ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ត្រើយកោះ ស្រុកទឹកឈូ ខេត្តកំពត ទទូចសុំដល់ចៅសង្កាត់ឲ្យជួយជួសជុលផ្លូវមួយខ្សែឡើងវិញ ដោយសារផ្លូវមានសភាពទ្រុឌទ្រោម ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរទាំងរដូវប្រាំងនិងរដូវវស្សា។
ប្រជាពលរដ្ឋដែលសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ផ្លូវនៅភូមិនេះមានសភាពខូចខាតខ្លាំង ទាំងរដូវវស្សានិងរដូវប្រាំង។ នៅក្នុងរដូវប្រាំង មានជង្ហុកធំៗរលាក់ ចំណែកខែវស្សាបើធ្វើដំណើរដោយរថយន្តឬម៉ូតូមានការស្អិតជាប់ រឺជាប់ផុង និងមានភក់ជ្រាំ។
ក្រុមពលរដ្ឋបានបន្តឲ្យដឹងទៀតថា ៖«ក្រុមពួកយើងខ្ញុំធ្លាប់មានការទទូចសុំដល់ចៅសង្កាត់ជាច្រើនលើកច្រើនសារមកហើយ អំពីការឲ្យជួយជួសជុលផ្លូវឡើងវិញ។ ហើយកន្លងមកមានការជួសជុលជាបន្តបន្ទាប់ដែរប៉ុន្តែមិនមានលក្ខណៈយូរអង្វែងទេ»។
ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោក ពៅ សុន ចៅសង្កាត់ត្រើយកោះបានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករា ថា កន្លងមកមានការជួសជុលដោយទទួលបានជំនួយពីសប្បុរសជន ប្រជាជនមួយចំនួនហើយត្រូវបានផ្តល់ទៅកាន់ផ្លូវណាដែលមានអទិភាពជាង។ ផ្លូវមិនសូវមានអទិភាពមិនទាន់ជួសជុលនៅឡើយទេ ដោយយោងតាមថវិកាដែលមានស្តួចស្តើងប្រចាំឆ្នាំ។
លោកបានថ្លែងឲ្យដឹងទៀតថា ៖«តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឱ្យមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនិងសប្បុរសជនទាំងអស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិឡើងវិញផងដែរ»។
លោកចៅសង្កាត់លោក ពៅ សុន បានថ្លែងថា លោក បានដាក់ចេញផែនការថ្មីក្នុងការកែលម្អផ្លូវ ចាក់បេតុង ដោយមិនត្រូវការគ្រោះក្រហម ឬដីសទៀតទេ។ លោកថានៅក្នុងឆ្នាំ២០២០លោកធ្វើបានដូចជា សមិទ្ធិផលផ្លូវបេតុងថ្មី១០០០ម៉ែត្រ និងធ្វើបន្ថែមទៀតបាន២៩២ម៉ែត្រ។ សង្កាត់បានកំពុងបន្តធ្វើបន្ថែមនិងសម្រេចបានសមិទ្ធិផលថ្មីទៀត។