សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាល​ម្នាក់​ត្រូវ​ចាប់​ខ្លួន ក្រោយពី​បាញ់យុវជនម្នាក់ឲ្យ​រងរបួស

យុវជន នាង មករា ទើបបានធូរស្បើយពីរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីនគរបាល​ម្នាក់​បាញ់​ឲ្យ​របួស​នៅខេត្ត​បន្ទាយ​មានជ័យ​កាលពីថ្ងៃទី២៧ ខែសីហា។ (អាដហុក)

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​មន្ត្រី​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​កាលពីថ្ងៃទី​៣១ ខែសីហា បន្ទាប់ពី​មន្ត្រី​រូប​នេះបាន​បាញ់​​យុវជនវ័យ​ ២១ឆ្នាំម្នាក់​ ​ឲ្យ​រង​របួស​ពេល​កំពុង​ដើរល្បាត ដោយ​​​ការ​ផ្ទុះ​អាវុធនេះសមត្ថកិច្ច​ថា ​កើតឡើងដោយ​អចេតនា។​

ក្រុមគ្រួសារ​​យុវជន​រងរបួស​ នាង មករា បាន​ដាក់ពាក្យ​បណ្ដឹងទៅ​តុលាការ​ខេត្ត​ ដោយ​ប្ដឹង​​នាយរង​ប៉ុស្តិ៍​នរដ្ឋបាល​សង្កាត់​និមិត្ត លោក ឬទ្ធី ពិសិទ្ធ ​​កាលពីថ្ងៃទី​៣១ ខែ​សីហា ដោយ​ចោទពី​បទ ​មនុស្ស​ឃាតដោយចេតនា និង​ប្រើប្រាស់អាវុធដោយខុសច្បាប់។​

បើ​តាម​ក្រុម​គ្រួសារជនរងគ្រោះ យុវជន​ មករា ត្រូវ​បាញ់​​ចំពីក្រោយ​ខ្នង​​នៅ​យប់​ថ្ងៃទី២៧ ខែសីហា ពេលបត់ម៉ូតូ​ត្រឡប់​មកផ្ទះ​វិញ បន្ទាប់ពី​បាន​ជជែកគ្នា​ជាមួយ​នគរបាលបន្តិច ដែល​បានឃាត់​ម៉ូតូមិត្ត​របស់​ខ្លួន។ ​​ទោះយ៉ាងណា សមត្ថកិច្ច​ថា​ការ​ផ្ទុះអាវុធនេះជា​រឿង​អចេតនា​ ដោយ​ថា​ ពិសិដ្ឋ បាន​ដក​កាំភ្លើង​ក្នុង​បំណង​ការពារ​ខ្លួន​ ពេល​ដែល​ មករា ​រកវាយ​មក​លើ​សមត្ថកិច្ច។​

អ្នកនាំពាក្យតុលាការ​ខេត្ត​បន្ទាយ​មានជ័យ លោក តេង សាម៉ៃ មាន​ប្រសាសន៍ថា​ លោក ពិសិដ្ឋ​ កំពុង​នៅស្នងការ​ដ្ឋាននគរបាលខេត្ត​នៅឡើង បន្ទាប់ពី​តុលាការបានសាកសួរ​បាន​ខ្លះ ដោយ​សារ​ខ្វះឯកសារ។

លោក សាម៉ៃ  មានប្រសាសន៍ថា៖ «គាត់ត្រូវបានបញ្ជូន​មក​តុលាការ ប៉ុន្តែ​ព្រះរាជអាជ្ញាសម្រេច​បញ្ជូន​ទៅ​ឲ្យ​​នគរបាល​វិញ ព្រោះនៅ​ខ្វះឯកសារ​មួយ​ចំនួន»។  លោកបន្ថែមថា ជនសង្ស័យ​នឹង​ត្រូវសាកសួរ​បន្ថែមទៀត​នៅថ្ងៃទី១ ខែកញ្ញា។​

ឪពុកជនរងគ្រោះ លោក នង វល្លិ៍ វ័​យ​៤៩ ឆ្នាំ បាន​និយាយ​ថា​លោក​បាន​ដាក់ពាក្យបណ្ដឹង​ទៅ​តុលាការ​ ក្រោយពី​នគរបាល​ប៉ុស្តិ៍​មិន​អើពើ​ចំពោះ​បណ្ដឹង​របស់​លោក​ប្ដឹង​ឲ្យមានវិធានការផ្លូវ​ច្បាប់​លើ​ជនជសង្ស័យ ឈ្មោះ ពិសិដ្ឋ។ លោក​ថា​កូន​ប្រុស​របស់​លោក​កំពុង​មានរបួស​ធ្ងន់ ដោយ​ថា​គ្រាប់​កាំភ្លើង​បាន​ទម្លុះពីក្រោយក្រោមស្លាបប្រចៀវខាងឆ្វេង ធ្លាយទៅក្រោមក្លៀកខាងស្តាំ។​

លោក បន្ថែមថា៖ «ខ្ញុំ​បាន​ដាក់​ពាក់​បណ្ដឹង​នៅ​ប៉ុស្ដិ៍ កាលពីថ្ងៃសុក្រ ទី២៨ ប៉ុន្តែ​មន្ត្រីនគរបាល​ប៉ុស្ដិ៍​អត់ចាត់ការអីទេ ទើប​​នៅ​ថ្ងៃនេះ​ខ្ញុំសម្រេច​ចិត្ត​មក​ដាក់​ពាក្យ​បណ្ដឹង​នៅតុលាការ»។​

លោក​បន្ថែមថា៖ «កូន​របស់​ខ្ញុំ​ត្រូវ​គេបាញ់ចំក្រោយក្រោមស្លាបប្រចៀវខាងឆ្វេង ធ្លាយទៅក្រោមក្លៀកខាងស្តាំ»។ លោក​បន្តថា ពេលនេះ​កូន​របស់​លោក​កំពុង​បន្ត​សម្រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មង្គលបុរី។​

បើ​តាម​លោក វល្លិ៍ កូន​ប្រុស​របស់​លោក​បាន​និយាយ​ជាមួយ​នគរបាលថា៖​ «បើសិនជា​គ្មាន​អ្វីទេ ខ្ញុំ​ត្រឡប់ទៅ​ផ្ទះវិញ​ហើយ»។ នៅពេលដែលកូនរបស់លោកកំពុង​បត់ម៉ូតូមកផ្ទះ ​មន្ត្រីនគរបាល​ឈ្មោះ ពិសិដ្ឋ​ ក៏ដកកាំភ្លើង និង​បាញ់កូន​របស់​លោកពី​ក្រោយ​ខ្នង។​

លោក​​ វល្លិ៍ និយាយថា៖ «នេះជា​អំពើឃោរឃៅបំផុត ដោយមានចេតនាសម្លាប់មនុស្ស​តែម្ដង»។​

លោក ចោទជាសំណួរថា៖ «គ្មានជម្លោះអីនឹងគ្នា​ផង​ ហេតុអ្វី​នគរបាល​បាញ់​ពល​រដ្ឋគ្មានអាវុធ​ក្នុង​ដៃ​?»។​

បើតាមពាក្យ​បណ្ដឹង​ដែលខេមបូចា​ទទួល​បាន បញ្ជាក់ថា​កាលពីថ្ងៃទី២៧ ម៉ោង​ប្រហែល​១០ និង​៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូ​ ជាមួយ​មិត្ត​ភក្ដិ​ផ្សេង​ទៀត​ត្រឡប់​មកផ្ទះវិញ បន្ទាប់ពី​បាន​លេង​ហ្គេម Top G ហ្គេមលើទូរសព្ទនៅ​ក្នុង​ភូមិនិមិត្ត១ សង្កាត់និមិត្ត។ ពេលនោះ​ មករា បានឃើញ​នគរបាល​ឃាត់​ម៉ូតូ​ភក្ដិ​របស់​ខ្លួនត្រូវបានបញ្ជាឲ្យឈប់ដើម្បីពិនិត្យ​។

​មករា រៀបរាប់ក្នុងពាក្យ​បណ្ដឹង៖ « ពេលនោះ ខ្ញុំ​បាន​ត្រឡប់​ម៉ូតូមក​ក្រោយ និង​បាន​សួរប៉ូលិស​ថា​មាន​រឿង​អី។ ប៉ូលិសថា​ ហ្អែងខ្លាំងអី? បើ​ចង់​ខ្លាំង​ចុះមក»

មករា បានរៀបរាប់​បន្ថែមក្នុង​ពាក្យ​បណ្ដឹងថា៖ ​« ពេល​នោះ​ខ្ញុំអត់បា​នតបអីច្រើនទេ គ្រាន់​ថា​បើអត់មានអី​ ខ្ញុំ​ទៅ​ផ្ទះហើយ។ ពេលខ្ញុំ​បត់ម៉ូតូត្រឡប់មកផ្ទះ ប៉ូលិស​ក៏​មកពីក្រោយ​ខ្ញុំ និងបាន​ដកកាំភ្លើងបាញ់មកលើខ្ញុំ»

នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់និមិត្ត លោក ម៉ា រិន បញ្ជាក់ថា​ លោក ឬទ្ធី ពិសិដ្ឋ ពិតជាត្រូវ​ចាប់ខ្លួន​កាលពីព្រឹក​ថ្ងៃទី៣១ ខែសីហា និងនាំទៅ​សួរ​ចម្លើយ​នៅ​អធិការដ្ឋាននគរបាលក្រុង​ប៉ោយ​ប៉ែត។

លោក ម៉ា រិន មានប្រសាសន៍ថា៖ «​គាត់ត្រូវ​ចាប់​ខ្លួន​នៅថ្ងៃនេះ ជាប់សង្ស័យ​រឿង​បាញ់​ជនរងគ្រោះ​»។ ទោះយ៉ាងណា​ពេល​សួរនាំបន្ថែម លោក​ប្រាប់ឲ្យសាកសួរ​ថ្នាក់​លើ​របស់​លោក គឺ​លោក​អធិការក្រុង​ប៉ោយប៉ែត ធិន ស៊ិនដេត។

លោក ម៉ា រិន​ បានបន្ថែមថា លោក ពិសិដ្ឋ​ទើប​ត្រូវ​បាន​តែងតាំងជានាយរងប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​កាលពីពេលថ្មីៗនេះ​ប៉ុណ្ណោះ។

ទោះ​យ៉ាងណា លោក ស៊ិនដេត បាន​និយាយការពារ​មន្ត្រីក្រោម​បង្គាប់ថា លោក​ពិសិដ្ឋ គ្មានចេតនា​បាញ់ជនរងគ្រោះនោះទេ ដោយថា «លោក​ពិសិដ្ឋ​ផ្ទុះអាវុធ​ដោយអចេតនា​»។ លោក​បន្ថែមថា លោក​ពិសិដ្ឋ​កំពុង​ត្រូវ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​សាកសួរ​នៅ​ស្នកងការខេត្ត។​

លោក ស៊ិនដេត មានប្រសាសន៍ថា៖  «​គាត់មានការធ្វេសប្រហែស​ក្នុង​ការប្រើប្រាសអាវុធរបស់គាត់ ប៉ុន្តែគាត់គ្មានចេតនាធ្វើឲ្យជងរងគ្រោះរបួសទេ»

 លោក​បន្ថែមថា៖ «គាត់មានការធ្វេសប្រហែស ប៉ុន្តែសមត្ថភាពប្រើប្រាស់អាវុធនៅ​មានកម្រិត»។

បើ​តាម​លោក​ ស៊ិនដេត ជនរងគ្រោះគឺជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន និងជា​ក្មេង​​ទំ​នើង ​ផង។

លោកថា៖«មន្រ្តីនគរបាលសង្កាត់របស់យើង​ធ្លាប់​ហៅ​គាត់(ជនរងគ្រោះ)​​មក​អប់រំម្ដងហើយកាល​លើកមុន​ ហើយ​គាត់​ក៏ជា​មុខសញ្ញាដែល​យើង​ត្រូវឃ្លាំមើលដែរ»។​

លោក ស៊ិនដេត មាន​ប្រសាសន៍​ថា​ នៅយប់​ថ្ងៃទី​២៧ ខែសីហា សមត្ថកិច្ចមូល​ដ្ឋាន​បាន​ជិះម៉ូតូ​ល្បាត​ដូច​ធម្មតា និង​បាន​ដកហូត​ដាវចំនួនពី​រ​ដើម​ពីយុវជន​មួយ​ក្រុម​មុន​បានជួប​ជាមួយ​ជនរងគ្រោះ។ លោក​បន្តថា សមត្ថកិច្ច​បាន​ហៅ​ លោក មករា ដើម្បីត្រួតពិនិត្យ ប៉ុន្តែ​លោក​បាន​បដិសេធ និង​បាន​ហៅ​គ្នីគ្នា​ចំនួន​ពី​រនាក់ទៀត​ដែល ​លោក​ពិសិដ្ឋ ​កំពុង​ឃាត់ឲ្យ​ឈប់។​​

លោក​បន្តថា៖ «​ពេល​ហ្នឹង​ ភាគីជនរងគ្រោះរកវាយសមត្ថកិច្ច ដូចនេះទើប​មន្ត្រី​យើងទាញកាំភ្លើង​ដើម្បីបំភ័យពួកគេ ហើយ​ក៏បាន​ផ្ទុះ​អាវុធ ត្រូវជនរងគ្រោះពីក្រោយ​ខ្នង»។​

ស្នងការរង​ខេត្ត​បន្ទាយ​មានជ័យ លោក សិទ្ធ ឡោះ ឲ្យ​ដឹងថាលោក ពិសិដ្ឋ ត្រូវ​បញ្ជូន​ទៅ​តុលាការ​តាម​នីវិធីច្បាប់ពាក់ព័ន្ធនឹង​ការ​ធ្វេស​ប្រហែស​ក្នុងតួនាទី។

លោក សិទ្ធ ឡោះ មាន​ប្រសាសន៍ថា៖ «យើង​បាន​អញ្ជើញគាត់​មក​សួរនាំ និង​បាន​រកឃើញថា​គាត់​បាន​បាញ់កាំភ្លើង ធ្វើ​ឲ្យ​មាន​មនុស្ស​របួស តែមិន​មានគ្រោះថ្នាក់​ដល់ជីវិតទេ»

លោក​បញ្ជាក់បន្ថែមថា​៖ «គាត់​ធ្វេស​ប្រហែស​ធ្វើឲ្យផ្ទុះ​​អាវុធ តែគាត់​គ្មានចេតនា​បាញ់ជនរងគ្រោះទេ»។ លោក​ថា មន្ត្រីនគរបាល​ក្នុង​ខេត្ត​បន្ទាយមានជ័យ​គឺ បាន​ទទួល​ការ​ហ្វឹកហាត់ប្រើប្រាស់អាវុធពីស្នងការខេត្ត។​

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់​ខ្ពស់​របស់សមាគមអាដហុក បាន​ថ្កោល​ទោស​ចំពោះ​សមត្ថកិច្ច​ដែល​បានបាញ់ជនស៊ីវិលឲ្យ​របួស។

លោក​ សែនករុណា មាន​ប្រសាសន៍ថា៖ «វាគឺជាការរំលោភសិទ្ធិមនុស្ស ជាពិសេស​គឺសិទ្ធិ​រស់រាន​មាន​ជីវិត ដែលគាំពារ​ដោយ​ច្បាប់ជាតិ និង​អន្តរជាតិ»។​

លោក​បាន​អំពាវនាវឲ្យ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ​ និងក្រម​​សីលធម៌ពេល​បំពេញការងារ កុំ​ប្រើអំណាចហួសព្រំដែននៃច្បាប់។​

លោក សែនករុណា ថា​សមាគមអាដហុក បាន​ស៊ើបអង្កេត​ករណីនេះ និង​បាន​រកឃើញថា​នគរបាល​រូប​នោះ​មិនមែន​ផ្ទុះអាវុធដោយអចេតនា​នោះទេ ហើយក៏មិន​មែន​ប្រើក្នុង​ន័យ​ការពារ​ខ្លួន​ដែរ ពេល​គាត់​បាញ់​យុវជន​នោះ។

លោក​បន្ថែមថា៖ «ការបាញ់ជនរងគ្រោះ ​មិន​មែនជាការការពារ​ខ្លួន​នោះទេ គាត់បាញ់​ទៅ​តាម​អារម្មណ៍របស់ខ្លួន​»

លោក សែនករុណា មិនឯក​ភាព​នឹង​មន្ត្រី​នគរបាល​ដែលថា ​លោក​ពិសិដ្ឋ ធ្វើឲ្យ​ផ្ទុះអាវុធ «ដោយ​អចេត​នា» នោះទេ​ ដោយ​លោក​ថា​គ្រាប់​កាំភ្លើង​ដែល​បាញ់ចេញ​ដោយ​អចេតនា​គួរតែ​ទៅ​ត្រូវ​របស់​ផ្សេង​ច្រើន​ជាង។

លោក​ សែនករុណាលើកឡើងថា៖ « យើង​មិន​ចង់​ឃើញ​បញ្ហា​កើតឡើងដដែលៗ ​ពីព្រោះតែ​អ្នកទាំងនោះ​ការពារ​គ្នា។ យើង​ចង់បានការពិត»។  លោក​បន្ថែមទៀតថា​បើ​ករណីនេះ​ត្រូវ​គេ​ធ្វើ​ឲ្យ​ក្លាយជា​និទណ្ឌភាព នោះ​នឹង​អាច​មាន​ករណីស្រដៀងៗគ្នា​​កើត​ឡើង​បន្តទៀត៕

84 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម