត់ដឹងមុន រើឧបករណ៍ខុសច្បាប់ចេញ។ ទោះយ៉ាងណាក្តី ក្រុមកម្លាំងសមត្ថកិច្ចតែងចុះពិនិត្យ គ្រប់ពេលវេលា តាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ ចុះអនុវត្ត បង្ការបង្រ្កាប ដកហូត មានការណែនាំអប់រំ ជាដើម»។
លោកបន្តថា បច្ចុប្បន្ននេះមានការចាត់កម្លាំងជំនាញពីស្នងការនគរបាលខេត្ត ទៅប្រចាំការនៅ ភូមិសាស្រ្តមូលដ្ឋាន ដែលប្រព្រឹត្តបទល្មើសនេះ ដោយសហការជាមួយសហគមន៍នេសាទ ដើម្បីចុះសកម្មភាពជាប្រចាំ ។ លោកបន្ថែមទៀតថា ៖ «ខ្ញុំសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានលាក់ទុកនូវឧបករណ៍នេសាទខុសច្បាប់ សុំមេត្តាប្រគល់ជូនសមត្ថកិច្ចនិងបញ្ឈប់រាល់ សកម្មភាពនេសាទ ឬប្រើប្រាស់ឧបករណ៍ ខុសពីការកំណត់របស់ច្បាប់ជលផល ដោយគិតពីប្រយោជន៍រួម ជាជាងផលចំណេញប្រយោជន៍ខ្លួនឯង»។
គួរបញ្ជាក់ថា ត្រឹមខែសីហានេះ សមត្ថកិច្ច បង្រ្កាបបទល្មើសនេសាទបានសរុប ១៩លើក សាច់ម៉ង៣០៦៦០ម៉ែត្រ ឡុកចំនួន១១៥ក្បាល លូ៣១មាត់ បង្គោល១៥៧៣០ដើម អួន៨២០០ម៉ែត្រ អ៊ុយ១៨មាត់ និងលែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ៥១២គីឡូក្រាម ព្រមទាំងប្រមូលឧបករណ៍នេសាទខុសច្បាប់ពីប្រជាពលរដ្ឋយកមកប្រគល់ជូនមានដូចជា សាច់ម៉ង ១៧៧១០ ម៉ែត្រ ប ៦ក្បាល អាំងវ៊ិចទ័រ ៤៣១គ្រឿង ដងឆក់ ១៣គូ ឆក់កណ្តុរ ០១គ្រឿង ស្បៃអ៊ុយ៨វង់ និងតាលូទូ០៥វង់ ដែលប្រជាពលរដ្ឋមានមកពីស្រុកឯកភ្នំ ស្រុកមោងឬស្សី និង ស្រុកសង្កែ ។
ដោយពលរដ្ឋសារព័ត៌មាន រី មុនីបញ្ញា