សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង ខណៈសេចក្តីសម្រេចដកផ្នែកខ្លះនៃ EBA ចូលជាធរមាន

កម្មករកាត់ដេរចាកចេញពីរោងចក្រមួយនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ២៨ ខែកក្កដា។ រូបភាព៖ បញ្ញា ឆព័ណ្ណ

សេចក្តីសម្រេច​របស់គណៈកម្មការអឺរ៉ុប​ក្នុង​ការ​ដកផ្នែកខ្លះ​នៃ​ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ «អ្វីៗគ្រប់​យ៉ាង​លើក​លែង​អាវុធ​»​ ហៅកាត់ថា EBA សម្រាប់​ទំនិញ​ចូល​ទៅកាន់​ទីផ្សា​រ សហភាពអឺរ៉ុ​ប​​ (​EU) នោះ​ បាន​ចូលជា​ធរមាន​នៅថ្ងៃទី​១២​ ខែសីហា​ ដោយ​នៅ​ពេល​នេះ​ ​​ផលិតផល​កាត់ដេរ ផលិតផល​ស្បែក​ជើង និង​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រមាណ​ជា ២០ភាគរយ​​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ។

សេចក្តីសម្រេចនេះ​បាន​កើត​មាន​ បន្ទាប់ពី​សហភាពអឺរ៉ុប​បានប្រកាសឲ្យដឹងកាលពីខែកុម្ភៈ​ថា ខ្លួន​បាន​បញ្ចប់​ការអង្កេតពេញមួយឆ្នាំ​របស់ខ្លួន​ហើយបាន​រកឃើញ​ថា ប្រទេសកម្ពុជា​មិនទាន់​បាន​ធ្វើ​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ ”​​កង្វល់​ទាក់ទិននឹង​បញ្ហារំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធនិង​ធ្ងន់ធ្ងរ​”​ ក្នុងប្រទេសនេះនៅឡើយ​ទេ។

សេចក្តីថ្លែងការណ៍នេះបាន​ឲ្យដឹងថា៖ «​សហភាពអឺរ៉ុប​ចាប់ផ្តើម​អនុវត្តវិធានការណ៍នេះ ស្របពេលនៅ​រក្សាទំនាក់ទំនង​ជាមួយ​កម្ពុជា​ជុំវិញ​កំណែទម្រង់ចាំបាច់​នានា»។

លោក ហ្វីល ហូហ្គែន (Phil Hogan )​ ជា​ស្នងការសហភាពអឺរ៉ុប​ទទួល​បន្ទុកផ្នែកពាណិជ្ជកម្មបាន​លើកឡើង​នៅក្នុងសេចក្តី​ថ្លែងការណ៍នេះ​ថា សហភាពអឺរ៉ុប​បាន​ជួយ​ប្រ​ទេស​កម្ពុជាអភិវឌ្ឍ​ឧស្សាហកម្មកាត់ដេរជាឧស្សាហកម្មនាំចេញ​និង​បន្តចាំជួយ​​​ប្រ​ទេសនេះ ខណៈវិស័យកាត់ដេរកំពុង​ជួប​ការលំបាក​ដោយ​សារ​ការធ្លាក់ចុះសេដ្ឋកិច្ច​បណ្តាល​មក​ពី​​វិបត្តិវីរ៉ុស​កូវីដ-១៩។ 

លោក​បាន​លើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «​ទោះបីជា​យ៉ាងណា ការបន្តគាំទ្រ​របស់​យើង​មិន​បន្ធូរបន្ថយ​តម្រូវ​ការបន្ទាន់ឲ្យ​ប្រទេសកម្ពុជា​គោរព​សិទ្ធិ​​មនុស្ស​និង​សិទ្ធិ​ការ​ងារនោះទេ»។

លោក បានបន្ថែមថា៖ «​ខ្ញុំត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បន្ត​ទំនាក់ទំនង​របស់​យើង​និង​​ផ្តល់សិទ្ធិ​នាំចូល​ដោយរួចពន្ធ​ពេញលេញទៅកាន់ទីផ្សារអឺរ៉ុប​សម្រាប់​ផលិត​ផល​ពីប្រទេស​កម្ពុជាឡើងវិញ​​ ប្រសិនបើយើង​មើល​ឃើញ​នូវ​ភាព​រីកចម្រើន​ច្រើនលើ​បញ្ហា​នេះ»។

សេចក្តី​ថ្លែ​ងការណ៍របស់សហភាពអឺរ៉ុប​លើកឡើងថា៖ «សហភាពអឺរ៉ុប​នឹង​បន្ត​ឃ្លាំមើល​ស្ថានភាព​ក្នុងប្រទេសនេះ ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់ជា​សំ​ខាន់​​លើការរឹតត្បិត​​លើ​សេរីភាពនៃការ​បញ្ចេញ​មតិ​និង​សិទ្ធិ​នយោ​បា​យនាពេលបច្ចុប្បន្ន​ ព្រមទាំង​ជម្លោះដីធ្លីនិង​សិទ្ធិ​ការងារក្នុង​បរិបទ​នៃកំណែទម្រង់​ដែល​កំពុង​បន្តនេះ​»។​ 

លោក កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​កាបរទេស​ នៃប្រទេសកម្ពុជា បាន​លើកឡើងនៅក្នុងសារតាម​​តេឡេក្រាម​ថា ជំហររបស់​ក្រសួង​កាបរទេសមិនផ្លាស់ប្តូរទេ​ ចាប់តាំង​ពី​សហភាព​អឺរ៉ុប​ ប្រកាស​ឲ្យ​ដឹងពីសេចក្តីសម្រេចរបស់​ខ្លួន​កាល​ពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ​។

លោក កុយ គួង បាន​មាន​ប្រសាសន៍ថា៖ «​កន្លងមក យើង​បាន​ធ្វើការងារ​ដើម្បី​កែលម្អ​និង​លើកស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំង​សិទ្ធិការ​ងារ ក្នុងឋានៈ​ជា​រដ្ឋឯករាជ្យនិង​មានអធិបតេយ្យ​ភាព»។

លោក​បាន​បន្ថែមថា ការ​ដកផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនប៉ះពាល់ដល់ទំនាក់ទំនង​កម្ពុជានិង​សហភាពអឺរ៉ុប​ទេ​ ហើយ​សហប្រតិបត្តិការទ្វេ​ភាគី​​នឹងបន្តដដែល។

លោក កុយ គួង បានមាន​ប្រសាសន៍ថា៖ «​បើទោះបីជា​មាន​ការ​សម្រេចទាក់ទិន​នឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ក៏រាជរដ្ឋាភិបាល​កម្ពុជា​នៅតែប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការ​បន្ត​លើកស្ទួយ​និង​កែលម្អស្ថានភាពសិទ្ធិមនុស្ស​ សិទ្ធិការងារនិង​​លទ្ធិប្រជាធិបតេយ្យ​ក្នុងក្របខណ្ឌនៃរដ្ឋមានអធិបតេយ្យភាពនិងឯក​រាជ្យពេញលេញ»។

ចំណុចមួយចំនួន​ដែល​សហភាពអឺរ៉ុប​ចង់ឃើញ​ការរីកចម្រើន​រួម​មាន​ការ​ស្តា​សេរីភាពនយោបាយ​ បង្កើតលក្ខខណ្ឌចាំ​បាច់ឡើងវិញសម្រាប់បក្សនយោ​បាយ​ប្រឆាំង ​ដែលអាចជឿទុកចិត្ត​បាន​និង​ធ្វើវិសោធនកម្មច្បាប់​ដ៏ចម្រូង​ចម្រាស់ដូចជា​ច្បាប់​ស្តីពីអង្គការមិនមែនរដ្ឋាភិបាលជា​ដើម។

សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​​លើកឡើង​​ថា៖ «​ប្រសិនបើ​​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់ ​ជា​ពិសេស​ជុំវិញ​បញ្ហា​សិទ្ធិ​នយោ​បាយ​និង​សិទ្ធិ​ស៊ីវិល​ គណៈ​កម្មការអឺរ៉ុប​អាចនឹង​ពិនិត្យមើល​សេចក្តីសម្រេចរបស់ខ្លួន​ឡើងវិញ ហើយ​នឹង​ផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធ​ក្រោម​កិច្ច​ព្រមព្រៀង ‘អ្វីៗគ្រប់យ៉ាងលើកលែងអាវុធ​’ ឡើងវិញ»។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​តាម​តេឡេក្រាម​ថា បើទោះបីជា​មាន​ការដកហូត​ផ្នែក​ខ្លះនៃ​ EBA ក៏ដោយ​ ក៏សហភាពអឺរ៉ុប​និង​កម្ពុជា​នៅ​តែជាមិត្ត​និង​ដៃគូ​យុទ្ធសាស្ត្រជាមួយគ្នាដដែល។ 

លោក ហេង សួរ​ បាន​មាន​ប្រសាសន៍ថា៖ «​ក្នុងឋានៈ​ជា​ប្រទេស​ដែលមាន​អធិបតេយ្យភាពនិង​ឯករាជ្យ​ពេញលេញ​ កម្ពុជា​បំពេញយ៉ាងត្រឹមត្រូវ​តាម​​​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិការងារ​ដូចមាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​ ដោយ​មិនចាំបាច់​មាន​ប្រទេសណាមក​រំឭកកម្ពុជា​នោះទេ»។

លោកបាន​បន្ថែមថា បច្ចុប្បន្ន​ កម្ពុជាបារម្ភអំពីផលប៉ះពាល់​ដោយ​សារបញ្ហាវីរុស​កូវីដ​១៩ ចំពោះឧស្សាហកម្មកាត់ដេរ។

លោក​​ ហេង សួរ បានមាន​ប្រសាសន៍​ថា៖ «ការដកផ្នែកខ្លះ​នៃប្រព័ន្ធ EBA គឺគ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​បញ្ហា​ក្នុងដំណាក់កាលមានវិបត្តិកូវីដ១៩​ប៉ុណ្ណោះ​។​ ប្រ​ទេ​សកម្ពុជា​បារម្ភខ្លាំង​អំពី​ផលប៉ះពាល់​ដោយសារវីរុសកូវីដ​១៩ ពីព្រោះ​…​យើង​ត្រូវ​ប្រឈម​នឹងកង្វះ​វត្ថុធាតុដើម​សម្រាប់វិស័យកាត់ដេរ​ ហើយ​ដោយសារតែជំងឺនេះ​ យើង​បារម្ភ​ថា ចំនួន​រោង​ចក្រ​ដែលត្រូវ​បិទទ្វារ​នឹង​កើនឡើង ប៉ុន្តែយើង​ស្ថិតនៅក្នុងតួលេខ​មួយ​ដែល​អាច​គ្រប់គ្រងបាន​ខុស​ពីការ​វាយ​តម្លៃ​ពីដំបូង»។ 

លោក​បាន​បន្ថែមថា ប្រទេសកម្ពុជា​អាចរក្សា​សកម្ម​ភាពសេដ្ឋកិច្ចធម្មតា​បើ​ធៀប​នឹង​ប្រទេសដទៃទៀត​ចំពេល​មាន​ការរីករាល​វីរុស​កូវីដ​១៩នេះ​។

លោក ហេង សួរ បាន​មាន​ប្រសាសន៍ថា៖ «កម្ពុជា​ត្រូវ​តែបន្ត​នៅលើ​វិថី​នៃផែនការ​សកម្មភាព​កំណែទម្រង់របស់ខ្លួន​ ទាំង​គោលនយោបាយ​សេដ្ឋកិច្ច​និង​អភិបាល​កិច្ច​ ដើម្បី​រក្សា​ភា​ពប្រកួត​ប្រជែង​​ដោយ​មិន​ពឹងផ្អែក​ខ្លាំង​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដូចមុនទៀត»។

រោងចក្រកាត់ដេរនិង​រោងចក្រផលិត​ស្បែកជើង​ប្រមាណ២៥៦​កន្លែងបាន​ផ្អាក​ប្របត្តិការដោយសារវិបត្តិកូវីដ១៩​ នេះបើយោងតាម​លិខិត​ចេញផ្សាយ​កាល​ពីខែ​មិថុនា​ដោយ​សមាគម​រោងចក្រកាត់ដេរកម្ពុជា​ (GMAC)​ សមាគមរោងចក្រ​​ ​ផលិត​ស្បែកជើងនិង​សភាពាណិជ្ជកម្មអឺរ៉ុប​ផ្ញើជូន​សហភាពអឺរ៉ុប​ស្នើឲ្យ​ពន្យារការ​ដក​ផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA នេះ ។

លិខិត​នេះ​លើកឡើង​ថា រោងចក្រភាគច្រើន​នៅកម្ពុជា​កំពុងប្រតិបត្តិការដោយ​កាត់បន្ថយ​សមត្ថភាពផលិត​ ហើយ​កម្មករ​ជាង​ ១៣០.០០០​នាក់​បាន​បាត់​បង់​ការងារ​រួច​ហើយ។

លោក មឿន តុលា ជា​នាយកប្រតិបត្តិ​ មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅកាត់ (Central) ជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​ពលករ​កម្ពុជា​បាន​និយាយថា លោក​សោកស្តាយ​ចំពោះការ​បាត់បង់​ផ្នែកខ្លះ​នៃប្រព័ន្ធអនុគ្រោះពន្ធ​ EBA ប៉ុន្តែ​បាន​អះអាងថា គោលបំណងរបស់​សហភាពអឺរ៉ុប​ក្នុងការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កសាងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ដោយទាមទារ​ឲ្យ​​គោរពសិទ្ធិមនុស្ស​ ក៏ជា​រឿង​សំខាន់​ផងដែរ។

លោកបាន​និយាយថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប​ក្នុងការ​កាត់​បន្ថយ​ការ​អនុគ្រោះពន្ធ​ត្រឹម​២០ភាគរយ​លើ​ទំនិញនាំចេញ​ទៅកាន់​អឺរ៉ុបបង្ហាញថា សហគមអឺរ៉ុប​មាន​បំណង​ល្អ។

លោក មឿន តុលា បាន​មាន​ប្រសាសន៍ថា៖ «​បើទោះបីជាគេកាត់បន្ថយ​ ២០​ភាគរយ​ [ EBA ] ក៏ដោយ ប៉ុន្តែគេអាចនឹងលុបចោល​វិញ ប្រសិនបើ​កម្ពុជា​ធ្វើ​អ្វីមួយ​ដែល​គេមើលឃើញថា យើងកំពុងព្យាយាមកែលម្អ​»។

លោក​មាន​ប្រសាសន៍ថា៖ «​ថ្ងៃនេះ យើងសោកស្តាយ​ដែល​ប្រទេសកម្ពុជា​យើង​មិន​បានធ្វើកំណែ​ទម្រង់​ទៅតាម​លក្ខខណ្ឌដែល​ EU បាន​ស្នើ​ហើយ​ធ្វើ​ឲ្យ​បាត់បង់​ប្រព័ន្ធអនុគ្រោះពន្ធនេះ ដូច្នេះវាគួរឲ្យ​សោកស្តាយ​សម្រាប់​ប្រទេសយើងទាំង​មូល​ផងដែរ»។

លោក សយ ចន្ធូ ​ប្រធាន​សហព័ន្ធសហជីពសេរីឯករាជ្យ​ (FUFI) បានមាន​ប្រសាសន៍ថា ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ ​គឺជា​ផលប៉ះពាល់​​មួយចំពោះ​កម្មករក្នុងវិស័យកាត់ដេរនិង​ផលិត​ស្បែកជើង។

លោក ចន្ធូ បាន​មាន​ប្រសាសន៍ថា៖​«​កម្មករយើងនឹងបាត់បង់ការងារនិងអត្ថប្រយោជន៍ច្រើន​នាពេល​អនាគត ដោយសារតែ​ការសម្រេចដក​ EBA នេះ» ដោយ​បានបន្ថែមថា សហព័ន្ធនិងសហជីព​ជាង១០ រួម​ទាំង FUFI ផងដែរ​នឹង​រៀប​ចំសន្និសីទកាសែត​មួយនៅថ្ងៃទី​១៤ ខែសីហា​ អំពីផែន​ការ​របស់​ខ្លួន​។

GMAC និង​សមាគម​រោងចក្រផលិតស្បែកជើង​កម្ពុជា (CFA) ក៏បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​កាល​ពីថ្ងៃទី​១២​ ខែសីហា​ ដើម្បីប្រយោជន៍​ដល់​​ក្រុម​ហ៊ុន​ជា​សមាជិក​របស់ខ្លួន​និង​អ្នក​បញ្ជាទិញ​អន្តរជាតិ​ ​ដោយ​និយាយលម្អិត​ពី​ការ​ប្រែប្រួល​ជាក់​លាក់​នៅក្នុងសង្វាក់ផលិត​កម្ម​។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិន​អាចទាក់ទង​សុំការអត្ថាធិប្បាយបានទេ៕

83 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម