សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ព្រះសង្ឃ ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន និង​មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់អង្គ/នាក់ បានចូលរួមពិធីដង្ហែព្រះបរមសពសម្ដេច​អគ្គមហា​សង្ឃ​រាជាធិបតី ទេព វង្ស នៅព្រឹក​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ទៅ​តម្កល់បូជានា​សួន​មុខវត្តបទុមវតី រាជធានីភ្នំពេញ បន្ទាប់ពីពិធី​​​តម្កល់អស់​​​រយ:ពេល​១០០ថ្ងៃ ​ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​បាន​ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធព្រះអង្គ នា​វត្តឧណ្ណាលោម ។

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលព្រះទិវង្គតក្នុងព្រះជន្ម៩៣ព្រះវស្សា នៅវេលាម៉ោង​១៧ និង៤០នាទី ល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ បន្ទាប់​ពី​ព្រះអង្គ​​បានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ តាំងពីពាក់​កណ្ដាល​ ឆ្នាំ២០២៣​មក ។

សម្ដេចអគ្គសង្ឃរាជ ទេព វង្ស ប្រសូតនៅឆ្នាំ១៩៣២ ។ ព្រះអង្គបានបួសជាសាមណេរ​ក្នុង​ជន្មាយុ១៦វស្សា នៅវត្តរាជបូព៌ ក្នុងខេត្តសៀមរាប ។ តាមព្រះជីវប្រវត្តិ ព្រះអង្គ​ត្រូវ​បាន​តែង​តាំង​​ជា​គ្រូសូត្រស្តាំ​នៅ​វត្ត​រាជ​បូព៌ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ១៩៥៧ ។

នៅ​ឆ្នាំ១៩៧៥ ក៏​ជាពេលវេលាដែលកម្ពុជាបានធ្លាក់ចូលក្នុងរបប​ប្រល័យពូជសាសន៍​ខ្មែរក្រហម កំឡុងពេលនោះ សម្ដេច ទេព វង្ស ក៏ត្រូវបានរបបនេះបង្ខំឱ្យសឹក និង​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើការធ្ងន់ដូចប្រជាជនខ្មែរដទៃទៀតដែរ ។

ព្រះអង្គ​ទទួល​ឧបសម្បទាជាភិក្ខុ​ជាថ្មីនៅឆ្នាំ១៩៧៩ និងត្រូវតែងតាំងជាព្រះប្រធាន​សង្ឃ​កម្ពុជា ជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​ព្រះ​វិន័យធរក្នុងប្រទេស ក្រោយសម័យខ្មែរក្រហម ។ ព្រះអង្គត្រូវបាន​ថ្វាយ​ងារ​ជាព្រះមហា​សុមេធាធិបតី និង​ជា​សង្ឃនាយកនៅឆ្នាំ១៩៩១ ។

នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី សព្វព្រះរាជហរទ័យតែងតាំងសម្ដេច ទេព វង្ស​ ជាសម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហា​សង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និងព្រះ​រាជានុញ្ញាតឱ្យប្រើ​ប្រាស់​​រាជ​ស័ព្ទ និង​ផ្លិត​យស​ពិសេស ៕

43 views